ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះវិស្ណុរកឃើញនៅទួលដៃបួន

បដិមាព្រះវិស្ណុរកឃើញនៅទួលដៃបួន

ទួលដៃបួន មានទីតាំងស្ថិតនៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ ៥០០ ម៉ែត្រ ភាគឦសានវត្តព្រៃស្រឡិត។ ទួលដៃបួន គឺជាបុរាណដ្ឋានសម័យមុនអង្គរដែលមានក្រុមប្រាសាទឥដ្ឋចំនួនប្រាំរត់ត្រង់ជួរគ្នា លើអ័ក្សជើងទៅត្បូងនៅលើលានរាងបួនជ្រុង ហើយហ៊ុមព័ទ្ធជុំវិញដោយកសិន្ធុ។ ការហៅឈ្មោះបុរាណដ្ឋាននេះថា “ដៃបួន” ទំនងការហៅសំដៅទៅលើបដិមាព្រះវិស្ណុមួយដែលមានព្រះហស្តបួន ដែលគេតម្កល់នៅលើទួលនេះ។ ព្រះវិស្ណុ គឺជាទេពដ៏សំខាន់មួយក្នុងចំណោមទេពធំៗទាំងបីនៅក្នុងព្រហ្មញ្ញសាសនា ដែលមានតួនាទីគ្រប់គ្រង ថែរក្សាលោក ហើយមនុស្សខ្មែរនិយមគោរពយ៉ាងជ្រាលជ្រៅតាំងពីបុរាណកាលមកម្ល៉េះ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីបដិមាព្រះវិស្ណុសម័យដំបូងមួយដែលបានរកឃើញនៅលើទួលដៃបួននេះ។ តើបដិមានេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

តាមការសិក្សាយ៉ាងលម្អិតរបស់លោក Henri Parmentier នៅក្នុងឆ្នាំ១៩៣៥ បដិមាព្រះវិស្ណុរកឃើញនៅទួលដៃបួននេះ អ្នកស្រុកគេបានចាត់ទុកថាជា “អ្នកតា” ដ៏ស័ក្តិសិទ្ធិប្រចាំភូមិ ហើយគេតែងហៅឈ្មោះរូបបដិមានេះថា “អ្នកតាដៃបួន”។ ការហៅដូច្នេះ វាឥតមានអ្វីចម្លែកឡើយនៅក្នុងវប្បធម៌ខ្មែរ ព្រោះការគោរពព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅបានកន្លងផុតជាយូរមកហើយ ពោល គឺអ្នកស្រុកដែលស្គាល់ទេពក្នុងព្រហ្មញ្ញសាសនាមានតិចតួចខ្លាំងណាស់ ឧទាហរណ៍ បដិមាព្រះគណេសមួយអង្គនៅស្រុកស្វាយលើ ខេត្តសៀមរាប អ្នកស្រុកបានហៅថា “អ្នកតាត្រចៀកធំ”។ នៅរវាងដើមស.វ.ទី២០ ក្នុងពេលដែលអ្នកស្រាវជ្រាវជាច្រើនបានឃើញបដិមានេះនៅទីតាំងដើម បដិមានេះបានបាក់បែកជាបំណែក​ផ្សេងគ្នាទៅហើយ ពោលគឺនៅសល់តែព្រះហស្តខាងឆ្វេងផ្នែកខាងលើម្ខាងប៉ុណ្ណោះ ហើយព្រះហស្តនោះទៀតសោតក៏បាក់បែកម្រាមអស់ទៅហើយដែរ។ ព្រះហស្តចំនួន២ផ្សេងទៀត គេបានរកឃើញនៅលើទួលប្រាសាទ រីឯម្កុដក៏បាក់អស់ពាក់កណ្តាលទៀតផង។ នៅពាក់កណ្តាលទសវត្សរ៍ ១៩៣០ ព្រះសង្ឃ គណៈកម្មការវត្តព្រៃស្រឡិត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានបរិច្ចាករូបនេះទៅជូនសារមន្ទីរជាតិកម្ពុជា ដែលពេលនោះសារមន្ទីរមានឈ្មោះថា Albert Sarraut ហើយដែលមានលោក George Groslier ជានាយកសារមន្ទីរ។ ក្នុងជំនាន់នោះ មុននឹងដាក់តាំងបង្ហាញជូនភ្ញៀវទស្សនា អ្នកជំនាញការសារមន្ទីរបានផ្គុំបដិមានេះឡើងវិញ ស្ទើរមានគ្រប់ផ្នែកទាំងអស់ឡើងវិញ លើកលែងតែព្រះហស្តខាងស្តាំផ្នែកខាងក្រោមដែលមិនមានប្រអប់ដៃ។

បដិមានេះ មានកម្ពស់ ១,៨៣ ម៉ែត្រ សាងឡើងអំពីថ្មភក់ សព្វថ្ងៃកំពុងរក្សាទុកនិងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិកម្ពុជា ដែលមានលេខបញ្ជី ក.១៥៩៧។ បដិមាព្រះវិស្ណុនេះ មានដងខ្លួនស្រឡូនដូចដងខ្លួនមនុស្ស ដូចដងខ្លួនបដិមាព្រះពលរាម ព្រះរាម ព្រះក្រឹស្ណ ដែលគេរកឃើញនៅតំបន់ភ្នំដា ខេត្តតាកែវ ពោល គឺសិល្បករពុំបានធ្វើដងខ្លួនមានសាច់ដុំពោះជាកង់ៗដូចបដិមាព្រះហរិហរនៅតំបន់សំបូរព្រៃគុកឡើយ។ គួរសង្កេតឃើញថា ដងខ្លួនបដិមាព្រះវិស្ណុដែលរកឃើញនៅទួលដៃបួន ស្រុកពារាំង ខេត្តព្រៃវែង មានរាងពត់ពែនអែនអនព្រះកាយក្នុងទម្រង់ជា “អភង្គ” ដែលជាទម្រង់រាងអែនរបស់ព្រះ តំណាងឱ្យភាពស្ងប់ស្ងាត់ និងភាពទន់ភ្លន់។ ទម្រង់ដងខ្លួនបដិមាមានរាងអែនអនរបៀបនេះ គឺមានភាពពេញនិយមយ៉ាងខ្លាំងនៅសម័យមុនអង្គរ នាដើមស.វ.ទី៧។ ដោយឡែក ព្រះភក្រ្តបដិមាមានទម្រង់មូលទ្រវែង ព្រះនេត្រក្រឡោតដោយមានត្របកភ្នែកត្រង់ ច្រមុះមានក្តោង ស្លឹកត្រចៀកវែង ព្រះកេសរួញ និងមានពាក់ម្កុដរាងស៊ីឡាំង។ សព្វថ្ងៃ បើទោះជាព្រះហស្តបីបានផ្គុំឡើងវិញក៏ដោយ ក៏កេតនភណ្ឌរបស់បដិមានេះនៅសល់តែកងចក្រមួយប៉ុណ្ណោះ ហើយចំណែកដុំមូល (ផែនដី), ដំបង និងខ្យងស័ង្ខ បានបាត់បង់អស់ទៅ  ហើយ។ រីឯសំពត់របស់បដិមាវិញ គឺបង្ហាញឡើងជាសំពត់ខ្លីលាត ចងក្រវ៉ាត់ចង្កេះ ធ្លាក់ជាយពីរជាន់ត្រួតលើគ្នា។ ទម្រង់នៃការលម្អសំពត់របៀបនេះ គឺមានទម្រង់ដូចរចនាបថភ្នំដា “ខ” និងទម្រង់សិល្បៈរចនាបថសំបូរព្រៃគុក។ កន្លងមក នៅក្នុងឆ្នាំ១៩៣៤ លោក Pierre Dupont បានសិក្សាបដិមាព្រះវិស្ណុរកឃើញនៅទួលដៃបួន រួមជាមួយបដិមាជាច្រើនទៀតនៅសម័យមុនអង្គរ ដូចជាព្រះហរិហរអាស្រមមហាឫស្សី (ភ្នំដា) ព្រះហរិហរនៅសំបូរព្រៃគុក ព្រះហរិហរប្រាសាទអណ្តែត ប្រៀបធៀបជាមួយបដិមាព្រះវិស្ណុរកឃើញនៅប្រាសាទរូបអារក្ស និងបដិមាផ្សេងទៀតដែលរកឃើញនៅលើភ្នំគូលែន។ ជាលទ្ធផល លោកបង្ហាញថា ការបង្ហាញសក់រួញរបស់បដិមាព្រះវិស្ណុទួលដៃបួនដោយមានពាក់ម្កុដរាងស៊ីឡាំងផងដែរនោះ គឺជាលក្ខណៈវិវឌ្ឍន៍ដ៏ពិសេសមួយដែលនាំឱ្យបដិមានៅរចនាបថគូលែន និយមបង្ហាញឡើងជារបៀបបដិមាពាក់ម្កុដរាងស៊ីឡាំង ហើយរូបបដិមានេះទៀតសោតមានលក្ខណៈលម្អិតជាច្រើន ដែលមានលក្ខណៈដូចគ្នាទៅនឹងព្រះវិស្ណុរកឃើញនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំគូលែន។ អ្វីដែលគួរកត់សម្គាល់ផងដែរនោះ ព្រះហស្តផ្នែកខាងលើសិល្បករបានឆ្លាក់ថ្មជារាងដូចដៃស្នា ភ្ជាប់ព្រះហស្តខាងលើទៅនឹងព្រះសិរ ដើម្បីជាបច្ចេកទេសមួយក្នុងការទប់លំនឹងបដិមាកុំឱ្យដួល។        

ជារួមមក តាមរយៈការសិក្សាប្រៀបធៀបខាងលើ បដិមាព្រះវិស្ណុដែលរកឃើញនៅទួលដៃបួន ក្នុងស្រុកពារាំង ខេត្តព្រៃវែង ទំនងសាងឡើងនៅដើមស.វ.ទី៧ ក្នុងអន្តរកាលនៃរចនាបថភ្នំដា និងរចនាបថសំបូរព្រៃគុក។ បដិមាព្រះវិស្ណុនេះ គឺជាតឹកតាងដ៏សំខាន់មួយស្តែងអំពីការគោរពប្រណិប័តន៍និកាយវៃស្នវ (និកាយព្រះវិស្ណុ) នៅកម្ពុជាបុរាណដែលខ្មែរបានទទួលឥទ្ធិពលពីឥណ្ឌាខាងជើង។ សូមបញ្ជាក់ថា នៅដំណាក់កាលដំបូងនិកាយវៃស្នវ ហាក់បីដូចជាមានសន្ទុះខ្លាំងក្លានៅក្នុងស្រុកខ្មែរជាងនិកាយសៃវ ដូចមានតឹកតាងនៃការរកឃើញបដិមាជាច្រើននៅតំបន់ភ្នំដា ស្រុកអង្គរបុរី ដែលសុទ្ធសឹងជាបដិមាទេពទាក់ទងនឹងអវតារព្រះវិស្ណុ ក្នុងនិកាយវៃស្នវ។ អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ បដិមាព្រះវិស្ណុនៅទួលដៃបួន បានចូលលាយឡំគ្នាជាមួយជំនឿ  ជីវចលរបស់អ្នកស្រុក ព្រោះមុននឹងគេយកបដិមានេះមករក្សាទុកនៅសារមន្ទីរជាតិ គេបានហៅរូបនេះថា “អ្នកតាដៃបួន”៕

———————

Vishnu found in Tuol Dai Buon

This statue of Vishnu was found in Tuol Dai Buon, Pearang district, Prey Veng province, and was studied by many researchers in the 20th century. This statue is significant evidence of the emergence and worship of the Vaishnavism sect of Hinduism between the beginning of the 7th​​​​ century CE. Although Tuol Dai Boun is far from many major sites at the time, the art of producing this Vishnu statue is almost identical to that of Phnom Da (Angkor Borei) and Sambor Prei Kuk, Kampong Thom Province. By studying and comparing this statue with many statues found in the pre-Angkorian period, it is possible to determine the age of this statue as the art of the late Phnom Da style and the early Sambor Prei Kuk style. Of special note, this Vishnu merged with the original belief of Cambodia, because before this statue was housed in the National Museum of Cambodia, it was called “Neak Ta Dai Boun”.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!