គំនូរព្រះមាល័យទេសនា

ពាក្យថា ព្រះមាល័យទេសនា ហាក់បីដូចជាពាក្យថ្មីមួយដែលយើងពុំសូវបានឮ ឬពុំសូវចាប់អារម្មណ៍ពីមុនមក។ ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ៦០គេស្គាល់ពាក្យនេះច្រើនតាមរយៈពិធីទេសន៍មហាជាតក៍។ ចំពោះឈ្មោះគំនូរ ព្រះមាល័យទេសនាទៀតសោតក៏ហៅខុសគ្នាតាមតំបន់នីមួយៗ ជាក់ស្ដែងនៅខេត្តសៀមរាបគេហៅថា គំនូរព្រះចូឡាមណីចេតិយ ព្រោះមានព្រះចូឡាមណីចេតិយនៅចំកណ្ដាលផ្ទាំងគំនូរលម្អដោយពណ៌មាស ចួនកាលទឹបមាសដើម្បីពន្លេចរូបព្រះចេតិយឱ្យកាន់តែច្បាស់និងល្អវិចិត្រទ្វេឡើង។ នៅតំបន់ដទៃទៀតដូចជាខេត្តកំពត ព្រៃវែង កណ្ដាល យើងឃើញគេចារនៅលើគំនូរហៅខុសគ្នាគឺ៖ ព្រះមាល័យ មាល័យទេសនា ព្រះមាល័យស្ថានសួគ៌ ព្រះមាល័យទេសនា។

ទោះបីជាមានពាក្យហៅខុសគ្នាយ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពទូទៅគំនូរតាមតំបន់ទាំងនោះសុទ្ធតែរៀបរាប់ពីដំណើរព្រះមាល័យក្នុងឥរិយាបថគង់សន្ទនាជាមួយទេវតាក្នុងបរិវេណព្រះចូឡាមណីចេតិយនាឋានតាវតឹង្ស។ បើយើងពិនិត្យតាមគម្ពីរព្រះត្រៃបិដក នោះយើងឃើញថាគ្មានព្រះសូត្រណាមួយនិយាយពីព្រះនាមព្រះថេរអង្គនេះឡើយ។ តែគេជឿថារឿងនេះតែងក្រោយព្រះពុទ្ធបរិនិព្វាននៅប្រទេសស្រីលង្កា ជារឿងរ៉ាវរបស់ព្រះថេរមួយអង្គព្រះនាម មាល័យ ជាអ្នកស្រុកកម្ពោជគ្រាម តែងនិមន្តបិណ្ឌបាត្រនៅក្នុងទីជនបទឈ្មោះ​ រោហនជនបទ ហើយហោះទៅកោះមាល័យជាកោះសំបូរដើមខ្លឹមចន្ទន៍ក្រហមទើបគេហៅលោកថា ព្រះមាល័យ។ ព្រះមាល័យជាអ្នកមានរឹទ្ធានុភាពខ្លាំងពូកែលោកតែងហោះទៅឋាននរក ឋានសួគ៌ដើម្បីប្រាប់ដំណឹងដល់មនុស្សឋានកណ្ដាលឱ្យខំធ្វើបុណ្យកុសល។ ហេតុនេះបានជាគេប្រដូចលោកនឹងព្រះមោគ្គលានជាអគ្គសាវ័កឆ្វេងសម័យពុទ្ធកាល។ លក្ខណអស្ចារ្យអ្នកកោះលង្កាថ្វាយព្រះនាមមួយទៀតថា ព្រះមាល័យទេវថេរ។ ដំណើររឿងព្រះមាល័យទេវថេរមានបរិយាយក្នុងគម្ពីរ មាលេយ្យសូត្រ ជាភាសាបាលីតែងនៅប្រទេសភូមាក្នុងពុទ្ធសតវត្សរ៍ទី១៦-១៨ ផ្សាយចូលមកសុខោទ័យតាមរយៈឡានណានៅពុទ្ធសតវត្សរ៍ទី១៩-២០។ ប៉ុន្តែយើងមិនដឹងពីកាលប្បវត្តិរឿងព្រះមាល័យផ្សាយចូលមកស្រុកខ្មែរនៅសម័យណាក៏មិនប្រាកដ តែយើងមានសាស្ត្រាព្រះមាល័យជាច្រើនច្បាប់ ក្នុងនោះសាស្ត្រាព្រះមហាលេយ្យទិព្វថេរតែមួយគត់ដែលប្រាប់កាលបរិច្ឆេទចម្លងនៅពុទ្ធសករាជ២៤៥៦៩។

លក្ខណៈទូទៅនៃគំនូរ         

យើងសង្កេតឃើញថាគំនូរ ព្រះមាល័យទេសនា បានបង្ហាញពីឋានតាវត្តឹង្សត្រង់ទីប្រតិស្ឋានព្រះចូឡាមណីចេតិយមានទេវតាជាច្រើនអង្គ កំពុងមកប្រជុំគ្នានៅខាងមុខព្រះចេតិយដើម្បីចុះមកថ្វាយបង្គំ បូជាទៀន ធូប ភ្ញីផ្កា និងស្ដាប់ព្រះមាល័យសន្ទនាជាមួយព្រះឥន្ទ្រដែលមានសម្បុរខៀវកំពុងអង្គុយប្រណម្យចំពោះមុខព្រះមាល័យ ជាប្រធាននៅក្នុងទីនោះ។ អ្វីដែលគួរឱ្យយើងចាប់អារម្មណ៍ទៅទៀតនោះគឺឥរិយាបថរបស់ព្រះមាល័យគង់ព្រះហស្ថម្ខាងកាន់តាលបណ្ណ(ផ្លិតស្លឹកត្នោត) ហើយព្រះហស្ថម្ខាងទៀតចង្អុលឡើងលើ ប៉ុន្តែពុំមែនជាការសម្ដែងធម៌ឡើយគឺចង្អុលទៅរកទេវបុត្រមួយអង្គហៀបនឹងចុះ។ ទេវបុត្រដែលព្រះមាល័យចង្អុលនោះជាព្រះពោធិសត្វអរិយមេត្តេយ្យមានពន្លឺជុំវិញខ្លួនដែលខុសប្លែកពីទេវតាដទៃ។

លក្ខណៈដោយឡែកនៃគំនូរ

ដោយស្ថិតនៅតំបន់ផ្សេងគ្នាមនុស្សមានចំណេះដឹង គំនិត ការយល់ឃើញ ការនិយមផ្សេងៗគ្នា។ ក្នុងបរិបទនេះគំនូរដែលនៅតំបន់ខុសគ្នាមិនអាចដូចគ្នាទាំងស្រុងបាទេផ្ទៃគំនូរត្រូវគូរសង្ខេបដំណើររឿងជាច្រើនអន្លើ ចំនួនរូបទេវតាក្នុងគំនូរតិច។ គំនូរខ្លះកាត់យកត្រឹមព្រះឥន្ទ្រសន្ទនាជាមួយព្រះមាល័យនិងទេវតា។ គំនូរខ្លះទៀតកាត់យកត្រឹមដំណើរព្រះមាល័យគង់សន្ទនាជាមួយព្រះអរិយមេត្តេយ្យតែពីរអង្គ។

ចំពោះការបង្ហាញកាយវិការព្រះមាល័យក៏ខុសគ្នាដូចជា៖ ព្រះហស្ថម្ខាងចង្អុលទៅលើ ម្ខាងទៀតកាន់ផ្លិត។ ព្រះហស្ថម្ខាងចង្អុលទៅលើ ម្ខាងទៀតមិនកាន់អ្វីទាំងអស់។ ព្រះហស្ថម្ខាងដាក់ត្រួតលើភ្នែន ហើយព្រះហស្ថម្ខាងទៀតកាន់ផ្លិត។ ព្រះហស្ថម្ខាងដាក់លើព្រះឧរុ(ភ្លៅ) បង្ហាញពីការសង្រួម ព្រះហស្ថម្ខាងទៀតចង្អុល។ ព្រះហស្ថម្ខាងបង្ហាញពីឥរិយាបថសម្ដែងធម៌។ ព្រះហស្ថទាំងពីរដាក់លើព្រះឧរុ(ភ្លៅ)បង្ហាញពីការសង្រួម។

អត្ថបទដោយ៖ រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!