ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈអត្ថន័យសិលាចារឹកសុវណ្ណភូមិ​ K.1419

អត្ថន័យសិលាចារឹកសុវណ្ណភូមិ​ K.1419

ចាប់ពីចុងឆ្នាំ២០១៧មក មនុស្សម្នាជាច្រើនចាប់ផ្ដើមចាប់អារម្មណ៍យ៉ាង​ខ្លាំង​នឹងសិលាចារឹក​មួយផ្ទាំង​នៅវត្តគិរីស្ដេចគង់ ដែលឃើញមានចារឹកពាក្យថា ”សុវណ្ណភូមិ”។ សិលាចារឹក​នោះ ព្រះសង្ឃ និងអ្នកស្រុករកឃើញនៅពេលធ្វើខឿនព្រះវិហារវត្ត និងបានយកទៅរក្សាក្នុងព្រះវិហាររហូតមក។ លុះមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នាពេលលោកបណ្ឌិត វង់ សុធារ៉ា ចុះទៅស្រាវជ្រាវនៅទីនោះក៏ប្រទះឃើញសិលាចារឹកនេះ នឹងនាំឱ្យអ្នកស្រាវជ្រាវ ​និងមហាជននានាបានស្គាល់។ ចាប់តាំងពីពេលនោះមក សិលាចារឹកនេះត្រូវគេប្រសិទ្ធនាម​ថា «សិលាចារឹកសុវណ្ណភូមិ» រហូត។ តើ​ទីតាំងនោះមានសំណល់បុរាណវត្ថុអ្វីខ្លះ? តើសិលាចារឹកនោះមានអត្ថន័យដូចម្ដេចខ្លះ?

វត្តគិរីស្ដេចគង់ ហៅវត្តបឹង ដែលតាមឯកសារចាស់ៗបញ្ជាក់ថាមានឈ្មោះជា អង្គប្រាសាទទន្លេយ៉ន ស្ថិតនៅភូមិត្រពាំងខ្ទុំ ឃុំស្វាយចចិប​​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទីតាំងវត្តនេះ សាងសង់នៅលើទីទួលប្រាសាទបុរាណក្នុងសម័យមុនអង្គរ មានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទ​នេះ​ គេ​រកឃើញថាមានការ​ជួស​ជុល​ជាច្រើន​ដង ​ដោយឃើញមានវត្តមាន​ឥដ្ឋ​បីប្រភេទ​ដែល​ផលិត​នៅសម័យមុនអង្គរ(ឥដ្ឋប្រាសាទដើម) សម័យ​អង្គរ​ និង​សម័យ​ក្រោយអង្គរ។

ចំណែក​ឯ​គ្រឹះប្រាសាទ​ដែល​បាន​រកឃើញវិញ​  អ្នកជំនាញសន្និដ្ឋាន​ថា​មាន​ប្រាង្គបីស្ថិតនៅ​លើ​ខឿន​តែមួយ។ អ្នកជំនាញក្រសួងវប្បធម៌ ​បាន​ប្រមូលសមុច្ច័យបុរាណវិទ្យាដែលបានមកពីកំណាយ និង​មាន​ស្រាប់នៅ​ទី​តាំង​នោះ ​សរុបមានចំនួន៣៥ដុំ មានដូចជា​​សំណល់ផ្សេង​នៃស្ថាបត្យកម្មប្រាសាទ​ ទម្របដិមា សន្លឹកសីមា ទបង្ហូរទឹក និង​សិលាចា​រឹ​ក​ជាដើម​។ អ្នកជំនាញ​សន្និដ្ឋាន​យ៉ាងដូច្នេះថា “ទីតាំង​ប្រាសាទ​នៅ​ក្នុង​វត្ត​គិរីស្ដេច​គង់ ​ត្រូវបានគេ​លួច​គាស់បំផ្លាញ​ និង​ធ្វើព្រះវិហារ​ពី​លើ​អស់​ប្រាង្គ​ប្រាសាទ​ពីរ​ និង​ពីលើ​​ខឿនអស់៣ភាគ៤​រួចទៅហើយ​។ ចំណែក​ឯក្រុម​ការ​ងារ​ធ្វើកំណាយ​បាន​រកឃើញខឿន​ ​និងគ្រឹះប្រាង្គ​ប្រាសាទ​មួយ​ផ្នែក​ដែល​នៅ​សេសសល់​ពី​ការ​សាង​សង់​ព្រះវិហារ​ក្នុងឆ្នាំ​២០០០”។

សិលាចារឹកនេះចារឹកដោយអក្សរខ្មែរសម័យមុនអង្គរ​(បល្លវៈ) ចុះកាលបរិច្ឆេទ​នៅឆ្នាំ៥៥៥នៃមហាសករាជ ត្រូវនឹង​ឆ្នាំ​៦៣៣គ.ស។ តួអក្សរ​ និងសញ្ញាក្នុងសិលាចារឹកនេះប្រកបដោយលក្ខណៈ​សិល្បៈ វិចិត្រ ផ្ចិតផ្ចង់ និងសម្រិតសម្រាំង ដូចរាជសិលាចារឹកផ្លូវការឯទៀត​ៗដែរ។ របៀបចារសិលាចារឹក​នេះ​ដូចគ្នានឹងសិលាចារឹកភាគច្រើន​ ដែលចារនៅលើថ្មស្រទាប់ដែរ ពោលគឺ​ប្រើ​ដែកចារមុខមូលដាប់ជាចំណុចខ្សែតាមទម្រង់តួអក្សរ។

អត្ថបទ​ចារឹក​ចារ​ជា​កំណាព្យ​ភាសា​សំស្ក្រឹតមាន​​ចំនួន​ ២២ បន្ទាត់ ត្រូវ​ជា ១១​ ល្បះ តាក់តែង​ជាបទ ឧបជាតិ និងឥន្ទ្រវជ្រា។ បី​ល្បះ​ដំបូងជា​បទ​នមស្ការ​ចំពោះ​​​ព្រះ​ឥសូរ ព្រះ​ស្រីសានវិស្ណុ​(ព្រះ​ឥសូរ ​និង ​ព្រះវិស្ណុ) និង​ព្រះ​នារាយណ៍។ ល្បះ​ទី៤ លើក​សរសើរ​ពី​ព្រះ​បាទ​ឦសានវម៌្ម​ទី១ ជា​កំពូល​រាជាធិរាជ។ ល្បះ​ទី៥ ដល់​ល្បះ​ទី៨  បង្ហាញ​ពី​តួ​អង្គ​សំខាន់​ជា​​អ្នក​បម្រើរបស់​ព្រះ​មហាក្សត្រ មានឈ្មោះថា “វ្រៅ​ឯត្ត” និង​កំណត់​ត្រា​​អំពី​ការ​ប្រតិស្ឋាន​ប្រតិមា​មួយ​ចំនួន​ និង​តង្វាយ​ជា​ដី​ស្រែ គោ ក្របី​​។ ល្បះ​ទី៩ ជា​ការ​ដាក់​បណ្ដាសាអ្នក​បំផ្លាញ “ធម៌”​ ​ឬ​ ​“សមិទ្ធផល”​​ ដែលបានសាងក្នុងសិលាចារឹកនេះ។ ពីរ​ល្បះ​ចុង​ក្រោយបង្ហាញ​ពី​កាល​បរិច្ឆេទ​ប្រតិស្ឋាន​ប្រតិមា​ព្រះ​ហរក្រឹស្ណៈ (ព្រះ​ឥសូរ​ និង​ព្រះនារាយណ៍) ដោយ​សាសនិក​​ឈ្មោះ “​វ្រៅ​ឯត្ត” ពោលគឺនៅ​ថ្ងៃ១​រោច ​ខែ​ចេត្រ(មីនា-មេសា) ឆ្នាំ៥៥៥  នៃមហាសករាជ (៦៣៣ គ.ស.)។

ល្បះទី៤ គឺជាល្បះសំខាន់ជាងគេនៅក្នុងសិលាចារឹកនេះ ដែលនាំឱ្យអ្នកស្រាវជ្រាវជាតិ​ និងអន្ដរជាតិ បើកកិច្ចពិភាក្សាថាពាក្យ “សុវណ្ណភូមិ” ក្នុងសិលាចារឹកនេះសំដៅដល់ដែនដីសុវណ្ណភូមិពិតប្រាកដឬទេ។ ខាងក្រោមនេះជាអត្ថបទដកស្រង់ល្បះទី៤ ៖

[…]      ៧- សមុទ្របយ៌្យន្តសុវណ៌្ណភូមិ     ប្ឫឞ្ឋៃករាជេន្រ្ទបរាក្រមឝ្រីះ

៨- សមស្តសាមន្តឝិរោធ្ឫតាជ្ញ    ឝ្ឝ្រីឝានវម៌្មាជយតិក្ឞិតីឝះ //

បណ្ឌិត ឆោម គន្ធា បង្ហាញថាល្បះនេះមានលទ្ធភាពបកប្រែបាន៦យ៉ាង៖

សូម​ព្រះ​បាទ​ស្រី​ឦសានវម៌្ម(ទី១) មាន​ជោគ​មាន​ជ័យ! ពួក​ស្តេច​នគរ​ចំណុះ នាំ​គ្នា​ទូល​ព្រះ​រាជបញ្ជា​ព្រះ​អង្គ​លើ​សិរសា​តែរៀង​ខ្លួន។

ក- ព្រះ​អង្គ​ប្រកប​ដោយ​សិរី​សួស្តី​និង​វីរភាព​ ដូច​ព្រះ​ឥន្រ្ទ​ជា​ស្តេ​ច​​ឯក  នៅ​​លើ​​ផ្ទៃ​នៃ​ផែនដីមាស​ ទៅ​ទល់​នឹងសមុទ្រ។

ខ- ព្រះ​អង្គ​ប្រកប​ដោយ​សិរី​សួស្តី​និង​វីរភាព ដូច​ស្តេច​ចក្រពត្តិ(ស្តេច​​នៃ​ស្តេច​ទាំង​ឡាយ) ជា​ឯក​នៅ​លើ​ផ្ទៃ​នៃ​ផែនដីមាស ទៅ​ទល់​នឹង​សមុទ្រ។

គ- ព្រះ​អង្គ​ប្រកប​ដោយ​សិរី​សួស្តីនិង​វីរភាព​នៃ​ស្តេច​ចក្រពត្តិ ជា​ឯក​នៅ​លើ​​ផ្ទៃ​ដី​មានព័ណ៌​ស្រស់​បំព្រង ទៅ​ទល់​នឹង​សមុទ្រ។

ឃ- ព្រះ​អង្គ​ប្រកប​ដោយ​សិរី​សួស្តី​និង​វីរភាព​នៃ​ស្តេច​ចក្រពត្តិ ជា​ឯក​នៅ​​លើ​ផ្ទៃ​ដី​(ឈ្មោះ​ថា)សុវណ៌្ណ ទៅទល់នឹងសមុទ្រ។

ង- ព្រះ​អង្គ​ប្រកប​ដោយ​សិរី​សួស្តី​និង​វីរភាព​នៃ​ស្តេច​ចក្រពត្តិ   ជា​ឯក​នៅ​លើ​ដែន(ដី​ឈ្មោះ​ថា)​សុវណ៌្ណ​​ភូមិ ទៅ​ទល់​នឹង​សមុទ្រ។

ច- ព្រះ​អង្គ​ប្រកប​ដោយ​សិរី​សួស្តី​និង​វីរភាព​នៃ​ស្តេច​ចក្រពត្តិ ជា​ឯក​នៅ​លើ​ផ្ទៃ​(ដី​នៅ​ក្នុង​ដែន)​សុវណ៌្ណភូមិ ទៅ​ទល់​នឹង​សមុទ្រ។

អត្ថបទដើម៖ លោក ហ៊ុន ប៊ុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!