ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មីនៅទួលប្រាសាទគោកត្រពាំងកក់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ...

សិលាចារឹករកឃើញថ្មីនៅទួលប្រាសាទគោកត្រពាំងកក់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ការរកឃើញសិលាចារឹកថ្មីនៅទួលប្រាសាទគោកត្រពាំងកក់ តាមរយៈលោក យាន យ៉ា ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរ វប្បធម៌ វិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ លោកប្រទះឃើញសិលាចារឹកថ្មីនេះក្នុងអំឡុងពេលចុះពិនិត្យ និងផ្ទៀងផ្ទាត់ទំហំដែនការពារបុរាណដ្ឋាន ហើយសិលាចារឹកនេះបាក់បែកច្រើនបំណែក ដោយសារតែការភ្ជួររាស់ដីដោយត្រាក់ទ័រ។ ទួលប្រាសាទគោកត្រពាំងកក់ មានទីតាំងស្ថិតនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តើសិលាចារឹកដែលរកឃើញថ្មីនៅទួលប្រាសាទគោកត្រពាំងកក់មានអត្ថន័យ និងខ្លឹមសារបែបណាខ្លះ?

សិលាចារឹកនេះ ជាប្រភេទអត្ថបទដែលដកស្រង់ចេញពីគម្ពីរព្រះពុទ្ធសាសនាបែបថេរវាទ ឬហិនយាន។ សិលាចារឹកនេះមានខ្លឹមសារដូចគ្នាទាំងស្រុងជាមួយសិលាចារឹកដែលធ្លាប់បានរកឃើញកន្លងមកនៅតាមស្ថានីយបុរាណវិទ្យាជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ហើយសូម្បីស្ថានីយមួយចំនួនដែលធ្លាប់ជាអតីតទឹកដីកម្ពុជា ត្រង់ភាគខាងត្បូងប្រទេសវៀតណាម និងមួយផ្នែកធំនៃ​ប្រទេសថៃបច្ចុប្បន្នក៏ធ្លាប់រកឃើញសិលាចារឹករបៀបនេះដូចគ្នា។ ប៉ុន្តែ រាល់អត្ថបទដែលបានរកឃើញសុទ្ធសឹងជាសំណេរដែលចារឹកឡើងនៅស.វ.ទី៧ ប៉ុណ្ណោះ។ ឧទាហរណ៍ សិលាចារឹកទួលព្រះធាតុ (K.820), សិលាចារឹកអង្គរបុរី (K.1355), សិលាចារឹកលើសន្លឹកមាសរកឃើញនៅអូរកែវ (វៀតណាម) សិលាចារឹកយេធម្មានៅមឿងស៊ីថេប សិលាចារឹកមឿងសេមា សិលាចារឹកសាលចៅ សិលាចារឹកវត្តផ្លេង (ឃុំលំដិន ស្រុកមឿង ខេត្តរាជបុរី ប្រទេសថៃ), អក្សរចារឹនៅលើឥដ្ឋនៅអាំផឺ    អ៊ូថង ខេត្តសុវណ្ណបុរី ប្រទេសថៃ, សិលាចារឹកមឿងព្រហ្មថិន ។ល។ សិលាចារឹកដែលរកឃើញកន្លងមក ខ្លះចារឹកឡើងជាភាសាសំស្ក្រឹត ខ្លះភាសាបាលី និងខ្លះទៀតចារឹកដោយល្អៀងពីភាសាសំស្ក្រឹត និងភាសាបាលី។ អ្វីដែលគួរឱ្យគួរកត់​​សម្គាល់ជាពិសេសនោះគឺ សិលាចារឹកដែលរកឃើញថ្មីនៅទួលប្រាសាទគោកត្រពាំងកក់ គឺជាអក្សរចារឹកលើកដំបូង ដែលរៀបរាប់អំពីធម៌ក្នុងព្រះពុទ្ធសាសនាថេរវាទដែលចារឹកនៅសម័យអង្គរ រវាងស.វ.ទី១១។ ដូច្នេះ  គំហើញសិលាចារឹកនៅទួលប្រាសាទត្រពាំងកក់  គឺជាតឹកតាងថ្មីមួយដែលអាចបញ្ជាក់ថានៅតំបន់ដែលរកឃើញនេះធ្លាប់មានការប្រណិប័តន៍ព្រះពុទ្ធសាសនាថេរវាទតាំងពីសម័យអង្គរមកម្ល៉េះ។ 

សិលាចារឹកទួលប្រាសាទគោកត្រពាំងចំបក់ចារឹកនៅលើថ្មភក់ មានចំនួន ៦ បន្ទាត់ ដោយបន្ទាត់ផ្ទៃទទឹងមានចំនួន ២ បន្ទាត់ និងបន្ទាត់ឈរបណ្តោយមានចំនួន ៤ បន្ទាត់។ នៅត្រង់ផ្នែកខាងចុងបានបាក់បែកជាផ្នែកៗ តែអក្សរនៅអាចអានបាន និងអាចបំពេញត្រង់ផ្នែកដែលបានបាត់ដានទាំងស្រុង ព្រោះខ្លឹមសារសំណេរជាទូទៅដូចគ្នា។ យើងសង្កេតឃើញថា ទោះបីសិលាចារឹកនេះជាប្រភេទទស្សនវិជ្ជាជាន់ខ្ពស់នៃព្រះពុទ្ធសាសនាថេរវាទក៏ដោយ តែភាសាដែលបានយកមកប្រើប្រាស់នៅក្នុងសិលាចារឹកទួលប្រាសាទគោកត្រពាំងកក់ គឺប្រើប្រាស់ភាសាសំស្រ្កឹតទៅវិញ។ ចំណុចនេះអាចសបញ្ជាក់ឱ្យឃើញថា ទោះបីជាព្រះពុទ្ធសាសនានិកាយថេរវាទ ប្រើប្រាស់ភាសាបាលីជាផ្លូវការក្តី តែនៅសម័យអង្គរនិកាយនេះក៏មានប្រើប្រាស់ភាសាសំស្រ្កឹតដូចព្រះពុទ្ធ​សាសនាមហាយាន និងព្រះពុទ្ធសាសនាវជ្រយានដែរ។ ជាទូទៅ អត្ថបទធម៌ព្រះពុទ្ធសាសនានិកាយថេរវាទ មិនមែនជាការនិពន្ធនោះឡើយ ពោល គឺច្រើនតែជាអត្ថបទដកស្រង់ចេញពីពុទ្ធ   វចនៈ ដែលជាបណ្តូលធម៌ ឬធម៌កំពូលរបស់ព្រះពុទ្ធ និងជាគោលទ្រឹស្តីផលបដិច្ចសមុត្បាត អរិយសច្ចធម៌ សម្មាមគ្គ អដ្ឋង្គិកធម៌ ដែលជាមាគ៌ាទៅកាន់មគ្គផលនិព្វាន។ ទោះបីជាយ៉ាងណា ស្លោកដែលចារឹកឡើងនៅលើសិលាចារឹករកឃើញថ្មីនៅទួលប្រាសាទគោកត្រពាំងចំបក់ ជាអត្ថបទដកស្រង់ចេញពីវិន័យបិដកមហាវគ្គ មហាខន្ធកៈ ត្រង់ព្រះអស្សជិជាភិក្ខុទើបនឹងបួសថ្មីថ្មោងពោលជាមួយមាណពកំលោះនាមថា “ឧបតិស្ស (សារីបុត្រ)” ដែលតែងតែស្វែងរកចំណេះដឹង និងកំពូលធម៌ជាមួយមិត្តភក្តិម្នាក់ទៀតរបស់គាត់មាននាមថា “កោលិត” ហើយក្រោយមកគេស្គាល់ថាជាព្រះមហាមោគ្គលាន។

អត្ថបទពាក្យចារឹក

បន្ទាត់ឈរទទឹង

១.       យេ ធម៌្មា ហេតុប្រភវាះ

២.       តេឞាំ ហេតុំស្តថាគតោហ្យវទត៑

បន្ទាត់ឈរបណ្ដោយ

១.       យេ ធម៌្មា ហេតុប្រភវាះ

៤.       យេឞាំ ហេតុំ តថាគតោហ្យ

៥.       យេ ឞាញ្ចយោនិ………….

៦.       ឯវំ វាទី មហា………………..

អត្ថបទកែសម្រួល

បន្ទាត់ឈរទទឹង

១.       យេ ធម៌្មា ហេតុប្រភវាះ

២.       តេឞាំ ហេតុំស្តថាគតោហ្យវទត៑

បន្ទាត់ឈរបណ្ដោយ

១.       យេ ធម៌្មា ហេតុ[ប្រភវាះ]

២.       យេឞាំ ហេតុំ [តថាគតោហ្យវទត៑]

៣.      យេ ឞាញ្ចយោនិ[រោធោ ច]

៤.       ឯវំ វាទី មហា[ឝ្រមណោ]។

បំណកប្រែ

ធម៌ទាំងឡាយកើតឡើងអំពីហេតុបច្ច័យ ព្រះតថាគត (ព្រះពុទ្ធ) ទ្រង់ត្រាស់សម្តែងនូវប្រភពនៃហេតុនៃធម៌ទាំងឡាយនោះ។

ធម៌ទាំងឡាយកើតឡើងអំពីហេតុបច្ច័យ ព្រះតថាគត (ព្រះពុទ្ធ) ទ្រង់ត្រាស់សម្តែងនូវប្រភពនៃហេតុនៃធម៌ទាំងឡាយនោះ។ ការរលត់ទៅនៃធម៌ដែលជាហេតុនោះផង នេះជាវាទ (ការពោល) របស់ព្រះមហាសមណ: (ព្រះពុទ្ធ)។           

ជារួមមក សិលាចារឹករកឃើញថ្មីនៅទួលប្រាសាទគោកត្រពាំងកក់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺជាគំហើញមួយថ្មីដែលបង្ហាញឱ្យឃើញថា ធម៌កំពូលរបស់ព្រះពុទ្ធសាសនា​និកាយថេរវាទដែលគេនិយមចារឹកនៅស.វ.ទី៧ ក៏មានចារឹកនៅសម័យអង្គរ (ស.វ.ទី១១) ដែរ។ តឹកតាងថ្មីនេះ បង្ហាញឱ្យឃើញថា តំបន់រកឃើញសិលាចារឹកនេះកាលពីសម័យអង្គរ ទំនងជាតំបន់ដែលមានកិច្ចប្រណិប័តន៍ព្រះពុទ្ធសាសនាថេរវាទយ៉ាងរឹងមាំដូចព្រះពុទ្ធសាសនាវជ្រយាន​ដូច្នោះដែរ។ លើសពីនេះ យើងដឹងព័ត៌មានថ្មីមួយថា មនុស្សនៅសម័យអង្គរបានប្រើប្រាស់ភាសាសំស្រ្កឹតនៅក្នុងព្រះពុទ្ធសាសនាថេរវាទដូចនិកាយមហាយាន និងវជ្រយានដែរ បើទោះបីនិកាយថេរវាទប្រើប្រាស់ភាសាបាលីជាគោលក៏ដោយ។

—————-

Kok Trapeang Kak Inscription

In late January 2025, Mr. Yean Yar, Chief of the Heritage Office, Oddor Mean Chey Provincial Department of Culture and Fine Arts, found a new inscription at Toul Prasat Kok Trapeang Kak Temple, situated in Chheu Slap village, Kok Khpous commune, Banteay district, Oddar Meanchey province. The inscription is a fragmentary sandstone tablet inscribed in Sanskrit. It is possible that the inscription was inscribed in the 11th century. It describes the supreme Dharma in Theravada Buddhism, taken from the Mahâvagga and Mahâkhandhakaḥ, the Great Discipline of the Pitaka, where the newly ordained monk, Assaji, was spoken with a young man named “Upatissa (Sârîputra)” who is always seeking knowledge and the supreme Dharma with another friend of his named “Kolita”, who later became known as the God Mahâmoggalâna.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!