ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿអំពី “នរក” ដែលខ្មែរ​ជឿតាំងពីបុរាណកាល

អំពី “នរក” ដែលខ្មែរ​ជឿតាំងពីបុរាណកាល

ខ្មែរស្គាល់ពាក្យ “នរក” យូរអង្វែងមកហើយ ​តាមរយៈ​គម្ពីរ សិលាចារឹក​ និង​​ចម្លាក់​​នានាថា​ជាស្ថានរបស់ពួក​សត្វ​មាន​​​បាប រស់​​​រង​ទុក្ខ​​តាម​​កម្លាំង​កម្ម​ដែលសាង​កាល​ពី​អតីត​​ជាតិ។ ពាក្យ​នេះ​លេចឡើង​ក្នុង​សិលាចារឹក​តាំងពីមុន​សម័​យ​អង្គរ ក្នុង​ន័យ​ជាបណ្តាសា​​អ្នក​​​បំផ្លិច​បំផ្លាញ “បុណ្យ” ឬ “ធម៌” (សមិទ្ធផល) ឱ្យ​ធ្លាក់​ទៅរង​ទុក្ខ​វេនា​នៅ​ស្ថាន​នរក​​​ដរាប​ ព្រះចន្រ្ទ​និង​ព្រះ​​អាទិត្យ​នៅតែមាន​។ ចូល​ដល់​​សម័យ​អង្គរ​​ គេ​ឃើញ​​ចម្លាក់​នៅ​ជញ្ជាំង​ខាង​ត្បូងនៃ​​ប្រាសាទ​អង្គរ​វត្ត​​ បង្ហាញ​​ពី​សត្វ​នរក​ទាំង​ឡាយ​កំពុង​​រង​ទារុណ​​កម្ម​​​ផ្សេងៗ និង​​ពពួក​សត្វនរក​​​​​ថ្វាយ​បង្គំ​ព្រះលោកេស្វរ ឆ្លាក់​នៅ​ប្រាសាទ​តានៃ​ជាដើម។ លុះ​ដល់ខ្មែរ​គោរពប្រតិបត្តិយក​ព្រះពុទ្ធសាសនា​ជា​ធំ ជំនឿអំពីនរក​នៅ​តែ​ឃើញ​បង្ហាញ​​តាមរយៈ​គម្ពីរ កិច្ចពិធី និ​ងជាពិសេស​ក្នុងគំនូរ​​តាម​វត្ត។

តាម​ព្រះពុទ្ធសាសនា ​បុថុជ្ជន​​ពុំ​អាច​​​ឃើញនរក​​​បាន​ឡើយ មាន​តែ​ព្រះ​អរិយ​បុគ្គល​​មាន​ឥទ្ធិ​ឫទ្ធិ​ដូចជា​ព្រះពុទ្ធ ព្រះមោគ្គល្លាន ព្រះ​មាល័យ ឬព្រះបាទ​នេមិរាជ​… ទើប​ឃើញ​​បាន។ ​ប្រការ​ត្រង់​នេះ​បើលើក​យក “ព្រះមាល័យ​សូត្រ” មក​​និទានគេ​ដឹង​ថា​ ស្ថាននរក​​មាន​​រណ្តៅ​​ធំៗ​​ចំនួន​​៨ ហើយ​មាន​ស្តេច​​យម​រាជ​ចំនួន​៣២ និង​​នាយ​និរយ​បាល​ឬយម្ភូបាល​ចំនួន​​​១២៨​ នៅ​បម្រើ​​​ចាំ​​កត់​ត្រា​ទោស និង​អាន​ទោស​​ថ្វាយ​​ស្តេច​យម​រាជ។ រីឯ​ក្រុម​យម្ភូបាល​នេះសោត​ ​​គេ​​ហៅ​​ម្យ៉ាង​ទៀត​​​​ថា​ “កិង្ករ” មាន​មុខ​មាត់​គួរឱ្យខ្លាច ហើយ​មានអាកប្ប​​កិរិយា​កាច​សាហាវ វាយ​​ដំ ​និង​ធ្វើ​ទារុណ​កម្ម​គ្រប់បែប​យ៉ាង​ដល់​អ្នកដែលធ្លាក់ក្នុងនរកនានា។​ មិន​តែ​ប៉ុណ្ណោះ ​ក្រុម​យម្ភូបាល​មាន​ឆ្កែចាំយាម​ផ្លូវនរក ស្វែង​រក​សត្វ​នរក និង​នាំសារផង។ ហេតុ​ដូច្នេះ​​​ ទើប​ក្នុង​ពាក្យ​សូត្រ​ពេល​ចាប់​ពូតបាយ​បិណ្ឌថា “ខ្ញុំសូម​ចាប់​បាយ​បិណ្ឌ មធុបាយាស ព្រះ​ពុទ្ធ​​បាន​ត្រាស់ ពោធិសត្វ​ផង ផ្តាំ​ទៅតាកឹង ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង យក​​បាយ​ទៅ​ជូន​ដូនតា”។

ព្រះមោគ្គល្លាននិមន្តទតឋាននរក (គំនូរលើជញ្ជាំងខាងក្រៅព្រះវិហារវត្តអង្គរខាងត្បូង)

បើមើល​ក្នុង​គំនូរ​តាម​វត្តនានាសព្វថ្ងៃ យើងឃើញ​ថា​គេ​គូរ​បង្ហាញ​ចូល​គ្នា​ទាំង​នរក និង​​ប្រេត។ គំនូរ​ទាំងនោះ​ឃើញ​គូរ​​នៅទីសំខាន់ៗដូចជា​ សាលាបុណ្យ សាលា​ឆាន់ និង​ជា​ពិសេស​គឺនៅក្នុង​ព្រះវិហារ។ ប៉ុន្តែ​ប្រសិនបើ​គំនូរ​បង្ហាញ​អំពី​នរក និងប្រេត​​មាន​តែមួយ​ផ្ទាំង​ គេច្រើន​គូរ​នៅទិស​ខាងលិច ដែល​អ្នក​ស្រាវជ្រាវយល់​ថា​ពាក់​ព័ន្ធនឹង​ជំនឿ​ទិស​នៃ​សេចក្តី​ស្លាប់។ដោយឡែក ចំពោះ​ហេតុ​ជា​ផលបាប​​​នាំឱ្យ​ធ្លាក់នរក ឬកើត​ជា​ប្រេត​ដែល​ខ្មែរ​ជឿ​ ព្រម​ទាំង​នៅ​ចងចាំ​លើក​មក​គូរ​នោះមាន​ដូចជា​ បាបជល់មាន់ សម្លាប់សត្វ ស្ទូចត្រី​ក្នុង​វត្ត​ លែងគោ​ក្របីចូលវត្ត បង្ខិត​ព្រំដី សាហាយស្មន់ បំបែកបំបាក់​សង្ឃ ព្រះសង្ឃ​ឆាន់​មិន​ចម្រើន​អជ្ជៈ ។ល។ សូម​រម្លឹក​ថា ក្នុង​ជំនឿ​ខ្មែរ “ប្រេត” ជាអមនុស្សមួយបែប​ មាន​ជាប់​ទាក់​ទង​តែ​ក្នុង​បរិបទ​វត្ត​អារាម​ប៉ុណ្ណោះ​។ ប៉ុន្តែយ៉ាងណាក្តីបើតាម​ “នរកកថា” ហេតុ​នាំ​ឱ្យ​ធ្លាក់​មាន​ដូចជា​ អ្នក​ប្រទូស​រាយ​​​ព្រះ​ឫសី​​​មាន​សីលធម៌​ល្អត្រូវ​ធ្លាក់​នរក​ធំ​ ព្រះរាជា​​មិន​​តាំងនៅ​ក្នុង​ធម៌ឱ្យ​រាស្រ្ត​ក្តៅ​ក្រហាយ​​​​ដោយ​អយុត្តិ​​ធម៌ ធ្លាក់​ក្នុង​នរក​មាន​ភ្លើង​ឆេះ​កាយ​ ស្រី​​សម្លាប់​កូន​ក្នុង​ពោះ​ ធ្លាក់​នរក​ពេញ​ទៅ​ដោយ​ផ្តៅ​មាន​បន្លា​ដ៏មុត ហើយ​ស្រីដែល​គេ​លោះ​មក​ធ្វើ​ភរិយា​ ហើយ​មើល​ងាយ​ស្វាមី ឬឪពុក​ម្តាយក្មេក ធ្លាក់​​នរក​មាន​​សន្ទូច​ថ្ពក់​ទាញ​អណ្តាត​ចេញមក អណ្តាត​នោះ​វែង​ពេញ​ដោយ​ដង្កូវ។

ការធ្វើទារុណកម្ម​សត្វនរក-ប្រេតគូរនៅតាម​វត្ត​ផ្សេងៗ

រីឯ​អ្នក​​សម្លាប់មាតា​បិតា​ ធ្លាក់​នរក​​ទទួល​ទារុណកម្ម​ចាក់​រុក​​ដោយ​លំពែង​តាម​​រាង​កាយ ចាក់​ឱ្យ​ខ្វាក់​ភ្នែក​ ឱ្យ​ស៊ី​មូត្រ​គូថ​ ឱ្យស៊ី​ដុំ​ដែក​ក្រហម ឱ្យ​ឆ្កែខាំ ក្អែកចឹក​ស៊ី ​ភ្ជួរ​ដោយ​​ផាល​ដែក​ក្រហម ផឹក​ស៊ី​លោហិត​ខ្លួន​ឯង ផឹក​ទឹក​ទង់​ដែង​ ត្រាំ​​ក្នុង​ទឹក​មូត្រ​​គូថ ដង្កូវ​ធំមាន​មាត់ដែក​ខាំ​ចោះរាងកាយ ធ្លាក់​ក្នុង​ទឹក​ឈាម​ និង​ខ្ទុះ​ដ៏ជ្រៅ​រាប់​រយ​យោជន៍។ ចំណែក​ឯ​បុរស ឬ​ស្រ្តី​​ប្រព្រឹត្ត​កន្លង​ភរិយា-ប្តី​​អ្នក​ដទៃ ធ្លាក់​នរក​ពេញ​ទៅ​ដោយ​​ដើម​រកា ​កម្ពស់​១យោជន៍ ត្រូវ​ពួកយម្ភូ​បាល​ចាក់​ឱ្យ​ឡើង​ដើម​រកា ក្នុង​វេលា​ឡើង​បន្លា​រកា​ឆេះ​ជា​អណ្តាត​ភ្លើង​ក្ងុង​ចុះ​មក​ ក្នុង​វេលាចុះ បន្លា​នោះ​​បះ​ច្រាង​ឡើង​លើ គ្រា​រួច​ចាក​នរក​នេះហើយ ធ្លាក់​ក្នុងនរក​​ពេញ​​ដោយ​ទឹក​ទង់​ដែង​ទៀត។​ លើស​ពីនេះ លោក​សម្តែង​ថា ​អ្នក​សម្លាប់​សត្វ ជល់​សត្វ​មាន់ គោ ក្របី ជល់ត្រី ធ្លាក់នរក​ដែល​ពេញ​ដោយ​ទឹកផ្សារ ត្រូវ​យម្ភូ​បាល​​ចាក់​ដោយ​ដែក​ស្រួច​ វាយ​សំពង​ដោយ​ញញួរ សាប់​ដោយ​ដាវ​​ព្រឹក​ល្ងាច ចំណែក​អ្នក​បង្ខូច​គេ ត្រូវ​នាយ​យម្ភូបាល​ធ្វើ​ទោស​ផង ឱ្យស៊ី​អាចម៍​របស់​សត្វ​​នរក​ដទៃ​ផង ត្រូវ​សុនខ​ និ​ង​​ត្មាត​ចឹក​ចោះផង។

បើពិនិត្យ​តាមគំនូរអំពីនរកទាំងឡាយដូចរៀបរាប់ខាងលើ គេសង្កេត​ឃើញ​គំនូរ​តាម​​វត្ត​ខ្លះទៀត ​បង្ហាញឱ្យ​ឃើញ​ទិដ្ឋភាពទារុណកម្ម​ទោស​ផ្សេងៗប្លែកៗ​ច្រើន​ស​ណ្ឋាន ​​ដែល​​ពុំ​ធ្លាប់​ឃើញ​ដូចជា ចុករន្ធសត្វមិន​ឱ្យ​ចេញ​ក្រៅ ធ្វើបុណ្យ​មាន​ចិត្ត​មិន​ស្អាត​ ដុត​ព្រៃ ឬ​លួច​ល្ពៅ-ត្រឡាចអ្នក​ដទៃ​​ជា​ដើម។ ​បាបកម្ម​ទាំង​នេះ ប្រហែ​លមាន​ចែង​ក្នុង​គម្ពីរ​ផ្សេងៗ​ទៀត ដែល​អ្នក​ស្រុក​ខ្លះ​ធ្លាប់ស្គាល់​ ហើយ​​លើក​យក​មកគូរ។ ដោយ​ឡែក គេឃើញ​ទោស​ជល់មាន់ គឺជាគំនូរ​ដែល​ហាក់ដូច​ជាមនុស្ស​ខ្មែរ​ស្គាល់​ទូទៅ​​​​ និង​ពេញនិយម​គូរស្ទើរ​គ្រប់​វត្ត។ មិន​តែ​ប៉ុណ្ណោះ ល្បែង​នេះគេឃើញមាន​តាំងពីសម័យ​អង្គរ​ ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័ន្តផង និង​អង្គរវត្ត​ផង។ ចំពោះទារុណ​កម្ម​នៃទោស​ជល់​មាន់​នេះ គេច្រើន​គូរបង្ហាញ​ជា​រូប​​ជា​ខ្លួន​មនុស្ស​ មាន​ក្បាល​ជា​សត្វ​មាន់ មាន​សៀត​ពូថៅ ឬកាំបិត​នៅចង្កេះ ឬកាន់​នៅដៃ ហើយ​ត្រូវ​ពួកយម្ភូបាល​បង្ខំ​​ឱ្យជល់ ឬកាប់ចាក់គ្នា​ហូរ​ឈាម​​ស្រោច​​​ខ្លួន។

ចម្លាក់ជល់មាន់នៅប្រាសាទ​បាយ័ន្ត, ចុងសតវត្សទី១២ ដើមសតវត្សទី១៣

ដូច្នេះជាសង្ខេបមក បើផ្អែកតាមជំនឿដែល​បង្ហាញអំពី “នរក” តាម​​រយៈ​គំនូរ​នានា​នៅតាម​វត្ត គេសង្កេតឃើញ​គូរ​បង្ហាញ​នៅតាម​ទីសំខាន់ៗដូចជា ព្រះវិហារ សាលាឆាន់ ឬសាលា​បុណ្យ ក្នុង​ន័យ​ក្រើន​​រម្លឹកពុទ្ធសាសនិកកុំឱ្យសាង​អកុលកម្មទាំង​​នោះ​។ ទន្ទឹម​​នឹង​នេះ​​​ ទោស​កំហុស​​លើក​មក​បង្ហាញ​ដែល​នាំឱ្យធ្លាក់នរក ឬកើត​ជា​ប្រេត​​នោះ​សោត ​ពុំមាន​​ច្រើន​ប្រការ​ដូច​ក្នុង​គម្ពីរសម្តែង ឬឆ្លាក់នៅអង្គរវត្ត (នរក៣២) ឡើយ។ ប៉ុន្តែអ្វី​ដែល​ខ្មែរ​នៅ​ជឿ​​ថាជា​បាបនាំឱ្យធ្លាក់​ទៅនរក ភាគច្រើនជា​សកម្មភាពអកុសលកម្ម ​ដែលគេ​​តែង​សង្កេត​​ឃើញ​​តាមរយៈ​សកម្មភាពប្រចាំថ្ងៃ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!