ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទព្រះធាតុខ្វាវ

ប្រាសាទព្រះធាតុខ្វាវ

ខ្វាវ គឺជាតំបន់សម្បូណ៌ដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបីជាច្រើនកន្លែង ដែលយ៉ាងហោចណាស់ក៏មានជាង ៣០ កន្លែងដែរ។ តំបន់នេះ ជាទីប្រជុំជនដ៏សំខាន់មួយនៅសម័យបុរាណ​ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរាណពីតំបន់អង្គរឆ្ពោះទៅកាន់តំបន់បាកាណ (ស្រុកសង្គមថ្មី ខេត្តព្រះវិហារ)។ ប៉ុន្តែ ចំពោះប្រាសាទដែលនៅមានរូបរាងល្អនៅតំបន់ខ្វាវនេះ គឺពុំមានច្រើននោះឡើយ ហើយប្រាសាទភាគច្រើនបានបាក់បែកអស់ទៅហើយ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញជូនអំពីប្រាសាទព្រះធាតុខ្វាវ ដែលជាប្រាសាទតែមួយនៅមានរូបរាងល្អនៅក្នុងតំបន់ខ្វាវ។ ប្រាសាទព្រះធាតុខ្វាវ គឺជាបូជនីយដ្ឋានសាសនាមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ហើយសព្វថ្ងៃស្ថិតនៅក្នុងបរិវេណវត្តព្រះធាតុ។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ជាទូទៅ ការហៅឈ្មោះប្រាសាទថាព្រះធាតុ គឺច្រើនកើតមានឡើងនៅសម័យកណ្តាល ដោយមូលហេតុថាគេចង់ប្រៀបប្រដូចប្រាសាទទៅនឹងចេតិយ ហើយភាគច្រើនប្រាសាទដែលមានឈ្មោះថា “ព្រះធាតុ” គេតែងកែដំបូលប្រាសាទទៅជារាងចេតិយ។ អ្នកស្រាវជ្រាវដែលបានមកសិក្សានៅប្រាសាទនេះដំបូងបង្អស់ គឺលោក Tissandier Albert នៅក្នុងឆ្នាំ១៨៩៦ ហើយក្រោយមក មានអ្នកស្រាវជ្រាវជាច្រើនហូរហែទៀតបានមកសិក្សាជាបន្តបន្ទាប់ ដូចជា លោក Etienne Aymonier លោក Lunet De Lajonquière លោក Henri Parmentier លោក George Coedès។ល។ ប្រាសាទព្រះធាតុខ្វាវ សាងឡើងអំពីថ្មបាយក្រៀម មានរាងបួនជ្រុងស្មើ មានទ្វារចូលនៅទិសខាងកើត និងមានទ្វារបញ្ឆោតនៅទិសផ្សេងទៀត ប៉ុន្តែគ្រប់ទ្វារបញ្ឆោតទាំងអស់ពុំមានលម្អជាចម្លាក់អ្វីឡើយ។ ជ្រុងនីមួយៗរបស់ប្រាសាទមានប្រវែង ៦ ម៉ែត្រ និងមានកម្ពស់ប្រមាណ ១៤ ម៉ែត្រ ដែលផ្នែកដំបូលគេសង់ជាថ្នាក់ៗ និងកំពូលបានកែប្រែតិចតួចជារាងកំពូលចេតិយ។ ក្រៅពីនេះ មានស្រះទឹកតូចមួយនៅទិសឦសានចម្ងាយប្រមាណ ៥០ ម៉ែត្រ។

នៅច្រកទ្វារខាងកើត មាននៅសល់ផ្តែរទ្វារមួយ ប៉ុន្តែក្បាច់មួយចំនួនធំបានរបេះអស់ទៅហើយ ពោល គឺនៅសល់តែអ័ក្សដងធ្នូ និងចង្វាយក្បាច់ខាងលើតិចតួចប៉ុណ្ណោះ (រូបលេខ៥)។ ទោះបីជាយ៉ាងណា យើងឃើញថា មួយភាគបួននៃដងធ្នូរបស់ផ្តែរមានស្លាមស្នាមកាត់ផ្តាច់ដោយរំយោលផ្កា ដែលនេះគឺជាលក្ខណៈជាទូទៅរបស់ផ្តែរទ្វារនៅស.វ.ទី១១ ក្នុងសិល្ប:រចនាបថឃ្លាំង និងបាភួន។ ប៉ុន្តែ បើពិនិត្យទៅលើរូបរាងជាទូទៅនៃសំណង់ គឺទំនងសាងឡើងនៅដើមស.វ.ទី១៣ ដោយយោងទៅលើវត្ថុសិល្ប:ដែលរកឃើញនៅជុំវិញប្រាសាទ។ ហេតុដូច្នេះហើយ មានន័យថា ប្រាសាទព្រះធាតុខ្វាវ ប្រហែលកសាងឡើងនៅរវាងដើមស.វ.ទី១៣ តែស្ថាបត្យករបានយកផ្តែរចាស់ៗនៅស.វ.ទី១១ មកប្រើប្រាស់ឡើងវិញ។ ករណីរបៀបនេះ យើងឃើញមានច្រើនណាស់នៅដើមស.វ.ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ ដល់ ១២២០) តួយ៉ាងដូចជា ប្រាសាទព្រះធាតុរកា (គេយកផ្តែរចាស់នៅស.វ.ទី៧ និងទី១១ មកប្រើប្រាស់ឡើងវិញ) និងប្រាសាទក្តីតាគាម (គេយកផ្តែរស.វ.ទី៨ មកប្រើប្រាស់ឡើងវិញ) ជាដើម។ យោងទៅតាមការស្រាវជ្រាវរបស់លោក Lunet De Lajonquière បានរៀបរាប់ថា នៅក្នុងប្រាសាទមានបដិមាមួយធ្វើអំពីថ្មភក់ ព្រះពុទ្ធចូលបរិនិព្វាន និងបដិមាអង្គុយលត់ជង្គង់។ យើងសង្កេតឃើញថា បដិមាព្រះពុទ្ធចូលនិព្វាន និងបដិមាអង្គុយលត់ជង្គង់ដែលអាចជាសាវ័ករបស់ព្រះពុទ្ធ ដែលអ្នកស្រាវជ្រាវជនជាតិបារាំងបានរៀបរាប់មិនទាន់បាត់ទៅណាឡើយ ពោល គឺនៅរក្សាក្នុងប្រាសាទដដែល ដែលសព្វថ្ងៃមានទាំងរូបថ្មគោល និងសន្លឹកសីមាព្រះពុទ្ធសាសនាមួយចំនួនថែមទៀតផង។ បដិមាព្រះពុទ្ធចូលបរិនិព្វាន និងបដិមាសាវ័កអង្គុយលត់ជង្គង់ដែលកំពុងតម្កល់នៅខាងក្នុងប្រាសាទនេះ យើងមិនច្បាស់អំពីអាយុកាលនោះឡើយ ប៉ុន្តែវាអាចទៅរួចថា បដិមាទាំងនេះ អាចយកមកតម្កល់នៅសម័យក្រោយ ហើយបើពិនិត្យទៅលើព័ត៌មានពីសិលាចារឹកនៅលើមេទ្វារយើងប្រហែលអាចសន្និដ្ឋានបានខ្លះ។ សិលាចារឹកនៅលើមេទ្វារប្រាសាទព្រះធាតុខ្វាវ ចុះបញ្ជីលេខ K.177 មានចំនួន ៦៦ បន្ទាត់ ដែលក្នុងនោះ ចាប់ពីបន្ទាត់ទី១ ដល់ ៥៦ ចារជាភាសាខ្មែរ និងបន្ទាត់ទី៥៧ ដល់ ៦៦ ចារជាភាសាបាលី។ លោក Aymonier បានរៀបរាប់ថា អក្សរចារឹកនេះ សរសេរគគ្រិចខ្លាំងណាស់ ស្ទើរតែមិនអាចមើលយល់ទាំងស្រុង។ ប៉ុន្តែ លោក Coedès បានបដិសេធទាំងស្រុង ដ្បិតអក្សរចារឹកស្ទើរទាំងអស់នៅល្អប្រសើរ អាចមើលបានគ្រប់ឃ្លោងឃ្លា។ អត្ថន័យជារួមរបស់សិលាចារឹកនេះ គឺរៀបរាប់អំពីព្រះសង្ឃមួយអង្គព្រះនាម លាន្ក…ស្រីយស បានរៀនវិជ្ជាជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា ហើយក្រោយមកព្រះតេជគុណបានក្លាយទៅជាព្រះរាជគ្រូរបស់ព្រះរាជា និងបានរៀបរាប់អំពីសមិទ្ធផលផ្សេងៗដែលមាននៅបូជនីយដ្ឋានព្រះធាតុខ្វាវ។ អក្សរចារឹកនេះ មានលក្ខណៈប្រហាក់ប្រហែលអក្សរចារឹកនៅប្រាសាទត្នោតជុំខាងជើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពោល គឺនៅរវាងស.វ.ទី១៤។ ម្ល៉ោះហើយ រូបបដិមាព្រះពុទ្ធចូលបរិនិព្វាន និងបដិមាសាវ័ក ដែលបានតម្កល់នៅក្នុងប្រាសាទទំនងសាងឡើងនៅរវាងស.វ.ទី១៤ តំណាលគ្នាជាមួយប្រាសាទដែរ។

ក្រៅពីនេះទៀត យើងសង្កេតឃើញថានៅបរិវេណប្រាសាទព្រះធាតុខ្វាវ មានសេសសល់នូវវត្ថុសិល្បៈបុរាណជាច្រើនដែលសព្វថ្ងៃគេដាក់ពំនូកលើគ្នាជុំវិញខឿនប្រាសាទ ហើយមានទាំងវត្ថុសិល្បៈផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ អ្វីដែលគួរកត់សម្គាល់ គឺមាននៅសល់ចម្លាក់បង្កាន់ដៃនាគជាច្រើន និងបដិមាតោធំៗចំនួន ២។ ចម្លាក់បង្កាន់ដៃនាគ និងបដិមាតោ គឺមានលក្ខណៈស្រដៀងនាគ និងតោនៅក្នុងសិល្បៈរចនាបថបាយ័ន្ត នៅដើមស.វ.ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ វត្ថុសិល្បៈដែលនៅសល់ទាំងអម្បាលម៉ាន ហាក់ដូចជាមិនមែនជារបស់ប្រាសាទដែលកំពុងនៅឈរមានរូបរាង ឬប្រាសាទដែលយើងកំពុងរៀបរាប់នេះទេ ប៉ុន្តែ វាអាចមានប្រាង្គផ្សេងទៀតនៅក្នុងបរិវេណនេះដែលបានបាក់បែកទៅ។

ជារួមមក ប្រាសាទព្រះធាតុខ្វាវ ប្រហែលជាសំណង់មួយដ៏សំខាន់នៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរទៅតំបន់បាកាណ ដែលសាងឡើងនៅរវាងដើមស.វ.ទី១៣ ដោយបានប្រើប្រាស់វត្ថុសិល្បៈមកប្រើឡើងវិញ (ផ្តែរទ្វារ) ហើយប្រហែលឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា។ ប៉ុន្តែ ក្រោយមកបន្តិចនៅរវាងស.វ.ទី១៤ គេបានកែប្រែសំណង់នេះទៅជាបូជនីយដ្ឋានព្រះពុទ្ធសាសនាថេរវាទដ៏សំខាន់មួយ ពោល គឺបរិបទស្រដៀងគ្នាជាមួយប្រាសាទត្នោតជុំខាងជើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

—————–

Prasat Preah Theat Khvao

Prasat Preah Theat Khvao is situated along the ancient road from Angkor to Bakan, in Chi Kreng District, Siem Reap province. This temple is a laterite monument, square, facing to the east. This temple was possibly built in the early 13th century CE during the reign of King Jayavarman VII and dedicated to Hinduism. Then, the temple was modified as Theravada Buddhism.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!