ទំព័រដើមនិទានកថាផ្កាស្រពោន(ភាគទី៧)

ផ្កាស្រពោន(ភាគទី៧)

ព្រះបើទៅអនាគតយើងនឹងមានអាសន្នក្រដូម្តេច យើងត្រូវនឹករកគ្នាជានិច្ច។ ដូច្នេះយើងត្រូវមានវត្ថុអ្វីកាន់ខ្ជាប់នូវខ្លួន ដើម្បីទុកជាទីនឹករលឹកដល់ជនសំឡាញ់ ដែលឃ្លាតឆ្ងាយទៅ។​ ហេតុនេះសូមបងទទួលរូបថតនេះទុកចុះ។ ប៊ុន ធឿន ស្មារតីអណ្តែតទៅឆ្ងាយ លុះឮថារូបថតដូច្នោះក៏ភ្ញាក់ខ្លួនព្រឺត ដាក់ភ្នែកមកមើលឃើញនាងវិធាវីដកកូនរូបថតតូចមួយដាក់ក្នុងកញ្ចក់មូលក្រឡង់ ដែលមានសរសៃមាសវង់ព័ទ្ធជាក្របជុំវិញ។ ប៊ុន ធឿន ក៏ទទួលយកមកគន់មើលដោយសេចក្តីប្រតិព័ទ្ធយ៉ាងចំហុត។ អូនបងស្តាប់អូនមិនទាន់បានទេ។ ម៉េចអូនថាខ្លាចមានភ័យភិតថ្ងៃក្រោយ។ អូនឯងមានដឹងការអ្វីចម្លែកចូរនាងប្រាប់បង ផង។ ខ្ញុំមិនមានដឹងការអ្វីចម្លែកទេ អញ្ជើញបងទៅដោយក្សេមក្សាន្តចុះ។ ខ្ញុំមិនហ៊ាននៅនិយាយតែពីរនាក់នឹងបងយូរពេកទេ ខ្លាចមានពាក្យនិន្ទាទៅថ្ងៃក្រោយ។ ថាហើយនាងក៏ក្រោកពីអង្រឹង ប៊ុន ធឿន ក៏ឈានជើងដើរចេញទៅមុខស្រងូត។ ភ្នែកនាងវិធាវី តាមមើលគូសង្សារលុះត្រាតែប៊ុន ធឿន ដើរផុតឆ្ងាយទៅកំបាំងនឹងរុក្ខជាតិទើបនាងដាក់មុខចុះហើយដកដង្ហើមធំ…

សែងព្រះអាទិត្យនៃវេលាល្ងាច ស្លឹកល្មុតបណ្តាលឲ្យមានរស្មីភ្លឺច្រាលដូចកំទេច សុវណ្ណ…នាងវិធាវី ដែលមានភក្តិស្ងប់ស្ងួត នាងអង្គុយមើលធម្មជាតិ និងពពួកមនុស្សដែលដើរហូរហែរមកពីមើលបុណ្យ១៤ស៊ូយេត នៅសញ្ជប់សញ្ជឹងយ៉ាងនេះយូរបន្តិច ស្រាប់តែយាយនួនស្លៀកពាក់ស យួរកញ្ច្រែងស្លាដើរចូលមក។ ឃើញមុខកូនក្រៀមក្រំដូច្នោះគាត់ក៏សួរថាៈ អាវីឯងចង់ទៅមើលបុណ្យនឹងគេហើយ។ យប់នេះគេថា មានរបាំនៅមុខផ្ទះលោកធំ ល្អមើលណាស់។ បើឯងចង់ទៅមើល ចាំអញរកគេជូន។ នាងវិធាវីឆ្លើយយ៉ាងតិចៗថាៈ ទេម៉ែ…កូនមិនចង់ទៅមើលអ្វីទេ។ យាយនួនគាត់សំឡឹងមើលមុខកូនគាត់មួយសន្ទុះទើបគាត់ដើរចូលទៅខាងក្នុង។​ ទឹកមុខគាត់មានអាការប្រែប្រួលសំដែងឲ្យឃើញថា គាត់មានមនោគតិអ្វីៗមួយពុំខាន។  យាយនួនគាត់ឃើញថា កូនគាត់មានអផ្សុកក្នុងចិត្ត។ បើប្រសិនជាមានគូស្រករទៅហើយចេះស្រលាញ់គ្នាផងនោះ មុខជាបាត់ម៉ងសៅពុំខាន។ បើដូច្នេះហើយតោងគាត់រិះរកឧបាយកលផ្តាច់នាងវិធាវី ប៊ុនធឿនចេញ ព្រោះគាត់យល់ថា ការជំពាក់ពាក្យគ្នាយ៉ាងនេះជាឧបសក្គអ្នកផង គេចូលមកនិយាយដណ្តឹងកូនគាត់បានទេ។ មិនយូរប៉ុន្មាន ស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឳកាស ដែលគាត់ខំរកនោះភ្លាម។ យាយនួនគាត់មានសំឡាញ់ម្នាក់ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែ មិត្រ ទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។ មានថ្ងៃមួយក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមក គេឃើញស្រ្តីម្នាក់សក់កាត់ជ្រង អាយុប្រហែលជាង៦០សិបហើយ តែរឹងមាំនៅឡើយ។ ដូនចាស់ដែលស្លៀកខៀន ពណ៌ស្បែកតុកកែ ពាក់អាវផា ប៉ានស ពានាក្រមាទេសឯកដែរនោះ បានបញ្ឈប់រឺម៉កនៅចំមុខផ្ទះយាយនួន ហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះ។ បន្តិចក្រោយមកគេឮសូរមាត់យាយនួនស្រែកថាៈ អាវីអើយ អ៊ំចាន់ឯងគេមកលេង។ ឯណាប្រអប់ស្លាយកមក។ ថាហើយគាត់ក៏បែមុខឆ្ពោះទៅកាន់មិត្រគាត់ៈ អញ្ជើញចាន់! អញ្ជើញមកលើកន្ទេលមក អង្គុយលើក្តារមិនកើតទេ ប្រឡាក់ខៀនអស់ហើយ។ យាយចាន់ឆ្លើយៈ មិនអីទេ ក្តារនេះរលោងស្រិល អង្គុយត្រជាក់ស្រួលណាស់ ខណៈនោះនាងវិធាវីលើកហិបស្លាមកដាក់នៅមុខភ្ញៀវ ទើបនាងលើកដៃសំពះជម្រាបសួរអ៊ំ! យាយចាន់ដែលភ្នែកសំឡឹងរាងកាយនាងយុវតីមិនដាច់ក៏ឆ្លើយថាៈ ថ្វាយព្រះក្មួយ! យីក្មួយឯងកើតអីក៏ស្គមស្លឹតស្លាំងម្លេះ? ខ្ញុំអត់ឈឺថ្កាត់អីទេអ៊ំ! យាយចាន់ចាប់ម្លូមួយសន្លឹកមកបៀកផ្ចឹតផ្ចង់ពមទៅក្នុងមាត់ ហើយទើបទំពារបណ្តើរបែរនិយាយទៅកាន់ស្រ្តីម្ចាស់ផ្ទះ         បណ្តើរៈ យីឯងយើងចុងខែអស្សុជហើយក៏នៅមានភ្លៀងមេធំៗម្លេះ ខ្ញុំចូលចិត្តតែភ្លៀងធំៗអីចឹង បើភ្លៀងរួចវាស្រស់ដីតែម្តង។ ឯភ្លៀងរលឹមធ្វើឲ្យធុញអផ្សុកណាស់។ ចា៎សអីចឹងមែន។ ថាហើយយាយចាន់ គាត់ទាញកន្ថោរមកស្តោះទឹកមាត់ពណ៌ឈាមឮសូរច្រចៗ រួចយកកន្សែងក្រហមមួយមកជូតមាត់ ទើបចាប់និយាយទៅទៀតៈ ខ្ញុំមកជួបនួនឯងនេះព្រោះចង់និយាយការបន្តិច។ យាយនួនងាកមុខទៅចំកូនគាត់ហើយថាៈ​ អាវីឯងបណ្តោយកំផៃដាំក្តាតតែម្នាក់ឯងមិនកើតទេ ត្រូវឯងទៅមើលផងទើបល្អ។ នាងវិធាវីទទួលសំដីម្តាយ ហើយក៏ដើរចេញពីទីនោះមិននិយាយថាអ្វីឡើយ។ ចិត្តនាងនឹកបារម្ភមិនដឹងថាយាយចាន់នេះ មកចាក់រុកម្តាយខ្លួនដូចម្តេចទេ! ត្រង់នេះស្រ្តីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំ ហាក់ដូចជាចង់សំឡឹងមើលក្នុងចិត្តគ្នាទៅវិញទៅមក។ យាយនួនគាត់ឆ្លៀតឳកាសនេះដើម្បីបៀកម្លូមួយម៉ាត់ លុះបានទំពារស្តោះក្នុងកន្ថោរម្តងហើយ ទើបគាត់សួរទៅយាយចាន់ៈ មានការអ្វីចាន់? អឺរឿងកូនចៅឯងនោះវាមេ្តចទៅហើយ។​ ឯងចាំប៊ុន ធឿនចេញពីរៀនទើបគិតគូរផ្សំផ្គុំវាឬយ៉ាងណា? ហ៊ឺ ចាន់អើយ ខ្ញុំលាក់បាំងអី។ ឥឡូវដូចចាន់ឯងដឹងស្រាប់ឪពុកប៊ុន ធឿនធ្លាក់ខ្លួនក្រហើយ។ មានសង្ឃឹមតែលើបៀរវត្សប៊ុនធឿនតែម្យ៉ាងដូចគេសង្ឃឹមផ្កាយលើមេឃអីចឹង។ ខ្ញុំមានកូនតែមួយ មានរំពឹងតែលើវាលុះជរាភាពមកដល់។ បើប្រសិនជាខ្ញុំឲ្យទៅថីប៊ុនធឿន បន្តិចគេផ្លាស់គេទៅធ្វើការនៅខេត្តនេះ បន្តិចទៅខេត្តនោះ។ ឯប្រពន្ធតោង ទៅតាមប្តី។ ចំណែកខ្ញុំនឹងនៅម្នាក់ឯងឥតនរណាជាពំនឹកនេះម្យ៉ាង។ ម្យ៉ាងទៀតប៊ុនធឿននេះធ្លាក់ក្រ ហើយម្លេះសមនឹងជញ្ជក់យកធន់ធានដែលខ្ញុំនឹងឲ្យទៅកូននោះទៅសងបំណុលមិនខាន។ កូនខ្ញុំធ្វើម្តេចនឹងបានសេចក្តីសុខ។ ដោយនិយាយវែងយ៉ាងនេះទឹកមាត់ក្រហមប្រតាកក៏ពុះពោរពេញមាត់ធ្វើឲ្យសម្តីឮឡុលៗ។ ដូច្នោះលុះយាយនួនគាត់ស្តោះមួយច្រចរួច ទើបយាយចាន់គាត់ឆ្លើយៈ នួនឯងនិយាយយ៉ាងនេះចំជាត្រូវហើយ បើប្រសិន ជាខ្ញុំដូចនួនឯងវិញខ្ញុំក៏ផ្តាច់ដែរ។ គិតមើលសព្វៗទៅ យើងមិនទាន់ស៊ីស្លាបញ្ជាប់ពាក្យឬទទួលវត្ថុអ្វីជាខាន់ស្លាក៏នៅដែរ។ លើកនេះត្រូវយាយចាន់គាត់ងាកទៅរកកន្ថោរវិញ។ លុះគាត់បានសម្រេចចិត្តហើយ ទើបអ្នកម្ចាស់ផ្ទះតបទៅវិញៈ ចាន់អើយខ្ញុំក៏គិតនឹងផ្តាច់ដែរ តែមកតុះតុញមិនដឹងធ្វើដូចម្តេច។ នឹងធ្វើសំបុត្រទៅប្រាប់ចិកប៊ុនថនភ្លាមទៅ ដូចជាឯងចិត្តអាក្រក់ពេក។ ឮតែគេខាតស្រូវភ្លាម ក៏ថាផ្តាច់កូនផ្តាច់ចៅភ្លាម។ យាយចាន់គាត់បើកភ្នែកធំៗ ហាក់ដូចជាសំដីនេះធ្វើឲ្យគាត់ឆ្ងល់ពន់ពេក។ ដូច្នេះគាត់ក៏ឆ្លើយៈ ចាំបាច់ប្រាប់គេធ្វើអ្វី យើងនៅតែស្ងៀមធ្វើហីទៅ។ បើនរណាគេចូលមកដណ្តឹង យើងគិតមើលល្មមលើក ក៏លើកឲ្យគេទៅ។ ឳ! នរណាអើយ គេនឹងហ៊ានចូលដណ្តឹងឯងនោះ បើគេដឹងថាឯងនៅជាប់ពាក្យសំដីចិកប៊ុនថនទៅហើយ។ យាយចាន់គាត់សើចក្អាកៗហើយថាៈ នួនឯងនិយាយយ៉ាងនេះចំពេញជាខុស។ មានគេគិតចូលមកហើយៈ​ តើឯងថាម៉េចទៅ? យាយនួនអរព្រើតក៏កិលចូលជិត ហើយសួរទៅភ្ញៀវគាត់ៈ អ្នកណាចង់ចូលមកនោះ? ចិកណៃសាន ចិកណៃសាន ថៅកែកាណូតដើរទន្លេនោះហា៎ស? អឺមានណៃសាន ណាពីរបី។ ឯងស្គាល់ណៃស៊តកូនគេនោះទេ។ ខ្ញុំធ្លាប់ឃើញវាតែពីតូចៗ។ ឥឡូវវាពូកែរកស៊ីណាស់ដូចឪពុកវាអីចឹង? ខ្ញុំឮដំណឹងថាបើចៅណៃស៊តនេះវាមានប្រពន្ធទៅ គេនឹងចែកឲ្យកាណូតពីរ ឡានកាំម្ញ៉ុង មួយ និងដើមទុន១០០០០។ នេះនៅមិនទាន់គិតមាសពេជ្រអ្វីទៀតផង។ យាយនួនគាត់ ពព្រិចភ្នែកញ័រហើយបែរសួរថាៈ ណៃស៊តនោះវាកើតឆ្នាំអីហ្ន៎?យាយចាន់ដែលហាក់ដូចជាចាំពាក្យសួរនេះ​ និងអាលឆ្លើយនោះក៏ប្រាប់ទៅវិញភ្លាមៈឆ្នាំជូត ថ្ងៃអាទិត្យ ខែស្រាពណ៍។ យាយនួនគាត់ក៏ទទួលទន្ទិញហាក់ពុំចង់ឲ្យភ្លេច ឬមួយដោយហេតុដែលគាត់ធ្លាប់ទន្ទិញធម៌ក្នុងពេលឧបោសថនោះក៏មិនដឹង។

ឆ្នាំជូតៈ ថ្ងៃអាទិត្យ ខែ ស្រាពណ៍…

ឆ្នាំជូតៈ ថ្ងៃអាទិត្យ ខែ ស្រាពណ៍…

យាយចាន់គាត់សួរ៖ បើប្រសិនបើណាគេចូលមកមែន តើឯងព្រមឬទេមើលទៅ? អឺចាំមើលស្រួលបួលសិនៈ ទុកដាក់កូនចៅនីមួយៗមិនងាយទេ​។ សំដីយាយនួនយ៉ាងនេះ ដូចជាគ្រាន់តែការពារឲ្យល្អមើលខាងក្រៅទេ នៅល្ងាចនោះឯង កាលបើយាយចាន់លាគាត់ចុះផុតទៅ យាយនួនក៏រុះរាន់រៀបខ្លួន ហើយកាន់ម្លូបារីមួយស៊ងដាក់លើជើងពាននឹងទៀនមួយគូដើរតម្រង់ទៅកុដលោកគ្រូអានវត្តពោធិក្នុង ដែលមានព្រះនាមល្បីខាងហោរាសាស្រ្ត និងមុនអាគមស្តោះគ្រោះ។​ ដល់ហើយយាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះដែលមានសង្ឃដីកាសួរមកៈ យាយមានធុរអ្វី? ខ្ញុំព្រះកុរណាយកម្លូស្លាបារីមកនេះ ប្រគេនលោកគ្រូម្ចាស់ហើយសុំនិមន្តលោកគ្រូម្ចាស់​ មើលដួងជតាកូនខ្ញុំព្រះករុណាព្រោះ​ ខ្ញុំព្រះកុរណាចង់ឲ្យវាមានគូស្រករ។ លោកគ្រូអានក៏ទាញវត្តពន្ធបោះលាតមក ព្រះហស្ថស្តាំលោកចាប់ជាងម្ខាង។ យាយនួនគាត់ក៏លើកជើងពាន បារី​ និងទៀនដាក់លើជាយម្ខាង។​

(សូមរងតាមដានរឿង ផ្កាស្រពោន ភាគទី៨ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!