ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះនាងកាលីរកឃើញនៅប្រាសាទធំ កោះកេរ

បដិមាព្រះនាងកាលីរកឃើញនៅប្រាសាទធំ កោះកេរ

អ្នកប្រវត្តិសិល្ប:វិទូជាច្រើនបានកត់សម្គាល់ថា មកដល់រចនាបថកោះកេរ (ស.វ.ទី១០) សិល្ប:ខ្មែរដែលទាក់ទងនឹងព្រហ្មញ្ញសាសនាបានវិវឌ្ឍរូបរាងដ៏ថ្មីសន្លាងមួយ ពោល គឺសិល្បករនិយមឆ្លាក់រូបតួអង្គទេវកថាជាបដិមាទោល ដែលខុសពីសម័យមុនគេគ្រាន់តែឆ្លាក់ជាចម្លាក់តូចៗនៅជាប់ជញ្ជាំងតែប៉ុណ្ណោះ។ ជាពិសេស ក្នុងតំបន់កោះកេរ គេបានរកឃើញបដិមាទោលតំណាងតួអង្គរឿងមហាភារត និងរឿងរាមយណនៅប្រាសាទចិន ព្រមទាំងបដិមាទាក់ទងជាមួយទេពជាច្រើនអង្គនៃព្រហ្មញ្ញសាសនានៅប្រាសាទធំ (ប្រាសាទក្រហម)។  ក្នុងចំណោមនេះ គេក៏បានប្រទះឃើញបដិមាព្រះនាងកាលីមួយអង្គ ដែលជារឿងដែលគេកម្រជួបពីមុនមកទាល់តែសោះ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីរឿងរ៉ាវជាទូទៅរបស់ព្រះនាងកាលី ព្រមទាំងរៀបរាប់អំពីប្រវត្តិ និងលក្ខណៈជាទូទៅរបស់បដិមាព្រះនាងកាលីដែលរកឃើញនៅប្រាសាទធំ នៃតំបន់កោះកេរ ហើយសព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា។

បំណែកចម្លាក់ក្បាលមនុស្ស ដែលរូបភាពដើមស្ថិតនៅលើភ្លៅព្រះនាងកាលី

ថតនៅឆ្នាំ១៩២៣ ដោយអ្នកស្រាវជ្រាវបារាំង (រូបថត៖ EFEO Collection)

កាលី គឺជាទេពស្រីដ៏សំខាន់មួយនៅក្នុងព្រហ្មញ្ញសាសនាតំណាងឱ្យសេចក្តីស្លាប់ អំណាច ពេលវេលា ការផ្លាស់ប្តូរ ការបង្កើត និងការបំផ្លិចបំផ្លាញ។ គេចាត់ទុកព្រះនាងកាលី គឺជារូបស្នងមួយរបស់ព្រះនាងទុគ៌ា ដែលតំណាងឱ្យសេចក្តីក្រោធ និងភាពងងឹតរបស់ទុគ៌ា (មហេសីរបស់ព្រះសិវ) ដ្បិតកាលីបានកើតចេញពីថ្ងាសរបស់ទុគ៌ា។ រឿងមួយបានដំណាលថា អសុរចំនួន ២ នាក់ រួមមាន ចណ្ឌ និងមណ្ឌ បានព្រួតគ្នាវាយប្រហារទុគ៌ា នាំឱ្យទុគ៌ាខឹងសម្បារក៏ធ្វើឱ្យមុខរបស់នាងងងឹត ហើយលោតចេញព្រះនាងកាលីចេញពីថ្ងាស។ ពេលនោះ រូបរាងកាយរបស់កាលីមានពណ៌ខៀវងងឹត ភ្នែកស្រវាំង ស្លៀកពាក់ស្បែកខ្លា និងពាក់កម្រងផ្កាជាលលាដ៍ក្បាលខ្មោច ហើយបានវាយឈ្នះទៅលើអសុរទាំងពីរ។ រឿងដ៏ល្បីបំផុតមួយទៀតបានដំណាលថា ព្រះនាងកាលីបានកើតចេញពីព្រះវិស្ណុកំពុងផ្ទុំមានឈ្មោះថា «ទេធធីតាយោគនិទរា» ដើម្បីដាស់ព្រះវិស្ណុឱ្យក្រោកឡើងប្រយុទ្ធជាមួយអសុរចំនួនពីរនាក់គឺ មធុ និងកៃដភ ដែលកំពុងលួចគម្ពីរវេទរបស់ព្រះព្រហ្ម។ រំពេចនោះ ព្រះវិស្ណុប្រែក្រឡាទៅជា ហយគ្រីវ (អវតារព្រះវិស្ណុមានខ្លួនជាមនុស្សនិងក្បាលជាសេះ) ប្រយុទ្ធជាមួយអសុរទាំងពីរ ដើម្បីការពារព្រះព្រហ្មនិងពិភពលោកទាំងមូល ព្រមទាំងមានចិត្តចង់ដណ្តើមយកគម្ពីរវេទមកវិញ។ ប៉ុន្តែ ការប្រយុទ្ធគ្នាយ៉ាងយូរនោះ ព្រះវិស្ណុពុំអាចយកឈ្នះអសុរមធុ និងកៃដភឡើយ។ ដូច្នេះហើយ ព្រះនាងកាលី (យោគនិទ្រ) ក៏បានប្រើប្រាស់ទម្រង់ មហាមយ ដើម្បីពង្វក់អសុរទាំងពីរ ទើបព្រះវិស្ណុមានឱកាសសម្លាប់អសុរទាំងពីរបាន ហើយយកគម្ពីរវេទមកថ្វាយព្រះព្រហ្មវិញ។

ងាកមកចាប់អារម្មណ៍អំពីបដិមាព្រះនាងកាលី ដែលយើងលើកយកមកសិក្សានៅពេលនេះវិញ អ្នកស្រាវជ្រាវបារាំងបានរកឃើញនៅកំឡុងទសវត្សរ៍ ១៩២០។ ក្នុងអំឡុងពេលនោះ គេបានរកឃើញតែផ្នែកត្រឹមពោះមកខាងលើប៉ុណ្ណោះ ដោយស្ថានភាពបដិមាមានបាក់បែកច្រើននៅត្រង់ព្រះភក្រ្តខាងឆ្វេង ពោល គឺបូ ព្រះនេត្រ និងច្រមុះផ្នែកខាងឆ្វេងបានបាក់បែកអស់តែ       ម្តង។ ចំណែក ព្រះហស្តទាំងសងខាង ក៏បាក់អស់ នៅសល់ត្រឹមកដៃប៉ុណ្ណោះ ហើយព្រះថន:ខាងឆ្វេងក៏បាក់អស់ដូចគ្នា។ នៅក្នុងឆ្នាំ១៩២៣ ក្នុងពេលដែលលោក George Groslier ជាប្រធានសារមន្ទីរជាតិកម្ពុជា គេបានដឹកជញ្ជូនបដិមាត្រឹមមួយកំណាត់នេះ យកមករក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា។ អ្វីដែលគួរកត់សម្គាល់នោះគឺ ក្នុងពេលនោះគេមិនទាន់ស្គាល់ថារូបបដិមានេះជាព្រះនាងកាលីនោះទេ ហើយក្នុងបញ្ជីសមុច្ច័យសារពើភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា គេបានហៅរូបបដិមាមួយកំណាត់នេះថា «ដងខ្លួនយក្សស្រី» ដែលមានកម្ពស់ ៦៧ស.ម., ទទឹង ៥០ស.ម., កម្រាស់ ២៧,២ ស.ម. សាងអំពីថ្មភក់ ហើយមានលេខបញ្ជី ក.1665 / B.211 / B.601.3 / ខ.85។ នៅក្នុងឆ្នាំ១៩២៣ ដដែល រូបភាពមួយសន្លឹកដែលថតវត្ថុសិល្ប:នៅប្រាសាទធំ គេបានសង្កេតឃើញមានរូបក្បាលមនុស្ស ដែលជាបំណែកដ៏សំខាន់មួយរបស់បដិមាព្រះនាងកាលីនេះផងដែរ។ ចំណេរក្រោយមក គេបានរកឃើញបំណែកត្រគាកបដិមាដែលបាត់បង់ និងជើងទម្ររបស់បដិមា។ ក្នុងឆ្នាំ២០១២ គេបានដឹកជញ្ជូនជើងទម្របដិមាព្រះនាងកាលីមកកាន់សារមន្ទីរជាតិកម្ពុជា ហើយក៏បានផ្គុំបំណែកទាំងអស់ចូលគ្នាវិញ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនទស្សនា ហើយក៏សន្និដ្ឋានម្តងទៀតថា បដិមានេះជារូបតំណាងព្រះនាងកាលី។ បន្ទាប់ពីផ្គុំឡើងវិញហើយ គេអាចមើលឃើញជាក់លាក់ថា សិល្បករសាងរូបព្រះនាងកាលីដោយអង្គុយលើជើងទម្ររាងបួនជ្រុងដោយមានរូបគ្រុឌនៅត្រង់ផ្នែកកណ្តាល (រូបគ្រុឌនៅចំកណ្តាលជាលក្ខណៈពិសេសមួយនៃជើងទម្ររចនាបថកោះកេរ ដែលគេមិនធ្លាប់ឃើញមានពីមុនមកនោះទេ) ហើយរូបព្រះនាងកាលីអង្គុយក្នុងទម្រង់ជា “បទ្មសន” ដែលជាទម្រង់មួយសំដៅលើការអង្គុយដាក់ជើងទាំងពីររាបស្មើត្រួតលើគ្នា (ខ្មែរហៅថា ពែនភ្នែន) ហើយបើនៅក្នុងព្រះពុទ្ធសាសនាវិញគេនិយមហៅថា “បយ៌ន្កសន”“វជ្រសន”។ ក្រៅពីនេះ សិល្បករលម្អរូបព្រះនាងកាលីមានព្រះនេត្រលៀនចេញក្រៅធំៗ ព្រះឱស្ឋក្រាស់ ព្រះកាណ៌វែង ព្រះកេសរួញក្រាស់វែង ដើម្បីឱ្យសមនឹងទម្រង់របស់ព្រះនាងជាទេពនៃភាពកាចសាហាវ ហើយម្កុដរបស់ព្រះនាងវិញលម្អជារាងថ្នាក់ៗដូចភ្នំដែលមានក្បាច់ខាងក្រោមជារាងត្របកឈូក (គិរីមកុដ)។ រីឯ ចម្លាក់រូបក្បាលមនុស្ស គេដាក់នៅលើភ្លៅខាងឆ្វេង។ ទោះបីជាបដិមានេះមានការផ្គុំឡើងវិញយ៉ាងណាក្តី ក៏មកទល់សព្វថ្ងៃគេនៅមិនទាន់រកឃើញបំណែកព្រះហស្តទាំងពីររបស់ព្រះនាងនៅឡើយទេ។

សរុបមក របកគំហើញបដិមាព្រះនាងកាលីនៅប្រាសាទធំ កោះកេរ ស្តែងឱ្យឃើញអំពីការគោរពប្រណិប័តន៍ព្រហ្មញ្ញសាសនាយ៉ាងខ្ជាប់ខ្ជួនរបស់បុព្វបុរសខ្មែរ។ ព្រះនាងកាលី គឺជារូបស្នងក្នុងភាពកំណាចមួយរបស់ព្រះនាងទុគ៌ា ពោល គឺដូចនឹងព្រះភៃរវដែលជារូបស្នងក្នុងភាពកាចកំណាចកាចសាហាវនៃព្រះឥសូរដូចគ្នាដែរ។ ដូច្នេះហើយ សិល្បករបុរាណនៅស.វ.ទី១០ បានស្គាល់ច្បាស់ពីតួនាទី និងសាងរូបភាពរបស់ព្រះនាងត្រាប់តាមក្បួនច្បាប់គម្ពីរដែលបានចែង ជាពិសេសការសាងរូបនេះឡើង ក៏ប្រហែលជាមានភាពជាប់ទាក់ទងនឹងតន្ត្រីនៃព្រហ្មញ្ញសាសនានៅកម្ពុជាបុរាណផងដែរ។

លម្អិតបដិមាព្រះនាងកាលីបន្ទាប់ពីផ្គុំឡើងវិញជាមួយជើងទម្រ និងបំណែកត្រគាក

(សារមន្ទីរជាតិកម្ពុជា)

——————-

Goddess Kali statue found at Koh Ker Temple

Goddess Kali is a ferocious image of Goddess Durga, Shiva’s wife. This goddess is a significant deity of Hinduism who represents death, power, time, change of darkness, and destroyer of evil to protect the innocent world. In ancient Khmer art, the appearance of this goddess as a sculpture or statue is definitely rare. It definitely depicts the presence of Goddess Kali after many pieces were reassembled in 2012 by curators of the National Museum of Cambodia and has been on display in the gallery ever since. The appearance of this statue indicates that in the tenth century, the influence of Hinduism permeated throughout Cambodian society. Of special note, this statue probably also be associated with the Hindu tantric tradition in ancient Cambodia.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!