ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជើងក្រានប្រើប្រាស់ទូទៅ ជំនឿ និងពិធីផេ្សងៗ

ជើងក្រានប្រើប្រាស់ទូទៅ ជំនឿ និងពិធីផេ្សងៗ

មនុស្សចេះបង្កើតភើ្លងតាំងពីសម័យបុរេប្រវតិ្ដសាស្ដ្រមកម្ល៉េះ គឺដើម្បីចម្អិនអាហារផង និងសម្រាប់អាំងភ្លើងនៅពេលមានអាកាសធាតុត្រជាក់ផង និងសម្រាប់ការពារសត្វដែលកាចសាហាវនៅក្នុងព្រៃជាដើម។ល។ ជាក់ស្ដែងដូចជាការធើ្វកំណាយបែបបុរាណវិទ្យានៅស្ថានីយ៍ ជូគុជៀន ជិតទីក្រុងប៉េកាំងនៃប្រទេសចិន ដែលគេសន្និដ្ឋានថា គឺជាទីតាំងរបស់ពួកអំបូរ Homo Erectus ក្នុងនោះគេបានរកឃើញសំណល់ធ្យូងនៃផេះជើងក្រាន ដែលជើងក្រាននោះ គឺជាប្រភេទជើងក្រានបែបសាមញ្ញាដោយគ្រាន់តែយកដុំថ្មបីដុំមកធ្វើជាមុមជើងក្រានដើម្បីប្រើប្រាស់តែម្ដង។ ប៉ុន្ដែតៗមកទៀតជើងក្រានក៏បានផ្លាស់ប្ដូររូបរាងទៅតាមការឆ្នៃរបស់មនុស្សនៅពេលប្រើ។ រហូតមកដល់សម័យឥឡូវនេះ ការប្រើប្រាស់ជើងក្រានមានប្រភេទច្រើនបែប ច្រើនយ៉ាងខុសៗគ្នា ហើយនឹងមានតួនាទី ប្លែកៗគ្នាដែរ។ ម្យ៉ាងទៀតជើងក្រានក៏មានគេយកទៅប្រើប្រាស់ក្នុងជំនឿ និងពិធីផេ្សងៗផង។

ពាក្យ “ជើងក្រាន” មានន័យស្មើនឹងពាក្យ “គ្រួ” គឺជាពាក្យបុរាណដែលមានន័យថាជើងក្រាន ដោយមនុស្សយល់ថាផ្ទះមួយត្រូវមានជើងក្រានមួយជានិច្ច។  រីឯន័យមួយទៀតជើងក្រានជាប្រដាប់សម្រាប់តម្កល់ឆ្នាំងចម្អិនអាហារ។

មនុស្សទូទៅយល់ថា គ្រួសារមួយជាផ្ទះ ហើយជាជើងក្រានមួយ។ សម្រាប់គ្រួសារឥណ្ឌានីមួយៗ ត្រូវតែមានជើងក្រានមួយជាចាំបាច់ គឺជាអគ្និមួយ ដែលគេទុកអគ្និនេះជាម្ចាស់នៃគេហដ្ឋាន។ ក្នុងអត្ថបទនេះនឹងបង្ហាញពីប្រភេទជើងក្រានមួយចំនួនដែលប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងជំនឿ និងពិធីផ្សេងៗក្នុងស្រុកខ្មែរ ដែលប្រជាជនទូទៅសឹងតែពុំសូវចាប់អារម្មណ៍ពីសារៈសំខាន់របស់ជើងក្រាននោះទេ?

ជើងក្រានប្រើប្រាស់ជាឧបករណ៍ដណ្ដាំស្ល

តាមផ្ទះនិមួយៗត្រូវតែមានជើងក្រានជាចាំបាច់។ ការរៀបចំទីតាំងជើងក្រានក្នុងផ្ទះបាយ យើងសងេ្កតឃើញមានប្លែកៗគ្នាច្រើនយ៉ាង ហើយហាក់ដូចជាតាមទម្លាប់របស់គ្រួសារផេ្សងៗផង ដោយអ្នកខ្លះរៀបចំទីតាំងដាក់ជើងក្រាននៅក្នុងផ្ទះបាយនៅខាង ក្រោមផ្ទះ ខ្លះជាប់នឹងផ្ទះ ខ្លះដាច់ដោយឡែកចេញពីផ្ទះ និងខ្លះទៀតនៅលើផ្ទះជាដើម។

ប្រភេទជើងក្រានមានច្រើនបែបណាស់ ដោយការបង្កើតនោះ គឺធ្វើឡើងទៅតាម តម្រូវការ និងការងាយស្រួលប្រើប្រាស់ ឬក៏អាចជាទំនៀមទម្លាប់ប្រពៃណីរបស់ អ្នកស្រុក។ ប្រភេទជើងក្រានទាំងនោះមានដូចជា ជើងក្រានមុម៣ ជើងក្រានពៅ ជើងក្រានព្យួរ ជើងក្រានរាងមូល ជើងក្រានឡូវកន្ទុយ និងជើងក្រានសៀមជាដើម។ ប្រភេទ ជើងក្រានមុម៣ ជើងក្រានពៅ និងជើងក្រានព្យួរ គឺឃើញមានបង្ហាញលើចម្លាក់ប្រាសាទ បាយ័ន្ត ផ្ទាំគំនូរនៃវត្តរាជបូព៌ និងផ្ទាំងគំនូរព្រះវិហារវត្តក្រាំងលាវជាដើម។ ជាទូទៅ អ្នកស្រុកច្រើនប្រើប្រភេទជើងក្រានទាំងនេះ នៅពេលចូលព្រៃទៅរកអនុផល ព្រៃឈើ ឬធ្វើដំណើររកស៊ីលក់ដូរផ្លូវឆ្ងាយ ដោយជើងក្រានទាំងនេះ គឺងាយស្រួលនឹងធ្វើ សម្រាប់ដណ្តាំស្ល។

ជើងក្រានក្នុងជំនឿ និងពិធីផ្សេងៗ

តាមទំនៀមជំនឿលើជើងក្រានរបស់អ្នកស្រុក ពិសេសនៅទីជនបទដែលនៅតែបន្ត ប្រតិបត្តិជំនឿនេះជាហូរហែរមកដល់បច្ចុប្បន្នជាក់ស្តែងដូចជា កិច្ចសែនជើងក្រាន (សែន ជើងក្រានបិតស្រា សែនជើនក្រានលត់ដែត និងសែនជីនាងជើងក្រាន។ល។) ពិធីសំពះជើងក្រាន សូមកុំឱ្យកូនប្រុសស្រីគេងនោមយប់ និងពិធីទម្លាក់ជើងក្រានដែលគេធ្វើឡើងនៅពេល ស្រ្តីសម្រាលកូនបញ្ចប់ការអាំងភ្លើងចំនួនបីថ្ងៃ ដោយមានយាយម៉បជាអ្នករៀបចំកិច្ចសែន ព្រេងសម្រាប់ពិធីពន្លត់ជើងក្រាន។

ចំពោះពិធីបុណ្យសពគេប្រើប្រាស់ជើងក្រានជាគ្រឿង បន្លុង និងជើងក្រានសម្រាប់ ធ្វើកិច្ចនៅពេលដង្ហែសព។ តាមទំនៀមចាស់ខ្លះ នៅពេលធើ្វពិធីដង្ហែសពចេញផុតផ្ទះភ្លាម គឺគេយកជើងក្រានមួយទៅបោកចោលនៅខាងក្រៅផ្ទះ ឬរបងផ្ទះ ហើយមានអ្នកខ្លះថែមទាំងយកក្អមទឹក ឬឆ្នាំងដីទៅបោកចោលជាមួយនឹងជើងក្រាននោះដែរ។ យើងដឹងថា ជើងក្រានមានន័យស្មើនឹងគ្រួសារ ដូចេ្នះចំពោះបុគ្គលដែលស្លាប់ទៅគេទុកថាជាអ្នកដែល បែកគ្រួសារ  ពោលគឺមិនរាប់ថាជាអ្នកដែលនៅក្នុងផ្ទះជាមួយគ្នាទៀតឡើយ។  ការបោកជើងក្រាននេះ ក៏ហាក់ដូចជាកិច្ចបញ្ចៀសឧបទ្រពចង្រៃផេ្សងៗផង ព្រោះពេលខ្លះគេត្រូវធ្វើកិច្ចបោកជើងក្រានចោលនៅត្រង់ផ្លូវបំបែក។ ទំនៀមយកជើង ក្រានទៅចោលជាមួយសពរបៀបខាងលើនេះ ពុំមែនមានតែចំពោះខ្មែរនោះទេ ចំពោះជនជាតិភាគតិចខ្លះ ដូចជាជន-ជាតិជ្រាយជាដើម ពីមុនមកពេលមានមនុស្សស្លាប់នៅក្នុងផ្ទះ គេត្រូវដុតផ្ទះនោះចោល គឺគេមិនឱ្យមនុស្សស្លាប់ក្នុងផ្ទះទេ ព្រោះចង្រៃដល់ផ្ទះ ហើយគេត្រូវទៅសង់ថ្មីផេ្សងទៀត។ ប៉ុន្ដែមកដល់សព្វថ្ងៃគេពុំរើផ្ទះចោលទេ គឺគេយកជើងក្រានទៅចោលនៅក្នុងខ្ទមក្រៅផ្ទះនោះវិញ  ដើម្បីជាការឧបកិច្ច។

ដោយឡែកក្នុងពិធីឡើងផ្ទះថ្មី គេប្រើជើងក្រាន ជាគ្រឿងរណ្តាប់ធ្វើពិធីឡើងផ្ទះ ដោយគេយកជើងក្រានទៅដាក់នៅទិសខាងកើត។ បើតាមទម្លាប់អ្នកស្រុក គេរៀបចំដាក់ជើងក្រានក្នុងផ្ទះថ្មីនៅត្រង់កន្លែងមួយក្នុងផ្ទះបាយ ហើយគេធ្វើកិច្ចនេះនៅថ្ងៃឡើងផ្ទះថ្មី នោះតែម្តង ដោយគេជឿថាបើរៀបចំជើងក្រានថ្មីចំថ្ងៃខែមិនល្អនឹងនាំឱ្យភ្លើងឆេះផ្ទះ។

តាមរបាយការណ៍របស់ឧកញ៉ាពិទូ ឈឹម ក្រសេម ដែលរៀបរាប់អំពីព្រះរាជាពិធីទ្វាទសមាស សរសេរក្នុង (គ.ស.១៩៥១) ឃើញថា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺក្រុម បារគូត្រូវមកធ្វើកិច្ចផេ្សងៗតាមទំនៀមព្រាហ្មណ៍នៅនឹងទីព្រះស្រែមុន។ ក្នុងនោះ ”ហោមពិធី” ជាកិច្ចមួយដែលបារគូត្រូវធ្វើ ដោយក្រុមបារគូត្រូវរៀបចំកន្លែងមួយ ដោយយកដីមកបូកឱ្យមានរាងថ្នាក់ៗបួនជ្រុងស្មើចំនួន៣ជាន់ កម្ពស់១ហត្ថ៥ធ្នាប់ ហើយគេយកអាចម៍គោស្រស់ទៅបូកឱ្យស្អាត។ រណ្ដៅនោះហៅថា “ហោមកុណ្ឌ” មានន័យថារណ្ដៅបូជាព្រះភ្លើង ដោយមានបង់ទៅក្នុងភ្លើងនូវចម្រៀកឧសតូចៗ (ឈើពុទ្រា ឬសង្កែ), សឹ្លកឈើច្រើនប្រភេទ, ទឹកដោះគោ និងទឹកឃ្មុំជាដើម គឺត្រូវធ្វើតាមក្រិត្យក្រមបែបព្រាហ្មណ៍។ បើពិនិត្យមើលទៅឃើញថា ក្នុងកិច្ចបូជាព្រះភ្លើងនេះ គឺគេប្រើពំនូកដីដែលរៀបចំស្អាតបាត ដើម្បីថ្កល់ភ្លើងឱ្យខ្ពស់ផុតពីដី ហើយពុំដឹងហៅទម្រភ្លើងនោះថាជាអ្វីប្រាកដទេ។ តែដោយសារពំនូកដីនោះសម្រាប់ដាក់ភ្លើង ដូចេ្នះក្នុងទីនេះខ្ញុំសូមហៅបណ្ដោះអាសន្នថាជាជើងក្រានដែរ។ មកដល់បច្ចុប្បន្ននេះលែងឃើញមានពិធីបូជាព្រះភ្លើង និងជើងក្រានរបៀបនោះទៀតហើយ។ ប៉ុន្ដែបើយើងពិនិត្យមើលទៅលើចម្លាក់ខ្លះនៅតាមជញ្ជាំងប្រាសាទបាយ័ន្ដ (ស.វ.ទី១២) ឃើញថាមានពួកព្រាហ្មណ៍កំពុងអង្គុយធ្វើពិធីបូជាព្រះភ្លើង គឺទំនងជាអារដៃសម្រក់ឈាមចូលទៅក្នុងភ្លើងដែលកំពុងឆេះនៅក្នុងជើងក្រាន ដែលមានរូបរាងដូចទៅនឹងជើងក្រានបានរៀបរាប់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លខាងលើនេះដែរ។

សម្រាប់ក្នុងពិធីឆ្លងវ័យដូចជា កោរជុក, បួសនាគ, ចេញម្លប់, រៀបការ គឺគេមិនដែលចោលពិធីមួយដែលជាកិច្ចទាក់ទងនឹងការប្រើប្រាស់ជើងក្រាន ពោលគឺពិធីធ្វើធេ្មញ ឬពិធី ដាប់ធ្មេញ ដ្បិតពិធីនេះ គឺចាំបាច់ណាស់ចំពោះសាម៉ីខ្លួនដែលធើ្វពិធីដូចខាងលើ ក្នុងបំណងឱ្យសាម៉ីខ្លួនចេះប្រើពាក្យពេចន៍និយាយស្តីល្អៗ ស្របទៅនឹងសង្គមឱ្យញាតិមិត្តគេចូលចិត្ដរាប់អាន។ ក្នុងកិច្ចធ្វើធេ្មញនេះ យើងសងេ្កតឃើញគេយកជើងក្រានមោង ឬជើងក្រានលៅ ឬជើងក្រានមុមបី មកប្រើក្នុងពីធីនេះ ដើម្បីជាឧបករណ៍សម្រាប់ស្លថ្នាំ ដោយគេថ្កល់ឆ្នាំងថ្នាំពីលើជើងក្រាន និងជំនីកនៅក្នុងឆ្នាំងដី ដើម្បីទុកសម្រាប់តម្រឹមធេ្មញ ហើយដូងសម្រាប់ខ្ពុរមាត់ពេលដែលតម្រឹមធេ្មញរួច។         

សរុបមកជើងក្រានមានសារសំខាន់ណាស់សម្រាប់ដណ្ដាំស្លប្រចាំថ្ងៃផង និងមានតួនាទីប្រើនៅក្នុងពិធី និងជំនឿផ្សេងៗផង។ រហូតមកដល់បច្ចុប្បន្នរាល់ពិធីទាំងនេះ សងេ្កតឃើញថា គេនៅតែយកជើងក្រានមកប្រើដដែលទៅតាមពិធីនីមួយៗ។ គួរជ្រាបដែរថា ជើងក្រាន និងគ្រួសារមានន័យប្រហាក់ប្រហែលគ្នា នេះទំនងជាជើងក្រានហើយនឹងគ្រួសារមិនអាចផ្ដាច់ចេញពីគ្នាបាន ដ្បិតក្នុងគ្រួសារ ឬក៏ផ្ទះនីមួយៗតែងមានជើងក្រានជានិច្ច។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!