ប្រាសាទភ្នំទទុង មានទីតាំងស្ថិតនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ហើយជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅក្នុងខេត្តកំពតដែលបុព្វបុរសជំនាន់មុនកសាងឡើងនៅក្នុងរូងភ្នំ។ ប្រាសាទនេះធ្លាប់បានសិក្សាស្រាវជ្រាវដោយអ្នកជំនាន់មុនជាច្រើនរូបមកហើយ ជាពិសេស គឺការសិក្សាដំបូងៗដោយអ្នកស្រាវជ្រាវបារាំង ដូចជា លោក Etienne Aymonier លោក Lunet De Lajonquière លោក Henri Parmentier លោក Pierre Dupont លោក Goerge Coedès ជាដើម។ យោងទៅតាមឯកសារចាស់ៗ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទនេះថា “ភ្នំទទឹង” ឬខ្លះហៅថា “គុហាព្រះ” ប៉ុន្តែសព្វថ្ងៃអ្នកស្រុកច្រើនហៅថា “ភ្នំទទុង”។ តើប្រាសាទនេះមានលក្ខណៈបែបណាខ្លះ និងទំនងសាងសង់ឡើងនៅស.វ.ទីប៉ុន្មាន?
ប្រាសាទភ្នំទទុង កសាងឡើងអំពីឥដ្ឋពាក់កណ្តាល និងថ្មបាយក្រៀមពាក់កណ្តាល (ផ្នែកខឿននិងតួសាងអំពីថ្មបាយក្រៀម និងផ្នែកដំបូលសាងអំពីឥដ្ឋ) ស្ថិតនៅក្នុងរូងភ្នំថ្មកំបោរមួយ។ ប្រាសាទនេះមានរាងបួនជ្រុងទ្រវែងប្រវែង ៤ x ៦ ម៉ែត្រ ហើយផ្នែកខាងមុខមានយ៉លយមកខាងកើតបន្តិច។ ចំណែកផ្នែកដំបូល គឺមិនខុសគ្នាពីប្រាសាទភ្នំឈ្ងោកឡើយ ពោល គឺធ្វើឡើងជាថ្នាក់ៗមានទម្រង់ជាប្រាសាទបែបដ្រាវិទដែលទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាខាងត្បូង។ ដោយឡែក នៅផ្នែកខាងក្នុងប្រាសាទ អ្នកស្រាវជ្រាវសង្ស័យថា ប្រហែលពីមុនមកគេកសាងប្រាសាទនេះគ្របពីលើលិង្គធម្មជាតិមួយដែលជាប្រភេទថ្មកំបោរ ព្រមទាំងមានសោមសូត្រ (ចង្អូរបង្ហូរទឹក) នៅជ្រុងខាងជើងផង ដែលករណីនេះធ្លាប់ឃើញនៅប្រាសាទភ្នំឈ្ងោក និងប្រាសាទជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ នៅប្រាសាទភ្នំទទុង គេប្រទះឃើញបំណែកផ្តែរទ្វារមួយ ដែលចម្លាក់ផ្នែកខាងលើបានរលុបអស់ហើយ ប៉ុន្តែផ្នែកខាងក្រោមនៅរក្សាភាពដើមបានល្អ។ ផ្នែកខាងក្រោមជាចម្លាក់រំយោលផ្កា និងកម្រងមាលាឆ្លាស់គ្នា ដែលមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងរចនាបថសំបូរព្រៃគុក និងរចនាបថព្រៃក្មេង (ចុងស.វ.ទី៦ ដល់រវាងពាក់កណ្តាលស.វ.ទី៧)។
នៅប្រាសាទភ្នំទទុង គេធ្លាប់រកឃើញគោលសិលាចារឹកមួយចុះបញ្ជីលេខ K.45 មានចំនួន ៥០ ស្លោក (ស្មើនឹង ១០១ បន្ទាត់) ចារឹកនៅចុងស.វ.ទី៩ ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ សិលាចារឹកនេះ ជាប្រភេទសិលាចារឹកដែលប្រើប្រាស់អក្សរ ២ បែប គឺអក្សរខ្មែរបុរាណ និងអក្សរទេវនាគរី ហើយគេប្រទះឃើញប្រមាណ ២០ ផ្ទាំង នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែមានតែក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ប៉ុណ្ណោះ។ ចំពោះ ខ្លឹមសារសិលាចារឹកភ្នំទទុង គឺស្ទើរតែដូចគ្នាទាំងស្រុងជាមួយខ្លឹមសារសិលាចារឹកប្រមាណ ២០ ផ្ទាំងផ្សេងទៀត ដែលបានរកឃើញនៅទូទាំងប្រទេសកម្ពុជា ពោល គឺរៀបរាប់អំពីការថ្វាយបង្គំព្រះ និងកសាងទេពតម្កល់នៅអាស្រម។ ហេតុដូច្នោះហើយ ប្រសិនបើយកសិលាចារឹកដែលរកឃើញនេះមកកំណត់អាយុកាលរបស់ប្រាសាទ គឺមិនអាចត្រឹមត្រូវឡើយ ដ្បិតប្រាសាទកសាងឡើងសម័យមុន ប៉ុន្តែគោលសិលាចារឹកគេយកមកតម្កល់នៅសម័យក្រោយ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងកំណត់កាលបរិច្ឆេទទៅលើរូបរាងប្រាសាទ និងក្បាច់លម្អនៅលើផ្តែរទ្វារ គេអាចប៉ាន់ស្មានថា ប្រាសាទភ្នំទទុងអាចកសាងឡើងនៅរវាងពាក់កណ្តាលស.វ.ទី៦ ដល់រវាងពាក់កណ្តាលស.វ.ទី៧ ពោល គឺចុងរចនា បថភ្នំដា ឬរចនាបថសំបូរព្រៃគុក ឬរចនាបថព្រៃក្មេង។ អាយុកាលនេះ គឺមានភាពស៊ីសង្វាក់គ្នាជាមួយព័ត៌មានដែលបានរកឃើញតាមរយៈសិលាចារឹកនៅប្រាសាទគុហាហ្លួងដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទភ្នំទទុងឡើយ។ សិលាចារឹកប្រាសាទគុហាហ្លួង K.44 ចារឹកនៅមហាសករាជឆ្នាំ៥៩៦ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៦៧៤ ត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) ដែលរៀបរាប់អំពីព្រះរាជបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី១ បញ្ជាឱ្យធ្វើតង្វាយថ្វាយដល់ទេព “ព្រះកម្រតាងអញស្រីឧត្បន្នេស្វរ” ហើយនៅបន្ទាត់ទី១០ មានរៀបរាប់រំឭកអំពីតង្វាយដែលគេថ្វាយដល់ទេពតាំងពីរជ្ជកាលព្រះបាទរុទ្រវរ្ម័ន (គ.ស.៥១៥ – ៥៥០)។ ដូច្នេះហើយ ព័ត៌មាននេះអាចបញ្ជាក់ថា ប្រាសាទមួយចំនួនដែលស្ថិតនៅក្នុងរូងភ្នំនៅខេត្តកំពត រួមបញ្ចូលទាំងប្រាសាទភ្នំទទុងផង អាចជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍មនុស្សតាំងពីរវាងពាក់កណ្តាលស.វ.ទី៦ ដល់រវាងពាក់កណ្តាលស.វ.ទី៧ ពោល គឺអាចចាប់ពីរជ្ជកាលព្រះបាទរុទ្រវរ្ម័ន រហូតដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី១។
ជារួមមក ប្រាសាទភ្នំទទុង ទំនងជាប្រាសាទមួយដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ក្នុងនិកាយសៃវ ដែលអាចចាត់ទុកថាជាសំណង់ក្នុងរូងភ្នំដែលមានអាយុកាលចំណាស់មួយប្រហាក់ប្រហែលប្រាសាទភ្នំឈ្ងោកដែរ។ ការសន្និដ្ឋានបែបនេះ ដោយយោងទៅលើស្លាកស្នាមនៅខាងក្នុងប្រាសាទ ដែលគេសង្ស័យថាជាលិង្គធម្មជាតិ (ស្វយម្ភូលិង្គ)។ ចំពោះអាយុកាលរបស់ប្រាសាទនេះ យើងពុំអាចផ្តល់អាយុកាលជាក់លាក់ណាមួយបានឡើយ តែយើងអាចសន្និដ្ឋានបានថា ប្រាសាទភ្នំទទុង ទំនងកសាងឡើងនៅរវាងពាក់កណ្តាលស.វ.ទី៦ ដល់ពាក់កណ្តាលស.វ.ទី៧ ពោល គឺចាប់ពីរវាងចន្លោះរជ្ជកាលព្រះបាទរុទ្រវរ្ម័ន (គ.ស.៥១៥-៥៥០) ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (ឆ្នាំ៦៥៧-៦៨១) ដែលអាយុកាលនះស្ថិតនៅក្នុងរចនាបថ ៣ គឺរចនាបថភ្នំដា រចនាបថសំបូរព្រៃគុក និងរចនាបថព្រៃក្មេង។ ជាពិសេសទៀតនោះ ទីតាំងនេះនៅតែមានការគោរពប្រណិប័តន៍បន្តនៅសម័យក្រោយ ជាក់ស្តែង គោលសិលាចារឹកមួយដែលបានរកឃើញនៅទីនោះ គឺជាសិលាចារឹករបស់ព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០)។






———————
The Prasat Phnom Totung Temple
The Prasat Phnom Totung Temple is one of various temples in Kampot province built in a cave and it is situated in Chrok Khley village, West Tuk Meas commune, Banteay Meas district, Kampot province. It is a single sanctuary, rectangular, facing to the east, and this tower possibly appears to have been built over a natural Linga. Compared to the Phnom Chhngok shrine, the Phnom Totung Temple is perhaps an ancient cave shrine devoted to Brahmanism in the Saiva sect. The marks inside the temple, which are thought to be natural Linga, serve as the basis for this judgment. We are unable to pinpoint the exact age of this temple, but we can infer that Phnom Totung Temple was constructed in one of three styles—the Phnom Da style, the Sambor Prei Kuk style, or the Prei Khmeng style—between the middle of the sixth and middle of the seventh centuries, from the reign of King Rudravarman (515–550 CE) to that of King Jayavarman I (657–681 CE). Of special note, this shrine was still revered in later eras; for example, an inscription of King Yasovarman I (889–910 CE) was discovered there.
អត្ថបទដោយ៖ លោក ផេង ភារម្យ