សិលាចារឹកថ្មីនេះ រកឃើញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់ ក្នុងអំឡុងពេលកាយដីធ្វើកសិកម្មនៅចម្ងាយប្រមាណ ១ គីឡូម៉ែត្រ ពីទួលពោធិជ្រៃ ហើយបានយកមករក្សាទុកនៅសាលាឃុំស្រែស្តុក។ ខ្ញុំបានទទួលដំណឹងនេះពី ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា។
សិលាចារឹកនេះ ចារឹកនៅលើថ្មភក់ដែលមានរាងជាសន្លឹកបង្គោលសីមា មានខ្នាតរង្វាស់ បណ្ដោយប្រវែង ៦ សង់ទីម៉ែត្រ និងទទឹងប្រវែង ៣ សង់ទីម៉ែត្រ។ អក្សរចារឹករកឃើញនៅទួលពោធិជ្រៃ ចារឹកជាភាសាសំស្ក្រឹតនៅលើផ្ទៃទាំងសងខាងរបស់ស្លឹកសីមា ដែលខ្លឹមសារភ្ជាប់គ្នាពីម្ខាងទៅម្ខាង និងជាប្រភេទកំណាព្យសំស្រ្កឹតបែបអនុស្តុភឆន្ទ (លើកលែងតែស្លោកចុងក្រោយ)។
ជ្រុងទី១ មានចារឹកអក្សរចំនួន ១៦ បន្ទាត់ ស្មើនឹង ៨ ស្លោក ហើយត្រង់ស្លោកទី១ មានបែកបាក់នៅត្រង់គែមខាងស្តាំ ប៉ុន្តែយើងអាចបំពេញត្រង់បែកនោះបាន។ អក្សរចារឹកនៅលើបង្គោលស្លឹកសីមានេះ បានផ្តល់ទិន្នន័យខាងប្រវត្តិសាស្ត្រយ៉ាងច្រើន។ ក្នុងនោះ ត្រង់ស្លោកដំបូងជាប្រណាមស្លោក (ស្លោកគោរពថ្វាយបង្គំ )ថ្វាយបង្គំដល់ព្រះឦសានៈ(ព្រះសិវ) ព្រះវិស្ណុ និងព្រះព្រហ្ម ហើយត្រង់ស្លោកទី២ ពណ៌នាអំពីព្រះគណេសវិញម្តង។ នៅស្លោកទី៣ គេចាប់ផ្តើមពិពណ៌នាអំពីព្រះបាទស្រីឥន្ទ្រវម៌្មទី១ (គ្រងរាជ្យនៅនគរហរិហរាល័យ) និងបានបញ្ជាក់អំពីឆ្នាំឡើងគ្រងរាជ្យសម្បត្តិរបស់ទ្រង់ ដោយគណនាតាមបែបភូតសង្ខ្យាសព្ទថា នវនវាទ្រិ = ភ្នំ = ៧, នវ = ៩, នវ = ៩ ស្មើនឹងមហាសករាជឆ្នាំ៧៩៩ ឬត្រូវនឹងគ្រិស្តសករាជឆ្នាំ ៨៧៧ ពោល គឺរៀបរាប់យ៉ាងដូច្នេះថា “មានព្រះរាជាមួយអង្គព្រះនាមថា ស្រីឥន្ទ្រវម៌្ម ទ្រង់ជាប់ខ្សែញាតិវង្សរបស់ស្តេចដែលកើតអំពីឥសីស្រីកម្ពុ គ្រងរាជ្យនៅក្នុងឆ្នាំនវនវាទ្រិ ទ្រង់មានពន្លឺរស្មីត្រចះត្រចង់ ប្រៀបប្រដូចទៅនឹងដួងព្រះចន្ទ្រពេញបូណ៌មីចែងចាំងកណ្តាលមហាសាគរដូច្នោះ”។ បន្តមកទៀត នៅត្រង់ស្លោកទី៤ ដល់ទី៧ គេពណ៌នាអំពីគុណសម្បត្តិ និងភាពជាអ្នកដឹកនាំរបស់ព្រះបាទស្រីឥន្ទ្រវម៌្មទី១ ហើយស្លោកទី៨ ពណ៌នាអំពីតង្វាយគ្រាមអាកររបស់ទ្រង់ជូនដល់មន្ត្រីរបស់ទ្រង់។
ចូលមកដល់ជ្រុងទី២ មានចារឹកអក្សរចំនួន ១៤ បន្ទាត់ ស្មើនឹង ៦ ស្លោក ដែលរៀបរាប់អំពីរដ្ឋមន្រ្តីម្នាក់របស់ព្រះបាទស្រីឥន្រ្ទវម៌្មទី១ ជាមនុស្សពោរពេញដោយចំណេះដឹងខ្ពង់ខ្ពស់ និងមានកិត្តិសព្ទល្បីល្បាញ បានផ្តល់តង្វាយមួយចំនួនដល់ព្រះបរមសិវ។ ត្រង់ឈ្មោះរបស់រដ្ឋមន្រ្តីរូបនេះ បានបាត់បង់នាមខាងដើម ដោយសារតែបែកថ្ម តែយើងអាចសន្និដ្ឋានថា ឈ្មោះពេញរបស់គាត់គឺ “និរន្តរាចាយ៌្យ”។ ក្រៅអំពីនេះ គេបានពណ៌នាបន្ថែមថា រដ្ឋមន្រ្តីរូបនេះ បានកសាងព្រះបដិមាព្រះវិឃ្នេស (ព្រះគណេស) នៅក្នុងមហាសករាជឆ្នាំ៨០០ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៨៧៨ (គិតជាភូតសង្ខ្យាគឺ វសុ=៨ វ្យោម=០ វ្យោម=០)។ បន្ទាប់មក គេរំលេចព័ត៌មានអំពីចៅរបស់គាត់ដែលមាននាមថា “ស្រីធរណិន្ទ្រាទិត្យ”។ ក្រុមគ្រួសាររបស់គាត់ បានធ្វើអំណោយដល់ទេវស្ថានជាប្រចាំឆ្នាំ ដោយផ្តល់ជាអង្ករ និងសម្ភារៈផ្សេងៗ។ ផ្នែកចុងក្រោយបំផុតជាពាក្យបណ្ដាសាដល់ជនទាំងឡាយណា ដែលបានបំផ្លាញតង្វាយដល់ព្រះគណបតិ (ព្រះគណេស) ត្រូវធ្លាក់ទៅឆេះក្នុងភ្លើងរៅរវនរក។
អត្ថបទចារឹក និងសេចក្តីប្រែ
ជ្រុងទី១
១. សិទ្ធិ៙
នមឝ្ឝិវាយកេឝាន ឝាង៌ី្គណោយស្យមូត៌ិ្តភិះ
រក្តឝុក្លាសិតឝ្រីទ្ធា ឥវសន្ធ្យាទិនក្ឞបាះ។
ប្រែថា៖ សិទ្ធិ សេចក្តីសម្រេច ៙ សូមនមស្ការថ្វាយបង្គំចំពោះព្រះសិវៈ ដែលព្រះមូត៌ិ (ព្រះរូប) របស់ព្រះអង្គ គឺព្រះឝាង៌ី្គ (នាយខ្មាន់ធ្នូ) នៃព្រះឦឝាន (ព្រះសិវៈ) មានសម្បុរពណ៌សរ និងទេពដែលមានសម្បុរពណ៌ក្រហម និងទេពដែលជាម្ចាស់របស់ព្រះនាងស្រី(លក្ស្មី) ទ្រង់មានសម្បុរខ្មៅប្រដូចទៅនឹងយប់ងងឹតគ្មានពន្លឺព្រះសុរិយា។
២. អនិឃ្នំ វិឃ្នភត៌្តារ មនារតមនា នមេ
សំស្តុតោប្យេកទន្តេន ហន្តិ យោ វិឃ្នទន្តិនះ។
ប្រែថា៖ សូមក្រាបថ្វាយបង្គំគោរពវន្ទាដល់ព្រះដែលជាអ្នកបំផ្លាញនូវឧបសគ្គ (សំដៅដល់ព្រះវិឃ្នេស=ព្រះគណេស) ដោយសេចក្តីគោរពភក្តី។ ព្រះអង្គ (ព្រះគណេស) បានកម្ចាត់ចេញនូវឧបសគ្គទាំងឡាយដោយឯកទន្ត (ភ្លុកតែម្ខាង) ប៉ុណ្ណោះ។
៣. ឝ្រីកម្ពុជេន្ទ្រសន្តាន បយោធៅ បូណ៌្នចន្ទ្រមាះ
ភូបេន្ទ្រឝ្ឝ្រីន្ទ្រវម៌្មេតិ ភូភ្ឫន្នវនវាទ្រិភិះ។
ប្រែថា៖ មានស្តេចផែនដីមួយព្រះអង្គព្រះនាមថា ស្រីឥន្ទ្រវម៌្ម (ទី១) ទ្រង់ជាប់ខ្សែញាតិវង្ស របស់ស្តេច ដែលបានកើតអំពីឥសីស្រីកម្ពុ ទ្រង់គ្រងរាជ្យសម្បត្តិនៅក្នុងឆ្នាំនវនវាទ្រិ=ភ្នំ=៧ នវ=៩ នវ=៩=៧៩៩នៃមហាសករាជ ទ្រង់មានពន្លឺរស្មីត្រចះត្រចង់ ប្រៀបប្រដូចទៅនឹងព្រះចន្ទ្រដែលពេញបូណ៌មី ភ្លឺចែងចាំងកណ្តាលមហាសាគរយ៉ាងដូច្នោះ។
៤. គតេនាប្យន្យភូបាលា ន្កលិទោឞេណវជ៌ិ្ជតះ
មហានេកាទឝាទិត្យា ន្យោវិឞ្ណុរិវរាហណា។
ប្រែថា៖ ស្តេចផែនដី (ព្រះបាទស្រីឥន្ទ្រវម៌្មទី១) ព្រះអង្គជាក្សត្រដ៏ធំប្រសើរ ព្រះអង្គប្រៀបប្រដូចបានទៅនឹងព្រះវិស្ណុ ដែលបានកម្ចាត់នូវរាហុ ទ្រង់ប្រសើរលើសព្រះអាទិត្យទាំង១១ព្រះអង្គបានកម្ចាត់បង់ចោលនូវទោស (អំពើបាប) ដ៏ខ្មៅងងឹត ពោល គឺលើសស្តេចភូបាល (ក្សត្រ) ដទៃផ្សេងទៀតដែលជាគូសត្រូវ។
៥. សុន្ទរះសុន្ទរេភ្យោបិ វិទិតោភុវនេឞុយះ
ជគតាំហ្ឫទ្គមោ និត្យំ សទ្ភិរុក្តស្ស្មរោបមះ។
ប្រែថា៖ ទ្រង់មានគុណសម្បត្តិដ៏ប្រសើរក្រៃ ជនទាំងឡាយស្គាល់ព្រះអង្គពេញផ្ទៃប្រទេស (ភុវនេឞុ) ព្រះអង្គតែងតែចងចាំជានិច្ចក្នុងដួងព្រះហ្ឫទ័យនូវរាល់ពាក្យណែនាំរបស់សប្បុរសជន (អ្នកប្រាជ្ញ) ទាំងឡាយ។
៦. តស្យរាជាធិរាជស្យ វីរោយោវីរបូជិតះ
អាសីទស្ត្រឝិវឝ្ឝ្រេឞ្ឋ បុរវង្ឝភវោភដះ។
ប្រែថា៖ ព្រះរាជា (ព្រះបាទស្រីឥន្ទ្រវម៌្មទី១) អង្គនោះ ទ្រង់ជាសេ្តចគ្រប់គ្រងអស់ក្សត្រនានា (ស្តេចអធិរាជ) ព្រះអង្គជាវីរជនដ៏អង់អាចក្លាហាន ទ្រង់ជាវីរបុរសដែលទទួលបានការគោរពបូជា ព្រះអង្គជាភដៈ ដែលមានពូជពង្សវង្សអំពីទីក្រុងស្រេស្ឋបុរ ប្រដូចរបស់ដែលព្រះសិវប្រទាន។
៧. កលាវិឝារទោយុទ្ធេ ភត៌្ត្រាវិក្ឞ្យមនោហរះ
ទោលាភូឞាទិនាការិ វិទិតោ វិភវេ នយះ។
ប្រែថា៖ ព្រះអង្គមានជំនាញខាងយុទ្ធសាស្ត្រ (សឹកសង្គ្រាម) មានសេចក្តីអង់អាចក្លាហាន ជនទាំងឡាយបានចាប់ចិត្តមេត្រិយ៍ស្រឡាញ់ទ្រង់ដោយគ្រាន់តែបានក្រឡេកមើល ទ្រង់មានរូបស្រស់សង្ហាពេលទ្រង់បានតុបតែងស្អិតស្អាងរាងកាយដោយព្រះភូសាជាដើម ជនទាំងឡាយ តែងស្គាល់ព្រះអង្គថាជាក្សត្របរិបូណ៌ដោយភោគទ្រព្យ។
៨. ភូមិភាគេមុទាទត្តេ ភូភ្ឫតាឝ្រីន្ទ្រវម៌្មណា
យោគ្រាមមាករគ្រាម នាមានមករោត្ក្រមៃះ។
ប្រែថា៖ រាល់ចំណែកដីធ្លី (ភូមិភាគ) ដែលបានថ្វាយដោយស្តេចផែនដីមាននាមថា ស្រីឥន្ទ្រវម៌្ម(ទី១) គាត់បានរៀបចំជាបញ្ជីឈ្មោះតាមលំដាប់ស្រុកសម្រាប់ជាគ្រាមអាករ (យកពន្ធអាករទៅលើដី)។
ជ្រុងទី២
៩. ……….ស្យវិជ្ញាន វិឝ្រុតឝ្ឝាស្ត្រសំហតៅ
..[និរ]ន្តរាចាយ៌្យ ស្តត្បរះ បរមេ ឝិវេ។
ប្រែថា៖ ព្រាហ្មណ៍មាននាមថា និរន្តរាចាយ៌្យ គេស្គាល់ថាជាអ្នកមានចំណេះដឹងខាងក្បួនវិទ្យាសាស្ត្រ គាត់បានផ្តល់ដល់ព្រះបរមសិវ។
១០. វ្យោមវ្យោមវសុភិ វ៌សុទានាធិកាទ្ធ្វរះ
ប្រតិឞ្ថាបិតវានស្មិ ន្វិឃ្នេឝប្រតិមាមិមាម៑។
ប្រែថា៖ គាត់បានកសាងហើយនូវព្រះបដិមាព្រះវិឃ្នេស (ព្រះគណេស) នៅត្រង់ទីស្ថាននេះ ហើយបានធ្វើពិធីបូជាដោយការផ្តល់ឱ្យភោគទ្រព្យយ៉ាងច្រើនក្រៃលែងដោយវសុ (៨) វ្យោម(០)វ្យោម(០)។
១១. អនិន្ទិតាង្ឝជាជ្ជាត ស្តន្នប្តាមាធវោភ តាត៑
នាម្នាទិត្យបរេណឝ្រី ធរណិន្ទ្រាទិនាធិកាត៑។
ប្រែថា៖ ចៅរបស់គាត់មានកំណើតនៅទីក្រុងអនិន្ទិតបុរ មានឈ្មោះខាងចុងថា អាទិត្យ និងឈ្មោះខាងដើមថាស្រីធរណិន្ទ្រជាដើម (ឈ្មោះពេញថា ស្រីធរណិន្ទ្រាទិត្យ)។
១២. ហ្ឫត្បទ្មស្ថាបិតេឝានះ ឝស្តោវិទ្យាទិភិគ៌ុណៃះ
ឥទំសោវទ៌្ធយត្បុណ្យំ បុណ្យបាលនបាដវះ។
ប្រែថា៖ គាត់បានកសាងព្រះបដិមាព្រះឦឝាន (ព្រះសិវៈ) បរិបូណ៍ដោយចំណេះដឹង និងមានគុណធម៌ជាដើម ជនណាដែលបានធ្វើឱ្យចម្រើនឡើងនូវបុណ្យកុសលនេះ និងជនអ្នកថែរក្សាការពារសមិទ្ធផលបុណ្យដោយសេចក្តីអង់អាចក្លាហានដ៏មុះមុត។
១៣. ឞដ្ខារិកាន្នយេត្ឝាលិ តន្ទុលាន្សកុលាធិបះ
ចន្ទិកាំចន្ទ្រិកាកាន្តាំ ត្រោច្បុរេប្រតិវត្សរម៑។
ប្រែថា៖ គាត់បានផ្តល់ឱ្យនូវអង្ករ និងស្រូវសាឡីចំនួន ៦ ខារិកា ជារៀងរាល់ឆ្នាំដល់ ត្រោចបុរ ប្រដូចជាពន្លឺដួងព្រះចន្ទ្រសម្រាប់វង្សត្រកូលដ៏ធំរបស់គាត់។
១៤. គណបតិធនមេតត្កល្បិតំយស្សលុម្បេ
ត្បតតុបដុវិបទ្ភិភ៌ីឞណេរៅរវាគ្នៅ
តទុបក្ឫតិបតិឞ្ឋោតិឞ្ឋិបត្ប្រេឞ្វវ្ឫទ្ធៅ
សទ្ឫឍវរធរស្ស្តាទ្ទិក្សុនិវ៌ិ្វឃ្នកាមះ។
ប្រែថា៖ ជនណាដែលបានបំផ្លាញនូវទ្រព្យសម្បត្តិ ដែលបានថ្វាយដល់ព្រះគណបតិ (ព្រះគណេស) ជននោះចូរធ្លាក់ឆេះក្នុងភ្លើងរៅរវនរកដ៏ជ្រៅគួរឱ្យភ័យខ្លាច។ ចំណែកឯជនណាដែលបានទៅចូលរួម ឬចូលទៅជួយសង្គ្រោះការពារ ធ្វើឱ្យចម្រើនឡើងដោយទ្រទ្រង់ឱ្យល្អប្រសើរ ជននោះចូរទទួលបានសេចក្តីសុខសុភមង្គលតាមបំណងប្រាថ្នា សូមកុំមានឧបសគ្គអ្វីឡើយ។
ជារួមមក សិលាចារឹករកឃើញថ្មីនៅភូមិព្រីងខ្ពស់ បានផ្តល់ព័ត៌មានប្រវត្តិសាស្រ្តជាច្រើននៅក្នុងរជ្ជកាលព្រះបាទស្រីឥន្រ្ទវម៌្មទី១ ដូចជា សាវតាររបស់ទ្រង់ (ខ្សែរាជវង្សដែលកើតអំពីឥសីស្រីកម្ពុ) គុណលក្ខណៈសម្បត្តិរបស់ទ្រង់ ។ល។ ព្រមទាំងបានផ្តល់ព័ត៌មានអំពីរដ្ឋមន្រ្តីរបស់ស្តេច និងការកសាងបដិមានៅទេវស្ថានព្រហ្មញ្ញសាសនា។ ជាពិសេសនោះ នៅស្លោកទី១៣ មានរំលេចអំពីឈ្មោះទីក្រុងមួយដែលមានឈ្មោះថា “ត្រោចបុរ” ត្រូវនឹងឈ្មោះភូមិមួយសព្វថ្ងៃនៅមិនឆ្ងាយពីទួលពោធិជ្រៃដែលមានឈ្មោះស្រដៀងគ្នាថា “បន្ទាយត្រោក” ពោល គឹពាក្យបុរាណថា “ត្រោច” អាចនឹងក្លាយមកសម័យថ្មីថា “ត្រោក”។




អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា
—————-
In February 17th, 2025, a villager in Pring Khpuos village, Srae Sdok commune, Kandeang district, Pursat province, found an inscription near the Tuol Po Chrei mount. The inscription is a sandstone boundary (Sima) inscribed with Sanskrit on both sides. The inscription inscribed in the 9th century during the rank of King Sri Indravarman I (889 – 910 CE), and the describes the background and characteristic of the king and his minister. Moreover, the inscription describes the construction of a Ganesha statue at the temple and the offerings to the gods.