ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី៦)

ផ្កាស្រពោន (ភាគទី៦)

ប៊ុន ធឿន ស្តាប់ពាក្យម្តាយសរសើរខ្លួនដូច្នេះក៏ញញឹមទាំងស្រពោន ហើយតបទៅថាៈ ម៉ែអើយកុំអួតខ្ញុំខ្លាំងពេក។ ពីដើមខ្ញុំមានសេចក្តីរំពឹងថា ខ្ញុំរៀនឲ្យបានចេះដើម្បីកុំឲ្យស្គាល់ក្តៅ ស្គាល់នឿយដោយហាលថ្ងៃ។ ឥឡូវនេះបំណងនេះរលាយសាបសូន្យទៅហើយ មានតែខំធ្វើស្រែទៅ។ ម្យ៉ាងទៀតខ្ញុំចូលចិត្តនៅស្រុកស្រែ និងធ្វើការងារក្នុងស្រៃណាស់ កាលដែលខ្ញុំនៅ កុល្លែហ្ស៍ឯណោះ ថ្ងៃអាទិត្យឡើង ខ្ញុំតែងចេញពីក្រុងភ្នំពេញទៅមើលគេធ្វើចំការច្បារដំណាំ។ ទោះយើងមានទោសទុក្ខធ្ងន់យ៉ាងណា បើយើងបានឃើញស្រែចំការហើយ សេចក្តីសៅម៉ងនោះនឹងបានស្រយាលជានិច្ច។ នាងសោភ័ណតបៈ បើដូច្នោះមែន បងស្អែកនេះខ្ញុំទៅលេងស្រែផងបានឬទេ? មានកើតអីអូន។ យប់គ្រាន់បើហើយ ចិកប៊ុន ថន គាត់ហៅបុត្រគាត់មកនិយាយតែពីរនាក់ កូនឪពុកដឹងចិត្តកូនឯងចង់លែងរៀនដើម្បីមកជួយធ្វើការឪពុកម្តាយ។ គំនិតនេះជាការគាប់ប្រសើរហើយ​ តែចិត្តឪពុកមិនចង់ឲ្យឯងឈប់រៀនទេ ស៊ូត្រដេត្រដរផ្តល់សោហ៊ុយឲ្យឯងរៀន លុះត្រាតែបានឌីប្លូម។ ខ្ញុំបាទយល់ឃើញថា ចិកមានប្រសាសន៍យ៉ាងនេះដោយស្រលាញ់កូន មិនចង់ឲ្យកូននឿយហត់។ ខ្ញុំគិតថាចិក និងម៉ែសុទ្ធតែបានបង្ហូរញើសព្រួយកំលាំងដោយសារខ្ញុំយូរមកហើយ។ សម័យនេះខ្លួនចិកទ្រុឌទ្រោមថមថយជាងពីដើម គួរណាស់តែខ្ញុំមកជួយកំលាំងវិញ។ ប៊ុន ធឿនកុំប្រកែក។ ចូរឯងខំតែរៀនសូត្រទៅ ចុះឪពុកមិនទាន់ដល់ថ្នាក់សុំទានគេនៅឡើយទេ។ ចិក ប៊ុន ថន ថាតែប៉ុណ្ណេះហើយគាត់ក៏ដើរចេញទៅ។ រាត្រីលាតសន្ធឹងស្បៃខ្មៅលើធម្មជាតិដែលស្ងប់ស្ងៀមជញ្ជ្រង។​ ចង្កៀងប្រេងកាតមួយមានពន្លឺញ័រព្រឺតៗនៅបំភ្លឺផ្ទះធំល្វឹងនៃចិកប៊ុន ថន។ ប៊ុន ធឿន អង្គុយសញ្ជឹងសញ្ជប់ភ្លេចសេចក្តីនឿយហត់ពីថ្ងៃ សំលេងខ្លុយមួយពិរោះគ្រលួចក្នុងផែនសន្ធិយា ហើរកាត់មេឃស្វាយមកអង្អែលបបុះសោតវិញ្ញាណនៃជន ដែលមិនទាន់ដេកលក់នៅឡើយ។ ឯដួងវិញ្ញាណប៊ុន ធឿនវិលចុះរេឡើង​មិនមានទៅចាប់ឆ្ពោះលើវត្ថុអ្វីឡើយ។ ត្រិះរិះមើលទៅឃើញថា ឪពុកខ្លួននិយាយត្រូវមែន។ គួរតែស៊ូខំរៀនទៅចុះគ្រាន់នឹងយកប្រាក់ខែមកជួយចិញ្ចឹមឪពុកម្តាយ។ ជំពូកមួយទៀត ចិត្តប៊ុន ធឿន គិតមមៃដល់នាងវិធាវីជាគូសង្សារ។ បើប្រសិនជាខ្លួននៅតែធ្វើស្រែយ៉ាងនេះទៅ ម្លេះសមយាយនួនគាត់ផ្តាច់ពាក្យសន្យាពុំខាន ព្រោះដឹងថាគាត់ស្រលាញ់ថ្នមកូនគាត់ខ្លាំងណាស់ ម្តេច គាត់នឹងឲ្យកូនគាត់មកធ្វើការនឿយហត់ជាមួយផង។ ឆ្វេងយល់យ៉ាងនេះហើយ ប៊ុន ធឿន ក៏យកចិត្តទុកដាក់នឹងការរៀនសូត្រឡើងវិញ យប់ៗឡើង តែងអុជចង្កៀងប្រេងដូងមួយមើលសៀវភៅ។ ថ្ងៃៗឡើងទៅធ្វើការស្រែ តែងតែឆ្លៀតដាក់សៀវភៅកវីបារាំងណាដែលជាទីគាប់ចិត្តយកទៅអាននៅពេលឈប់សម្រាកកំឡាំង។ ជួនណាអ្នកទៅឃ្វាលគោជួសតាសូ ឲ្យគាត់មកពិសារបាយ។ អ្នកក៏ដេកក្រោមដើមដង្កោ ឬដើមស្តៅ ក្បាលកើយលើក្រមាមួយ ដែលឆ្មូលជាដុំ អ្នកមើលគោបណ្តើរអានសៀវភៅបណ្តើរ។ សព្ទឃ្លោងខ្លះពិរោះអស្ចារ្យបណ្តាលឲ្យអ្នកស្រមៃឃើញមុខនាងវិធាវីញញឹមស្រស់ត្រង់ប្រឡោះស្លឹករុក្ខជាតិ។ ឳរ៉ាប៊ុន ធឿន ក៏ព្រឺព្រួចចិត្តក៏រីករាយសប្បាយក្រៃលែង។ ដូច្នេះហើយការងារស្រែទាំងប៉ុន្មានក៏បាត់ធ្វើឲ្យធុញថប់ និងហត់នឿយអស់ទៅ។

         នៅល្ងាចថ្ងៃទី១៣កក្កដា ចិក ប៊ុន ថន និយាយទៅកាន់បុត្រគាត់ថា

ថ្ងៃស្អែកនេះជាថ្ងៃបុណ្យជាតិរបស់បារាំង បើឯងចង់ទៅមើលបុណ្យនោះក៏ទៅចុះ។

នៅព្រឹកព្រហាមថ្ងៃទី១៤ ស៊ូយេត ប៊ុន ធឿនបានតែងខ្លួនស្អាតបាតហើយជិះទោចក្រយាន្តតម្រង់ទៅបាត់ដំបង និងរីករាយសប្បាយក្នុងចិត្តថានឹងបានជួបមុខកែវសង្សាររបស់ខ្លួនពុំខាន។

នៅគ្រប់ផ្លូវថ្នល់មនុស្សឈូឆរ ដើរមីរ មានសភាពដូចជាហ្វូងស្រមោច។ ពួកអ្នកស្រុកស្លៀកពាក់តាមទំនើបថ្មី។ ឯអ្នកស្រុកស្រែបញ្ចេញសំលៀកបំពាក់ភោរភាវគ្រប់ពណ៌។ តាមថ្នល់ក្រុង និងតាមបង្អួចផ្ទះផ្សារទង់ជាតិបារាំងខ្មែរបក់យោលរេរាបញ្ចេញសេចក្តីសប្បាយរោយរាយទៅគ្រប់ទិស។ ត្រង់មាត់កំពង់ ចំពីមុខផ្សារវិល គេមានសង់ពន្លាមួយលំអដោយស្លឹកទន្សែ ស្លឹកជ្រៃក្រឹម និងផ្ទាំងសំពត់ខៀវ ស ក្រហម។

         ពួកឥស្សរជនទាំងឡាយនៃខែត្រ បានមកអង្គុយជ្រកកំដៅព្រះសុរិយោទ័យ ក្នុងនោះបារាំងត្រៀបត្រាតាមចញ្ចើមនៃមាគារប្រជាជនខ្ញៀវខ្ញាឈរចាំមើល…

មានក្រុមពិជ័យសង្រ្គាមមួយកង ក្រុមរក្សាស្រុកមួយកង ស្លៀកពាក់ស ក្បាលពាក់បេរ៉េក្រហម ឬខៀវផ្ទៃមេឃ ពោះ និងកំភួនជើងរុំព័ទ្ធដោយផ្ទាំងសំពត់ពណ៌ដដែល នេះឈរតម្រៀបជាជួរឥតខ្ចោះនៅចំពីមុខរោងបុណ្យ។

ប៊ុន ធឿន ឈរលាយឡំនឹងពពួកជន មើលទាហានលើកអាវុធគំនាប់ងាកខ្លួន ហើយឈានជើងដើរស្រុះគ្នាព្រឹប ដោយមានសក្តិ៣បារាំងមួយធាត់ក្រអាញ ជិះសេះហើយធ្វើភ្នែកក្រឡឺតក្រឡាប់យ៉ាងសម្បើម។ ជាអ្នកបញ្ជា និងដោយភ្លេងត្រែប្រគំបន្ទរផង។

         តអំពីនោះមក ប្រជាជនក៏នាំគ្នា ប្រជ្រៀតមើលល្បែងផ្សេងៗដូចជា ចងជើងក្នុងបាវឲ្យរត់ប្រណាំង ឡើងសសរលាបខ្លាញ់ ប្រកួតជក់បារី ។ល។ តែប៊ុន ធឿនធុញទ្រាន់ពេក ក៏ចុះទៅកំពង់ចំឡង ជិះទូកដរទៅត្រើយខាងកើត ហើយដើរដើរតម្រង់ទៅវត្តពោធិ៍។

         ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។ យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។ នាងវិធាវីកាលបើម្ហូមរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃ គាត់លើកទៅជូនម្តាយនាងរួចសេ្រចហើយ នាងក៏ម្នីម្នាបិទទ្វារផ្ទះហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមស្វាយមួយដើម ដែលបែកមែកត្រសាយនៅកន្សៃផ្ទះនាង។

         នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅ តែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។ គ្រលីងគ្រលោងមួយគូ ដែលទុំលើមេឃរុក្ខាយំឆ្លើយឆ្លងគ្នា ហើយជួនកាលមានកំប្រុងលោតពីលើធាងដូងមួយ ឮសូរក្រាកៗ នាងវិធាវីកំពុងតែស្រងូតចិត្តគិតអាណិតខ្លួនពន់ពេកក្រៃ ស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកស្វាយទុំ ដែលជ្រុះរោយរាយលើពសុធា។ នាងក៏ងាកមើលទៅ ហើយក៏ញញឹមព្រាងៈ

         បង! យីបង មកពីកាលណាហ្នឹង? បងគ្មាននឹកនាដល់អូនសោះតែម្តងហើយ។ មកវ៉ាកងយូរណាស់ហើយមិនហ៊ានមកលេងនឹងខ្ញុំសោះ។ ប៊ុន ធឿន ចូលទៅជិតហើយគំនាប់នាងដោយញញឹមស្ងួត។

         អូនកុំនិយាយយ៉ាងនេះនាំឲ្យបាបនឹងទេវតា។ បងតែងនឹកនាងមិនមានណាយសោះ តែបងឥឡូវធ្លាក់យ៉ាកចុនហើយ រវល់តែខំជួយកំលាំងឪពុកម្តាយ។ បងឆ្លៀតឳកាសបុណ្យ១៤ស៊ូយេត ដើម្បីមកលេងនឹងមីងនួន ហើយនឹងអូនឯង។

         ម៉ែគាត់មិននៅទេ គាត់ទៅវត្តផុតទៅហើយ។ ដំណឹងនេះធ្វើឲ្យប៊ុន ធឿន ត្រេកអរឥតឧបមា តែខំទប់កិរិយាមិនឲ្យបញ្ចេញសេចក្តីសប្បាយឲ្យឃើញឡើយ។ ឳ! បងសែនស្តាយ ព្រោះបងបន្ទាន់វិលទៅផ្ទះ វិលនៅរសៀលម៉ោង៣នេះ។ បន្ទាន់អីម្លេះម៉េចក៏មិនចាំមើលប្រណាំងទូកសិន ខ្ញុំឮគេនិយាយថាទូកងលោកវត្តឈើខ្មៅ ឈ្មោះ”ពពកអណ្តែត”លឿន    អស្ចារ្យ។​ បងរងចាំមើលមិនបានទេ។ បងសុំផ្ញើភ្នែកមួយឲ្យអូនមើលជួសបងផងបានឬទេ? មិនបានទេ! ព្រោះពេលនេះខ្ញុំគ្មានត្រេកត្រអាលអ្វីនឹងបុណ្យ នឹងង៉ាននេះសោះ។ ខ្ញូំរកតែទីស្ងាត់គិតជញ្ជឹងទើបស្រួលតាមលំនាំចិត្តរ​បស់ខ្ញុំ។ ថាហើយនាងងើបមើលមុខប៊ុន ធឿន ហើយអោនភក្តិចុះមិនចេញស្តី។ ប៊ុន ធឿនគិតស្មានដោយខុសថា នាងមានសេចក្តីជួយព្រួយនឹងការគ្រោះថា្នក់នៃគ្រួសារខ្លួន ក៏និយាយទៅកាន់នាងថា៖

         នៃ៎អូន! បងសុំអរគុណចិត្តអូនហើយ ដែលនាងជួយព្រួយបារម្ភនោះ នែចូរនាងបាត់ភ័យទៅ។ ថ្វីបើខ្លួនបងធ្លាក់ក្រ បងនឹងខិតខំរៀនធ្វើមួយជាពីរ ជាបី។ លុះបានសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់កាលណា បងនឹងចេញធ្វើការហើយ…​។ ត្រង់នេះប៊ុន ធឿន សំលឹងនេត្រនាងវិធាវីដែលខ្មៅយង់ដូចត្បូងនិលទើបចរចាទៅទៀត។ ហើយយើងនឹងបានសុខក្សេមក្សាន្តតទៅ។ នាងវិធាវីឮសំដីបងដូច្នោះហើយ ទឹកភ្នែកដែលនាងខំទប់បានកុំឲ្យជោរជលកាលពីមុននោះ ក៏ហៀរហូរខ្ចាយធ្លាក់មក។ នាងប្រឹងយកកូនកន្សែងមកជូត។ ប៊ុន ធឿនឃើញដូច្នោះហើយក៏ធ្វើភ្នែកឡឹងឡង់ៈ តើអូនមានទុកយ៉ាងណា! ប្រាប់បងផង? នាងវិធាវីដោយអៀនខ្មាសក៏មិនឆ្លើយតបចំពោះពាក្យសួរនេះទេ បែជាស្តីថាៈ បងអើយមនុស្សយើងបើប្រាថ្នាអ្វីមួយមិនដែលបានដូចបំណងរាល់ដងទេ ជួនបានជួនខាន។ យើងសំឡឹងទៅមុខមិនធ្លុះសោះ។ ស្មានជាបានស ទៅជួបបងខ្មៅ ឬផ្ទុយទៅវិញក៏មានដែរ។ អូនសូមលន់តួកាត់សេចក្តីខ្មាសជម្រាបបងឲ្យជាក់ថា ចិត្តអូនមិនប្រែប្រួលពិសច្ចាដែលបានធ្វើមកនោះទេ។ ចិត្តអូនឥឡូវនេះមានសភាពយ៉ាងណាទៅថ្ងៃក្រោយក៏នៅយ៉ាងនោះដែរ។
(សូមរងចាំភាគបន្ត ភាគទី៧ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!