ប្រាសាទអណ្តែត

យ៉ាងតិចក៏មានប្រាសាទបុរាណប្រមាណ ៦០ កន្លែង នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប៉ុន្តែប្រសិនបើគិតអំពីប្រាសាទដែលនៅឈរ និងមានរូបរាងល្អ គឺមានតែមួយប៉ុណ្ណោះ​ ដែលគេស្គាល់ថា «ប្រាសាទអណ្តែត»។ ប្រាសាទនេះ មានទីតាំងស្របទៅតាមផ្លូវបុរាណដែលចេញពីតំបន់អង្គរឆ្ពោះទៅតំបន់ខាងត្បូងប្រទេស និងឆ្ពោះទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលសព្វថ្ងៃស្ថិតនៅភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ២៨ គ.ម. ភាគខាងលិចទីរួមខេត្តកំពង់ធំ និងចម្ងាយប្រមាណ ៣,៥ គ.ម. ពីទីប្រជុំជនឃុំសានគរ។ ការហៅឈ្មោះប្រាសាទនេះថា “អណ្តែត” គឺទំនងមកពីទីតាំងសម្រាប់កសាងប្រាសាទនេះស្ថិតនៅលើទីទួ​លខ្ពស់មួយដែលផុតពីទឹក ហើយហ៊ុមព័ទ្ធទៅដោយកសិន្ធុថែមទៀតផង។ នៅក្នុងអត្ថបទខ្លីនេះយើងនឹងបង្ហាញអំពីតួនាទី និងប្រវត្តិទូទៅរបស់ប្រាសាទអណ្តែតតាំងពីពេលកសាងមកទល់ពេលបច្ចុប្បន្ន។ តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ប្រាសាទអណ្តែត ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០ ដោយលោក Etienne Aymonier (១៩០០), លោក Lunet De Lajonquière (១៩០២) ហើយក្រោយមកបុរាណដ្ឋានប្រាសាទអណ្តែតក៏ក្លាយទៅទីកន្លែងដ៏ទាក់ទាញ ចំពោះអ្នកស្រាវជ្រាវល្បីៗជាច្រើ​ន​ ដូចជា លោក Henri Parmenter, លោក Phillipe Stern, លោក George Groslier, លោក Pierre Dup​ont, លោកស្រី Mireille Bénisti ។ល។ ប្រាសាទអណ្តែត កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើបែរមុខទៅទិសខាងកើត កម្ពស់ប្រមាណ ៦ ម៉ែត្រ មានទ្វារចូលនៅទិសខាងកើត និងទ្វារបីទៀតរចនាជាទ្វារបញ្ឆោត។ នៅទ្វារចូលខាងកើត គេឃើញមាននៅសល់ផ្តែរទ្វារចំនួន ១ ដែលលម្អដោយក្បាច់ស្លឹកឈើធំៗចំនួនបីនៅលើក្បាច់បន្ទាត់ធ្នូរាងត្រង់ ខាងចុងជាក្បាច់រុក្ខជាតិកួចវង់ឡើងលើដូចគូទខ្យង ហើយផ្នែកខាងក្រោមជារំយោលផ្កា ឬកម្រងមាលា (រលុបខ្លះទៅហើយ)។ ក្រៅអំពីផ្តែរ​ទ្វារ សព្វថ្ងៃគេអាចនៅមើលឃើញសសរពេជ្រចំនួន ២ ដើម ដែលសិល្បករបុរាណដាក់ទ្រផ្តែរទ្វារ ដែលមានរាងមូល និងមានក្បាច់លម្អជាស្លឹកឈើដូចប្រាសាទភ្នំបាសិតដែរ។ ភស្តុតាងនេះហើយដែលនាំឱ្យនៅទសវត្សរ៍ ១៩៧០ លោកស្រី Mireille Bénisti បានប្រៀបធៀបផ្តែរទ្វារ និងសសរពេជ្រនេះជាមួយផ្តែរទ្វារប្រាសាទស្រីគ្រប់ល័ក្ខណ៍ (ភ្នំបាសិត) ប្រាសាទកំពង់ព្រះ និងប្រាសាទសក្ល (ខេត្តកំពង់ឆ្នាំង) ហើយជាលទ្ធផលលោកស្រីបានកំណត់អាយុកាលរបស់ប្រាសាទអណ្តែតស្ថិតនៅក្នុងចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ដែលប្រហែលទំនងសាងឡើងនៅចុងស.វ.ទី៧ ឬដើមស.វ.ទី៨ នៃគ្រឹស្តសករាជ ពោល គឺទំនងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) ឬរជ្ជកាលព្រះនាងជ័យទេវី (គ.ស.៧១៣)។ ក្រៅពីនេះទៀត យើងសង្កេតឃើញថា នៅលើទ្វារបញ្ឆោត ព្រមទាំងតួប្រាសាទទាំងមូល ពុំសូវមានក្បាច់លម្អច្រើនដូចប្រាសាទឥដ្ឋផ្សេងៗទៀតដែលអាយុកាលដំណាលគ្នានោះទេ។

ផ្តែរទ្វារប្រាសាទអណ្តែត

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងប្រាសាទអណ្តែត គេបានរកឃើញប្រតិមាព្រះហរិហរ (ព្រះវិស្ណុ និងព្រះសិវ រួមបញ្ចូលគ្នា) ចំនួន ១ ដែលមានកម្ពស់ ១,៩០ ម៉ែត្រ ឈរក្នុងជំហរត្រង់ ពុំមានប្រើប្រាស់ជន្ទល់សម្រាប់ទប់លំនឹងទេ និងពុំសូវមានកាច់ចង្កេះខ្លាំងដូចប្រតិមាក្នុងរចនាបថមុនៗឡើយ។ ប្រតិមាព្រះហរិហរ សិល្បករសាងឡើងដោយមានស្លៀកសំពត់ខ្លី​ចងក្បិនញ៉ុកចូលក្នុងចំពាក់កណ្តាល និងមានទម្លាក់ជាយមកក្រៅត្រង់ភ្លៅខាងឆ្វេង ទម្រង់មុខស្មើ ច្រមុះស្រួច មានពុកមាត់ និងមានពាក់ម្កុដរាងស៊ីឡាំង។ នៅក្នុងឆ្នាំ ១៩៥៥ លោក Pierre Dupont បានសិក្សាបដិមានេះយ៉ាងលម្អិត ដោយបានប្រៀបធៀបជាមួយបដិមាព្រះហរិហរដទៃទៀតដែលបានរកឃើញនៅចុងស.វ.ទី៧ ដើមស.វ.ទី៨ ឧទាហរណ៍ ប្រតិមាព្រះហរិហររកឃើញនៅប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ) ជាដើម។ គេសង្កេតឃើញថា ការគោរពបូជាព្រះហរិហរ គឺមានភាពពេញនិយមខ្លាំងនៅចុងស.វ.ទី៧ ដើមស.វ.ទី៨ ហើយមកដល់ស.វ.ទី៩ និងទី១០ នៅមានតិចតួចបំផុត។

ប្រតិមាព្រះហរិហរសាងអំពីថ្មភក់នៅប្រាសាទអណ្តែត (សព្វថ្ងៃនៅសារមន្ទីរជាតិកម្ពុជា)

ពុទ្ធបដិមាសាងអំពីឈើនៅប្រាសាទអណ្តែត (សព្វថ្ងៃនៅសារមន្ទីរកំពង់ធំ)

តាមរយៈខ្លឹមសារដូចដែលបានរៀបរាប់ខាងលើ គឺបង្ហាញឱ្យឃើញថាប្រាសាទអណ្តែត សាងឡើងនៅរវាងចុងស.វ.ទី៧ ឬដើមស.វ.ទី៨ សម្រាប់ដាក់តម្កល់ព្រះហរិហរមួយអង្គ ក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ទោះបីជាយ៉ាងណា មកដល់សម័យកណ្តាល ប្រាសាទនេះនៅតែជាទីសក្ការៈដ៏សក្តិសិទ្ធិសម្រាប់មនុស្សដដែល ដ្បិតទីតាំងនេះបានក្លាយទៅជាអារាមព្រះពុទ្ធសាសនាថេរវាទដែលយ៉ាងហោចណាស់គេអាចរកឃើញពុទ្ធបដិមាមួយចំនួនសាងអំពីឈើ។ ម្យ៉ាងវិញទៀត តាមរយៈឯកសាររបស់លោក Lunet De Lajonquière នាដើមស.វ.ទី២០ បង្ហាញថា ពីមុនមកនៅខាងកើតប្រាសាទគេបានកសាងសាឡុំមួយធ្វើអំពីឈើ ហើយមកដល់ទសវត្សរ៍ ១៩៥០ គេបានរុះរើសាឡុំនេះចេញ ជំនួសវិញព្រះវិហារមណ្ឌបមួយសាងអំពីបេតុង ដែលគេនៅបន្តប្រើប្រាស់ក្នុងការធ្វើកិច្ចពិធីរហូតមកដល់សព្វថ្ងៃ។

សរុបមក ប្រាសាទអណ្តែត គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យមុនអង្គរមួយ ដែលគេសាងសង់ឡើងសម្រាប់តម្កល់ព្រះហរិហរ នៃលទ្ធិព្រហ្មញ្ញសាសនា ដូចប្រាសាទមួយចំនួនទៀតនៅជំនាន់នោះដែរ។ ក្រោយមក នៅសម័យកណ្តាល ទីតាំងបុរាណដ្ឋាននេះ ក៏បានប្រែក្លាយទៅជាអារាមព្រះពុទ្ធសាសនាថេរវាទមួយបន្តមកដល់បច្ចុប្បន្ន៕

—————-

Prasat Andaet | Andet Temple

Prasat Andaet is a pre-Angkorian brick temple​​ built to house the God Harihara of Hinduism. By the post-Angkorian period, this ancient site had become a monastery of Theravada Buddhism. Based on the inscriptions and the architectural decoration of the temple, it is possible to determine the age of the Prasat Andaet as a temple built at the end of the Prei Kmeng style and the early period of Kampong Preah style, in the reign of King Jayavarman I (657 to 681 AD) of the Zhenla period (Pre-Angkorian style).

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!