ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាប្រវត្តិខ្លះៗនៃការស្រាវជ្រាវបុរេប្រវត្តិសាស្ត្រនៅកម្ពុជា

ប្រវត្តិខ្លះៗនៃការស្រាវជ្រាវបុរេប្រវត្តិសាស្ត្រនៅកម្ពុជា

ការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា និងបុរេប្រវត្តិសាស្ត្របានលេចឡើងដំបូងៗនៅតំបន់អ៊ឺរ៉ុប ពិសេសគឺបន្ទាប់ពីការលួចគាស់ផ្នូរបុរាណមួយចំនួននៅអេហ្ស៊ីប និងតំបន់មានអារ្យធម៌បុរាណនៅមជ្ឈឹមបូព៌ា។ ការចាប់ផ្តើមសិក្សាបែបនេះ គឺដោយសារឈ្មួញ និងអ្នកមានទ្រព្យចង់បង្ហាញអំពីកិត្តិយសរបស់ខ្លួន និងអួតអំពីតំលៃនៃវត្ថុសិល្បៈទាំងនោះ ដោយផ្តោតលើអាយុកាល និងបែបផែននៃសិល្បៈរបស់វត្ថុទាំងនោះ។ ក្រោយមកគេបានសង្កត់ធ្ងន់លើការសិក្សាបែបវិទ្យាសាស្ត្រជាក់លាក់ ដោយមានវិធីសាស្ត្រស្រាវជ្រាវត្រឹមត្រូវ ទាំងការកាយបែបបុរាណវិទ្យា ការគូរប្លង់ ការថតរូប ការកត់ត្រា ការវិភាគបែបសិល្បៈ និងវិភាគបែបវិទ្យាសាស្ត្រ ពិសេសការវិភាគលើកាលបរិច្ឆេទ។ ការសិក្សាបែបនេះកើតឡើងដោយពួកអ៊ឺរ៉ុប នាចុងសតវត្សទី១៨ ហើយបានសាយភាយស្ទើពេញពិភពលោក ពិសេសមកដល់កម្ពុជាដោយជនជាតិបារាំង កំឡុងពាក់កណ្តាលសតវត្សទី១៩។

ចាប់តាំងពីសម័យអាណានិគមបារាំងមក ស្ថានីយបុរាណវិទ្យាជាច្រើនក្នុងកម្ពុជាត្រូវបានបង្ហាញដោយជនជាតិបរទេស ដែលជាអ្នករុករកឬផ្សងព្រេង អ្នកស្រាវជ្រាវ និងក្រោយមកដោយអ្នកបុរាណវិទ្យាជនជាតិខ្មែរ។ ស្ថានីយទាំងនោះភាគច្រើនជាបុរាណដ្ឋាន ប្រវត្តិសាស្ត្រ (History) តែមួយចំនួនក៏ជាស្ថានីយបុរេប្រវត្តិសាស្ត្រ (Pre-History) និងចន្លោះមុនប្រវត្តិសាស្ត្រ(Proto-History)ផងដែរ។ ចំពោះការសិក្សាអំពីបុរេប្រវត្តិសាស្ត្រកម្ពុជាមានតិចតួចណាស់មុនឆ្នាំ២០០០ ហើយស្ថានីយទាំងនោះភាគច្រើន គឺនៅតាមបណ្តាយទន្លេមេគង្គ ដូចជានៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម តាកែវ និងខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប រួមមានបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ សៀមរាប កំពង់ឆ្នាំង និងកំពង់ធំជាដើម។ ការសិក្សាបុរេប្រវត្តិសាស្ត្រកម្ពុជាជាលើកដំបូង ដោយលោក J.B Noulet គឺធ្វើឡើងបន្ទាប់ពីការរកឃើញស្ថានីយសំរោងសែន នៅកំពង់ឆ្នាំង ដោយលោក Jean Moura។ ក្រោយមក លោក Fuchs Edmond បានសិក្សាលើស្ថានីយនេះ និងបានធ្វើកាលបរិច្ឆេទរបស់វា។ ១ឆ្នាំក្រោយមក លោក Cartailhac Émile បានសិក្សាបន្តលើស្ថានីយនេះដែរ។ ការសិក្សាលើស្ថានីយនេះបានអាកខានរហូតដល់ឆ្នាំ១៩២៣ ទើបមានជនជាតិបារាំង១រូបទៀត គឺលោក Henri Mansuy បានធ្វើកំណាយស្រាវជ្រាវជាលើកដំបូង និងបានចុះបញ្ជីគ្រប់វត្ថុសិល្បៈដែលគាត់បានរកឃើញ។ ក្នុងពេលជាមួយគ្នានោះដែរ មានស្ថានីយផ្សេងទៀតក៏ត្រូវបានរកឃើញ និងធ្វើការស្រាវជ្រាវផងដែរ។ ក្នុងឆ្នាំ១៩២៨ លោក​ Paul Lévy បានសិក្សាលើស្ថានីយម្លូព្រៃ ដែលមានទីតាំងនៅតាមបណ្តោយស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ។ ក្រោយមកក្នុងឆ្នាំ ១៩៣៨ លោកបានធ្វើកំណាយនៅស្ថានីយនេះ ហើយបានជួប ប្រទះនូវវត្ថុសិល្បៈជាច្រើន ពិសេសគ្រឿងលម្អធ្វើអំពីសំរឹទ្ធ។ រហូតដល់ពាក់កណ្តាលសតវត្សទី២០ ការរកឃើញស្ថានីយភូមិមូលមួយចំនួនត្រូវបានធ្វើឡើងដោយលោក Louis Malleret។ ក្នុងឆ្នាំ១៩៥៩​ គាត់បានជួបប្រទះស្ថានីយភូមិមូលនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។ ក្នុងឆ្នាំ១៩៦២ លោក B.P. Gloslier បានធ្វើកំណាយនៅស្ថានីយភូមិមូលមួយក្នុងស្រុកមេមត់ ហើយគាត់បានដាក់ឈ្មោះឱ្យវប្បធម៌ក្នុងតំបន់នោះថា វប្បធម៌មេមត់ (Memotien) ជាវប្បធម៌សម័យថ្មរំលីង (Neolithic Culture) សម្រាប់ស្ថានីយក្នុងតំបន់នោះ។ក្នុងឆ្នាំ១៩៦៣ លោក Edmond Saurin បានសិក្សាលើស្ថានីយសម័យថ្មបំបែកនៅភាគខាងកើតនៃកម្ពុជា គឺចន្លោះស្រុកស្នូល និងខេត្តស្ទឹងត្រែង។ ក្នុងឆ្នាំ១៩៦៥ លោក Roland Mourer និងលោកស្រី Mourer បានធ្វើកំណាយនៅតំបន់ត្រេង ខាងត្បូងខេត្តបាត់ដំបង ហើយបានរកឃើញជាលើកដំបូងនូវវប្បធម៌ Habinnien ក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីនោះមក ក្នុងឆ្នាំ១៩៦៧ មានអ្នកស្រាវជ្រាវ២រូបផ្សេងទៀត គឺ J.P. Carbon nel និង G. Delibris បានធ្វើការសិក្សាលើស្ថានីយបុរេប្រវត្តិសាស្ត្រនៅភាគខាងត្បូងនៃកម្ពុជា គឺនៅភ្នំល្អាង ក្នុងខេត្តកំពត។ ក្រោយនោះមួយឆ្នាំ លោកស្រីទាំង២បានយកសំណល់ធ្យូងដែលបានមកពីកំណាយទៅវិភាគ ហើយកាលបរិច្ឆេទដោយបច្ចេកទេសកាបូន១៤ត្រូវបានធ្វើជាលើកដំបូងសម្រាប់ស្ថានីយបុរេប្រវត្តិសាស្ត្រកម្ពុជា។

ការសិក្សាស្រាវជ្រាវលើស្ថានីយទាំងឡាយក្នុងកម្ពុជាត្រូវបានអាកខានដោយសារសង្គ្រាមចាប់ផ្តើមឡើងក្នុងឆ្នាំ១៩៧០។ រហូតដល់ទសវត្សឆ្នាំ១៩៩០ ទើបការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យាក្នុងកម្ពុជាត្រូវបានចាប់ផ្តើមសារជាថ្មី ដោយមានទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិផងដែរ។ ការងារស្រាវជ្រាវដំបូងនេះ បានធ្វើនៅតំបន់ខាងត្បូង គឺអង្គរបូរី ក្នុងខេត្តតាកែវ។ ក្នុងនោះនៅឆ្នាំ១៩៩៥ លោក ជុច ភឿន និងអ្នកស្រី Miriam T. Stark បានអនុវត្តការងារស្រាវជ្រាវនៅតំបន់អង្គរបូរីទាំងមូល និងមានបើកការដ្ឋានកំណាយមួយចំនួនផងដែរ។ ក្រុមការងារបានធ្វើផែនទី និងបើករណ្តៅកំណាយចំនួន២កន្លែង និងបានជួបប្រទះនូវទីកប់សពដែលអាចមានអាយុកាលក្នុងសម័យដែក។

បន្ទាប់មកទៀតនៅឆ្នាំ១៩៩៦ ការងារស្រាវជ្រាវនៅតំបន់ភូមិមូលដីក្រហមបានសិក្សាឡើងវិញ ដោយជនជាតិជប៉ុនឈ្មោះ Yasushi Kojo និងមាននិស្សិតបុរាណវិទ្យាកម្ពុជា ចូលរួមសិក្សាស្រាវជ្រាវនេះដែរ។ ការងារនេះធ្វើឡើងដើម្បីពិនិត្យមើលស្រទាប់ដី និងស្ថានីយនៅក្រែក លេខសំគាល់ ៦២/៥២ ដែលអាចមានអាយុកាលក្នុងសម័យថ្មរំលីង។ នៅឆ្នាំ១៩៩៩ លោក លី វណ្ណា និស្សិតនៃមហាវិទ្យាបុរាណវិទ្យាបានទៅសិក្សានៅស្ថានីយសំរោងសែន ដោយបានធ្វើកំណាយ និងវិភាគលើវត្ថុសិល្បៈដែលកំណាយបាន។

ដោយឡែកក្នុងឆ្នាំ ២០០១ លោកផេង ស៊ីថា និងលោក Dougald J. O’Reilly បានដឹកនាំនិស្សិតបុរាណវិទ្យាទៅធ្វើកំណាយនៅស្ថានីយភូមិស្នាយ និងស្ថានីយជាច្រើនទៀតនៅជុំវិញតំបន់ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយទទួលបាននូវលទ្ធផលជាច្រើន រួមមានផ្នូរកប់សព និងឧបករណ៍ប្រើប្រាស់នាសម័យបុរាណជាច្រើន។ តាមការស្រាវជ្រាវរបស់លោក និងតាមលទ្ធផលវិភាគលើឆ្អឹង និងធ្យូងបង្ហាញថា ស្ថានីយទាំងនេះមានអាយុកាលក្នុងសម័យដែក។ រហូតមកដល់ឆ្នាំ២០០៣ការសិក្សាស្រាវជ្រាវបែបបុរេប្រវត្តិសាស្រ្តក៏ នៅតែបន្តជាហូរហែរ ក្នុងនោះមានលោក សុខ កែវ សុវណ្ណារ៉ា និងលោកស្រី អួន ស៊ីណាង បានធ្វើកំណាយស្រាវជ្រាវនៅភូមិក្រសាំងថ្មី ដែលមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃ ភូមិស្នាយ។ ក្នុងឆ្នាំ២០០៤ លោក សុខ កែវ សុវណ្ណារ៉ា បានដឹកនាំនិស្សិតបុរាណវិទ្យាទៅកំណាយនៅភូមិនោះម្តងទៀត ដើម្បីប្រមូលពត៌មានបន្ថែមដើម្បីបកស្រាយអំពីស្ថានីយនេះ។ លើពីនេះលោក ហេង សុផាឌីបានធ្វើបញ្ជីស្ថានីយផ្សេងៗនៅតំបន់ក្រែក​ និងមេមត់។  ក្រោយមកលោកបានបន្តការស្រាវជ្រាវនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាម នៅមេមត់ និង ក្រែក ដោយមានការធ្វើកំណាយបន្ថែម ប្រមូលទិន្នន័យផ្សេងៗ និងទិសដៅនៃការផ្តល់បទពិសោធន៍ដល់និស្សិតបុរាណក្មេងៗទៀតផង។ ក្នុងឆ្នាំ២០០៩ តាមរយៈកិច្ចសហប្រតិបត្តិការណ៍​រវាងក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃប្រទេសបារាំង ​ដោយមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំការងារនោះ ដោយបានធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ដោយទីតាំងនេះដំបូងឡើងរកឃើញដោយលោកស្រី សេស៊ីល ម៉ូរ៉េ និង​ លោ ករ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ ដោយឡែកការរកឃើញស្ថានីយថ្មីមួយទៀតនៅតំបន់ភ្នំបូរី ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដោយលោក ផុន កសិកា បានដឹកនាំក្រុមស្រាវជ្រាវទៅសិក្សា និងធ្វើកំណាយបុរាណវិទ្យា ដោយបានរកឃើញផ្នូរកប់សពមនុស្សត្រួតលើគ្នាជាច្រើន។

មកដល់បច្ចុប្បន្ន ការស្រាវជ្រាវបែបបុរេប្រវត្តិសាស្ត្រនៅកម្ពុជាហាក់ដូចជាមិនមានសន្ទុះ ឬការចាប់អារម្មណ៍ពីអ្នកបុរាណវិទ្យាជាតិ និងអន្តរជាតិប៉ុន្មានទេ។ គេឃើញនៅមានកំណាយ និងការសិក្សាបន្ថែមនៅស្ថានីយល្អាងស្ពានដោយក្រុមការងាររបស់ក្រសួងវប្បធម៌ រួមជាមួយនិងសាកលវិទ្យាល័យមកពីប្រទេសបារាំង។ ការងារស្រាវជ្រាវនេះ នាំឱ្យគេចាប់ផ្តើមបង្ហាញវប្បធម៌ហូប៊ីនៀងនៅស្ថានីយល្អាងស្ពាននេះ។

         ចំនុចទាំងនេះគ្រាន់តែជាការបង្ហាញត្រួសៗអំពីប្រវត្តិនៃការស្រាវជ្រាវបែបបុរេប្រវត្តិសាស្ត្រនៅកម្ពុជា ដែលចាប់ផ្តើមឡើងដោយជនជាតិបរទេស និងឈានដល់ការចូលរួមពីសំណាក់អ្នកបុរាណវិទ្យាខ្មែរនាសម័យក្រោយ និងបច្ចុប្បន្ន។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!