វត្តគូរ មានទីតាំងស្ថិតនៅភូមិវត្តគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សិលាចារឹកនេះ ពុំធ្លាប់មានការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយពីមុននោះទេ ហើយខ្ញុំបានទទួលព័ត៌មានអំពីសិលាចារឹកនេះពី លោក យាន យ៉ា ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ យោងទៅតាមប្រសាសន៍របស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ សិលាចារឹកនេះគេបានយកមកពីបុរាណដ្ឋានដែលស្ថិតនៅមិនឆ្ងាយពីវត្តគូរ ហើយគេបានយកមករក្សាទុកនៅវត្តខាងលើនេះជាយូរមកហើយ។ តើសិលាចារឹកវត្តគូរមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
សិលាចារឹកនេះ ចារឹកនៅលើថ្មភក់ដែលមានរាងជាសន្លឹកសីមា មានអក្សរចំនួន ២ បន្ទាត់ និងចារឹកជាភាសាខ្មែរ។ យោងតាមទម្រង់អក្សរ សិលាចារឹកនេះចារឹកក្នុងកំឡុងស.វ.ទី៧។ ចំពោះខ្លឹមសាររបស់សិលាចារឹកវត្តគូរបានពណ៌នាអំពីត្រពាំងមួយកន្លែងមានឈ្មោះថា “វ្នសគេគ្នោង”។ ត្រពាំងដែលបានរៀបរាប់នេះ ទំនងជាអំណោយរបស់មន្ត្រី ឬសប្បុរសជនណាម្នាក់ ប៉ុន្តែនៅក្នុងសំណេរ គេមិនមានបញ្ជាក់ដល់ឈ្មោះសប្បុរសជនដែលជាម្ចាស់ទានឡើយ។ ទោះបីយ៉ាងនេះក្តី នៅក្នុងចារឹកនេះ គេបានបញ្ជាក់ដល់ទីតាំងរបស់ត្រពាំង។ សិលាចារឹកខ្លីៗ និងមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ គេធ្លាប់រកឃើញជាច្រើនកន្លែងនៅខាងលើខ្នងភ្នំដងរែក។ ឧទាហរណ៍ សិលាចារឹកបានខៅមៈកា (ភូមិភ្នំមៈកា), សិលាចារឹកបានណាំសាប់ សុទ្ធសឹងតែជាសិលាចារឹកចារឹកជាភាសាខ្មែរ ហើយមានព័ត៌មានរៀបរាប់ទាក់ទិនការជីកត្រពាំងសម្រាប់យកទឹកប្រើប្រាស់ក្នុងពិធីកិច្ចផ្សេងៗ។
*អត្ថបទចារឹក
១. គិុ នេះ ត្រវង៑ អាយ៑
២. វ្នស៑ គេ គ្នោង៑
ប្រែថា៖ នេះជាត្រពាំងដែលស្ថិតនៅឯវ្នសគេគ្នោង។
ជារួមមក សិលាចារឹករកឃើញថ្មីនៅវត្តគូរ បានផ្តល់ព័ត៌មានឱ្យដឹងអំពីទំនៀមមួយនៃការជីកត្រពាំងសម្រាប់យកទឹកប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗនៅសម័យបុរាណ (ស.វ.ទី៧)។ ដូចដែលមកហើយថា គ្រប់ប្រាសាទទាំងអស់ ទាំងនៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា តែងតែមានកសិន្ធុ ឬត្រពាំង នៅហ៊ុមព័ទ្ធជុំវិញ ឬនៅមិនឆ្ងាយពីប្រាសាទ ក្នុងន័យតំណាងឱ្យទឹកពិសិដ្ឋនៅស្ថានសួគ៌។




—————
This inscription found in Wat Kou village, Kok Mon commune, Banteay Ampil district, Ouddor Mean Chey province. The inscription is a sandstone boundary (Sima) inscribed with ancient Khmer script and there are two lines. The inscription inscribed in the 7th century, possibly during the rank of King Isanavarman I or Bhavavarman II, and the describes a pond where situated in Vnasa Ge Gnoṅ.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា