ទំព័រដើមនិទានកថាពុទ្ធិសែន នាងកង្រី (ភាគបញ្ចប់)

ពុទ្ធិសែន នាងកង្រី (ភាគបញ្ចប់)

ពុទ្ធិសែននៅសោយរាជ្យនគរយក្សយ៉ាងសុខសាន្ត មួយឆ្នាំក្រោយមកព្រះនាងកង្រីក៏ប្រសូត្របានបុត្រមួយអង្គយ៉ាងស្រស់ត្រកាល។ ព្រះអង្គពុទ្ធិសែនបានប្រជុំអស់ហោរាដើម្បីរកឈ្មោះដាក់ឲ្យបុត្រ ហើយដែលបុត្រនោះមានព្រះនាមថា ព្រះពុទ្ធិសែននរេន្ទ្រ។ លុះបុត្រទីមួយគម្រប់៣ឆ្នាំព្រះនាងកង្រីក៏ប្រសូតបុត្រមួយទៀត ហើយឲ្យឈ្មោ្ញះជុំ សែន។ នៅរាត្រីមួយព្រះអង្គពុទ្ធិសែនបានយល់សុបិន្តឃើញព្រះមាតា និងម្តាយធំទាំង១១នាក់ ព្រះអង្គស្ទុះងើបទាំងកំពុងផ្ទុំលក់ ពេលនោះព្រះអង្គក៏នឹកឃើញនូវទុក្ខលំបាករបស់ព្រះមាតា ទាំងពាក្យផ្តែផ្តាំរបស់ព្រះមាតាដែលរៀបចេញមក គិតឃើញសព្វគ្រប់ ព្រះអង្គក៏ងើប ហើយដើរចុះឡើងៗ ព្រះនាងកង្រីភ្ញាក់ហើយឃើញដូច្នោះក៏ប្រញាប់សួរស្វាមីថា តើខ្ញុំម្ចាស់មានធ្វើអ្វីឲ្យទាស់ចិត្តឬមួយមានពាក្យសំដីខុសឆ្គងចំពោះព្រះអង្គទើបព្រះអង្គផ្ទុំមិនលក់យ៉ាងនេះ។ ពុទ្ធិសែនស្តាប់ឮមហេសីទូលសួរដូច្នោះក៏ប្រញាប់ឆ្លើយវិញថាៈ

គ្មាននរណាម្នាក់ធ្វើខុសចិត្តបងទេ​ ប្អូនកុំបារម្ភប៉ុន្តែបងនេះធ្លាប់នៅស្រុកឯនោះ ឧស្សាហ៍ទៅព្រៃក្រៅកំសាន្តណាស់ ប៉ុន្តែនៅទីនេះបងសែនអផ្សុកពេកក្រៃព្រោះនៅតែក្នុងរាជវាំងជារៀងរហូតមក។ កង្រីស្តាប់ស្វាមីហើយក៏ទូលវិញថាៈ

សូមព្រះអង្គកុំព្រួយផ្ទុំវិញចុះ ថ្ងៃស្អែកយើងនឹងនាំគ្នាទៅសួនកំសាន្តរបស់នគរនេះ។ ស្អែកឡើង កង្រីនឹងស្វាមីក៏រៀបចំក្បួនដង្ហែរចេញទៅកំសាន្ត។ ធ្វើដំណើរអស់ពេលកន្លះថ្ងៃទើបទៅដល់ ហើយក៏នាំគ្នាបោះព្រះពន្លាសម្រាកនៅទីនោះ។ ពេលសោយអាហារថ្ងៃហើយ កង្រីក៏នាំពុទ្ធិសែនដើរមើលវត្ថុទិព្វរបស់នគរ។ ពុទ្ធិសែនឃើញស្គរមួយយ៉ាងធំឆ្ងល់ណាស់ក៏សួរនាងកង្រី នាងក៏ឆ្លើយវិញថាៈ

ស្គរនេះជាស្គរជ័យ ពេលគោះកាលណានឹងមានអាវុធចេញពីនោះយ៉ាងច្រើន ចុងក្រោយបង្អស់ពួកគេក៏ទៅដល់កន្លែងដាក់កែវភ្នែកនាង១២ ពុទ្ធិសែនក៏សួរថាៈ

         តើនោះជាអ្វីទៅ?                                                                                  

         ជាកែវភ្នែកនាងទាំង១២នាក់                                                                   

         តើមានថ្នាំសម្រាប់ព្យាបាលដែរឬទេ?      

         ក្រាបទូលគឺនៅក្បែរនោះហើយ

ពុទ្ធិសែនសួរសព្វគ្រប់ ចំណែកនាងកង្រីមិនបានចាប់អារម្មណ៍ថានឹងមានរឿងអ្វីកើតឡើងទេ នាងឆ្លើយសុទ្ធតែការពិតទាំងអស់។ ពេលមកដល់ព្រះពន្លាវិញ ព្រះអង្គពុទ្ធិសែនក៏ចាត់វិធីស៊ីផឹក គឺចែកស្រា ឲ្យពួកអាមាត្រ និងភិលៀងផឹកគ្រប់ៗគ្នា ចំណែកព្រះអង្គបានបង្អកស្រានាងកង្រីរហូតទាល់តែស្រវឹងជោគហើយក៏ផ្ទុំលក់ភ្លាមទៅ ពួកភិលៀង និងអាមាត្រក៏ដូច្នោះដែរ នាំគ្នាស៊ីផឹករហូតដល់ដួលដេកទាំងអស់គ្នាគ្មាននៅសល់នរណាម្នាក់ឡើយ។ បានឳកាសល្អភ្លាមព្រះអង្គពុទ្ធិសែនក៏ប្រញាប់ចេញទៅយកកែវភ្នែក បេះថ្នាំស័ក្តិសិទ្ធិ ហើយថែមទាំងយកស្គរជ័យទៅជាមួយផង។ យកបានសព្វគ្រប់ហើយ ព្រះអង្គក៏ត្រលប់មករកនាងកង្រីវិញ ហើយនិយាយថាៈ

កង្រីបងសុំលាមុនសិនហើយ ឲ្យបងសុំទោសផងចុះ បងនឹងវិលត្រឡប់មកវិញពេលដែលព្យាបាលមាតាបងហើយ បងមិនអាចបំភ្លេចប្អូនបានទេ ដោយរង់ចាំព្រះអង្គពុទ្ធិសែនយូរពេក មណីកែវក៏តឿនថាៈ ព្រះអង្គឆាប់ឡើង ហួសពេលឥឡូវហើយ។ មណីកែវតឿនម្តងជាពីរដង ទើបពុទ្ធិសែនចេញបានបន្តិច កង្រីក៏ដឹងខ្លួនងាករកស្វាមី ស្រាប់តែបាត់សូន្យឈឹង នាងក៏ឆោឡោឡើង ពួកភិលៀង និងអាមាត្ររត់រកគ្រប់ទិសទីមិនឃើញ ទើបព្រះនាងដឹងថាប្រាកដជាពុទ្ធិសែនរត់ចោលនាងហើយ នាងក៏ប្រញាប់ចេញទៅមើលវត្ថុទិព្វ។ ពេលទៅដល់ស្រាប់តែភ្ញាក់ព្រើតព្រោះកែវភ្នែកនាងទាំង១២ គងជ័យ ព្រមទាំងវត្ថុជាច្រើនត្រូវបាត់អស់ នាងក៏ប្រមូលគ្នាចេញទៅភ្លាម។ ពេលដែលទ័ពយក្សតាមជិតទាន់ ពុទ្ធិសែនបានបោះផ្លែក្រូចទិព្វ ក៏ក្លាយជាភ្នំមួយយ៉ាងធំ ពេលនោះក៏បានកំទេចភ្នំ ហើយតាមទៅមុខទៀត។ ពុទ្ធិសែនបានបោះក្រូចជាលើកទី២ទៀត ក៏ក្លាយជាភ្នំយ៉ាងច្រើនជាន់ ទ័ពយក្សក៏បានកំទេចភ្នំនោះចោលទៀត ហើយតាមពុទ្ធិសែនយ៉ាងប្រកិត ពេលនោះពុទ្ធិសែនក៏ប្រើស្គរជ័យ អាវុធជាច្រើនចេញមកព្រោងព្រាត កំទេចទ័ពយក្សស្លាប់អស់។ នាងកង្រីតាមពុទ្ធិសែន ឃើញទ័ពយក្សស្លាប់អស់យ៉ាងដូច្នេះ ក៏ស្រែកហៅស្វាមីថាៈ “ព្រះស្វាមីហេតុអ្វីក៏ព្រះអង្គដាច់ចិត្តទៅចោលខ្ញុំម្ចាស់នឹងបុត្រយ៉ាងនេះ បើព្រះ អង្កមិនវិលវិញពេលនេះទេ ខ្ញុំម្ចាស់នឹងលាព្រះអង្គស្លាប់ហើយ”។ ព្រះអង្គពុទ្ធិសែនឮសំដីកង្រីដូច្នោះចង់វិលចុះមកមើល តែត្រូវមណីកែវឃាត់ ទើបព្រះអង្គស្រែកប្រាប់វិញថាៈ   “កង្រីប្អូនទៅសិនចុះ បងនឹងគង់ត្រឡប់មកវិញទេ ពេលនេះបងមិនអាចចុះទៅបានទេ”។ ពោលចប់សេះមណីកែវក៏ហោះទៅយ៉ាងលឿនសំដៅទៅនគរឥន្ទបត្ត។ គ្រាន់តែឮពុទ្ធិសែនចូលដល់នគរវិញភ្លាម សន្ធមារក៏បានដឹងរឿងទាំងអស់ ហើយក៏មានចិត្តក្រេវក្រោធយ៉ាងខ្លាំង ទ្រាំមិនបានសន្ធមារក៏ប្រែចេញរូបពិតភ្លាម ក្នុងគោលបំណងចង់សម្លាប់ពុទ្ធិសែនឲ្យបានក្នុងពេលនោះ ប៉ុន្តែពុទ្ធិសែនដឹងភា្លមក៏ប្រញាប់យកស្គរជ័យមកគោះ អាវុធជាច្រើនបានចេញមក ហើយសម្លាប់ស្រីយក្សសន្ធមារភ្លាមមួយរំពេច។ ឃើញហេតុការដ៏គួរឲ្យរន្ធត់នោះ ព្រះអង្គរថសិទ្ធិក៏ស្ទុះទៅអោបបុត្រហើយមានបន្ទូលថាៈ”បុត្របិតាលើកទោសឲ្យបិតាផង នេះបិតាមិនបានដឹងថាជាស្រីយក្សទេ ស្មានតែជាស្រីដូចអស់គេ បិតាមានកំហុសធ្ងន់ណាស់ចំពោះមាតាបុត្រ”។ បន្ទាប់ពីរឿងរ៉ាវបានចប់សព្វគ្រប់ ព្រះអង្គរថសិទ្ធិក៏បានឲ្យបម្រើទៅទទួលនាង១២នាក់ចូលរាជវាំងវិញ ចំណែកពុទ្ធិសែនក៏បានយកកែវភ្នែកនឹងថ្នាំដាក់ព្យាបាលឲ្យមាតា និងម្តាយធំបានភ្លឺវិញទាំងអស់គ្នា​ ព្រះអង្គពុទ្ធិសែនក៏បានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ប្រាប់ដល់មាតាបិតា ហើយក្រាបបង្គុំលាទៅរកមហេសី និងបុត្រវិញ ប៉ុន្តែពេលទៅដល់ក៏ត្រូវស្រងេះស្រងោចខ្លោចចិត្តពេក្រៃ ដោយឃើញនាងកង្រីដេកស្តូកស្តឹងក្នុងមឈូសកញ្ចក់ដែលតំកល់ទុក។ ព្រះអង្គពុទ្ធិសែនបានរៀបចំបញ្ចុះសពនឹងធ្វើបុណ្យរួចរាល់ហើយ ព្រះអង្គក៏រៀបអភិសេកឲ្យបុត្ររបស់ព្រះអង្គឡើយស្នងរាជជំនួសព្រះអង្គ ហើយព្រះអង្គក៏វិលត្រឡប់មករកមាតា និងបិតាវិញ។  ចំណេរក្រោយមក ព្រះអង្គរថសិទ្ធិក៏អភិសេកព្រះអង្គពុទ្ធិសែនឲ្យឡើងគ្រងរាជជំនួសព្រះអង្គ ហើយក៏រស់នៅយ៉ាងសុខសាន្តរៀងទៅ។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!