ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿឡើងអ្នកតាភូមិកូនក្អែក

ឡើងអ្នកតាភូមិកូនក្អែក

ភូមិកូនក្អែក មានទីតាំងស្ថិតនៅភាគឦសានក្រុងឦសានបុរ (តំបន់ប្រាសាទសំបូរព្រៃគុក) ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ភូមិ​កូនក្អែក ​ជាសហគមន៍ដែលមានជនជាតិដើមភាគតិចកួយរស់នៅជាច្រើនគ្រួសារ តែគួរឱ្យសោក​ស្តាយ អ្នកស្រុកលែងប្រាស្រ័យទាក់ទងគ្នាដោយប្រើប្រាស់ភាសាកួយទៀតហើយ រីឯក្មេងៗទៀត​សោតក៏មិនចេះភាសាកួយទៀតផង។​ ទោះបីជាមនុស្សលែងប្រើប្រាស់ភាសាកំណើតក្តី តែវប្បធម៌​ទំនៀមទម្លាប់ក្នុងការរស់នៅតាមបែបវប្បធម៌កួយជាច្រើន នៅតែបន្តប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន។ តួយ៉ាង ពិធីឡើងអ្នកតាដែលជាទំនៀមដ៏សំខាន់ប្រចាំភូមិ គឺមិនអាចរំលងបានឡើយ ពោល គឺនៅ​តែបន្តប្រារព្ធជាទៀងទាត់រៀងរាល់ឆ្នាំ ដូចភូមិជនជាតិកួយ និងខ្មែរដទៃទៀតដែរ។ តើកិច្ចឡើង​អ្នកតានៅភូមិកូនក្អែកមានទំនៀមបែបណាខ្លះ?

ជាប្រក្រតី មុនឡើងអ្នកតា ១៥ ថ្ងៃ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិដែលហៅថា “ចៅមឿង” (តាម​សូរអ្នកស្រុកថា “ជម្មឿង”) តែងតែប្រជុំគ្នាដើម្បីជ្រើសរើសពេលវេលាសមស្របណាមួយប្រារព្ធកិច្ច​នេះឡើង។ គេច្រើនតែភ្ជាប់ពិធីឡើងអ្នកតាជាមួយបុណ្យដារភូមិ (បុណ្យព្រះពុទ្ធសាសនា) ពោល គឺពេលរសៀលថ្ងៃទី១ ចាប់ផ្តើមបុណ្យដារភូមិ និងស្អែកព្រឹកថ្ងៃទី២ ប្រមាណម៉ោង ៩:០០ ព្រឹក ធ្វើកិច្ចឡើងអ្នកតាតែម្តង។ អ្វីដែលទៀងទាត់បំផុត កិច្ចឡើងអ្នកតាតែងប្រារព្ធនៅពេលប្រមូល​ផលស្រូវរួចរាល់ ក្នុងរវាងខែមិគសិរ (មាឃតូច) ឬយ៉ាងយូរបំផុតត្រឹមដើមខែបុស្ស ហើយមិនអាច​ជ្រើសរើសថ្ងៃណាផ្សេងក្រៅអំពីថ្ងៃសៅរ៍ឡើយ (យូរៗម្តងគេយកថ្ងៃអង្គារ) ព្រោះគេមានជំនឿថា​ថ្ងៃទាំងពីរនេះជាថ្ងៃរឹង ឬថ្ងៃដែលអមនុស្សអាចចេញមកជួបមនុស្សបាន។ ដូច្នេះ បានន័យថា ការ​រើសពេលវេលាប្រារព្ធកិច្ចឡើងអ្នកតារបស់ជនជាតិកួយខុសពីខ្មែរ ដែលខ្មែរតែងនិយមប្រារព្ធនៅ​ខែមាឃធំ ឬខែចេត្រ។ ការដែលជនជាតិកួយប្រារព្ធកិច្ចនេះមុនជនជាតិខ្មែរ ទំនងវាពាក់ព័ន្ធទៅ​នឹងរបៀបរបបធ្វើចម្ការរបស់កួយខុសពីខ្មែរ។ កាលពីដើមមកជនជាតិកួយគេនិយមដាំ​ស្រូវចម្ការវិលជុំ។ តាមទំនៀម ពួកគេចាប់ផ្តើមត្រួសត្រាយ ឆ្ការ និងដុតព្រៃ ដើម្បីដាំ​ស្រូវចាប់ពីខែមាឃរហូតឱ្យចប់សព្វគ្រប់នៅចុងខែផល្គុនតាមទំហំចម្ការតូចឬធំ។ គេប្រឹងប្រែង​ធ្វើយ៉ាងណាឱ្យការឆ្ការព្រៃរួចរាល់នៅមុនខែចេត្រ ព្រោះគេជឿថានៅក្នុងខែចេត្រតែងតែក្តៅខ្លាំងងាយស្រួលដុត និងមាន​ភ្លៀងកក់ខែ។ ការដាំស្រូវចម្ការត្រូវប្រើរយៈពេលរហូតដល់ ៦ ខែ ទើបទទួលបានផល ដូច្នេះហើយ​ មានន័យថា ទាល់តែដល់ខែអស្សុជ ឬកត្តិកទើបគេអាចប្រមូលផលស្រូវបាន​ ទើបបានជាគេជ្រើស​រើសយកខែមិគសិរ (មាឃតូច) ឬខែបុស្សជាពេលប្រារព្ធកិច្ចឡើងអ្នកតា។ ខ្ទមអ្នកតានៅក្នុងភូមិ​កូនក្អែកមាន ២ កន្លែងសំខាន់ៗ ដែលខ្ទមមួយនៅជិតភូមិបង្កើយ​ហៅថា “ទ្វារស្រុក” និងខ្ទមមួយ​ទៀតនៅកណ្តាលព្រៃឆ្ងាយពីភូមិប្រមាណ ១ គីឡូម៉ែត្រហៅថា “ចាស់ស្រុក”“អ្នកតាគុម្ពោត​ភ្លង” ហើយតាមទំនៀម គេធ្វើកិច្ចឡើងអ្នកតានៅព្រៃអ្នកតាគុម្ពោត​ភ្លងតែមួយប៉ុណ្ណោះ រីឯខ្ទមទ្វារស្រុក​គេគ្រាន់តែសែនព្រេនតិចតួចបន្ទាប់ពីចប់កិច្ចនៅខ្ទមចាស់ស្រុក។

ក្នុងថ្ងៃធ្វើកិច្ចពេលព្រឹក អ្នកភូមិចាស់ក្មេងប្រុសស្រីមកជួបជុំគ្នានៅសាលាឆទានដើមភូមិ ដើម្បីរៀបចំស្លាធម៌ និងប្រដាប់ប្រដាផ្សេងៗ។ អ្នកមកចូលរួមកាន់នំនាលិ នំអន្សមស្លឹកផ្អាវ (ឬហៅ​ម្យ៉ាងទៀតថានំស្បង់) បន្លែ ត្រី សាច់ គ្រឿងស្លស្លុក ដើម្បីធ្វើម្ហូបថ្វាយអ្នកតានៅ​ពេលប្រារព្ធពិធី។ កាន់តែពិសេសជាងនេះ គេត្រូវកាន់មកជាមួយនូវបាយស្រូវ ឬហៅថាព្រលឹង​ស្រូវ ដែលជានិមិ្មតរូបតំណាងឱ្យស្រូវ ផ្សំពីស្លឹកឈើនិងស្មៅព្រៃមួយចំនួន និងមានដោតលាច (ស្រូវដែលលីងហើយ) រួមជាមួយនំនាលិនិងនំអន្សមស្លឹកផ្អាវផង។ ជាទូទៅ បាយស្រូវ ឬព្រលឹងស្រូវ គេធ្វើអំពីស្មៅសសិត (ត្រសិត) ទំនងដោយសារតែស្មៅមួយប្រភេទនេះ មានរូបរាងដូចស្រូវ ខ្លះទៀតនិយមយកយកដើមសណ្តែកព្រៃមកធ្វើ (អាចជានិម្មិតរូបតំណាងភោគផលដំណាំ សណ្តែក, ល្ង, ដំឡូង) និងអ្នកខ្លះទៀតយកដើមទន្សែមកធ្វើ ព្រោះវាអាចរក្សាទុកបានយូរ។ ចំណែក លាចដែលគេដោតត្រូវតែពត់ពែនវាឱ្យឱន ក្នុងគំនិត​ថា សូមឱ្យភោគផលស្រូវទទួលបានបរិបូណ៌ (ស្រូវដែលឱន គឺដាក់គ្រាប់ពេញល្អ)។

រៀបចំចប់សព្វគ្រប់ហើយ​​​ គេចាប់ផ្តើមដង្ហែមនុស្សទៅកាន់ព្រៃអ្នកតាគុម្ពោតភ្លង​ ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ (ពីមុនគេដង្ហែដោយថ្មើរជើង) ហើយអ្នកចូលរួមក្មេងចាស់ប្រុសស្រីដៃកាន់​បាយ​ស្រូវ ឬព្រលឹងស្រូវ ដើម្បីយកទៅសុំពរជ័យពីអ្នកតា។ កិច្ចជាបន្តបន្ទាប់ចាប់ផ្តើមឡើងនៅខ្ទមអ្នកតាគុម្ពោតភ្លង ដែលខ្ទមធ្វើអំពីថ្ម មានសសរឈើ ២ ដើមនៅខាងមុខ (ខ្លះហៅថាសសរចម្រើនលោកតា សម្រាប់ដោតស្លាធម៌ព្រៃ) ហើយបាយស្រូវ​ ឬព្រលឹងស្រូវដែលបានកាន់មក គេពុំបានដោតនៅកន្លៀតណានោះទេ គឺឱ្យក្មេងៗកាន់ជាប់នឹងដៃ។ យើងសង្កេតឃើញថា បែបបទនៃកិច្ចអាចចែកចេញជា ៣ ដំណាក់កាលសំខាន់ៗ រួមមាន កិច្ចសែនព្រេន កិច្ចបញ្ជាន់រូប និងកិច្ចដង្ហែព្រលឹងស្រូវ។ ជម្មឿង (អ្នករៀបចំកិច្ច) សុទ្ធសឹងជាបុរសវ័យចំណាស់ (៥ នាក់) ចាប់ផ្តើមរៀបចំកិច្ចសែនព្រេន ដែលសំណែននៅលើស្ពកមានដូចជា មាន់ស្ងោរ, បាយ, ទឹក, សម្ល, ចេក, ម្លូ, ស្លា, ស្រា, បារី, ទឹកក្រូច, នំនាលិ, នំអន្សមស្លឹកផ្អាវ រួមជាមួយស្លាធម៌ ២ គូ (ស្លាធម៌ដូង ២, ស្លាធម៌ចេក ២។ រូបស្នង (អ្នកជាន់រូប) មានតែម្នាក់ប៉ុណ្ណោះ ជាស្រ្តីចំណាស់ម្នាក់ដែលមាន​ស្រុកកំណើតនៅភូមិកូនក្អែកផ្ទាល់ (លោកយាយយន) តែសព្វថ្ងៃរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយរៀងរាល់ពេលឡើងអ្នកតាអ្នកភូមិតែងអញ្ជើញរូបស្នងមក។ នៅមុខរូបស្នង គេប្រើផ្តិលមាសដាក់អង្ករអុជទៀននិងម្លូស្លាបារីនៅខាងក្នុង ជំនួសដោយការប្រើប្រាស់តោកអារក្សដែលយើងធ្លាប់ឃើញនៅភូមិដទៃទៀត។ ក្នុង​ពេលបញ្ជាន់រូប​ រូបស្នងយកដៃទាំងពីរកញ្ជ្រោកលើផ្តិលមាសដើម្បីឱ្យអ្នកតាចូលសណ្ឋិត ដោយមានចាំបាច់ត្រូវមានការប្រគុំភ្លេងនិងច្រៀងថ្វាយអ្នកតា ទើបអ្នកតាអាចចូលសណ្ឋិត ហើយក្រុមវង់ភ្លេងអារក្សសុទ្ធសឹងជាមនុស្ស​ប្រុសរស់នៅក្នុងភូមិផ្ទាល់ រួមមាន អ្នកលេងស្គរអារក្ស ៣ នាក់, ទ្រអ៊ូ ១ នាក់ និងតាខេ ១ នាក់ (មិនមានអ្នកលេងប៉ី)។ ចម្រៀងទាំងអម្បាលម៉ាន ច្រៀងជាភាសាខ្មែរដូចបទចម្រៀងអារក្សដែលយើងតែងឃើញស្ទើរគ្រប់ភូមិដែរ។ បន្ទាប់ពីអ្នកតាចូលសណ្ឋិតហើយ អ្នកជាន់រូបចាប់ផ្តើមរាំរែកនៅមុខខ្ទម ហើយស្នំ (អ្នកឆ្លើយឆ្លងជាមួយអ្នកតា) ក៏ចាប់ផ្តើមប្រាប់អំពីកង្វល់របស់កូនចាបកូនព្រាបដល់អ្នកតា ដើម្បីសូមឱ្យអ្នកតាតាមជួយថែរក្សា ប្រោះព្រំ កម្ចាស់ឧបទ្រព្យចង្រៃ និងសូមឱ្យមានភោគផលកសិកម្មពេញបរិបូណ៌ដល់កូនចៅនៅ   រដូវបន្ទាប់ (ស្រូវ សណ្តែក ល្ង ពោត ដំឡូង ….)។

កិច្ចចុងបញ្ចប់ គឺការដង្ហែព្រលឹងស្រូវជុំវិញខ្ទមអ្នកតាចំនួន ៣ ជុំ។ ក្នុងពេលដង្ហែ ជម្មឿងជាអ្នកដង្ហែនាំមុខគេ ដែលដៃប្រដាប់ដោយថាសមួយមានគ្រាប់ពូជស្រូវ ល្ង សណ្តែក ដំឡូង និងម្នាក់ទៀតកាន់ល្អីដាក់នំនាលិនិងនំអន្សមស្លឹកផ្អាវ ដើម្បីព្រោះ និងចែកល្បាយពេលដង្ហែ។ ការព្រោះគ្រាប់ពូជធញ្ញជាតិទាំងនេះ ក្នុងគំនិតសូមឱ្យឆ្នាំក្រោយទៀតមានតែភាពរីកចម្រើន​ និងសូមឱ្យមានភោគផលកសិកម្មឱ្យពេញបរិបូណ៌។ អ្នកនៅពីក្រោយ គឺជាស្នំ ក្មេងចាស់ប្រុសស្រីដែលបានអញ្ជើញមកចូលរួម​ ហើយដៃក្មេងៗគ្រប់គ្នា សុទ្ធសឹងកាន់ព្រលឹងស្រូវ។ កាន់តែពិសេសជាងនេះ យើងឃើញមាន​បុរសចំណាស់ម្នាក់ (ជម្មឿង) ឈរនៅខាងមុខខ្ទមអ្នកតា ក្នុងតួនាទីជាអ្នកឆ្លើយឆ្លងជាមួយក្រុមអ្នក​ដង្ហែព្រលឹងស្រូវរៀងរាល់មួយជុំម្តង។ ពាក្យពេជន៍ណែងណងរវាងបុរសចំណាស់​និងអ្នកដង្ហែព្រលឹងស្រូវ គឺ៖

បុរសចំណាស់៖          តើអស់លោកអញ្ជើញទៅណាទៅណី?

អ្នកដង្ហែ៖                  ពួកខ្ញុំមកឡើងអ្នកតាដើម្បីសូមឱ្យមានសេចក្តីសុខ និងចម្រើនស្រូវឱ្យមានពេញបរិបូណ៌

បុរសចំណាស់៖          ជ័យហង?

អ្នកដង្ហែ៖                  ជ័យ

បុរសចំណាស់៖          សុខហង?

អ្នកដង្ហែ៖                  សុខ

បុរសចំណាស់៖          បើសុខមានអ្វីជាបន្ទល?

អ្នកដង្ហែ៖                  មាត់

បុរសចំណាស់៖          មានអីជាប្រាកដ?

អ្នកដង្ហែ៖                  ហ៊ោ!!!១

បន្ទាប់ពីដង្ហែចប់សព្វគ្រប់ កិច្ចឡើងអ្នកតាទាំងមូលក៏ដល់ពេលបញ្ចប់ដូចគ្នា។ បាយស្រូវ ឬព្រលឹងស្រូវទាំងអម្បាលម៉ាន គេត្រូវកាន់យកទៅផ្ទះរៀងៗខ្លួន ដើម្បីទុកដោតនៅក្នុងច្រមនៃសសរកន្លោង (អ្នកស្រុកហៅថា “ព្រះទល់” គឺព្រះជាអ្នកទ្រទ្រង់ថែរក្សាផ្ទះ) (រូបលេខ១៤) ហើយខ្លះទៀតយកទៅដោតសៀតជាប់នឹងចន្លោះការ៉ុងស្រូវនៅក្នុងជង្រុក។ ការយកបាយស្រូវ ឬព្រលឹង​ស្រូវទៅដោតនៅសសរកន្លោង ឬនៅការ៉ុងក្នុងជង្រុកស្រូវបែបនេះ ក្នុងន័យថា ផលដែលបានពីការប្រោះព្រំដោយអ្នកតា សូមឱ្យមានតែសេចក្តីសុខចម្រើន និងភោគផលស្រូវសម្បូណ៌ហូរហៀរ​នៅឆ្នាំក្រោយទៀត។ ជាទូទៅ បាយស្រូវ ឬព្រលឹងស្រូវដែលដោតជាប់នឹងច្រម (ព្រះទាល់) នេះ គេ​ទុករហូតដល់ពេលឡើងអ្នកតាឆ្នាំក្រោយទៀត ទើបគេប្តូរថ្មី។

ជារួមមក កិច្ចឡើងអ្នកតានៅភូមិកូនក្អែក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបង្ហាញឱ្យ​ឃើញអំពីការបន្តប្រណិប័តន៍ប្រពៃណីបុរាណពីមួយជំនាន់ទៅមួយជំនាន់ទៀតទៅតាមបែបផែន​មួយដែលដូចកន្លែងផ្សេងខ្លះ និងខុសកន្លែងផ្សេងខ្លះ។ រឿងដែលសំខាន់ដែលគេប្រារព្ធកិច្ចនេះឡើង គឺពាក់ព័ន្ធទៅនឹងកង្វល់ក្នុងការធ្វើកសិកម្ម (ដាំស្រូវចម្ការ, ល្ង, ដំឡូង, ពោត) ពោល គឺសូម​ឱ្យមានសេចក្តីសុខ មានទឹកភ្លៀងគ្រប់គ្រាន់នៅរដូវបន្ទាប់ និងសូមឱ្យភោគផលកសិកម្មទាំងឡាយ​បានបរិបូណ៌គ្រប់គ្រាន់។ អ្វីដែលគួរកត់សម្គាល់ចំណុចខុសគ្នារវាងកិច្ចឡើងអ្នកតានៅភូមិកូនក្អែក (បែបជនជាតិកួយ) គឺខុសពីកិច្ចឡើងអ្នកតានៅភូមិផ្សេងៗទៀតត្រង់ថា កិច្ចនេះពុំមានបញ្ជូនពែ (ប្រដាប់ធ្វើដោយស្រទបចេកសម្រាប់ដាក់សំណែនឱ្យអមនុស្ស) និងសង្ឃឹកដូចភូមិផ្សេងឡើយ។

អត្ថបទដោយ៖ លោក ស្រី សមប៊ុនណារ៉ុង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!