ពពិល

ពពិល​ជាវត្ថុមួយដែលខ្មែរ​​ទូទៅធ្លាប់​ស្គាល់ និងតែងតែប្រើ​ក្នុង​ពិធី​មួយ ក្នុង​ចំណោម​ពិធី​នានានៃ​ពិធី​រៀប​មង្គលការដែលគេហៅថា «ពិធីបង្វិលពពិល»។ ​តែអ្នកក្រុងមួយចំនួនពុំដែលឃើញពិធីបង្វិលពពិលនេះ ​ដែលគេប្រើ​​​​ទាក់​ទង​ដល់​ការ​ឆ្លង​វ័យដូចជា ក្នុងពិធីកាត់សក់បង្កក់ឆ្មប, កោរជុក, ចូលម្លប់, បួសនាគ និងបុណ្យសព ជាដើម។ ជាទូទៅពពិលមាន​សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​ពោធិ៍ ឬស្លឹកម្លូ ជា​វត្ថុ​ធ្វើពី​សំរិទ្ធ ស្ពាន់ ឬ​លោហៈផ្សេងៗសម្រាប់ ​បិទ​ទៀន​អុជ​កាន់​ហុច​បន្ត​គ្នា បង្វិល​បក់​ផ្សែង​ចូល​ជុំ​វិញ​មនុស្ស ឬ​វត្ថុ​អ្វីមួយ ដើម្បីឱ្យមានមង្គល។

ពាក្យពពិលត្រូវបាន ឃើញតាំងពីសម័យបុរាណកាលមក ជាក់ស្តែងពាក្យពពិលមានបង្ហាញក្នុងសិលាចារិកជាច្រើនក្នុងសម័យមុនអង្គរ និងសម័យអង្គរ និងរហូតដល់សម័យកណ្តាលក៏ប្រទះឃើញការលើកឡើងពីពាក្យពពិល ដោយបង្ហាញជាគ្រឿង ដង្វាយលាយឡំជាមួយនឹងគ្រឿងដង្វាយផ្សេងៗទៀតថ្វាយដល់ព្រះពុទ្ធ។

ការរចនាពពិល គឺមានច្រើនសណ្ឋានណាស់ តែពុំចេញឆ្ងាយពីសណ្ឋានជាស្លឹកពោធិ៍ ឬស្លឹកម្លូ ដោយឃើញ មាន​ឆ្លាក់​ជាក្បាច់លម្អ និង​រូប​ច្រើន​បែប​ច្រើន​យ៉ាងផ្សេងៗពីគ្នាលើពពិល នេះប្រហែលជាជំនឿ ឬការគោរពបូជា    និងការនិយមទៅតាមតំបន់និមួយៗ។    ក្នុង​នោះ​គេ​មាន​ឆ្លាក់​ជា​រូប​នាង​គង្ហីង​ច្បូត​សក់រូប​តាបស​ឥសី រូប​ហនុមាន ដើម​ចេក រូប​ពិស្ណុការ ទេពប្រណម្យ ហៅថា “នារីផល“ ពោល​គឺ​ស្រី​ដែល​មាន​តែ​ខ្លួន​ផុស​ចេញ​ពី​រុក្ខជាតិ មាន​ទង​ជា​នាគ ដែល​មាន​មតិ​ខ្លះ​ថា ជា​នាង​នាគជា​ដើម។

សម្រាប់វត្តមានពពិលក្នុងពីធីឆ្លងវ័យ គឺគេយកទៅប្រើក្នុងកិច្ចបង្វិលពពិលដែលជាកិច្ចសំខាន់មួយក្នុងពិធីឆ្លងវ័យ ដោយយកទៀនធ្វើពីក្រមួនសុទ្ធយកមកបិទភ្ជាប់ពីលើពពិល ដើម្បីអុជហើយបង្វិល។ កិច្ចបង្វិលពពិល ជាកិច្ចដែលភ្ជាប់ទៅនឹងព្រលឹង ដោយជាទូទៅគេជឿថាមនុស្សម្នាក់ៗមានព្រលឹង១៩ ដូចនេះគេត្រូវតែបង្វិលពពិលឱ្យគ្រប់ចំនួន១៩ជុំ ដែលត្រូវនឹងព្រលឹងទាំង១៩របស់មនុស្ស តែបើធ្វើតាមក្រិត្យក្រមវាអាចអូសបន្លាយពេលវេលាច្រើនឧទាហរណ៍ក្នុងពិធីបំបួសនាគ ករណីដែលមានកូននាគច្រើនគេអាចកាត់មកត្រឹម៩ជុំ និងនៅតំបន់ខ្លះគេបង្វិលត្រឹម៧ ឬ៣ជុំ ប៉ុណោះ។

សម្រាប់អ្នកស្រុកខ្លះយល់ថាពពិល គឺតំណាងយោនីនាងឱមាភតវតី និងទៀនជាប់ពីលើជាលិង្គរបស់ព្រះ ឥសូរ ឬ​ម្យ៉ាងទៀតជាកេរ​ភេទ​​មនុស្ស​ប្រុស​ និង​ស្រី ដោយ បញ្ជាក់​ពី​ការ​រីក​ដុះ​ដាល​ចម្រុង​ចម្រើន​ទៅ​មុខ​ច្រើន​ផ្អែក​លើ​មូលដ្ឋាន​រួម​ភេទ ព្រោះបំណងផ្សំផ្គុំជាប្តីប្រពន្ធ កើតជាកូន ជាចៅ ឬអាចនិយាយបានថាការបង្កើតភោគផលថ្មី។

ចំពោះកិច្ចបង្វិលពពិលក្នុងពិធីឆ្លងវ័យទាំងអស់ មិនថាពិធី កាត់សក់បង្កក់ឆ្មប, កោរជុក, ចូលម្លប់, បួសនាគ, មង្គលការ និងបុណ្យសពជាដើម គឺស្រដៀងទៅនឹងជំនឿ និងការគិតរបស់អ្នកស្រុក ដ្បិតពិធីបង្វិលពពិលក្នុងពិធីទាំងអស់នោះ ដូចជាពុំសូវខុសប្លែកពីគ្នាប៉ុន្មានទេ ដោយសុទ្ធ តែបង្ហាញពីការឱ្យពរជ័យសេរីមង្គល ការរីកដុះដាលចម្រុងចម្រើនទៅថ្ងៃអនាគត ឬបញ្ជាក់ពីង្កើតភោគផលថ្មី។

ដូច្នេះពិធី​បង្វិល​ពពិល​ក៏​មិន​ខុស​ពី​ពិធី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជំនឿ​របស់​ខ្មែរ​ដែរ គឺ​ជា​ការ​លាយ​ឡំ​គ្នា​រវាង​ពុទ្ធសាសនា ព្រហ្មញ្ញ​សាសនា និង​ជំនឿ​ជីវចល ឬ​ជំនឿ​ដែល​ខ្មែរ​ធ្លាប់​មាន​តាំង​ពី​មុន​ពេល​ទទួល​ឥទ្ធិពល​វប្បធម៌ និងសាសនាពី​ប្រទេសឥណ្ឌា។ ហើយការប្រតិបត្តិរបស់ប្រជាជនខ្មែរទៅលើកិច្ចបង្វិលពពិលនេះ នៅបន្តជាហូរហែមកដល់បច្ចុប្បន្នទៅតាមទំនៀមទម្លាប់ខ្មែរតាំងពីបុរាណ និងក្នុងពិធីផ្សេងៗ ពិសេសពិធីឆ្លងវ័យ ព្រោះគេយល់ថាកិច្ចបង្វិលពពិលនេះនឹងនាំឱ្យមានភាពថ្កុំថ្កើងទៅអនាគត។

អត្ថបទដើម៖ លោក ថាន់ មនោមយិទ្ធិ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!