ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១១រោច ខែមិគសិរ
ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លទ្ធផលល្អក្នុងការងារនឹងសម្រេចដល់អ្នក។ សូមប្រកាន់ខ្ជាប់នូវសេចក្តីល្អ និងភាពទន់ភ្លន់។ ឳកាសក្នុងផ្នែកហិរញ្ញវត្ថុ មានច្រើន ប៉ុន្តែទាសមទារឲ្យអ្នកសហការជាមួយមិត្តក្នុងក្រុមការងារ ទើបជាការល្អប្រសើរ។ សម្រាប់អាជីវករ សូមកុំបារម្ភលុយកាក់ហូរចូលតាមបំណងប្រាថ្នា ហើយសំណាងនេះនឹងស្ថិតស្ថេរបានយូរ។ អ្នកអាចរៀបចំពិធីមង្គលនានាបានដោយមិនជំទាស់អ្វីទេ។ ដោយឡែកគូស្នេហ៍រក្សាគ្នាបានល្អណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកុំបារម្ភអ្វីឡើយ សំណាង និងលាភសក្ការៈនឹងមករកអ្នកដោយមិនបាច់ប្រឹងប្រែងពេកនោះទេ។ ប៉ុន្តែលោកអ្នកនៅមានបញ្ហាដែលមិនទាន់ដោះស្រាយច្រើនគួរសម ដែលនឹងមករំខានការងារ និងអាជីវកម្ម ហេតុដូច្នេះចូរចំណាយពេលដោះស្រាយវាឲ្យរួចរាល់ក្នុងថ្ងៃនេះ ដើម្បីរក្សាលំនឹងជោគជ័យ។ កុំឆាប់ខឹង ស្ងៀមស្ងាត់ ខំប្រឹងធ្វើការងារ និងអាជីវកម្មរបស់អ្នកជាប្រក្រតី។ សម្រាប់គូស្នេហ៍ មានការយោគយល់ អធ្យាស្រ័យគ្នាយ៉ាងប្រសើរ។ សម្រាប់កំលោះក្រមុំមិនទាន់មានគ្នា លោកអ្នកអាចចាប់ផ្តើមថ្ងៃនេះបាន គឺល្អណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើអ្វីៗបានសម្រេចទាំងអស់ និងទទួលលទ្ធផលជាទីគាប់ចិត្ត ដូច្នេះកុំយឺតយ៉ាវ ធ្វើការសម្រេចចិត្តទទួលយកឳកាសការងារថ្មីក្នុងពេលនេះ។ ចំពោះអាជីវករ កុំខ្លាចក្នុងការបណ្តាក់ទុន ប៉ុន្តែការងារនេះទាមទារគម្រោងឲ្យបានច្បាស់លាស់។ សញ្ញាណហានិភ័យមានតិចតួច ប៉ុន្តែកុំបារម្ភមន្ទិលទាំងនោះមិនអាចរំខានភាពជោគជ័យអ្នកបានឡើយ។ ចូរធ្វើជាមនុស្សស្មោះត្រង់ជានិច្ច និងអនុគ្រោះឲ្យបានច្រើន។ សម្រាប់ប្តីប្រពន្ធ លោកអ្នកមានសុភមង្គលណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងកិច្ចការងានានាសម្រេចបានផ្លែផ្កាក្រៃលែង។ សម្រាប់អ្នកធ្វើការងារឯកជន និងរដ្ឋ លោកអ្នកនឹងទទួលបានដំណឹងល្អពីថ្នាក់លើ ទាក់ទងតំណែង និងឳកាសការងារ។ ដោយឡែក ប្រសិនបើអ្នកមានបេសកកម្មទៅឆ្ងាយ សូមកុំមានការធ្វេសប្រហែស ត្រូវរៀបចំគម្រោងផែនកាឲ្យច្បាស់។ ទំនាក់ទំនាក់ស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែម ថ្ងៃនេះជាពេលវេលាល្អក្នុងការសម្រេចចិត្តសម្រាប់អនាគត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការយ៉ាងរលូន។ លាភសំណាងស្ថិតនៅក្នុងគន្លងដែលអ្នកកំពុងដើរ ដូច្នេះត្រូវព្យាយាម និងមានភាពរហ័សរហួន កុំបណ្តោយឲ្យឳកាឃ្លាតពីអ្នកបាន។ បញ្ហាតិចតួចអាចនឹងមករំខានសេចក្តីសុខរបស់អ្នក ប៉ុន្តែកុំបារម្ភភាពអន់ធ្មត់ ស្ងប់ស្ងាត់នឹងបញ្ជៀសរាល់បញ្ហា។ កុំធ្វើការសម្រេចចិត្តទាំងមិនច្បាស់ គួរពិគ្រោះពិភាក្សាប្រសិនអ្នករកមធ្យោបាយដោះស្រាយមិនបាន ប៉ុន្តែគួរទាក់ទងជាមួយមនុស្សវ័យចំណាស់ក្នុងគ្រួសារ ឬមនុស្សជិតស្និទ្ធ។ សូមរក្សាលំនឹងខ្លួនប្រាណដោយហាត់ប្រាណ និងផឹកទឹកឲ្យបានច្រើន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលផលចំណេញជាប្រាក់កាក់ជាច្រើន។ ចូរប្រើរាសីថ្ងៃនេះកសាងគ្រឹះបន្ថែមសម្រាប់ជោគជ័យនៅថ្ងៃបន្ទាប់។ សូមកុំវង្វេងនឹងភាពឆើតឆាយពីរបស់ដែលមាននៅជុំវិញខ្លួន។ ការសង់លំនៅដ្ឋាន និងរៀបចំពិធីមង្គលនានាអាចធ្វើទៅបានដោយមិនជំទាស់ទេ ប៉ុន្តែសូមកុំភ្លេចការចែករំលែក។ សម្រាប់គូស្នេហ៍ សេចក្តីសុខសាន្តមានពេញលេញ ចំណែកកូនចៅ ក៏ស្ថិតក្នុងគន្លងល្អផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងរង្វាន់ជាទីគាប់ចិត្តមិនធ្វើឲ្យលោកអ្នករងចាំឡើយ។ លោកអ្នកអាចសម្រេចចិត្តធ្វើការធំ ឬធ្វើដំណើរផ្សងពេ្រងបានដោយគ្មានអ្វីជំទាស់ទេ។ ថ្ងៃនេះលោកអ្នកមានសមត្ថភាពពេញលេញក្នុងការកែប្រែស្ថានការណ៍នៅក្នុងជីវិតឲ្យកាន់តែប្រសើរ។ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយត្រូវប្រុងប្រយ័ត្នជានិច្ច ជាពិសេសផ្លូវទឹក។ ទំនាក់ទំនងរបស់គូស្នេហ៍មានភាពល្អូនល្អឺននឹងគ្នាប្រសើរណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកឈរលើកំពូលនៃជោគជ័យ ដូច្នេះក្នុងរង្វង់ការងារ និងអាជីវកម្ម គ្មានអ្វីគួរឲ្យបារម្ភនោះទេ។ ទ្រព្យសម្បត្តិ លាភសំណាងបានមកដល់ដៃអ្នកហើយ ទទួលយកវា និងសូមរក្សាភាពហ្នឹងហ្ន៎ ហើយស្ងប់ស្ងៀម។ ពេលវេលាសម្រាប់ពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចចាប់ផ្តើមធ្វើនៅពេលណាក៏បានគ្មានជំទាស់នោះទេ។ សម្រាប់កំលោះក្រមុំ លោកអ្នកនឹងទទួលដំណឹងដ៏រីករាយពីដៃគូ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លុយកាក់ និងលាភសំណាងនៅចំពោះមុខ ប៉ុន្តែសូម ប្រឹងប្រែងឲ្យបានខ្លាំង ដើម្បីរក្សាការពារឳកាសនេះ។ សម្រាប់មុខរបរការងារ លោកអ្នកកំពុងមានមនុស្សប្រជែង ដូច្នេះសូមរៀបចំផែនការ និងបំពេញការងារដោយម៉ត់ចត់។ លោកអ្នកអាចពិភាក្សាយោបល់នឹងអ្នកដទៃបាន ប៉ុន្តែមិនគួរសម្តែងចេញទាំងមួយរយភាគរយនោះទេ ត្រូវគិតគូរឲ្យបានវែងឆ្ងាយ។ សូមព្យាយាមគ្រប់គ្រងរបបអាហារ ព្រោះលោកអ្នកអាចមានផលរំខានទៅលើជាតិខ្លាញ់លើសកំរិត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះ ប្រសិនបើអ្នកមិនពេញចិត្តជាមួយការងារ និងរបររកស៊ីសព្វថ្ងៃ សូមផ្លាស់ប្តូរចុះ ប៉ុន្តែកុំទាន់លែងដៃទាំងស្រុង ទាំងដែលមិនទាន់ច្បាស់អំពីការងារថ្មីឲ្យសោះ។ សូមរក្សាភាពស្ងៀមស្ងាត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ហើយមិនបាច់សំដែងប្រាប់អ្នកណាឡើយ ព្រោះនាំតែធ្វើឲ្យអ្នកកាន់តែឈឺក្បាលនោះទេ។ សម្រាប់ស្នេហា មិនទាន់ទទួលបានផលល្អទេ បណ្តោយតាមពេលវេលាសិនទើបប្រសើរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានចិត្តស្រាល មិនសូវចេះអត់ធ្មត់ និងមិនចេះសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ លោកអ្នកនឹងទទួលបានលទ្ធផលពីការងារ និងអាជីវកម្ម ដោយការបង្ហាញគុណសម្បត្តិដែលល្អៗ ប៉ុន្តែសូមមានចិត្តល្អសណ្តោសប្រណី។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់សាងទំនាក់ទំនងស្នេហាសោះឡើយ ដូច្នេះសូមកុំប្រញាប់ប្រញាលវៃស្មៅបង្អើលពស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញ ព្រមទាំងជោគជ័យ ប៉ុន្តែទោះបីយ៉ាងនេះក្តីកុំទាន់បាក់ទឹកចិត្ត។ គម្រោងផែនការល្អ និងជួយដោះស្រាយបញ្ហាបានយ៉ាងប្រសើរ។ លោកអ្នកមានមនុស្សច្រណែននិន្ទាច្រើនក្នុងថ្ងៃនេះ ដូច្នេះសូមអត់ធ្មត់ កុំតបត ហើយយកពេលគិតគូរដោះស្រាយ និងរៀបចំពីអ្វីដែលអ្នកគួរធ្វើវិញ ប្រសើរជាង។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព