ខ្ញុំទទួលព័ត៌មានអំពីការរកឃើញសិលាចារឹកថ្មីមួយនៅក្បែរប្រាសាទអូរស្វាយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈលោក យាន យ៉ា ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ វិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ ហើយបានធ្វើដំណើរចុះទៅសិក្សា និងផ្តិតទុកជាសំណៅជាមួយក្រុមជំនាញការរបស់រាជបណ្ឌិត្យសភាកម្ពុជា (ឯកឧត្តមបណ្ឌិត មាឃ បូរ៉ា, ឯកឧត្តមបណ្ឌិត ឈិត វណ្ណាឫទ្ធិ, បណ្ឌិត លឹម សេងឌី និងលោក រិន ពេជ្ជរដ្ឋ) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ សិលាចារឹកនេះរកឃើញដោយអ្នកភូមិម្នាក់ឈ្មោះ ថាច់ ជុំ (ប្រុស) ក្នុងអំឡុងពេលភ្ជួរដីស្រែនៅភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ តើសិលាចារឹកដែលរកឃើញថ្មីនេះមានអត្ថន័យនិងខ្លឹមសារបែបណាខ្លះ?
សិលាចារឹកនេះ ចារឹកនៅលើបង្គោលថ្មភក់ទាំងសងខាង ដោយអក្សរចារឹកមានទំហំធំៗ និងជ្រៅ។ ទោះបីចារឹកអក្សរជ្រៅក៏ដោយ ក៏ផ្នែកខ្លះនៃផ្ទាំងសិលាចារឹកបានទទួលរងការបែកបាក់ និងរលុបបាត់អស់ទិន្នន័យជាច្រើន នាំឱ្យយើងពិបាកក្នុងការកំណត់ ឬបកស្រាយឱ្យបានច្បាស់លាស់។ ជ្រុងទី១ បានបាក់បែក និងរលុបត្រង់ផ្នែកខាងក្រោម ដែលមិនអាចកំណត់បានថាមានចារឹកអក្សរចំនួនប៉ុន្មានឱ្យប្រាកដ ប៉ុន្តែអក្សរដែលនៅសេសសល់មានចំនួន ១២ បន្ទាត់។ ចំណែកឯជ្រុងទី២ បាក់បែកត្រង់ផ្នែកខាងលើ ដែលមិនអាចកំណត់បានឱ្យប្រាកដថាមានចំនួនប៉ុន្មានបន្ទាត់ ហើយចារឹកដែលនៅសល់មានចំនួន ១៥ បន្ទាត់។ ដោយហេតុថាផ្នែកខ្លះនៃអក្សរចារឹកបានបាត់បង់ យើងមិនអាចដឹងថាផ្នែកដែលបាត់បង់នោះ បានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់ឬអត់នោះឡើយ។ ទោះជាយ៉ាងនេះក្តី តាមទម្រង់អក្សរ និងវត្តមានឈ្មោះមន្រ្តីមួយចំនួននៅក្នុងខ្លឹមសារសិលាចារឹក យើងអាចសន្និដ្ឋានថា សិលាចារឹករកឃើញថ្មីនៅក្បែរប្រាសាទអូរស្វាយ ទំនងចារឹកឡើងនៅចុងស.វ.ទី១០ ឬដើមស.វ.ទី១១។
ជ្រុងទី១ បានពណ៌នាអំពីបង្គោលព្រំសីមារបស់ទេវស្ថានមួយកន្លែង ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីព្រំដីនៅផ្នែកខាងត្បូង ខាងលិច និងខាងជើង។ ប្រភពដ៏សំខាន់ដែលផ្តល់ឱ្យយើងនោះគឺបានរំលេចទេវស្ថានមួយឈ្មោះថា “ឧត្តរវ្រះកម្រតេងអញឝ្រីកឝង្គ” (ខាងជើងព្រះកម្រតេង អញឝ្រីកឝង្គ) ដែលទំនងអាចជាឈ្មោះទីតាំងដើមនៅត្រង់ទេវស្ថានណាមួយក្នុងតំបន់ក្បែរខាងនេះ ឬអាចជាឈ្មោះដើមរបស់ប្រាសាទអូរស្វាយ។ យើងមិនអាចសន្និដ្ឋានឱ្យប្រាកដច្បាស់ថា ព្រះកម្រតេងអញឝ្រីកឝង្គ ជាឈ្មោះដើមរបស់ប្រាសាទអូរស្វាយជាក់លាក់នោះឡើយ ព្រោះសិលាចារឹកនេះមិនមែនរកឃើញនៅប្រាសាទអូរស្វាយផ្ទាល់ឡើយ ហើយម្យ៉ាងទៀតនៅក្បែរទីតាំងដែលរកឃើញគឺសម្បូណ៌ទៅដោយបុរាណស្ថានជាច្រើនថែមទៀតផង។ សិលាចារឹកនេះក៏បានបញ្ជាក់ឱ្យយើងដឹងច្បាស់អំពី “អ្នកផ្តួចផ្តើម ឬម្ចាស់ដើមបុណ្យ”។ ប៉ុន្តែ ក្នុងសិលាចារឹកបានសសេរថា “ជមាន” ពោល ប្រហែលអ្នកចារភ្លេចចារឹកព្យញ្ជនៈមួយតួទៀត (អក្សរ “យ”) ដ្បិតពាក្យនេះមានអក្ខរាវិរុទ្ធពេញលេញថា “យជមាន” ដែលមានន័យថា អ្នកធ្វើពិធីបូជា ឬម្ចាស់ដើមទានប្រធានដើមបុណ្យនោះឯង។ ក្នុងនោះ ត្រង់បន្ទាត់ទី៨ ដល់បន្ទាត់ទី១១ បានរៀបរាប់ថា អ្នករបាំ អ្នកចម្រៀង (នារីចំនួន ៤ នាក់) គឺជាជំនូន (តង្វាយ) របស់ព្រះតេជគុណ “ស្តេងសិវាចារ្យ” សម្រាប់ជាកិច្ចបូជាថ្វាយដល់ “ព្រះកំម្រតេងអញសិវលិង្គ”។ ចំណែក ជ្រុងទី២វិញ មានបន្សល់ឈ្មោះមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានឈ្មោះ និងឋានន្តរនាមថា “ម្រតាញស្រីន្ឫបវិខ្យាត”។ ម្រតាញជាន់ខ្ពស់រូបនេះមានកិត្តិសព្ទល្បីល្បាញណាស់ ដែលជានិច្ចកាលយើងតែងឃើញវត្តមានឈ្មោះរបស់លោកនៅក្នុងសិលាចារឹកសម័យអង្គរជាច្រើនផ្ទាំង។ ជាងនេះទៅទៀត នៅក្នុងសិលាចារឹកនេះក៏បានរៀបរាប់អំពីនាមឥស្សរជន (អ្នកសប្បុរស) ជាច្រើនាក់ទៀតមានឋានន្តរនាមថា “វាប” និង “ស្តេង” ដែលទំនងពួកគាត់ទទួលបានរាជានុគ្រោះពិសេសអំពីព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យទៅស្ថាបនាឬសាងសង់ទេវស្ថានមួយនៅលើទីតាំងនេះ (យោងទៅលើពាក្យ “វ្រះឝាសន” មានន័យថា ព្រះសាសន៍ ឬសេចក្តីបង្គាប់ណែនាំ)។ ក្រៅពីនេះទៅទៀត នៅក្នុងអត្ថបទបានបញ្ជាក់បន្ថែមអំពី ការស្ថាបនាដីភូមិ ដែលកើតឡើងពីការរួមផ្សំគ្នាមួយចំណែករវាងដីភូមិរបស់ ព្រះកម្រតេងអញជគតសិវបុរ (ប្រវតិ្តវិទូតែងស្គាល់ថាជាប្រាសាទបន្ទាយស្រី) និងដីភូមិរបស់ ព្រះកម្រតេងអញជគតលិង្គបុរ (លិង្គបុរ គេស្គាល់ថាជាអតីតរាជធានីឆោកគគ្យរ ឬហៅតាមបច្ចុប្បន្នថា “កោះកេរ”)។
អត្ថបទពាក្យចារឹក
ជ្រុងទី១
១. ……………………………..ទិកគោ
២. ង……………………….គ្រណិ..[ទ]
៣. ក្សិ[ណ] …….[គោ]ល៑ សាច៑ គ្រណិហិ
៤. តិបឝ្ចិ[ម]………..គោល ត្រក្វន៑
៥. សនេក៑ តិឧត្តរ តរាប៑ គោល៑ តោយ៑
៦. ឧត្ដរ វ្រះកម្រតេង៑អញ៑ឝ្រីកឝង្គរុ
៧. ឝិគ្យ រាញ៑ នុ ជមាន ត..ត វ្រះកំម្រ
៨. តេង៑អញ៑ ស្យង៑ ពទ៌្ធេយ// ខ្ញុំ មន៑ ស្ដេ
៩. ញ៑ ឝិវាចាយ៌្យ ជ្វណ៑ ត វ្រះកំម្រតេង៑
១០. អញ៑ ឝិវលិង្គ៙ តរាំ ច្រ្យាង៑ ៙ តៃ កំបិត៑
១១. តៃកំប្រ្វត៑ តៃកំប្វ្រត៑ សោត៑ តៃ…..
១២. …………………………………………….
ជ្រុងទី២
១. …………………………………….
២. ……..មហា មន…….. ម្រតាញ៑ឝ្រីន្ឫ
៣. បវិខ្យាត៑ …………………..ក្រលា ផ្ទំ ប
៤. ន្ទ្វល៑ វ្រះឝាសន…………………..តិ
៥. អប្តភ្ឫត្យ…………………………….ទ
៦. ……………………………………….
៧. ក ទិក៑……………………………..
៨. នុស្តេ[ង៑]……………………….តរាប
៩. មន៑ ស្ដេញ៑ [ឆ្បោ]ង៑ ……….ច នុ វាប៑
១០. ឝិវបុត្រ ៙ វាប៑សៃ វាប៑……វ្រៃ គ្មំ
១១. តិ ស្ដេញ៑ ស្ថាបនា ត ភូមិ សំ
១២. គណ នុ វ្រះកម្រតេង៑អញ៑ ជគត៑
១៣. ឝិវបូរ ម្វយ៑ ភាគ ទៅ ត កម្រតេង៑
១៣. [អ] ញ៑ ជគត៑លិង្គបូរ……..
១៤. …….តកំម្រតេង៑ អញ៑ ជគត៑ ឝិវ
១៥. [បុរ]………………………………
បំណកប្រែ
ជ្រុងទី១
(១-៨) ……..ទឹក គោង ….ទក្សិណ (ខាងត្បូង) …គោល (បង្គោល) សាច គ្រណិហិ ខាង បស្ចឹម (ខាងលិច)…ដល់គោលត្រកួន សនេក ខាងឧត្តរ (ខាងជើង) ដរាបដល់គោលខាងជើងព្រះកម្រតេងអញស្រីកឝង្ក រុគិគ្យ រាញ និងយជមានដល់ព្រះកំម្រតេងអញ ដែលបានធ្វើវទ៌្ធេយ(ចម្រើនរុងរឿង)។
(៨-១២) អ្នកបម្រើជាអ្នករាំ និងអ្នកច្រៀង (ស្រ្តី ៤ នាក់ឈ្មោះ តៃកំបិត៑ តៃកំប្រ្វត៑ តៃកំប្វ្រត៑ សោត៑ តៃ…..) ជាតង្វាយដែលស្តេងអញសិវាចារ្យ បានថ្វាយដល់ព្រះកម្រតេងអញសិវលិង្គ។
ជ្រុងទី២
(១-៨)…………មហា …ម្រតាញស្រីន្ឫបវិខ្យាត………….ក្រលាផ្ទំ បន្ទូលព្រះសាសន៍ (ព្រះរាជបញ្ជា)…..ដែលជាអប្តភ្ឫត្យ (អ្នកបម្រើដែលគួរជាទីទុកចិត្ត)…ទឹក..និងស្តេង …។
(៨-១៥) …..ដរាបស្តេញឆ្បោង …និងវាបសិវបុត្រ វាបសៃ វាប……ព្រៃឃ្មុំ ដែលស្តេងបានស្ថាបនានៅលើដីភូមិ ដោយបានសំគណ (រួមបញ្ចូលគ្នា) ជាមួយនឹងព្រះកម្រតេងអញជគតសិវបុរមួយភាគទៅដល់កម្រតេងអញជគតលិង្គបុរ …ដល់កម្រតេងអញជគតសិវបុរ។
ជារួមមក សិលាចារឹករកឃើញថ្មីនៅក្បែរប្រាសាទអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទំនងចារឹកឡើងនៅចុងស.វ.ទី១០ ឬដើមស.វ.ទី១១ ដែលរៀបរាប់អំពីព្រះរាជបញ្ជារបស់ព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យមន្រ្តីជាន់ខ្ពស់ក្នុងជួររាជការ រៀបចំកំណត់បង្គោលព្រំសីមាដីភូមិរបស់ទេវស្ថាន និងតង្វាយសម្រាប់បូជាដល់ព្រះនៅទេវស្ថាន។ ទិន្នន័យដ៏សំខាន់មួយ គឺយើងអាចស្គាល់ឈ្មោះទេវស្ថានមួយកន្លែងដែលមានឈ្មោះដើមថា “ឧត្តរព្រះកម្រតេងអញស្រី កឝង្ក” ប៉ុន្តែយើងមិនដឹងប្រាកដថាទេវស្ថាននេះនៅទីណានោះឡើយ។
————
New inscriptions discovered near Ou Svay Temple, Oddar Meanchey Province
In November 2024, a villager living in Chhouk Sar village, Trapeang Prasat commune, Trapeang Prasat district, Oddar Meanchey province, found an inscription near the Our Svay temple. The inscription is a sandstone pillar inscribed with ancient Khmer script on both sides, but it has been broken and some of the writing has been eliminated. The inscription is possibly to have been inscribed in the late 10th or early 11th century, and describes a royal order from the king ordering high-ranking officials to prepare markers to mark the boundaries of a temple land and offerings for worship at the temple. Of special note, a significant piece of information is that we can recognize the name of a temple with the original name “Uttar vraḥ kamrateng aň śrîkaśaṅka”, but we do not know exactly where this temple is located.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា