ទំព័រដើមប្រវត្តិសាស្ត្រឈ្មោះប្រាសាទបាគង

ឈ្មោះប្រាសាទបាគង

អ្នកអភិរក្សបារាំងបានចាត់ចូលប្រាសាទបាគងនេះនៅក្នុងក្រុមរលួស។ រលួសជា ឈ្មោះភូមិធំជាងគេកាលពីជំនាន់ដើម ដែលក្នុងទីតាំងភូមិសាស្រ្តនោះរួមមានប្រាសាទ ព្រះគោ ប្រាសាទលលៃ និងប្រាសាទតូចៗជាច្រើនទៀត។ បច្ចុប្បន្នទីតាំងនៃប្រាសាទទាំង នោះស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាម។

តាមរយៈសិលាចារឹកនៃប្រាសាទនេះផ្ទាល់ (K.826) ប្រាសាទនេះបានសាងឡើង នៅក្នុងរាជ្យរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ នៅក្នុងគ.ស.៨៨១ ដើម្បីឧទ្ទិសដល់ព្រះឥសូរ និង តម្កល់លិង្គនៅប្រាសាទនេះផ្ទាល់ដែលមាននាមថា “ស្រីឥន្ទ្រេស្វរ”។ នាមរបស់លិង្គនោះ ពោលគឺភ្ជាប់ទៅនឹងព្រះនាមរបស់ព្រះរាជាផ្ទាល់ ហើយក៏ជាឈ្មោះនៃប្រាសាទនាសម័យ នោះដែរ។ សូមបញ្ជាក់ថាព្រះនាម “ស្រីឥន្ទ្រេស្វរ” គឺ “ស្រី” មានន័យថា “ដែលឧត្តម” “ដែលខ្ពង់ខ្ពស់” “ដែលមង្គល” ហើយពាក្យនេះដាក់នៅពីមុខព្រះនាមព្រះរាជា ឈ្មោះ រាជធានី និងទីកន្លែងផ្សេងទៀត។ល។ (សូមមើលក្នុងអត្ថបទ “បន្ទាយស្រី”, “ឥន្ទ្រ” គឺ ព្រះនាមរបស់ព្រះបាទ “ឥន្ទ្រវរ្ម័ន” ហើយ “ស្វរ” បើថាតាមមាត់ខ្មែរគឺ “សូរ ឬ ឥសូរ” ដែល មានន័យថា “ជាម្ចាស់ ឬស្ដេច”។

ព្រះអង្គបានសាងប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទផ្សេងទៀតនៅក្នុង រាជធានីបុរាណឈ្មោះថា “ហរិហរាល័យ” ដែលមានព្រះរាជាគ្រងរាជ្យបីអង្គ ពោលគឺ ព្រះបាទជ័យវរ្ម័នទី២ (គ.ស.៨០២-៨៣៤) ព្រះបាទជ័យវរ្ម័នទី៣ (គ.ស.៨៣៤-៨៧៧) និងព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស.៨៧៧-៨៨៩)។ យោងតាមសិលាចារឹកដែលគេចារនៅ ប្រាសាទព្រះគោ (K.713) នៅក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នផ្ទាល់ និងតឹកតាងផ្សេងៗទៀត អ្នកស្រាវជ្រាវបានឲ្យជាសម្មតិកម្មថា ព្រះអង្គក្រៅពីសាងប្រាសាទបាគង ដើម្បីឧទ្ទិសដល់ ព្រះឥសូរដែលជាទេពព្រះអង្គគោរពបូជា គឺសាងដើម្បីរាជ្យរបស់ព្រះអង្គផ្ទាល់ (មានន័យ ថាដើម្បីបង្ហាញអំពីអំណាចរបស់ព្រះរាជា) ហើយប្រាសាទព្រះគោ (គ.ស.៨៧៧) គឺសាង ដើម្បីឧទ្ទិសដល់បុព្វការីជន។ ទំនៀមនេះបានបន្តមករាជ្យស្ដេចជំនាន់ក្រោយៗទៀត។ ឧទាហរណ៍ នៅក្នុងរាជ្យរបស់ព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-ប្រ.៩១០) ព្រះអង្គ បានសាងប្រាសាទលលៃ (ចុងស.វ.ទី៩) ដើម្បីឧទ្ទិសដល់បុព្វការីជន និងប្រាសាទភ្នំបាខែង (ដើមស.វទី១០) ដើម្បីរាជ្យរបស់ព្រះអង្គ។ ហើយក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស. ៩៤៤-ប្រ.៩៦៨) ប្រាសាទមេបុណ្យ (ខាងកើត) (ប្រ. គ.ស. ៩៥៣) គឺសាងឡើង ដើម្បី ឧទ្ទិសដល់បុព្វការីជន និងប្រាសាទប្រែរូប (គ.ស. ៩៦១) គឺដើម្បីរាជ្យរបស់ព្រះអង្គ ។ល។

សម្រាប់ឈ្មោះប្រាសាទបាគងដែលយើងហៅសព្វថ្ងៃនេះ អាចជាការវិវត្តន៍ពីឈ្មោះ “វកោង” ដែលមានចារនៅក្នុងសិលាចារឹកដូចជា ៖

១. សិលាចារឹកភាសាខ្មែរចុះកាលបរិច្ឆេទនៅស.វ.ទី១១ (K.843)

             “…ប្រសប៑តភូមិវកោង៑…”

[…ប្រសព្វដីវកោង…]

២. សិលាចារឹកភាសាខ្មែរចុះកាលបរិច្ឆេទនៅស.វ.ទី១០ (K.844)

             “តគិផ្លុវ្រេក្កផ្លុម្វាយទៅវកោង៑ ផ្លុម្វាយច្វ លវ្នុរស្រមោតោយឧត្តរផ្លុវកោង៑គោលថ្ម…”

[…គឺដល់ផ្លូវបំបែក ផ្លូវមួយទៅវកោង ផ្លូវមួយចូលផ្នូរស្រមោទៅទិសឧត្តរ (គឺ) ផ្លូវវកោងគោលថ្ម…]

៣. សិលាចារឹកស.វ.ទី៩ (K.809)

             “…តគិស្រុក៑វកោង៑” […គឺនៅភូមិវកោង]

ឈ្មោះ “វកោង” ដែលចារនៅក្នុងសិលាចារឹកទាំងនេះបង្ហាញអំពីទីតាំងនៅម្ដុំខេត្ត សៀមរាប ដែលអាចមានទំនាក់ទំនងនឹងឈ្មោះប្រាសាទបាគងសព្វថ្ងៃ។ ម្យ៉ាងទៀត ឈ្មោះនេះ ក៏អាចមានទំនាក់ទំនងនឹងឈ្មោះភូមិមួយដែលសព្វថ្ងៃស្ថិតនៅម្ដុំប្រាសាទ បាគងនោះដែរ គឺភូមិបង្កោង។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!