ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់សត្វហេមពាន្តនៅវត្តដំរីស

ចម្លាក់សត្វហេមពាន្តនៅវត្តដំរីស

ហេមពាន្ត ជាឈ្មោះភ្នំស្ថិតនៅប្រទេសភារតបច្ចុប្បន្ន។​ កន្លងមកឈ្មោះភ្នំហេមពាន្តមានសេចក្ដីបរិយាយជាច្រើននៅក្នុងគម្ពីរជាតកបាលីនិងសម្រាយ នៅក្នុងសាស្ត្រាល្បែងនិងពាក្យសរសើរពុទ្ធបាទដែលមានន័យច្រើន ហើយប្លែកៗខុសពីគ្នាទៀតផង។ ទោះបីជាយ៉ាងនេះក្ដី ភ្នំហេមពាន្តគឺសម្គាល់ទៅលើភ្នំដែលមានព្រៃស្រោងស្រាងមានដើមឈើសព្វគ្រប់ប្រការ លាយឡំទៅដោយពួកសត្វកម្រៗមាន៖ កិន្នរ កេសរាជសីហ៍ ហត្ថីលិង្គ ដំរីឧបោសថ ផ្លែនារីផល និងសត្វប្លែកៗជាច្រើនប្រភេទ និងដើមព្រីងជាឈ្មោះរបស់ជម្ពូទ្វីប។ បើតាមសេចក្ដីរៀបរាប់ក្នុងសាស្ត្រាល្បែងភ្នំហិមពាន្តគឺជាស្ថានលំនៅរបស់ពួកគ្រុឌ យក្ស វិទ្យាធរ តាបស ឥសី អ្នកព្រតសីល​ ម្រឹគពាលយ់ងឃ្នង សត្វបក្សាបក្សីគ្រប់ជំពូក។ តួយ៉ាងរឿងព្រះចន្ទគោរពនាងមុច្ចលិន ព្រះចន្ទគោរពបានទៅរៀនមន្តវិជ្ជាសិល្ប៍សាស្ត្រពីឥសីដែលគង់ក្នុងព្រៃហេមពាន្ត។ ចន្ទលិវង្សជាបុត្រព្រះចន្ទគោរពធ្វើដំណើរស្វែងរកបិតា ជីតាបានផ្ដាំឳ្យប្រយ័ត្នតាមដងព្រៃហេមពាន្តព្រោះមានម្រឹគពាលយង់ឃ្នង សត្វបក្សាបក្សីមក បន្លាចយំធ្វើជាសំឡេងគួរខ្លាចញ័ររន្ធត់។ ចំណែករឿងចៅរាជកុល គ្រាកាលនាងពៅជាអគ្គមហេសីចៅរាជកុល ដើរទៅរកប្ដីដល់ព្រៃហេមពាន្តបានជួបពួកវិទ្យាធរ ជួបយក្សជួយយកអាសារនាង។ ស្របគ្នានេះក្នុងសមុទ្ទឃោសជាតក កាលព្រះសមុទ្ទឃោសនាំមហេសីហោះទៅព្រៃហេមពាន្ត បានជួបវិទ្យាធរឈ្លោះគ្នាជាអកុសលត្រូវពួកវិទ្យាធរលួចព្រះខ័នទិព្វព្រះអង្គធ្វើឱ្យព្រះអង្គហោះមកនគរវិញមិនរួច។ ក្រៅពីនេះអ្នកនិពន្ធតែងតែពណ៌នារៀបរាប់ពីព្រៃឈើ សត្វបក្សាបក្សី មច្ឆា វារីជាតិ ដែលដុះនៅក្នុងព្រៃហេមពាន្តសឹងតែមានក្នុងប្រទេសខ្មែរខ្លះ និងខ្លះទៀតក៏មិនមាន។ ក្នុងដំណើររៀបរាប់ដដែលនេះឈ្មោះឈើខ្លះប្រែពីបាលី ឈ្មោះឈើខ្លះទៀតជាឈើស្រុក សត្វចតុប្បាទ គឺពួកម្រឹគ ដំរី រាជសីហ៍ រស់នៅជាហ្វូងៗជាច្រើនប្រភេទនិងទិដ្ឋភាពស្រះឆទ្ទន្ត ហ្វូងសត្វទាំងគួរគួរស្ងប់ស្ងែងអស្ចារ្យក្នុងចិត្ត។ ដូច្នេះភាពអស្ចារ្យនៃព្រៃហេមពាន្តនៅក្នុងសាស្ត្រាល្បែងក្ដី ក្នុងគម្ពីរត្រៃភូមិក្ដី សុទ្ធតែលើកតាមទស្សនៈសាសនា ព្រោះនៅក្នុងទស្សនៈសាសនាទេពនិករមានលំនៅឯស្ថានសួគ៌ និងនៅតាមដើមឈើជាពិសេសលើភ្នំហេមពាន្ត។ កាលណាគេនិយាយពីលោកធាតុគេនឹកដល់ភ្នំព្រះសុមេរុជាធំ។ កាលណាគេនិយាយពីនិទានជាតក តាបស ឥសី វិទ្យាធរ បុប្ផា ផ្កាឈើ ផ្លែឈើ គេនឹងនឹកឃើញភ្នំហេមពាន្តមុនគេ ដែលជាស្ថានមួយស្ថិតនៅដាច់ដោយឡែកផ្សេងពីស្ថានមនុស្ស។ ដើម្បីស្ដែងពីលក្ខណៈដាច់ដោយឡែកពីស្ថានមនុស្សឱ្យកាន់តែច្បាស់ គេត្រូវលើកបង្ហាញពីអ្វីដែលមាននៅភ្នំហេមពាន្តស្ដែងឱ្យឃើញកន្លែងនោះពុំមែនជាស្ថានមនុស្សធម្មតាឡើយ។

ចម្លាក់សត្វហេមពាន្តនៅព្រះវិហារវត្តដំរីស

ព្រះវិហារគឺជាសំណង់សំខាន់មួយក្នុងសិល្បៈពុទ្ធសាសនាខ្មែរ វត្តនីមួយៗត្រូវមានព្រះវិហារសម្រាប់ព្រះសង្ឃធ្វើកម្ម និងតម្កល់ព្រះជីវ៍។ ព្រះវិហារគេតែងបិទជិតមិនគេបើកនៅពេលមានកិច្ចណាមួយដូចជាធ្វើសង្ឃកម្ម និងបន់ស្រន់។ ដូច្នេះហើយព្រះវិហារប្រៀបបានជាស្ថានមួយដាច់ដោយឡែកពីស្ថានមនុស្ស ក្រៅពីប្រព័ន្ធជំនឿយើងអាចឃើញតាមរយៈស្ថានទី របងរាជវ័តិ ក្លោងទ្វាររបស់ព្រះវិហារសុទ្ធតែជានិមិត្តរូបនៃស្ថានទេពមើលដូចជាខណ្ឌដាច់ពីគ្នារវាងស្ថានមនុស្សនិងព្រះ តាមរយៈសិល្បៈចម្លាក់ គំនូរ និងស្ថាបត្យកម្ម។ ករណីនេះយើងសូមបង្ហាញពីការស្ដែងឱ្យឃើញស្ថានព្រះតាមរយៈចម្លាក់កំបោរបាយអរ លើសសរជញ្ជាំងខឿនជាន់ទីមួយជុំវិញព្រះវិហារក្នុងវត្តដំរីសខេត្តបាត់ដំបង។ រូបសិល្បៈដូចជា៖ នាគ គ្រុឌ កិន្នរ យក្ស និងរូបសត្វហេមពាន្តជាច្រើនទៀតនៅកសាងនៅ​សម័យលោកម្ចាស់ឆ្នាំ១៩០៤ដោយក្រុមជាងកុង តូ  ជាងស្នា ជាងញឹក ជាងសឿន ជាងអុន។

ចម្លាក់សត្វហេមពាន្តនៅតាមខឿនព្រះវិហារគឺជាទឹកដៃក្រុមជាងរបស់លោកម្ចាស់សាងយ៉ាងវិចិត្ររស់រវើក អ្វីគួរឱ្យចាប់អារម្មណ៍គឺរូបរាងសត្វទាំងនោះយើងពុំសូវឃើញមានក្នុងចម្លាក់ពីមុនមក។ ជាងនេះទៅទៀតចម្លាក់សត្វទាំងនោះរូបជាសត្វស្លាបច្រើជាងរូបជាសត្វចតុប្បាទ។ រូបនីមួយៗពុំមានចារឹកប្រាប់ឈ្មោះឡើយ ចំពោះការកំណត់ឈ្មោះនៅក្នុងទីនេះយើងកំណត់តាមសេចក្ដីអធិប្បាយ និងការធៀបរូបក្នុងគម្ពីរត្រៃភូមិ(ភាសាខ្មែរ) និងតម្រារូបសត្វហេមពាន្ត(ភាសាថៃ)។

ដើម្បីដឹងថារូបនេះមានឈ្មោះអ្វីខ្លះ យើងបានប្រៀបធៀបរូបសត្វហេមពាន្តទាំងអស់នេះនឹងរូបសត្វហេមពាន្តដែលមានក្នុងក្រាំងតម្រាសត្វហេមពាន្ត(ភាសាថៃ) គម្ពីរត្រៃភូមិ(ច្បាប់ភាសាខ្មែរ) គម្ពីរត្រៃភូមិ(ច្បាប់ភាសាថៃ) និងសមុតភាពរូបសត្វហេមពាន្ត(ភាសាថៃ)។ តាមរយៈការប្រៀបធៀបនេះយើងឃើញថារូបភាគច្រើនមានក្នុងក្រាំងតម្រាសត្វហេមពាន្តជាក្រាំងបុរាណចារនៅព.ស.២៤៥៥ដែលមានដូចជា៖ ហង្សចិន មារីសៈ សុវណ្ណហេរា កបិលយក្សា មច្ឆានព្វ នរសិង្ហ ពានរម្រឹគ មយូរវេនត្រៃ អសុរវាយោភ័ក្ត្រ អសុរបក្សី អប្សរសីហៈ ទណ្ឌមា សិន្ធុបក្សី គម្ភីរនិម្មិត មាន់ហុកកៀន មាន់សេហួន មាន់តាំងគា។ រូបសត្វក្នុងគម្ពីរត្រៃភូមិខ្មែរមានដូចជា៖​ រាជហង្ស សុបណ្ណ គីលែនបក្សី ហស្ដីលិង្គ។ ចំពោះរូបសត្វដែលមានសញ្ញា(?)គឺជារូបសត្វដែលយើងពុំអាចកំណត់ឈ្មោះបានព្រោះមិនមានរូបណាមួយអាចប្រៀបនឹងគ្នាឡើយ។          

សរុបមកវិញចម្លាក់សត្វហេមពាន្តគេឆ្លាក់នៅតាមខឿនព្រះវិហារបីដូចជាការសន្មតបង្ហាញពីបរិវេណរបស់ស្ថានទេពដែលសត្វជាគ្រឿងសម្គាល់ ប៉ុន្តែអ្នកសាងបង្ហាញត្រឹមតែសត្វបក្សីមួយជំពូកប៉ុណ្ណោះ បើសេចក្ដីក្នុងគម្ពីរត្រៃភូមិមានជាច្រើនទៀត៖ ត្រាយលឿង ចាមរី គោក ស្មាន់ ស្វាន រមាំង ទ្រាយ ខ្ទីង បក្សី ដំរី១០ត្រកូល រាជសីហ៍៨ត្រកូល៕

អត្ថបទដោយ៖ លោក រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!