របាំរាំវង់

ព្រះរាជាណាចក្រកម្ពុជា មានសិល្បៈវប្បធម៌សម្បូណ៌បែបរូបិយ និងអរូបិយរួមទាំង សិល្បៈទស្សនីយភាព មានតន្ត្រី ល្ខោន និងរបាំ ជាអាទិរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ បុរាណខ្មែរ ដូចជារបាំបួងសួង អប្សរា និងទេពមនោរម្យ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ មកហើយ។ របាំប្រពៃណី រស់នៅជាប់ជាមួយនឹងប្រជារាស្ត្រខ្មែរ​ ដូចជារបាំគោះត្រឡោក នេសាទ ក្រាប់ ច្រូតស្រូវ និងទន្សោង។ ឯរបាំប្រជាប្រិយ រួមមានរបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ កន្ទ្រឹម តាលុង ឡាំលាវ ចូកកំពឹស ជាដើម។ល។ នៅទីនេះ ខ្ញុំសូមលើកយកតែរបាំរាំវង់ មួយមកអធិប្បាយតែប៉ុណ្ណោះ។

គេរាំរបាំរាំវង់ ឬឡាំថូន (នាសម័យដើមនៅតាមទីជនបទ គឺរាំអាស្រ័យដោយស្គរថូន) ជាវង្វង់មូលបញ្ច្រាសដំណើរនាឡិកា (Counter-clockwise) ​ដែលជាលក្ខណៈ និងកត្តា មួយឱ្យយើងហៅថា “រាំវង់”។ យើងរាំរបាំរាំវង់ជាគូៗ ស្រីមួយគូនឹងប្រុសមួយ ស្រីរាំពីមុខ ប្រុសរាំពីក្រោយ នៅជុំវិញតុផ្កាដែលគេរៀបចំដាក់នៅកណ្តាលវេទិការាំជាស្នូល។ ចំពោះ ការរាំរាំវង់ គេមិនប្រកាន់ទីកន្លែង ឬពេលវេលាឡើយ គឺក្រោយពេលស្ទូងដក ច្រូតកាត់ បំពេញការហត្ថកម្ម ពេលជប់លៀង អាពាហ៍ពិពាហ៍ ឬបុណ្យនៅក្នុងគ្រួសារក៏គេអាចជួប ជុំគ្នាសប្បាយរីករាយដោយមានការរៀបចំជាកម្មវិធីមានរបាំរាំវង់ផងដែរ។

ប្រជាជនខ្មែរ អ្នកនៅទីក្រុងក៏ដូចជាជនបទស្រែចម្ការ តំបន់ភ្នំឬខ្ពង់រាប តាមដងទន្លេឬឆ្នេរសមុទ្រ ជាអ្នកស្រឡាញ់សិល្បៈវប្បធម៌ និងចូលចិត្តសប្បាយរីករាយ ជាពិសេសនៅពេលច្រូតកាត់រួច ក្នុងពិធីបុណ្យទានប្រពៃណីនិងសាសនាផ្សេងៗមានបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ បុណ្យផ្កា អុំទូកលយប្រទីបអកអំបុកសំពះព្រះខែជាដើម​ ដែលគេរមែងជួបជុំគ្នាលេងល្បែងប្រពៃណី និងរាំកម្សាន្តជាមួយនឹងរបាំរាំវង់និង របាំប្រជាប្រិយឯទៀត ។ របាំរាំវង់ មានប្រជាប្រិយភាពណាស់នៅក្នុងស្រទាប់ប្រជាជនខ្មែរ ពោលគឺខ្មែរគ្រប់គ្នា ទាំងចាស់ ទាំងក្មេង ស្រី ប្រុស សុទ្ធតែចេះរាំរបាំរាំវង់ដែលមានភាពងាយស្រួលក្នុងការរៀនរាំនិងរាំ។

របាំរាំវង់កំដរដោយវង់តន្ត្រីមួយវង់ ដែលមានទ្រ ស្គរដៃ និងអ្នកចម្រៀងដែលខ្មែរនៅតាមជនបទ ហៅថា ឡាំថូនឡាំ មានន័យថា រាំ និង ថូន គឺ ស្គរ។ ដូច្នេះ ឡាំថូន មានន័យថា “រាំអាស្រ័យដោយស្គរថូន”។ នៅតាមទីក្រុង របាំរាំវង់ ត្រូវបានកំដរដោយវង់តន្ត្រីសម័យដែលមាន ហ្គីតារ អ៊ក អាក់គ័រឌីអុង ក្រុមស្គរ និងអ្នកចម្រៀង។ វង់តន្ត្រីសម័យកំដររបាំរាំវង់ខ្នាតធំខ្លះ មានទាំងបញ្ចូលនូវឧបករណ៍គ្រឿងផ្លុំនិងខ្សែមួយចំនួនទៀត មានវីយ៉ូឡុង ខ្លុយដែក សាក់សូរ និងត្រុមប៉ែតផង។ចម្រៀងរាំវង់ដែលមានប្រជាប្រិយភាព ហើយខ្មែរសឹងតែគ្រប់គ្នាចេះ និងចងចាំនៅក្នុងខ្លួនមានដូចជាបទអារ៉ាប់ពីយ៉ា (ហឹបពីយ៉ា (Happy Year)) ស្វាយចន្ទី រាំវង់អង្គរ អក្ខរា គន់មើលកង្ហារត្រូវខ្យល់ និងខ្យល់បក់រំភើយ ។ល។

យើងឃើញនៅកម្ពុជា ប្រជាជនខ្មែរមានរបាំរាំវង់នេះ ជាយូរយារណាស់មកហើយ។ របាំរាំវង់ក៏ជាទម្រង់របាំមួយដែលមាននៅជាប់ជិតស្និទ្ធជាទីបំផុតនឹងជនជាតិដើមភាគតិចមានគ្រឹង ទំពួន ព្រៅ កាចក់ កាវ៉ែត ចារ៉ាយ ជាដើម ដែលគេច្រើនហៅថា រាំវង់ភូមិថ្មីរាំវង់ស៊្រុកហាន់ទើម ដោយសារតែគេរាំរបាំនេះនៅពេលបុណ្យទានប្រពៃណីនិងពិធីពាក់ព័ន្ធនឹងជំនឿ ដូចជាពិធីលៀងអារក្ស ឡើងអ្នកតា កាប់ក្របី សែនព្រលឹង សែនស្រូវ និងជាពិសេសនៅពេលដែលគេផ្លាស់ប្តូរពីភូមិចាស់ទៅភូមិថ្មី បន្ទាប់ពីបានរស់នៅក្នុងភូមិចាស់អស់រយៈពេលពីបីទៅប្រាំពីរឆ្នាំរួចហើយ ដើម្បីទៅរកដីថ្មីដែលមានជីរជាតិ ឬ ដោយសារគ្រោះមហន្តរាយណាមួយមានជំងឺឈឺស្កាត់ឬមរណភាពដែលមានដល់ប្រជាជននៅភូមិចាស់ជនជាតិ ភាគតិចខាងលើ ជួបជុំគ្នារាំលេងនៅលើទីលាននៃភូមិមូលរបស់គេ ។ ពេលខ្លះ យើងសង្កេតឃើញថា ជនជាតិដើមភាគតិច ក៏រាំលេងរបាំរាំវង់ភូមិថ្មីនេះនៅជុំវិញភ្នក់ភ្លើងនាពេលរាត្រីជាការកែកម្សាន្តដែរ។ឯកសារខ្លះ​ បានអះអាងថា របាំរាំវង់ មានការលូតលាស់បំផុតនៅក្នុងអំឡុង ទសវត្សទី២០ ជាពិសេសចាប់ពីពេលចលនាតស៊ូឥស្សរៈ ដើម្បីទាមទារឯករាជ្យសេរីភាពពីអាណានិគមបារាំង។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!