ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកវត្តមហរ

សិលាចារឹកវត្តមហរ

វត្តមហរ មានទីតាំងស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៧គ.ម. ភាគឦសានទីរួមខេត្តកំពង់ធំ។ វត្តនេះ ជាអតីតទីតាំងប្រាសាទបុរាណមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងបន្ថែមនៅស.វ.ទី១០ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោល គឺនៅសល់តែថ្មបាយក្រៀមដែលគេយកមកតម្រៀបធ្វើជាគ្រឹះព្រះវិហារសម័យថ្មីប៉ុណ្ណោះ។ នៅវត្តមហរ មាននៅសល់សិលាចារឹកចំនួន ២ ផ្ទាំង គឺសិលាចារឹកសម័យមុនអង្គរ​ ១ ផ្ទាំង និងសិលាចារឹកសម័យអង្គរ ១ ផ្ទាំង។ លោក ហ្សក សឺដេស ធ្លាប់បកប្រែសិលាចារឹកសម័យអង្គរម្តងរួចហើយនៅឆ្នាំ១៩៥៣ ដោយបានបោះពុម្ពនៅក្នុងសៀវភៅសិលាចារឹកកម្ពុជា វគ្គទី៥។ ប៉ុន្តែ សិលាចារឹកសម័យមុនអង្គរ គឺទើបរកឃើញនៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តើសិលាចារឹកសម័យមុនអង្គរនៅវត្តមហរ មានអត្ថន័យ និងខ្លឹមសារយ៉ាងណាខ្លះ?

សិលាចារឹកនេះចារឹកនៅលើថ្មភក់ពណ៌ផ្កាឈូក មានផ្ទៃគគ្រើម បានបាក់ខូតខាតត្រង់ផ្នែកខាងស្តាំ។ អត្ថបទចារឹកជាភាសាខ្មែរមានចំនួន ៩ បន្ទាត់ និងមិនមានបញ្ជាក់ឆ្នាំចារឹកនោះទេ។ ដោយឡែក​ យោងតាមទម្រង់អក្សរ និងអត្ថន័យទូទៅរបស់សិលាចារឹក យើងអាចសន្និដ្ឋានថាសិលាចារឹកនេះមានអាយុកាលនៅរវាងពាក់កណ្ដាលស.វ.ទី៧។ ប្រសិនមើលតាមភិនភាគរបស់សិលាចារឹកនេះ ទំនងជាសិលាចារឹកពេញលេញមួយ ហើយមានមុខងារជាមេទ្វាររបស់បុរាណស្ថានណាមួយនៅប្រាសាទវត្តមហរ ឬអាចគេយកពីបុរាណដ្ឋានដែលស្ថិតនៅក្បែរវត្តមហរ។ ប៉ុន្តែក្រោយមក គេបានយកសិលាចារឹកទៅកែច្នៃដើម្បីប្រើប្រាស់ក្នុងហេតុផលណាមួយ ដូច្នេះហើយទើបត្រង់ផ្នែកខាងលើត្រូវបានបាត់ ហើយត្រង់ផ្នែងខាងឆ្វេងទំនងជាត្រូវពុះច្រៀក។

យើងសង្កេតឃើញថា អត្ថន័យខ្លឹមសារនៃសិលាចារឹកសម័យមុនអង្គរនៅវត្តមហរ ពុំសូវខុសគ្នាជាមួយសិលាចារឹកផ្សេងៗដែលចារឹកនៅស.វ.ទី៧ ឬទី៨ ឡើយ ពោល គឺរៀបរាប់អំពីបញ្ជីឈ្មោះអ្នកបម្រើទាំងបុរសនិងស្រ្តី គោ ក្របី ដែលជាតង្វាយថ្វាយដល់ទេពណាមួយ។ ប៉ុន្តែ យើងមិនអាចកំណត់ឱ្យបានច្បាស់នោះទេថា តើសិលាចារឹកនេះនរណាជាម្ចាស់មូលនិធិ ហើយក៏មិនមានព័ត៌មានណាមួយអាចបញ្ជាក់បានដែរថា តើទេវស្ថាន ឬទេពដែលគេបានថ្វាយមានព្រះនាមអ្វីនោះឡើយ។

អត្ថបទចារឹក

            ១.        កុ ច …កុ……………………[កុ]

            ២.        ឯត៑ ១ កុ យេង៑ ………….

            ៣.        វា តេ្មង៑ ១ វា ខច៑១ ……… [កុ]

            ៤.        កន្តាង៑១ វា កល៑ ១………[វា]

            ៥.        និហមាត្រ១ វា វ ញល៑១ កុ …

            ៦.        លះ១ កុ ទិត៑១ កុ អ្នាទ១ កុ បន្ហេំច្កេ១

            ៧.        វុ១ កុ តិតរុ១ វា ..ម១ កុ ចទ៌ោស៑ ១

            ៨.        កុ បុ១ កុ ភាតិនិ១ កោន៑១ វា កន្ទៅ១ សវ៌្វបិ

            ៩.        [ន្ឌ ក្របី] ទ្នេំ ៤០-១០-២ ត្មុរ៑ ២០

បំណកប្រែ

(បន្ទាត់ទី ១ ដល់ទី ៩) (បញ្ជីឈ្មោះអ្នកបម្រើ ដែល “កុ” ជាអ្នកបម្រើស្រី និង “វា” ជាអ្នកបម្រើប្រុស) កុ ច …កុ…កុឯត ១ កុ យេង …វា តេ្មង ១ វា ខច ១ …កុ កន្តាង១ វា កល ១…វា និហមាត្រ១ វា វញល១ កុ …លះ១ កុ ទិត១ កុ អ្នាទ១ កុ បន្ហេំច្កេ១ វុ ១ កុ តិតរុ១ វា ..ម១ កុ ចទ៌ោស ១កុ បុ១ កុ ភាតិនិ១ កោន៑១ វា កន្ទៅ១ សរុបទាំងអស់ ក្របីចំនួន ៥២ គោ ២០។ ជារួមមក ដោយសារសិលាចារឹកសម័យមុនអង្គរនៅវត្តមហរដែលបង្ហាញខាងលើ បានបាត់បង់ផ្នែកខាងលើ នាំឱ្យបាត់នូវព័ត៌មានជាច្រើន ពោល គឺនៅសល់តែបញ្ជីឈ្មោះអ្នកបម្រើប្រុសស្រី គោ ក្របី ដែលជាតង្វាយថ្វាយដល់ទេពប៉ុណ្ណោះ។ ចំណែករឿងរ៉ាវផ្សេងទៀត យើងពុំបានដឹងឡើយ។ ប្រសិនបើយើងផ្អែកទៅលើសិល្បៈសម័យមុនអង្គរដែលរកឃើញនៅវត្តមហរ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា សិលាចារឹកនេះទំនងចារឹកឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ ដល់ ៦៣៧) ឬព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៨ ដល់ ៦៨១)។

—————-

Wat Mahor Inscription

Wat Mahor is located in Kampong Svay District, Kampong Thom Province. This pagoda is a former site of an ancient temple that dates to the 7th century. There are two inscriptions left, one pre-Angkorian and the other Angkor period.

The meaning of this pre-Angkorian inscription is not much different from other inscriptions in the 7th or 8th century, which inscribed the list of servants, both men and women, cows, and buffalo which is an offering to any deity. If we base on the pre-Angkorian art found at Wat Mahor, we can conclude that this inscription was probably written during the reign of Isanvarman I (616 to 637 AD) or Bhavavarman II. 2 (AD 638 to 681).

អត្ថបទដោយ៖ កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!