ស្រុកអង្គរជុំ ខេត្តសៀមរាប ប្រមូលផ្តុំទៅដោយស្លាកស្នាមបុរាណយ៉ាងសម្បូណ៌បែប ដែលអតីតទីប្រជុំជនដ៏សំខាន់មួយនៅសម័យអង្គរ ស្ថិតនៅតាមបណ្តោយផ្លូវចេញពីអង្គរឆ្ពោះទៅតំបន់ភិមាយ។ ក្នុងអត្ថបទមុន យើងបានបង្ហាញប្រាសាទចំនួន ២ នៅក្នុងស្រុកអង្គរជុំ រួចមកហើយ ពោល គឺប្រាសាទព្រះភ្នំ និងប្រាសាទក្តីតាគាម។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីបូជនីយដ្ឋានព្រហ្មញ្ញសាសនាដ៏សំខាន់មួយទៀតដែលមានឈ្មោះថា “ប្រាសាទត្រាវ” ដែលមានទីតាំងស្ថិតនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ប្រាសាទត្រាវ ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ ដូចដែលគេឃើញបោះពុម្ពផ្សាយដំបូងក្នុងសៀវភៅរបស់លោក Etienne Aymonier ឆ្នាំ១៩០១ (ដើមស.វ.ទី២០) ដោយលោកបានប្រែសិលាចារឹកប្រាសាទត្រាវ (ភាសាខ្មែរបុរាណ) ដំបូងគេបង្អស់។ ក្រោយមកបន្តិច នៅក្នុងឆ្នាំ១៩១១ លោក Lunet De Lajonquière បានបោះពុម្ពសៀវភៅបញ្ជីបេតិកភណ្ឌកម្ពុជា ភាគទី៣ ហើយប្រាសាទត្រាវលោកបានចុះបញ្ជីលេខ IK. ៦៣៤ ដោយលោកបានសិក្សាយ៉ាងលម្អិតអំពីស្ថាបត្យកម្ម និងក្បាច់លម្អប្រាសាទត្រាវ។ ក្នុងឆ្នាំ ១៩៣៧ និង ១៩៥១ លោក Goerge Coedès បានសិក្សាសិលាចារឹកនេះឡើងវិញយ៉ាងលម្អិតបំផុត។ ដោយសារតែនៅក្នុងអត្ថបទសិលាចារឹកប្រាសាទត្រាវ បានរំលេចអំពីព្រឹត្តិការណ៍របស់ព្រះបាទធរណិន្រ្ទវរ្ម័នទី១ នៅក្នុងគ.ស.១១០៩ នាំឱ្យប្រវត្តិវិទូជាច្រើនរូបបានចាប់អារម្មណ៍យ៉ាងខ្លាំង តួយ៉ាងដូចជា លោក Lawrence Palmer Briggs (ឆ្នាំ១៩៥១) និងលោក Ramesh Chandra Majumdar (ឆ្នាំ១៩៥៣) ជាដើម។ មកទល់សម័យបច្ចុប្បន្ន ដោយសារតែប្រាសាទត្រាវ ជាប់ទាក់ទងទៅនឹងជំនឿក្នុងការគោរពស្តេចដំរីស និងបុត្រីរបស់ទ្រង់ព្រះនាងទន់សត្រា ឬនាងលំអងរំចេក នាំឱ្យអ្នកសិក្សាជំនាន់ក្រោយនេះចាប់អារម្មណ៍សិក្សា និងផ្សព្វផ្សាយស្នាដៃជាបន្តបន្ទាប់។
ប្រាសាទត្រាវ គឺជាសំណង់សាសនាមួយដែលកសាងឡើងអំពីឥដ្ឋ (សមាសធាតុលម្អមួយចំនួនសាងអំពីថ្មភក់) សង់នៅលើខឿនមួយដែលគេលើកដីឱ្យខ្ពស់ ដែលមានរាងបួនជ្រុងស្មើ ទំហំ ៥ ម៉ែត្រ x ៥ ម៉ែត្រ ដោយមានទ្វារចូលនៅទិសខាងកើត និងជញ្ជាំងបីទិសទៀតលម្អជាទ្វារបញ្ឆោត ហើយហ៊ុមព័ទ្ធទៅដោយកសិន្ធុរាងបួនជ្រុងស្មើ ប្រវែង ១៣០ ម៉ែត្រ x ១៣០ ម៉ែត្រ។ ស្ថានភាពរបស់ប្រាសាទសព្វថ្ងៃ គឺបាក់បែកផ្នែកដំបូល ហើយផ្នែកផ្សេងទៀតនៅរក្សារូបរាងល្អច្រើន ពោល គឺគ្រាន់តែគ្រឿងលម្អស្ថាបត្យកម្មមួយចំនួនបានបាត់បង់ និងជ្រុះរាយប៉ាយនៅខាងមុខប្រាសាទ។ កាលដើមឡើយ គេធ្លាប់ឃើញមានផ្តែរទ្វារមួយធ្វើអំពីថ្មភក់នៅទ្វារចូលខាងកើត ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទរបស់លោក Lunet De Lajonquière នៅក្នុងទំព័រ ៣០៤ ដែលជាផ្តែរទ្វារប្រភេទទី៣ មានក្បាច់លម្អយ៉ាងរស់រវើក មានរូបព្រះវិស្ណុគង់នៅលើគ្រុឌនៅចំកណ្តាល។ ប៉ុន្តែ សព្វថ្ងៃផ្តែរទ្វារនេះបានបាត់បង់ពីទីតាំងដើមជាយូរមកហើយ។ ដោយឡែក សំណល់គ្រឿងលម្អស្ថាបត្យកម្មដែលនៅសេសសល់នៅជុំវិញប្រាសាទ រួមមាន ជើងទម្រថ្មភក់រាងបួនជ្រុងស្មើ សសរពេជ្រ បដិមាតោចំនួន ២ និងវត្ថុសិល្បៈថ្មភក់មួយចំនួនទៀត។ សសរពេជ្រនៅប្រាសាទត្រាវ រកឃើញចំនួន ២ ដើម ពោល គឺមួយដើមធ្លាក់នៅខាងមុខប្រាសាទ និងមួយដើមទៀតនៅឈរដូចភាពដើមជាប់នឹងមេទ្វារប្រាសាទ។សសរពេជ្រទាំង ២ ដើមនេះ សាងឡើងអំពីថ្មភក់ មានរាងប្រាំបីជ្រុង ដែលជ្រុងនីមួយៗលម្អដោយក្បាច់ស្លឹកឈើមួយសន្លឹក អមដោយសន្លឹកឈើពាក់កណ្តាល ហើយមានវ័ណ្ឌញឹក (មិនរង្វើលគ្នា) និងធំៗហាក់បីដូចជាថ្នាំងអំពៅ។ សសរពេជ្រដែលមានក្បាច់លម្អបែបនេះ មានទម្រង់ជាសិល្បៈរចនាបថប្រែរូប ក្នុងស.វ.ទី១០ ដែលលោក Jean Boisselier ចាត់ថ្នាក់អាយុកាលចាប់ពី គ.ស.៩៦៧ ដល់ ១០០០។ ចំពោះបដិមាតោទាំង ២ ដែលតម្កល់នៅខាងមុខប្រាសាទ ជនទុច្ចរឹតបានកាត់យកក្បាលអស់ទៅហើយ ប៉ុន្តែជំហរឈររបស់តោ គឺជើងមុខទាំងពីរដាក់ឈរត្រង់ និងជើងក្រោយទាំងពីរដាក់អង្កុញទៅមុខ ហើយរោមរបស់វាគេឆ្លាក់ធ្លាក់សំយ៉ាកចុះមកត្រឹមពាក់កណ្តាលជើងមុខទាំងពីរ។ ទោះបីជា បដិមាតោទាំង ២ នេះបាត់ក្បាលយ៉ាងណាក្តី តាមរយៈទម្រង់សិល្បៈរបៀបនេះ គឺមានលក្ខណៈប្រហាក់ប្រហែលទៅនឹងបដិមាតោនៅប្រាសាទព្រះដំរី (តំបន់កោះកេរ) ប្រាសាទប្រែរូប (តំបន់អង្គរ) ពោល យើងអាចសន្និដ្ឋានថា បដិមាតោទាំងពីរនេះជាសិល្បៈរចនាបថប្រែរូប នៅស.វ.ទី១០ ដូចសសរពេជ្ររាងប្រាំបីជ្រុងដែលបានរៀបរាប់ខាងលើដែរ។
សិលាចារឹកប្រាសាទត្រាវ ចារឹកឡើងនៅលើមេទ្វារ ហើយកំពុងស្ថិតនៅទីតាំងដើមនៅឡើយ។ សិលាចារឹកនេះ ចុះបញ្ជីលេខ K.249 ចារឹកជាភាសាខ្មែរបុរាណ មានចំនួន ១៧ បន្ទាត់ ដែលរៀបរាប់អំពីព្រឹត្តិការណ៍នយោបាយនៅមហាសករាជឆ្នាំ១០៣១ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ១១០៩ ត្រូវនឹងរជ្ជកាលព្រះបាទស្រីធរណីន្រ្ទវរ្ម័នទី១ (គ.ស.១១០៧ – ១១១៣)។ សិលាចារឹកប្រាសាទត្រាវ សិក្សាដំបូងគេបង្អស់ដោយលោក Aymonier និងសិក្សាឡើងវិញដោយលោក Coedès។ អត្ថន័យជារួមរបស់សិលាចារឹកប្រាសាទត្រាវ រៀបរាប់អំពីក្រុមមន្រ្តីជាច្រើននាក់ក្នុងរាជ្យព្រះបាទស្រីធរណីន្រ្ទវរ្ម័នដែលមានគោរម្យងារជា ខ្លោញពល ខ្លោញភូតាស កំស្តែង តេងតួន នាំគ្នាធ្វើបញ្ជីកត់ត្រាឈ្មោះខ្ញុំបម្រើ និងភោគផលដែលបានពីដីខ្លោញពលធម្មសីលសម្រាប់ប្រើប្រាស់ជាតង្វាយក្នុងកិច្ចបូជាដល់ព្រះលិង្គបុរ ព្រះកន្លោងជាម្ចាស់ (ក្សត្រីអង្គណាមួយដែលចូលទិវង្គត) អាស្រមនៅស្តុកព្រីង និងព្រះនៅច្បារឫស្សី។ ដូច្នេះហើយ ជាសន្និដ្ឋានជារួមមក ប្រាសាទត្រាវ គឺជាសាសនដ្ឋានព្រហ្មញ្ញសាសនាមួយកន្លែងដែលបានស្ថាបនាកសាងឡើងនៅក្នុងស.វ.ទី១០ ពោល គឺរវាងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) ឬព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០)។ ប៉ុន្តែ សិលាចារឹកដែលចារឹកនៅលើមេទ្វារ គឺចារឹកឡើងនៅសម័យក្រោយនាស.វ.ទី១២ ដោយមន្រ្តីមួយចំនួនដែលធ្លាប់បម្រើដល់ព្រះបាទស្រីធរណីន្រ្ទវរ្ម័នទី១ (គ.ស.១១០៧ – ១១១៣)។ យោងទៅតាមការសិក្សារបស់ប្រវត្តិវិទូជាច្រើនសន្និដ្ឋានថា ព្រះបាទស្រីធរណីន្រ្ទវរ្ម័នទី១ ទំនងមិនបានឡើងសោយរាជ្យនៅតំបន់អង្គរ (រាជធានីស្រីយសោធរបុរ) នោះទេ ពោល គឺទ្រង់ទំនងសោយរាជ្យនៅតំបន់ភិមាយ (ក្រុងមហីធរបុរ) ដូចនឹងស្តេចអង្គមុនដែលជាព្រះអនុជរបស់ទ្រង់ដែរ (ព្រះបាទស្រីជ័យវរ្ម័នទី៦)។
Prasat Trav
Prasat Trav is situated along the ancient road from Angkor to Phimai in Kok Mon commune, Angkor Chum district, Siemreap province. The temple is a brick single tower, square, facing to the east, possibly built in the 10th century CE in the reign of King Rajendravarman (944 to 967 CE) and it is probably classified in the Pre Roub style. In the 12th century, an official of King Sri Dharanindravarman I inscribed an inscription in 1109 that lists the names of servants and offerings for the gods at liṅgapura, the monastery at stuk vryaṅ, and a god at chpăr ransi. Therefore, Trav Temple is a significant Hindu temple of the Saiva sect.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី