ប្រាសាទដូនទ្រង់ ឬហៅថាប្រាសាទផ្លាំង មានទីតាំងស្ថិតនៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតនៅច្រាំងខាងលិចស្ទឹងផ្លាំង និងនៅទិសអាគ្នេយ៍គោកល្បើកល្ហុង។ ដូចបានរៀបរាប់ច្រើននៅក្នុងអត្ថបទមុនៗរួចមកហើយថា នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ ដើមស.វ.ទី១៣ (គ.ស.១១៨១-១២២០) មានមន្ទីរពេទ្យយ៉ាងតិច១០២ ស្ថិតនៅរាយប៉ាយពាសពេញនគរ។ រាល់មន្ទីរពេទ្យនីមួយៗច្រើនតែស្ថិតនៅទីប្រជុំជន ឬស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗ ហើយជាទូទៅមន្ទីរពេទ្យមួយត្រូវមានសំណង់ប្រាសាទជាហោរបន់ស្រន់ចំនួន១ ដែលច្រើនសាងឡើងអំពីថ្មភក់ ឬថ្មបាយក្រៀម។ ក្នុងនោះ ប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំង គឺស្ថិតនៅទីប្រជុំជនបុរាណមួយកន្លែង ដែលនៅមិនឆ្ងាយពីតំបន់អង្គរឡើយ ហើយក៏មានតួនាទីជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ដែរ។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំង ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ ដូចដែលគេឃើញបោះពុម្ពផ្សាយដំបូងក្នុងសៀវភៅរបស់លោក Etienne Aymonier នៅឆ្នាំ១៩០០ (ដើមស.វ.ទី២០)។ ក្នុងពេលនោះ លោកហៅឈ្មោះប្រាសាទនេះថា «ប្រាសាទផ្លាំង» ហើយអត្ថបទទាំងមូលរបស់លោក ពុំបានរៀបរាប់អំពីឈ្មោះ «ដូនទ្រង់» ឡើយ។ លោកបានរៀបរាប់យ៉ាងសង្ខេបបំផុតអំពីសំណង់ប្រាសាទនេះ។ ក្រោយមកបន្តិច នៅក្នុងឆ្នាំ១៩០២ លោក Lunet De Lajonquière បានសិក្សាបន្ថែម និងមានភាពលម្អិតជាងមុន ហើយលោកក៏ហៅប្រាសាទនេះថា “ប្រាសាទផ្លាំង” ដូចគ្នា។ លុះមកដល់ទសវត្សរ៍ ១៩៥០ លោក Goerge Coedès បានសិក្សាអំពីសិលាចារឹកនៅលើស៊ុមទ្វារប្រាសាទនៅប្រាង្គកណ្តាល ហើយលោកបានសន្និដ្ឋានថា ប្រាសាទប្រាសាទផ្លាំង គឺជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយផ្អែកទៅលើរចនាសម្ព័ន្ធរបស់ប្រាសាទ។ ដូចដែលដឹងយ៉ាងច្បាស់តាមរយៈអត្ថបទមុនៗរួចមកហើយថា រចនាសម្ព័ន្ធរបស់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺច្រើនតែមានលក្ខណៈស្រដៀងៗគ្នា។ ដូច្នេះ នៅប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំង ក៏មិនខុសពីប្រាសាទផ្សេងៗទៀតដែរ ពោល គឺមានសំណង់នៅកណ្តាលមួយធ្វើអំពីថ្មភក់ពណ៌ផ្កាឈូក មានរាងបួនជ្រុងស្មើ ទំហំ ៣,៥ ម៉ែត្រ x ៣,៥ ម៉ែត្រ បែរមុខទៅកើត ដោយមានយ៉មួយភ្ជាប់ទៅមុខខាងកើត ពោល គឺជាសំណង់ដែលមានច្រកចូលនៅទិសខាងកើត និងបីទិសទៀតលម្អជាទ្វារបញ្ឆោត។ ក្រៅពីនេះ គឺមានសំណង់ហោរត្រៃមួយស្ថិតនៅទិសអាគ្នេយ៍ធ្វើអំពីថ្មបាយក្រៀម បែរមុខមកទិសខាងលិច (បញ្ច្រាស់ទិសគ្នាជាមួយសំណង់កណ្តាល) និងមានសំណង់ច្រកចូលធ្វើអំពីថ្មបាយក្រៀមនៅទិសខាងកើត។ សំណង់ទាំងមូលហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានស្រះពិសិដ្ឋតូចមួយនៅទិសឦសាន និងមានស្រះធំមួយនៅចំពីមុខខាងកើត។ នៅមុខខាងកើត យើងសង្កេតឃើញមាននៅសល់ផ្តែរទ្វារមួយ ដែលមានក្បាច់លម្អក្នុងទម្រង់ជាសិល្បៈរចនាបថឃ្លាំង ឬបាភួន (ស.វ.ទី១១) ពោល អាចបញ្ជាក់បានថាផ្តែរទ្វារនេះ គឺជាផ្តែរទ្វារចាស់នៅស.វ.ទី១១ ហើយយកមកប្រើប្រាស់ឡើងវិញនៅប្រាសាទដូនទ្រង់នៅចុងស.វ.ទី១២ ដើមស.វ.ទី១៣។ ប្រការនេះគឺពុំមានអ្វីចម្លែកឡើយ ព្រោះគេតែងតែឃើញជារឿយៗថា សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺច្រើនតែយកសម្ភារៈ ឬវត្ថុធាតុដើមចាស់ៗមកប្រើប្រាស់ជាថ្មីឡើងវិញ។ ក្បាច់ជាទូទៅដែលលម្អនៅលើផ្តែរទ្វារ គឺលម្អដោយចង្វាយក្បាច់ផ្កាភ្ញី ឬហៅថាក្បាច់អង្គរ មានចម្លាក់តោនៅសងខាង និងនៅកណ្តាលឆ្លាក់រូបកិត៌ិមុខមានដៃទាំងពីរចាប់កាន់ជើងសត្វតោដែលកំពុងឈរអេនអនទ្ររូបនៅខាងលើ។ សព្វថ្ងៃ រូបនៅកណ្តាលផ្នែកខាងលើបានរបកក្បាច់អស់ទៅហើយ ប៉ុន្តែតាមរយៈការរៀបរាប់របស់លោក Lunet De Lajonquière បានឱ្យយើងដឹងថា ផ្នែកដែលរបកក្បាច់អស់នោះ គឺជារូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត (ទេពតំណាងភ្លៀង ផ្គរ រន្ទះ និងជាលោកបាលប្រចាំនៅទិសខាងកើត)។ ដោយឡែក ក្បាច់នៅតាមទ្វារបញ្ឆោត គឺមិនមានអ្វីច្រើនគួរកត់សម្គាល់ឡើយ លើកលែងតែចុងហោជាងដែលយើងឃើញមានលម្អជារូបមករខ្ជាក់នាគ ដែលជាទម្រង់ទូទៅនៃចុងហោជាងរចនាបថឃ្លាំង ឬបាភួន នៅក្នុងស.វ.ទី១១។ ដូច្នេះហើយ វាក៏អាចបញ្ជាក់បានថា ចុងហោជាងរូបមករខ្ជាក់នាគនេះ ក៏ជារបស់ចាស់យកមកប្រើប្រាស់ឡើងវិញនៅហោរបន់ស្រន់នេះដូចគ្នា។
ជាទូទៅ រាល់ប្រាសាទដែលជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺគេតែងតម្កល់ថ្មគោលសិលាចារឹកមួយផ្ទាំង ច្រើនតែមានអត្ថន័យនៃសំណេរស្ទើរតែដូចគ្នាបេះបិទ ឧទាហរណ៍ សិលាចារឹកប្រាសាទព្រះធាតុរកា សរសេរជាសំស្រ្កឹតដែលរៀបរាប់អំពីទេពភៃសជ្យគុរុ និងបរិបទទូទៅនៃការព្យាបាលរោគតាមបែបបុរាណ គឺស្ទើរតែដូចគ្នាបេះបិទជាមួយសិលាចារឹកប្រាសាទសាយហ្វុង ដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នា។ ទោះបីជាយ៉ាងណា នៅប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំងឯណេះវិញ គឺមិនមានថ្មគោលសិលាចារឹកដូចប្រាសាទឯទៀតនោះឡើយ ប៉ុន្តែ នៅទីនេះមានសិលាចារឹកសំស្រ្កឹតមួយផ្ទាំងចារនៅលើមេទ្វារ (ផ្នែកខាងលើ)។ សិលាចារឹកនេះចុះបញ្ជីលេខ K.452 ចារឹកនៅគ.ស.៩៨៨ ពោល គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨ ដល់ ១០០០)។ ហេតុដូចនេះហើយ សិលាចារឹកនេះ ក៏មិនខុសពីផ្តែរទ្វារ និងចុងហោជាងឡើយ ពោល គឺជាថ្មមេទ្វារមួយដុំដែលគេយកពីប្រាសាទដទៃទៀតនៅមិនឆ្ងាយពីប្រាសាទដូនទ្រង់ យកមកប្រើប្រាស់ធ្វើជាមេទ្វារឡើងវិញនៅច្រកទ្វារខាងកើតប្រាសាទដូនទ្រង់។ យោងទៅតាមការរៀបរាប់របស់លោក George Coedès បានបង្ហាញថា សិលាចារឹកប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំង ចារឹកជាភាសាសំស្រ្កឹត មានចំនួន ១២ បន្ទាត់ ស្មើនឹង ៥ ស្លោក និង ១ ម៉ាលិនី ដែលរៀបរាប់អំពីការកសាងព្រះពុទ្ធលោកេស្វរតម្កល់នៅក្នុងប្រាសាទនៅក្នុងគ.ស.៩៨៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ព្រមទាំងរៀបរាប់អំពីទ្រព្យសម្បត្តិដែលជាតង្វាយចំពោះព្រះលោកេស្វរ រួមមាន មាស ប្រាក់ ទង់ដែង ត្បូង និងទ្រព្យសម្បត្តិផ្សេងៗទៀត។ ក្រៅពីនេះ សិលាចារឹកមានរៀបរាប់អំពីអ្នកបម្រើប្រុសស្រី គោ ក្របី ស្រែ ស្រូវ ថែមទៀតផង។ នៅឃ្លាចុងក្រោយ គឺរៀបរាប់អំពីបុណ្យដែលអ្នកមានចិត្តសណ្តោសចំពោះព្រះ និងរៀបរាប់អំពីបាបកម្មចំពោះអ្នកដែលលួចរបស់ទ្រព្យទាំងនេះ។
សរុបជារួមមក ប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំង ទំនងជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យនៅទីប្រជុំជនបុរាណដ៏សំខាន់មួយកន្លែង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅមិនឆ្ងាយពីរាជធានីស្រីយសោធរបុរ (តំបន់អង្គរ)។ រចនាសម្ព័ន្ធទាំងមូលរបស់ប្រាសាទ គឺមានទម្រង់ស្រដៀងគ្នាច្រើនជាមួយសំណង់ហោរបន់ស្រន់ផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់អង្គរ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងនៅទឹកដីសៀមបច្ចុប្បន្ន។ អ្វីដែលគួរកត់សម្គាល់នោះគឺ ថ្មដែលយកមកកសាងប្រាសាទដូនទ្រង់ ឬប្រាសាទផ្លាំង ច្រើនតែជារបស់ចាស់ ដែលគេយកមកប្រើប្រាស់ឡើងវិញ (ផ្តែរទ្វារ ហោជាង សិលាចារឹក)។ សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យនៅប្រាសាទដូនទ្រង់ គឺជាសក្ខីភាពមួយនៃការរីកចម្រើនវិស័យសុខាភិបាលនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលរួមបញ្ចូលទាំងការព្យាបាលផ្នែកវិទ្យាសាស្រ្ត (ការប្រើប្រាស់ថ្នាំច្នៃចេញពីរុក្ខជាតិ) និងការប្រើប្រាស់ការព្យាបាលតាមបែបជំនឿ ដោយមានសាងជាហោរបន់ស្រន់មួយតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីឱ្យអ្នកជំងឺ អាចចូលបន់ស្រន់ដល់ទេពទាំងនោះបាន។
——————
Prasat Daun Trung or Prasat Plang
Prasat Daun Trung or Prasat Plang is an Angkorian sandstone temple or ‘chapel’ of one of the 102 hospitals built by King Jayavarman VII throughout the kingdom. This temple housed the God Bhaisajyaguru, Surya and Vairocana of Mahayana Buddhism. This temple can be distinguished as a chapel of one of the 102 hospitals built by King Jayavarman VII due to the structure of the temple includes, firstly, the central tower is a square structure with a balcony to the east, and secondly, there is a rectangular library building in the southeast and facing to the west, the thirdly has a laterite wall and has an entrance to the east, and the fourthly has a small pond to the northeast (outside the temple walls). The chapel building of the hospital is a testament to the growth of healthcare service in the Angkorian period during the reign of King Jayavarman VII, which included scientific therapies (the use of herbal remedies) and the use of faith therapies with a building of chapel to house the deities of Mahayana Buddhism so that patients can enter to pray to those deities.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី