ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទស្នែងក្របីខាងជើង

ប្រាសាទស្នែងក្របីខាងជើង

ប្រាសាទស្នែងក្របីខាងជើង មានទីតាំងស្ថិតនៅភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតនៅចម្ងាយប្រមាណ ១,៥ គ.ម. ភាគខាងជើងប្រាសាទស្នែងក្របីខាងត្បូង។ ការដែលអ្នកស្រុកហៅឈ្មោះប្រាសាទនេះថា “ស្នែងក្របីខាងជើង” គឺទំនងផ្តើមចេញពីការមើលឃើញចម្លាក់នៅលើផ្តែរទ្វារនៅប្រាសាទមួយទៀតដែលស្ថិតនៅភាគខាងត្បូង (ប្រាសាទ​ស្នែងក្របីខាងត្បូង) ដ្បិតផ្តែរទ្វារដែលរកឃើញចំនួន ៣ នៅប្រាសាទស្នែងក្របីខាងត្បូង សុទ្ធសឹងតែមានការលម្អក្បាច់ដងធ្នូមានរាងដូចស្នែងក្របី។ ហេតុដូច្នេះហើយ អ្នកស្រុកទំនងប្រៀបប្រដូចក្បាច់ដងធ្នូនេះជាមួយស្នែងក្របី ទើបបានជាគេហៅប្រាសាទនេះថា “ស្នែងក្របី”។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈទូទៅដូចម្តេចខ្លះ?

ប្រាសាទស្នែងក្របីខាងជើង សិក្សាស្រាវជ្រាវដំបូងដោយអ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Etienne Aymonier កាលពីចុងទសវត្សរ៍ ១៨៩០ និងបានបោះពុម្ពផ្សាយនៅឆ្នាំ១៩០២ ហើយនៅពេលនោះលោកបានកត់ឈ្មោះប្រាសាទនេះថា “ប្រាសាទក្បាលក្របី”។ បន្តិចក្រោយមក លោក Lunet De Lajonquière បានសិក្សាឡើងវិញលម្អិតច្រើនជាងមុន ប៉ុន្តែលោកបានកត់ត្រាឈ្មោះប្រាសាទនេះថា “ប្រាសាទស្នែងក្របីខាងជើង”។ ប្រាសាទនេះ មានប្រាង្គចំនួន ៣ បែរមុខទៅទិសខាងកើតធ្វើអំពីថ្មភក់តម្រៀបជួរគ្នារត់ជួរពីអ័ក្សខាងជើងទៅត្បូង ដោយមានច្រកចូលធ្វើអំពីថ្មបាយក្រៀមនៅមុខខាងកើត និងហ៊ុមព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ សំណង់ប្រាង្គទាំងបី សុទ្ធសឹងមានរាងបួនជ្រុងស្មើ ប្រវែង ៤,៤០ ម៉ែត្រ x ៤,៤០ ម៉ែត្រ កម្ពស់ប្រមាណ ៨ ម៉ែត្រ ដោយកសាងឡើងនៅលើខឿនធ្វើពីថ្មភក់ និងមានគម្លាតពីគ្នាប្រវែង ២ ម៉ែត្រ (រូបលេខ១-៤)។ ដោយឡែក នៅទិសខាងកើតប្រាសាទ យើងឃើញមានត្រពាំងបុរាណមួយដែលមានប្រវែង ៣០ ម៉ែត្រ x ៥០ ម៉ែត្រ។

អ្វីដែលគួរកត់សម្គាល់នោះ ប្រាសាទនេះកសាងឡើងមិនទាន់រួចរាល់ទាំងស្រុងនៅឡើយទេ។ ក្នុងនោះ ប្រាង្គកណ្តាល មានតែច្រកចូលនៅទិសខាងកើត រីឯជញ្ជាំងបីទិសផ្សេងទៀតពុំមានលម្អជាទ្វារបញ្ឆោតអ្វីឡើយ ហើយក៏ឥតមានចម្លាក់អ្វីមួយដែរ។ ចំណែក ប្រាង្គខាងជើង មានច្រកចូលនៅទិសខាងកើត និងទិសផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត ប៉ុន្តែប្រាង្គនេះក៏មិនទាន់មានចម្លាក់អ្វីដែរ។ លើកលែងតែប្រាង្គខាងត្បូងប៉ុណ្ណោះដែលបានស្ថាបនាឡើងចប់សព្វគ្រប់ ពោល គឺមានច្រកចូល បន្ទប់តម្កល់ទេព (គភ៌គ្រឹះ) សសរពេជ្ររាងប្រាំបីជ្រុង សសរផ្អោបមានលម្អក្បាច់ស្លឹកឈើ និងមានចម្លាក់ទេពកថានៅតាមផ្តែរទ្វារនិងហោជាងគ្រប់ទិសទាំងបួន។ ចម្លាក់ទាំងនោះ មានរៀបរាប់រឿងរ៉ាវទេពកថាពាក់ព័ន្ធជាមួយព្រះសិវ និងព្រះវិស្ណុ។ តួយ៉ាង ចម្លាក់នៅមុខខាងកើត ត្រង់ផ្តែរទ្វារមានរំលេចចម្លាក់ឧមាមហេស្វរ (រូបលេខ៥) ដែលជាចម្លាក់បង្ហាញអំពីព្រះសិវ និងព្រះនាងឧមាគង់នៅលើគោនន្ទិ។ ក្នុងនោះ ចម្លាក់ព្រះសិវមានព្រះហស្ត ២ ដោយព្រះហស្តស្តាំកាន់ផ្គាំ និងព្រះហស្តឆ្វេងទំនងដាក់ឱបព្រះនាងឧមា និងនៅក្បែរទេពទាំងពីរមានចម្លាក់តួអង្គស្រីម្នាក់កំពុងគោរពដល់ព្រះអង្គ ហើយនៅអមសងខាងមានតួអង្គ ២ នាក់កំពុងឈរកាន់ដំបង ទំនង​ជាមហាកាល និងនន្ទិកេស្វរ ដែលជាអ្នកយាម និងជំនួយការរបស់ព្រះសិវ។ រីឯចម្លាក់នៅលើហោជាង គេរំលេចសាច់រឿងព្រះសិវរាំ ឬហៅតាមសំស្រ្កឹតថា “នាដរាជ” ឬហៅតាមសិលាចារឹកខ្មែរបុរាណថា “កម្រតេងជគតតរាំ” (រូបលេខ៦)។ ចម្លាក់ព្រះសិវរាំនេះ គេបង្ហាញទ្រង់មានព្រះហស្ត ១០ ដែលនៅខាងឆ្វេងមានចម្លាក់ព្រះព្រហ្ម និងព្រះវិស្ណុ និងនៅខាងស្តាំបង្ហាញអំពីចម្លាក់ស្រ្តីម្នាក់មានរាងកាយស្គមស្គាំង ដើមទ្រូងយារធ្លាក់ ដែលគេស្គាល់ឈ្មោះថា “ការៃក្កាល្មមៃយ៌ា” ពោល គឺត្រង់ឈុតដែលព្រះសិវរាំបំផ្លាញសម្រស់នាងពីស្រ្តីដ៏ស្រស់ស្អាតឱ្យប្រែទៅជាស្រ្តីអារក្ស​ដែលមានរូបរាងចំណាស់គួរឱ្យខ្លាច។ ចម្លាក់រឿងឧមាមហេស្វរ និងសិវនាដរាជ ចាប់ផ្តើមពេញនិយមខ្លាំងនៅក្នុងសិល្បៈខ្មែរនៅរវាងចុងស.វ.ទី១០ និងស.វ.ទី១១។

ចម្លាក់នៅមុខខាងត្បូងវិញ ចម្លាក់នៅលើផ្តែរទ្វារបានខូចខាតទាំងស្រុងហើយ ប៉ុន្តែយោងទៅតាមការរៀបរាប់របស់លោក Lunet De Lajonquière បង្ហាញថា មានចម្លាក់ទេពបីអង្គកំពុងឈរតម្រៀបគ្នា ទេពមួយអង្គមានព្រះហស្ត ៤ ដោយព្រះហស្តឆ្វេងផ្នែកខាងក្រោមកាន់ដំបង (ទំនងជាព្រះវិស្ណុ?) ហើយទេពពីរអង្គទៀតរលុបមើលមិនស្គាល់។ ចំណែក នៅលើហោជាងខាងត្បូង គេរំលេចឱ្យឃើញចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោក ដែលរឿងទេពកថានេះពេញនិយមនៅក្នុងសិល្បៈខ្មែរតាំងពីស.វ.ទី៧ មកម្ល៉េះ (រូបលេខ៧)។ ដោយឡែក ចម្លាក់នៅមុខខាងលិច ទាំងចម្លាក់នៅលើផ្តែរទ្វារ និងហោជាងទំនងចង់បង្ហាញអំពីទេពកថារឿងរាមយណ ដ្បិតតួអង្គទាំងអស់នៅក្នុងចម្លាក់ប្រហែលតំណាងឱ្យព្រះរាម ព្រះនាងសីតា ព្រះល័ក្សណ និងតួអង្គស្វាចំនួន ២ ដែលប្រហែលជាសុគ្រីព និងសេនា (រូបលេខ៨)។ រីចម្លាក់ចុងក្រោយនៅមុខខាងជើង ត្រង់ផ្តែរទ្វារបង្ហាញអំពីចម្លាក់ទេពស្រីមួយអង្គដែលមានឋានៈខ្ពង់ខ្ពស់កំពុងអង្គុយនៅចំកណ្តាល (ក៏អាចជាព្រះមហេសីអង្គណាមួយរបស់ព្រះសិវ ឬព្រះវិស្ណុ) និងអម​ដោយអ្នកហែរហមចំនួន ៤ នាក់ ព្រមទាំងមានឥសីទាំងប្រាំពីរកំពុងធ្វើតបៈនៅជួរខាងលើ (ហៅម្យ៉ាងទៀតថា “សប្តស៌ិ”) (រូបលេខ៩)។ ត្រង់ចម្លាក់នៅលើហោជាងវិញ បង្ហាញអំពីទេពកថារឿងព្រះក្រិស្ណទ្រភ្នំគោវធ៌នជួយទប់ជំនន់ទឹកភ្លៀងរបស់ព្រះឥន្រ្ទដើម្បីសង្គ្រោះអ្នកស្រុក និងសត្វពាហនៈ (រូបលេខ១០)។

តាមរយៈការស្រាវជ្រាវកន្លងមក គេពុំធ្លាប់រកឃើញសិលាចារឹកនៅប្រាសាទស្នែងក្របីខាងជើងឡើយ ដូច្នេះដើម្បីកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទ គឺពឹងផ្អែកទាំងស្រុងទៅលើប្រវត្តិសិល្បៈ។ យោងទៅតាមចម្លាក់នៅលើផ្តែរទ្វារ និងហោជាងនៅប្រាង្គខាងត្បូង រួមជាមួយក្បាច់ហោជាងដែលមានរាងទ្រនង់នាគបែបនេះ គឺមានទម្រង់ដូចគ្នាច្រើនទៅនឹងសិល្បៈខ្មែរក្នុងរចនាបថបាភួន។ ហេតុដូច្នេះហើយ យើងអាចសន្និដ្ឋានបានថា ប្រាសាទស្នែងក្របីខាងជើង ទំនងកសាងឡើងនៅក្នុងស.វ.ទី១១ ក្នុងរវាងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩) ឬរជ្ជកាលព្រះបាទស្រីឧទ័យទិត្យវរ្ម័នទី២ (គ.ស.១០៥០ – ១០៦៦)។ ដោយឡែក តួនាទីរបស់ប្រាសាទវិញ ទំនងកសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា​ ដែលជាទូទៅប្រាសាទមានប្រាង្គបីបែបនេះ ចាប់ពីរវាងស.វ.ទី៩មក យើងតែងឃើញគេតម្កល់បដិមាតំណាងឱ្យព្រះសិវនៅក្នុងប្រាង្គ​កណ្តាល និងប្រាង្គសងខាងតម្កល់បដិមាតំណាងឱ្យព្រះព្រហ្ម និងព្រះវិស្ណុ ឧទាហរណ៍ ប្រាសាទភ្នំបូក និងភ្នំក្រោមជាដើម។

—————

The Prasat Snaeng Krabei Khang Cheung Temple is situated in Srae village, Rumdoh Srae commune, Choam Khsant district, Preah Vihear province. The temple consists of three towers of sandstone that are firmly positioned next to each other on an elevated platform, facing to the east, and surrounded by the laterite gate. Only the southern tower has been finished, indicating that the temple is still under construction. The Prasat Snaeng Krabei Khang Cheung Temple was most likely constructed in the Baphuon style in the eleventh century, either during the reign of King Suryavarman I (1002–1049 CE) or King Udayadityavarman II (1050–1066 CE), according to the carvings on the lintels and the pediments of the southern tower. Furthermore, according to the Saiva sect, this shrine may be dedicated to Brahmanism, with statues of Lord Shiva supposed to be housed in the central tower and Lord Brahma and Lord Vishnu in the side towers.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!