ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ភាគខាងជើងកុ្រងព្រៃវែង ចម្ងាយប្រមាណ ៣៨ គីឡូម៉ែត្រ។ ឈ្មោះ “ប្រាសាទព្រៃដើមស្រុក” ឬខ្លះហៅថា “ព្រះធាតុរាជមន្ទីរ” គឺជាឈ្មោះដែលអ្នកស្រុកកំពុងហៅសព្វថ្ងៃ។ ប៉ុន្តែ នៅក្នុងឯកសារចាស់ៗកន្លងមក គេបានកត់ត្រាឈ្មោះប្រាសាទនេះថា “ព្រះធាតុព្រៃចុងស្រុក” ឬហៅថា “ប្រាសាទព្រៃជើងស្រុក”។ ពាក្យ “ដើមស្រុក” និង “ជើងស្រុក” គឺមានន័យប្រហាក់ប្រហែលគ្នា។ តើប្រាសាទព្រៃដើមស្រុក មានប្រវត្តិជាប់ពាក់ព័ន្ធ និងលក្ខណៈបែបណាខ្លះ?

ប្រាសាទព្រៃដើមស្រុក ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវនៅរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០ ក្នុងអំឡុងពេលដែល​អ្នកស្រាវជ្រាវជនជាតិបារាំង ចាប់ផ្តើមចុះបញ្ជី និងសិក្សាស្រាវជ្រាវប្រាសាទបុរាណនៅកម្ពុជា។ ក្នុងនោះ អ្នកស្រាវជ្រាវសំខាន់ៗដែលបានបោះពុម្ពផ្សព្វផ្សាយអំពីប្រាសាទព្រៃដើមស្រុក មានដូចជា លោក Étienne Aymonier (ហៅប្រាសាទនេះថា “ជើងស្រុក”) លោក Lunet De Lajonquière (ហៅ “ព្រៃចុងស្រុក”) លោក Henri Parmentier (សិក្សារចនាសម្ព័ន្ធនិងក្បាច់លម្អលម្អិតជាងគេ ដោយហៅទីនេះថា “ព្រះធាតុព្រៃចុងស្រុក”) លោក Robert Dalet (រកឃើញជើងទម្រមានចារឹកអក្សរ) និងលោក George Coedès (សិក្សាសិលាចារឹក K.761)។​

ប្រាសាទព្រៃដើមស្រុក គឺជាសំណង់ដែលមានទោលសាងអំពីឥដ្ឋ ស្ថិតនៅលើទីទួលមួយដែលគេលើកឱ្យ​ចេញជារាងបួនជ្រុងដែលមានទំហំប្រមាណ ១០០ ម៉ែត្រ។ ប្រាសាទនេះ មានរាងបួនជ្រុងស្មើ (៤,៣ម៉ែត្រ x ៤,៣ ម៉ែត្រ) បែរមុខទៅទិសខាងកើត ហ៊ុមព័ទ្ធដោយកសិន្ធុដែលមានរាងចតុកោណកែង ដោយមានទ្វារចូលមួយនៅទិសខាងកើត និងបីទិសផ្សេងទៀតឆ្លាក់លម្អជាទ្វារបញ្ឆោតនៅលើឥដ្ឋ។ ក្រៅពីនេះទៀត យោងទៅតាមការរៀបរាប់របស់លោក Lajonquière និងរូបថតចាស់របស់សាលាបារាំងចុងបូព៌ាប្រទេសដែលថតក្នុងខែមីនា ឆ្នាំ១៩៣៣ ព្រមទាំងប្លង់បាតដែលគូរដោយលោក Parmentier បោះពុម្ពនៅក្នុងឆ្នាំ១៩៣៥ បង្ហាញថា នៅសងខាងច្រកចូលខាងកើតមានតម្រៀបឥដ្ឋជាជញ្ជាំងឆ្ពោះទៅមុខខាងកើតប្រមាណ ៤,៨ ម៉ែត្រ។ ការបន្ថែមជញ្ជាំង ឬយ៉លយមកខាងមុខដូច្នេះ គេធ្លាប់ប្រទះឃើញច្រើននៅក្នុងដើមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ដើមស.វ.ទី១១) ឧទាហរណ៍ ប្រាសាទស្រីគ្រប់ល័ក្ខណក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ប៉ុន្តែ សព្វថ្ងៃជញ្ជាំងឥដ្ឋនៅអមសងខាងទ្វារចូលនេះ បានបាក់បែកអស់អស់ហើយ។ ចំពោះប្រាសាទបច្ចុប្បន្ន ស្ថិតនៅក្នុងស្ថានភាពពុំសូវជាប្រសើរប៉ុន្មានឡើយ ដ្បិតផ្នែកដំបូលបានបាក់បែកទាំងស្រុង រីឯនៅផ្នែកខាងលិចបានសញ្ជែកសាច់ជញ្ជាំងញែកដាច់ចេញពីគ្នា។ ផ្នែក​ខាងកើតនិងខាងជើង ហ៊ុមព័ទ្ធដោយដើមជ្រៃក្រឹមស្ទើរតែទាំងស្រុង ហើយជាង ១០០ ឆ្នាំមុនដើមជ្រៃក្រឹមនេះបានដុះរួចមកហើយ (យោងតាមអត្ថបទលោក Lajonquière ក្នុងឆ្នាំ១៩០២)។ លើសពីនេះ គេកសាងខឿន និងរបងធ្វើអំពីបេតុងហ៊ុមព័ទ្ធជុំវិញប្រាសាថែមទៀតផង។

យើងមិនដឹងច្បាស់ថា កាលដើមឡើយផ្នែកខាងក្នុងប្រាសាទ (គភ៌គ្រឹះ) តម្កល់ទេពអង្គណាមួយឡើយ ព្រោះសិលាចារឹកដែលរកឃើញនៅប្រាសាទនេះបានរលុបអក្សរមួយចំនួន ដែលនាំឱ្យព័ត៌មានមួយចំនួនបានបាត់បង់។ ចំណែក ការស្រាវជ្រាវនាចុងស.វ.ទី១៩ ដើមស.វ.ទី២០ ក៏មិនបានរកឃើញបដិមាទេពអង្គណាមួយនៅខាងក្នុងប្រាសាទឡើយ ពោល គឺរៀបរាប់តែព្រះពុទ្ធ​រូបមួយចំនួនដែលគេដាក់នៅសម័យក្រោយ ផ្តែរលម្អទ្វាររូបព្រះវិស្ណុគង់នៅលើគ្រុឌ និងបំណែកជើងទម្រមួយដែលមានអក្សរចារឹកនៅជុំវិញ។ ប៉ុន្តែ សព្វថ្ងៃនៅខាងក្នុងគភ៌គ្រឹះរបស់ប្រាសាទ គេយកបំណែកជើងទម្រ (ស.វ.ទី៧-៨) មួយដាក់នៅចំកណ្តាល និងបដិមាសម័យទំនើបមួយចំនួន ដូចជា បដិមាព្រះបាទជ័យវរ្ម័នទី៧ បដិមាព្រះគោ បដិមាតំណាងអមនុស្សមួយចំនួនទៀត។ ដោយឡែក នៅច្រកចូលខាងកើតនៅសល់ស៊ុមទ្វារ ផ្តែរលម្អទ្វារ និងសសរពេជ្រមួយដើមនៅផ្នែកខាងជើង។ ផ្តែរទ្វារដែលសាងអំពីថ្មភក់នេះ គឺឆ្លាក់មិនទាន់រួចរាល់នៅឡើយទេ ពោល គឺមានតែស្នាមដែលបានដាប់ចេញជារាងរបស់ចម្លាក់ប៉ុណ្ណោះ ហើយយើងអាចស្មានបានថា ផ្នែកខាងចុងសងខាងផ្តែរអាចជារាងក្បាលនាគនិងផ្នែកកណ្តាលអាចជារាងចម្លាក់ទេពនិងយានជំនិះណាមួយ។ ការដែលសន្និដ្ឋានបែបនេះ គឺយោងទៅលើការសិក្សាប្រៀបធៀបជាមួយផ្តែរទ្វារមួយទៀតដែលរកឃើញនៅចុងស.វ.ទី១៩ ដែលមានរូបរាងប្រហាក់ប្រហែលគ្នា តែខុសត្រង់បន្ទាត់ធ្នូមានរាងកោងបន្តិច។ ចម្លាក់នៅលើផ្តែរទ្វារដែលរកឃើញនៅចុងស.វ.ទី១៩ បង្ហាញអំពីក្បាលនាគនៅចុងសងខាង ផ្នែកកណ្តាលជាចម្លាក់ព្រះវិស្ណុគង់នៅលើគ្រុឌដែលអមសងខាងដោយចម្លាក់គ្រុឌតូចៗជាច្រើន ហើយសូម្បីតែចង្វាយក្បាច់អង្គរក៏មានរំលេចចម្លាក់គ្រុឌតូចៗជាច្រើនផង។ ផ្អែកលើក្បាច់លម្អនេះ យើងអាចសន្និដ្ឋានថា ផ្តែរ​ទ្វារនេះសាងឡើងនៅរវាងចុងស.វ.ទី១០ ឬដើមស.វ.ទី១១។ សសរពេជ្រដែលនៅសល់មួយដើមនៅផ្នែកខាងជើង​ច្រកចូល​មានរាងមូល ដែលផ្នែកក្បាលសសរលម្អដោយចម្លាក់ផ្ការុក្ខជាតិជាច្រើនប្រភេទ ក្បាច់វ័ណ្ឌតូចនិងធំ និងជាពិសសមានចម្លាក់រូបក្អម (ផ្កានិងក្អមតំណាងឱ្យ​សុភមង្គល ភោគផល អមតៈ និងត្រជាក់ត្រជុំ)។ សសរពេជ្រមានចម្លាក់បែបនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយសសរពេជ្រប្រាសាទកំពង់ព្រះ ប្រាសាទភូមិប្រាសាទ ប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត) ប្រាសាទអណ្តែត ។ល។ ដែលអាចស្ថិតនៅចុងរចនាបថព្រៃក្មេង ឬដើមរចនាបថកំពង់ព្រះ រវាងចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ស.វ.ទី៧ ដល់ដើមស.វ.ទី៨។ ហេតុដូច្នេះហើយ ភស្តុតាងផ្នែកប្រវត្តិសិល្បៈបានបង្ហាញឱ្យឃើញថា សសរពេជ្រនិងផ្តែរទ្វារ អាចស្ថិតនៅក្នុងសម័យកាលផ្សេងគ្នា ពោលគឺសសរពេជ្រអាចមានអាយុកាលចាស់ជាងផ្តែរទ្វារ។ ក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើ គេអាចមើលទម្រង់ហោជាង និងក្បាច់លម្អនៅខាងក្នុងហោជាងនៅតាមទ្វារបញ្ឆោតនីមួយៗ។ ហោជាងមានទម្រង់ជាជើងក (រាងដូចអក្សរ U ផ្កាប់) ហើយនៅខាងក្នុង​មានចម្លាក់ឥដ្ឋដែលមានរូបស្លឹកពោធិ៍ និងរូបកូនប្រាសាទចម្លងដែលមានលក្ខណៈដូចទៅនឹងរូបកូនប្រាសាទចម្លងនៅប្រាសាទព្រះស្រី (ខេត្តកំពង់ឆ្នាំង) ឬប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ) ជាដើម ក្នុងទម្រង់ជាសិល្បៈចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ នៅរវាងពាក់កណ្តាលស.វ.ទី៧ ដល់ដើមស.វ.ទី៨។

ផ្អែកទៅតាមការរៀបរាប់ខាងលើ យើងអាចកត់សម្គាល់បានថា ប្រាសាទព្រៃដើមស្រុក ឬព្រះធាតុព្រៃចុងស្រុក ទំនងអាចសាងឡើងនៅដំណាក់កាលផ្សេងគ្នា។ ប៉ុន្តែ ដើម្បីឱ្យកាន់តែមានព័ត៌មានពឹស្តារជាងនេះ សូមក្រឡេកមកមើលខ្លឹមសារ និងអត្ថន័យរបស់អក្សរចារឹកនៅលើជើងទម្រវិញម្តង។ សិលាចារឹកនេះចុះបញ្ជីលេខ K.761 ដែលរកឃើញដោយលោក Robert DALET (បុរាណវិទូជនជាតិបារាំង) ក្នុងទសវត្សរ៍ ១៩៣០ (អត្ថបទរបស់លោកបោះពុម្ពនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ាប្រទេស BEFEO ក្នុងឆ្នាំ១៩៣៥) ហើយសិលាចារឹកនេះគេបានដឹកយកទៅរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីឆ្នាំ១៩៥៩។ ជើងទម្រធ្វើអំពីថ្មក្រានីត (ថ្មថ្លើមអណ្តើក) ដែលមានអក្សរចារឹកនេះ មានអក្សរហ៊ុមព័ទ្ធជុំវិញចំនួន ៤ មុខ ដែលក្នុងមួយមុខមាន ២ ជួរ លើកលែងមុខមួយដែលមានចារឹកអក្សរ ៣ ជួរ រួមបញ្ចូលទាំងកាលបរិច្ឆេទ។ អក្សរជាច្រើនបានសឹករេចរិលរលុបអក្សរ ហើយជាពិសេសផ្នែកមុខ C គឺបាត់បំណែកជើងទម្រទាំងស្រុង។ អ្វីគួរកត់សម្គាល់ នៅផ្នែកខាងលើបង្អស់នៅមុខទី១ (មុខ A) មានអក្សរចារឹកប្រាប់ឱ្យដឹងអំពីកាលបរិច្ឆេទ មហាសករាជឆ្នាំ៥៥៥ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៦៣៣ ត្រូវនឹងចុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័ន គ.ស.៦១៦ – ៦៣៧ ប៉ុន្តែអក្សរនៅជួរបន្ទាប់ទៀតបែរជាមានទម្រង់ជាអក្សរសម័យអង្គរ (ស.វ.ទី១០ ឬស.វ.ទី១១) ទៅវិញ ដែលខ្លឹមសារទាំងមូលដែលនៅសល់រៀបរាប់អំពីការបរិច្ចាកដីដែលមានបញ្ជាក់អំពីព្រំប្រទល់ច្បាស់លាស់របស់ព្រាហ្មណ៍ឈ្មោះ “ស្រីធរស្វាមិ” រួមគ្នាជាមួយព្រាហ្មណ៍ឈ្មោះ “ក្ឫស្ណហរ” ថ្វាយចំពោះទេពអង្គណាមួយនៅទេវស្ថាន ដែលយើងមិនអាចស្គាល់ព្រះនាម ដោយហេតុថាអក្សរមួយចំនួនបានរលុបអស់ ហើយចារឹកនៅមុខចុងក្រោយ (មុខ D) រៀបរាប់អំពីការដាក់បណ្តាសាដល់ជនទាំងឡាយណាដែលហ៊ានលួច ឬបំផ្លាញមូលនិធិរបស់ទេវស្ថានឱ្យធ្លាក់នរក ដរាបណាព្រះអាទិត្យនិងព្រះចន្រ្ទនៅតែមាន។ យោងទៅតាមកាលបរិច្ឆេទខាងលើ និងទម្រង់អក្សរមិនស្របជាមួយគ្នាបែបនេះ យើងអាចសន្និដ្ឋានថា អក្សរចារឹកនេះទំនងចារឹកដោយមនុស្សនៅសម័យអង្គរ រវាងចុងស.វ.ទី១០ ដើមស.វ.ទី១១ ហើយរំឭករឿងថយក្រោយនៅគ.ស.៦៣៣ ឬអាចមានមូលហេតុផ្សេងពីការសន្និដ្ឋាននេះទៀតដែលគេមិនអាចដឹងច្បាស់លាស់បាន។

ករណីដែលបានរៀបរាប់ខាងលើបានបង្ហាញថា ការកំណត់អាយុកាលរបស់ប្រាសាទព្រៃដើមស្រុក គឺមិនងាយស្រួលឡើយ ដ្បិតភស្តុតាងដែលមានទាំងអម្បាលម៉ានហាក់ដូចជាពុំសូវស៊ីសង្វាក់គ្នាឡើយ។ ជាក់ស្តែង ប្រសិនបើយើងយោងទៅលើរូបរាងប្រាសាទ និងក្បាច់លម្អមួយចំនួន ដូចជា សសរពេជ្រ ហោជាង រូបកូនប្រាសាទចម្លង ស៊ុមទ្វារ បង្ហាញតឹកតាងឱ្យឃើញថា មានអាយុកាលនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ (ក្នុងពេលប្រហាក់ប្រហែលគ្នាជាមួយប្រាសាទព្រះស្រី ខេត្តកំពង់ឆ្នាំង ឬប្រាសាទព្រះធាតុនៅបន្ទាយព្រៃនគរ) នៅរវាងពាក់កណ្តាលស.វ.ទី៧ ដល់ដើមស.វ.ទី៨ ពោល គឺអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧ – ៦៥៧), ព្រះបាទស្រីជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) និងព្រះនាងស្រីជ័យទេវី (រវាងដើមស.វ.ទី៨)។ ចំណែក ទម្រង់ផ្តែរទ្វារមួយស្ថិតនៅជាប់នឹងច្រកចូលខាងកើត, ផ្តែរទ្វារដែលធ្លាប់រកឃើញដោយអ្នកស្រាវជ្រាវនៅចុងស.វ.ទី១៩ និងសំណង់ជញ្ជាំងឥដ្ឋ (យ៉លយមកខាងកើត)នៅច្រកចូលខាងកើត ហាក់បង្ហាញថា ប្រាសាទនេះអាចបន្ថែមនៅដំណាក់កាលមួយទៀតក្នុងរវាងចុងស.វ.ទី១០ ឬដើមស​.វ.ទី១១ ពោល គឺរវាងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០) ឬព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩)។ ប៉ុន្តែ ប្រសិនបើយោងទៅលើកាលបរិច្ឆេទដែលចារឹកនៅលើជើងទម្រ (ម.ស.៥៥៥ ឬ គ.ស.៦៣៣) គឺមានជាប់ពាក់ព័ន្ធជាមួយចុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦ – ៦៣៧)។

ហេតុដូច្នេះហើយ យើងអាចត្រឹមតែអាចសន្និដ្ឋានជារួមមួយថា ប្រាសាទព្រៃដើមស្រុក​ ទំនងកសាងឡើងនៅរវាងស.វ.ទី៧ និងសង់បន្ថែមខ្លះៗនៅរវាងចុងស.វ.ទី១០ ដើមស.វ.ទី១១។ ស្របជាមួយគ្នានេះដែរ ចំពោះតួនាទីរបស់ប្រាសាទវិញ យើងអាចសន្និដ្ឋានបានថា ប្រាសាទព្រៃដើមស្រុក ទំនងជាសំណង់ព្រហ្មញ្ញសាសនាដែលសង់ឡើងឧទ្ទិសដល់ព្រះសិវ ឬព្រះវិស្ណុ ហើយការសន្និដ្ឋានថា សំណង់ប្រាសាទនិកាយព្រះវិស្ណុ អាចទំនងជានិកាយព្រះសិវ ដោយហេតុថាភស្តុតាងដែលរកឃើញនៅទីនោះជាប់ពាក់ព័ន្ធជាមួយព្រះវិស្ណុ (ផ្តែរទ្វារមានចម្លាក់ព្រះវិស្ណុគង់នៅលើគ្រុឌ)។

—————

Prasat Prei Deum Sruk

The Prasat Prei Deum Sruk is situated in Boeung Chor village, Prei Toeng commune, Sithor Kandal district, Prei Veng province. It is a single sanctuary, square, facing to the east, a rectangular brick structure at the eastern entrance, and surrounded by the moat. The layout, doorframe, colonette, pediments, and some reliefs on the wall are identified as the style of art in the Pre-Angkorian period. However, the two lintels and a brick structure at the eastern entrance have been nominated in the style of art in the Angkorian period (the late 10th and the early 11th centuries). Of special note, the date of inscription was engraved in 633 A.D. (the 7th century), but the inscription of two lines engraved on the sides of the tank are Angkorian characters. In this case, it has been determined that Prasat Prei Deum Sruk possibly was constructed in the half of the 7th century, and it was added during the Angkor period between the late 10th and early 11th centuries and was likely dedicated to Vishnu.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!