ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាការប្រទះឃើញបដិមាបាក់បែកនៅតំបន់អង្គរ

ការប្រទះឃើញបដិមាបាក់បែកនៅតំបន់អង្គរ

សកម្មភាពជីកកកាយ សម្អាតគំនរដី ដែលពូនកប់ពីលើកំពែងថ្មបាយក្រៀមបាក់បែកនៃប្រាសាទតាព្រហ្ម បាននាំឱ្យក្រុមការងារពើបប្រទះនូវរូបចម្លាក់ ជាពុទ្ធបដិមាជាច្រើន ដេកដួលគ្មានសណ្តាប់ធ្នាប់ ប្រមូលផ្តុំ នៅក្នុងរណ្តៅរួមមួយ កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។ ជានិច្ចកាល អ្នកសិក្សា ស្រាវជ្រាវ និង អ្នកអភិរក្សប្រាសាទបុរាណ តែងបានរកឃើញ ឬក៏បានជួបប្រទះនូវវត្ថុបុរាណ ដែលជារូបចម្លាក់ ឬបដិមា ក្នុងពេលអនុវត្តការធ្វើកំណាយម្តងៗ នៅបរិវេណប្រាសាទបុរាណក្នុងតំបន់អង្គរ។ ប៉ុន្តែ របកគំហើញបដិមាបុរាណដ៏ច្រើនសន្ធឹកសន្ធាប់របៀបនេះ គឺជាហេតុការណ៍ដ៏កម្រមួយសម្រាប់អ្នកសិក្សា ស្រាវជ្រាវ ក៏ដូចអ្នកអភិរក្សប្រាសាទបុរាណទាំងឡាយ។

ពុទ្ធមដិមា និងសមុច្ច័យផ្សេងរកឃើញនៅប្រាសាទតាព្រហ្ម(ប្រភព៖ អាជ្ញាធរជាតិអប្សរា)

យើងនៅចាំបានថា នៅអំឡុងឆ្នាំ២០០១ ក្រុមការងារសិក្សាស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយក្តី ដែលមានទីតាំងស្ថិតនៅទល់មុខស្រះស្រង់ ក៏បានរកឃើញរូបចម្លាក់បាក់បែក ជាពុទ្ធបដិមាដ៏ច្រើន ដូចគ្នា នេះដែរ កប់នៅក្នុងរណ្តៅរួមមួយ មិនដឹងជាតាំងពីពេលណាមក។ របកគំហើញទីមូយនេះបាននាំដល់ការ កសាងសារមន្ទីរមួយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់លោកសាស្ត្រាចារ្យ យូស៊ីអាគី អ៊ីស៊ីសាវ៉ា (Yoshiaki Ishizawa) ប្រធានបេសកកម្មរបស់សាកលវិទ្យាល័យសូហ្វីយ៉ានៅតំបន់អង្គរ ក្នុងការស្វែង រកជំនួយថវិកាឧបត្ថម្ភដល់ការសាងសង់។ សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ បានក្លាយជាសារមន្ទីរ ទីមួយ ដែលរក្សាទុកពុទ្ធបដិមា ដែលប្រមូលយកមកពីកំណាយនៅប្រាសាទបន្ទាយក្តី និង វត្ថុបុរាណ ផ្សេងៗទៀត រួមទាំងកុលាលភាជន៍ផង ដែលរកឃើញនៅតំបន់អង្គរ។ របកគំហើញពុទ្ធបដិមា និងរូបចម្លាក់បាក់បែកដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងបរិវេណប្រាសាទបុរាណដែលឋិតនៅក្នុងតំបន់អង្គរទាំងពីរលើកនេះ បាននាំឱ្យអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណៈជនមានចម្ងល់ និងបាន ចោទជាសំណួរថា ហេតុដូចម៉្តេចបានជាមានវត្តមានពុទ្ធបដិមា និងថ្មចម្លាក់រាប់រយ ប្រមូលផ្តុំកប់ចោលនៅក្នុងដី? ហេតុការណ៍នេះកើតឡើងតាំងពីពេលណាមក?

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ (ប្រភព៖ អាជ្ញាធរជាតិអប្សរា)

ពុទ្ធមដិមា និងសមុច្ច័យផ្សេងរកឃើញនៅប្រាសាទបន្ទាយក្តី
ដាក់តាំងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ (ប្រភព៖ អាជ្ញាធរជាតិអប្សរា)

ចំណុចនេះ យើងធ្លាប់បានឮបងប្អូនអ្នកស្រុករស់នៅក្នុងឧទ្យានអង្គរ បង្ហើបឱ្យដឹងថា ដូនតាខ្មែរបានកប់ បដិមា និង ថ្មចម្លាក់ទាំងនោះទុក ដើម្បីបញ្ចៀសចោរកម្ម និងការលួចបំផ្លាញពីជនទុច្ចរិតនានា។ នេះគ្រាន់ តែជាយោបល់យល់ឃើញរបស់អ្នកស្រុក ដែលធ្លាប់អនុវត្តកន្លងមក លើការជីកកប់របស់របរផ្សេងៗ ឬវត្ថុមានតម្លៃមួយចំនួនក្នុងគោលបំណ​ងរក្សាទុក ដូចមានក្នុងរឿងព្រេងនិទាន។ ក៏ប៉ុន្តែ សម្រាប់អ្នកសិក្សា ស្រាវជ្រាវវិញបានគិតឆ្ងាយហួសពីនេះ ដោយការវិភាគទៅលើតថភាព និងដំណើរនៃប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងសង្គមនៅសម័យកាលនោះ។

អ្នកប្រាជ្ញបរទេសមួយចំនួន ដែលសិក្សាអំពីប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរ រួមទាំងលោក អាដេម៉ារ ឡឺក្លែរ (ADHEMARD Leclère) ជាជនជាតិបារាំង ដែលបាននិពន្ធសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងជាអតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា បានសន្និដ្ឋានថា ក្រុងអង្គរបានទទួ​លរងនូវវិនាសកម្ម ដោយការកើតមានបដិវត្តន៍សាសនា ការប្តូរពីពុទ្ធសាសនា ទៅព្រហ្មញ្ញ​សាសនា។ អ្នកប្រាជ្ញបរទេសខ្លះទៀតក៏បានឯកភាព ប៉ុន្តែស្នើប្រើត្រឹមពាក្យប្រតិកម្មសាសនា ។

តាមសេចក្តីសង្ខេបនៃប្រវត្តិសាស្ត្រខ្មែរ នៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ អំឡុងដើមសតវត្សទី១៣ ព្រះអង្គទ្រង់បានអនុវត្តនយោបាយបង្រួបបង្រួមជាតិ និង ធ្វើសមាហរណកម្មសាសនាធំទាំងពីរនេះ ឱ្យរស់នៅដោយសុខដុមរមនាក្នុងសង្គមគ្រួសារខ្មែរ។ នយោបាយនេះបានធ្វើឱ្យព្រះអង្គទាក់ទាញបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជននៅតាមសហគមន៍មូលដ្ឋាន ដែលជាឱកាសធ្វើឱ្យព្រះអង្គឈានទៅគ្រប់គ្រងបានលើទឹកដីដ៏ធំធេងនៅសម័យកាលនោះ។ ចំណុចសំខាន់មួយដែលកើតឡើងនៅសម័យកាលនោះគឺ នៅលើប្រាសាទសិលារបស់ព្រះអង្គមានឆ្លាក់បង្ហាញរឿងរ៉ាវព្រហ្មញ្ញាសាសនាផង និង ពុទ្ធ-សាសនាផង ព្រមទាំងមានឆ្លាក់បង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនសាមញ្ញផងដែរ ។ ម៉្យាងទៀត ចម្លាក់ពុទ្ធបដិមាក៏មានវត្តមានច្រើនលើសលុប នៅលាយឡំជាមួយចម្លាក់ព្រហ្មញ្ញាសាសនា ទាំងចម្លាក់ទោល និងចម្លាក់នៅលើជញ្ជាំងប្រាសាទរបស់ព្រះអង្គទៀតផង។ លោក ឡឺក្លែរបានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានរីករាលដាលទៅក្នុងស្រទាប់ប្រជាជនពាសពេញព្រះរាជាណាចក្រ ចាប់ពីដើមដំបូង នៃគ្រឹស្តករាជ ព្រមទាំងបានជ្រៀតចូលបន្តិចម្តងៗទៅក្នុងព្រះរាជវាំង ចាប់តាំងពីសតវត្សទី១០មកម៉្លេះ។

ក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ចលនាប៉ះបោរ ឬបដិវត្តន៍សាសនាមួយបានកើតមានឡើង ដែលនាំទៅដល់ការដាប់បំផ្លាញចោលរាល់ចម្លាក់រូបព្រះពុទ្ធ និងវាយកម្ទេចកប់ចោលពុទ្ធបដិមានានាដែលមាននៅតាមប្រាសាទ។ ស្ថានការណ៍នេះក៏បាននាំដល់ការប្រតិកម្មតបពីសំណាក់សហគមន៍ពុទ្ធសាសនា ដោយការរុះរើ និងវាយកម្ទេចចោលប្រាសាទព្រហ្មញ្ញាសានានានាផងដែរ។ ព្រឹត្តិការនេះបានបង្កើតស្ថានការណ៍ វឹកវរ និងអស្ថេរភាពក្នុងប្រទេស។ បន្តិចម្តងៗ ប្រជាជនមូលដ្ឋានបាត់បង់ការគាំទ្រចំពោះព្រះរាជា ហើយការបំបែករដ្ឋក៏កើតមានជាហូរហែរ រហូតដល់ការថមថយឥទ្ធិពលនៃអាណាចក្រខ្មែរ និងការបោះបង់ ចោលក្រុងអង្គរ ។

ព្រឹត្តិការណ៍ដូចគ្នាខាងលើនេះបានកើតមានឡើងម្តងទៀត នៅ៥០០ឆ្នាំក្រោយមក ដែលបាននាំប្រទេសជាតិទាំងមូលធ្លាក់ចូលទៅក្នុងសង្គមទាសភាពវិញ ប្រជាជនគ្រប់រូបរស់នៅដោយគ្មានសិទ្ធិសេរីភាព និង គ្មានកម្មសិទ្ធិអ្វីទាំងអស់ សូម្បីតែជីវិតខ្លួនឯងផ្ទាល់ក៏គ្មានច្បាប់ការពារផង។ ជាសង្គមមួយ ដែលមានទិសដៅលុបបំបាត់ បំផ្លាញ ឬវាយកម្ទេចចោលរាល់សមិទ្ធផលនានាពីសម័យមុន និងរហូតឈានដល់ការកាប់ សម្លាប់មនុស្ស ដោយគ្រាន់តែចោទថា ពួកនាយទុន សក្តិភូមិ ឬខ្មាំងប្រឆាំងអង្គការ ជាដើម។ ការកាប់ សម្លាប់មនុស្សនៅសម័យខ្មែរក្រហមគ្រប់គ្រងអំណាច បានព្រឹត្តិទៅតាមរបៀបដូចគ្នានឹងការបំផ្លាញ ការកម្ទេចពុទ្ធបដិមានៅសម័យអង្គរដូច្នោះដែរ ដោយការអនុវត្តនយោបាយសើរើនិយម និង នយោបាយសង សឹកនិយម តាមរយៈការបញ្ឆេះកំហឹងវណ្ណៈនៅតាមស្រទាប់មហាជន បង្កើតការស្អប់ ការចងកំហឹង និង ការសងសឹក។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងពីរខាងលើនេះអាចទាញបានជាបទពិសោធន៍ និងជាមេរៀនប្រវត្តិសាស្ត្រ មួយសម្រាប់សង្គមខ្មែរ និងប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំនូវការឈឺចាប់ និងទុក្ខសោក ដោយការបែកបាក់សាមគ្គី ការបែកបាក់សង្គម ការចុះខ្សោយឥទ្ធិពល ការព្រាត់ប្រាសសាច់ញាត និងការបាត់បង់អាយុជីវិត មនុស្ស ជាដើម ដូចការពោលរបស់លោកស្រី រ៉ូឡង់ ពេជ នៅក្នុងអត្ថបទ​រឿងពិតមួយរៀបរាប់ពីជីវិត របស់លោកស្រីរស់នៅក្នុងសម័យខ្មែរក្រហម ដែលមានចំណងជើងថា ឆ្ងាយហួសពីជើងមេឃ គឺពាក្យ បីមាត់ថា៖ «ខ្ញុំមិនភ្លេច ខ្ញុំមិនដែរភ្លេច ខ្ញុំភ័យខ្លាចខ្លួនខ្ញុំភ្លេច» ។

ជាភ័ពសំណាង ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នបានដើរលើផ្លូវកណ្តាលដ៏ល្អមួយ ដែលនាំបង្កើតឱ្យមាន សុខសន្តិភាព មានការអភិវឌ្ឍ និងមានឥស្សរភាព ឬភាពខ្លាំងឡើងវិញនៅលើឆាកអន្តរជាតិ ដោយការអនុវត្តនយោបាយឈ្នះៗ​របស់ សម្តេចតេជោ មគ្គុទេសក៍សន្តិភាពដ៏ឆ្នើមនៃកម្ពុជា និងដោយមានការចូលរួមយ៉ាងស្មោះស្ម័គ្រពីសំណាក់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ដែលបានពួតដៃ កៀកស្មា និងរួមគំនិតគ្នាជាធ្លុងមួយ ដើម្បីការពារ សន្តិភាព និងគាំទ្រពេញទំហឹង ដោយឥតងាករេលើការដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ វរៈជនឆ្លើមមួយរូបរបស់កម្ពុជាគឺ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល និងវិបុលភាពបរិបូរណ៍។

ចូរកូនខ្មែរគ្រប់រូបត្រូវចងចាំ និងត្រូវនាំគ្នារក្សាឱ្យបាននូវសន្តិភាពប្រទេសជាតិ!

អត្ថបទដោយ៖ លោក សេង​ សោត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!