ទំព័រដើមប្រវត្តិសាស្ត្រទិដ្ឋភាពអវតារព្រះវិស្ណុឈ្មោះ "វរាហ" ក្នុងសិល្បៈខ្មែរ

ទិដ្ឋភាពអវតារព្រះវិស្ណុឈ្មោះ “វរាហ” ក្នុងសិល្បៈខ្មែរ

តើវរាហជានរណា? មានតួនាទីអ្វី? មានលក្ខណៈបែបណាក្នុងសិល្បៈខ្មែរ?

វរាហ គឺជាពាក្យសំស្ក្រឹតដែលមានន័យសំដៅលើឈ្មោះរបស់អវតារទី៣ របស់ព្រះវិស្ណុ ដែលមានខ្លួនមនុស្សក្បាលជាជ្រូកព្រៃ ឬជាជ្រូកព្រៃតែម្តង។ វរាហ លេចឡើងជាជ្រូកព្រៃដែលមានថាមពលយ៉ាងខ្លាំង មានតួនាទីឬភារកិច្ចជួយដល់ព្រះនាងធរណី (ទេពនៃដី) ពីការចាប់យកទៅលាក់ទុករបស់យក្សមួយឈ្មោះថា “ហិរណ្យក្ស (Hiraṇyakṣa)”។ ក្នុងសិល្បៈឥណ្ឌា វរាហ ជាទូទៅ បង្ហាញតាមរយៈមនុស្សក្បាលជ្រូកព្រៃ ដែលចម្លាក់បែបនេះ គឺកម្រមានឃើញក្នុងសិល្បៈខ្មែរណាស់ ពោលមានតិចតួចទាំងចម្លាក់ទោល និងក្រឡោតទាប។ ហើយ វរាហ មានមហេសីឈ្មោះ វរាហិ

ជាសង្ខេបនៃសាច់រឿង តាមរយៈទេវកថាឥណ្ឌា កក្នុងសិល្បៈឥណ្ឌា្នុងអត្ថបទភគវតបុរាណបង្ហាញថា វរាហ បានចាប់កំណើតឡើងដើម្បីជួយទេពធីតាដី គឺព្រះនាងភូមិ ដែលត្រូវបានចាប់យកទុកនៅក្រោមសមុទ្រ។ នៅពេលនោះ ព្រះវិស្ណុបានក្រឡាខ្លួនជាជ្រូកព្រៃដ៏ខ្លាំងក្លាជ្រមុជនិងឈ្មួសចូលទៅក្នុងសមុទ្រសំលាប់យក្សឈ្មោះ ហិរណ្យក្ស ហើយរំដោះព្រះនាងភូមិពីបាតសមុទ្រ។  

ក្នុងសិល្បៈខ្មែរ ទិដ្ឋភាពនៃអវតារវរាហ ភាគច្រើនត្រូវបានបង្ហាញជាក្បាច់ក្រឡោតទាប ជាជាងបដិមាដែលមានខ្លួនជាមនុស្សនិងក្បាលជាជ្រូកព្រៃ។​ អ្នកស្រី ម៉ាដឺឡែន ហ្គីតូ បានបង្ហាញភស្តុតាងបីបួនអំពីទិដ្ឋភាពនៃអវតារវរាហ នៅក្នុងអត្ថបទរបស់គាត់។ គាត់បានប្រមូលពត៌មានតាមរយៈចម្លាក់ក្រឡោតទាបនៅលើផ្តែរ បំណែកបដិមាក្នុងសារមន្ទីជាតិភ្នំពេញ និងក្នុងអភិរក្សដ្ឋានអង្គរ។ ចម្លាក់១ក្នុងចំណោមចម្លាក់ក្រឡោតជាច្រើន ដោយពុំ ដឹងច្បាស់ថានៅប្រាង្គកណ្តាល (ក្នុងទិន្នន័យរូបថតចាស់របស់សាលាបារាំងចុងបូព៌ាបញ្ជាក់ ថានៅប្រាង្គS6) របស់ប្រាសាទត្រពាំងផុង ដែលបង្ហាញពីទេពមួយដែលមានក្បាលជាជ្រូកព្រៃដ៏ធំ១ មានខ្លួនជាមនុស្សជើងខ្លី និងដៃ៤ ដៃខាងលើទាំង២កាន់កងចក្រនិងខ្យងស័ង្ខ ដៃក្រោមខាងឆ្វេងដាក់លើដំបង១ និងដៃខាងក្រោមស្តាំបាក់បាត់(រូបលេខ១)។ បើប្រៀបធៀបចម្លាក់ឥណ្ឌា នៅសារមន្ទីបិហា (Bihar) បង្ហាញដៃខាងឆ្វេងក្រោមកាន់កងចក្រ ដៃឆ្វេងលើកាន់ស័ង្ខ ហើយទេពស្រីអង្គុយលើកែងដៃឆ្វេងខាងលើ ដោយយកដៃស្តាំកាន់ខ្នាយជ្រូកព្រៃ(រូបលេខ២)។ 

ចម្លាក់នៅលើផ្តែររបស់ទ្វារបញ្ឆោទខាងត្បូង នៃប្រាង្គកណ្តាលរបស់ប្រាសាទបន្ទាយស្រី បង្ហាញពីតួអង្គ២នាក់ មួយមានលក្ខណៈជាប្រុសតូចក្រៀកតួអង្គមួយទៀតធំ រាងដូចជាស្រី ឬអសុរ។ តួអង្គទាំងពីរឈរនៅលើជ្រូកព្រៃ១ដែលមាន ក្បាល និងជើងមុខពីរ។ តួអង្គប្រុសមានកាយវិការ ឬជំហរក្រៀកឬទប់តួអង្គមួយទៀត  (រូបលេខ៣)។ អ្នកស្រី ហ្គីតូ បានស្នើថា ចម្លាក់នេះពុំមានអ្វីទាក់ទងនឹងរឿងរ៉ាវអវតារវរាហទេ។ វាប្រហែលគ្រាន់តែជាការបង្ហាញចំពោះឈ្មោះអ្នកស្ថាបនាប្រាសាទបន្ទាយស្រីនេះ គឺព្រះរាជគ្រូឈ្មោះ យជ្ញវរាហ។ ចម្លាក់លើផ្តែរ ដែលមានក្បាលជ្រូកព្រៃនេះ ក៏អាចទាក់ទងនឹងរឿងកិរាតាមុរតិ គឺជារឿងទាក់ទងនឹងការធ្វើតបរបស់ អរជុន និងការប្រមាញ់ជ្រូកព្រៃ (ក្លែងដោយយក្ស) រវាង អរជុន និងព្រាហ្មណ៌ឈ្មោះ កិរាតា ដែលក្លែងដោយព្រះសិវៈ(រូបលេខ៤)។ អ្វីដែលប្លែកនោះ តួអង្គ១មានមុខមាត់ និងការតុបតែងសក់ដូចជាកងទ័ពចាម ហើយតួអង្គមួយទៀតគឺជាខ្មែរ។ ​​​ ចម្លាក់រឿងនេះ ភាគច្រើនមាននៅលើជញ្ជាំងប្រាសាទបាភួន។ ក្រៅពីនេះក៏មានចម្លាក់បង្ហាញពីការប្រមាញ់ (រូបលេខ៥-៦) និងប្រជល់ជ្រូកព្រៃផងដែរ (រូបលេខ៧)។

ចម្លាក់ក្រឡោតទាបដែលគួរឱ្យចាប់អារម្មណ៍មួយទៀត និងមិនដែលបានបកស្រាយដោយអ្នកស្រី ហ្គីតូ គឺចម្លាក់ទ្វារបាលនៅលើប្រាង្គទិសនិរតីរបស់ប្រាសាទប្រែរូប(រូបលេខ៨)។ ចម្លាក់ដែលយើងអាចមើលឃើញ និងសន្និដ្ឋានបាន គឺជាទេពស្រីដែលមានក្បាលជាជ្រូកព្រៃ គឺតំណាងឱ្យមហេសីរបស់ វរាហ ឈ្មោះ វរាហិ រីឯលោក រ៉ូវេដា ហៅថា លក្ម្សីឬភូវរាហ។ នេះជាចម្លាក់តែមួយគត់ដែលមានក្នុងសិល្បៈខ្មែររចនាបថប្រែរូប​ សតវត្សទី១០។ ទោះបីជាយ៉ាងណាសិល្បករខ្មែរបុរាណមិនបានបង្ហាញច្រើន អំពីទេវកថាទាក់ទងនឹងអវតារព្រះវិស្ណុដែលយកសណ្ឋានជាសត្វជ្រូកព្រៃឡើយ ប៉ុន្តែពេលខ្លះទេវកថា​ ឬក៏ធម្មជាតិ និងសកម្មភាពជាក់ស្តែងផ្សេងៗទៀតដែលទាក់ទងនឹងសត្វជ្រូកព្រៃក៏​​​​​​​បង្ហាញក្នុងចម្លាក់ក្រឡោតទាប។

ក្រៅពីចម្លាក់ យើងឃើញមានសិលាចារឹកបុរាណមួយចំនួនបានបង្ហាញពាក្យ វរហជាឈ្មោះរបស់មន្ត្រីថ្នាក់ខ្ពស់ខ្លះៗដែរ។ ជាឧទាហរណ៍ សិលាចារឹក K.44 មានកាលបរិច្ឆេទឆ្នាំគ.ស៦៧៤ ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី១?) បង្ហាញពីមនុស្ស២នាក់ធ្វើដង្វាយដល់ប្រាសាទនូវខ្ញុំបំរើស្រីប្រុស និងគ្រឿងវត្ថុជាច្រើនទៀត។ មនុស្សម្នាក់ក្នុងចំណោម២នាក់នោះមានឈ្មោះហៅថា វរាហសេនា។សិលាចារឹកប្រាសាទបន្ទាយស្រី K.842 មានកាលបរិច្ឆេទឆ្នាំគ.ស៩៦៧ បង្ហាញពីឈ្មោះអ្នកគ្រប់គ្រងការសាងសង់ប្រាសាទនេះ គឺជាព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ ឈ្មោះហៅថា យជ្ញវរាហ

ការសិក្សាវិភាគអំពីអវតារវរាហក្នុងសិល្បៈខ្មែរត្រូវបានបរិយាយដោយអ្នកស្រី ហ្គីតូ តាមរយៈចម្លាក់ក្រឡោតទាបនៃផ្តែររបស់ប្រាសាទត្រពាំងផុង។ អ្នកស្រីគិតថា ទេវកថា អវតារវរាហ ពុំមានលេចឡើងជាបដិមាមុនសតវត្សទី១១ ប្រសិនបើជារឿយៗវាត្រូវបាននិយាយបញ្ឆិតបញ្ឆៀងនៅក្នុងសិលាចារឹកសតវត្សទី៩ ដែលជាការនិពន្ធដោយប្រៀបធៀប ពីឧត្តមភាពរបស់ស្តេចដែលជាអ្នកគ្រប់គ្រងផែនដី។

ទោះយ៉ាងណា ទេវកថា អវតារវរាហ ត្រូវបានស្គាល់ដោយជនជាតិខ្មែរ ដំណាលគ្នាទៅនឹងទេពដទៃទៀតក្នុងព្រហ្មញ្ញសាសនា និងហិណ្ឌូសាសនា តាំងពីមុខសម័យអង្គរ។ ប៉ុន្តែរឿងរ៉ាវទាំងនោះកម្រមានបង្ហាញនៅក្នុងចម្លាក់ និងបដិមាណាស់។ ជាឧទាហរណ៍ សិលាចារឹក K.44 បង្ហាញពីឈ្មោះមន្ត្រីម្នាក់ហៅថា វរាហសេនា គឺមានន័យថាគាត់បានដឹងអំពីឈ្មោះអវតារវរាហរួចហើយ។ វរាហ ត្រូវបានគេដឹង និងស្គាល់ក្នុងសង្គម និងសិល្បៈខ្មែរនាសម័យបុរាណ ដូចគ្នាទៅនឹងទាវកថាផ្សេងៗដែរ ទោះបីវាមិនសូវមានប្រជាប្រិយភាពក្នុងការបង្ហាញតាមរយៈសិល្បៈក៏ដោយ។ យើងអាចនិយាយបានថា អវតារវរាហ ត្រូវបានស្គាល់ដោយខ្មែរយ៉ាងហោចណាស់តាំងពីសម័យមុនអង្គរ​ តាមរយៈភស្តុតាងនៃឈ្មោះរបស់មន្ត្រីម្នាក់ ដែលមានគោរម្យងារហៅថា វរាហសេនា ក្នុងសតវត្សទី៧។ បន្ទាប់មក ពាក្យនេះបានបង្ហាញម្តងទៀត ជាឈ្មោះរបស់ព្រាហ្មដែលជារាជគ្រូរបស់ព្រះបានជ័យវរ្ម័នទី៥ ហៅថា យជ្ញវរាហ

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!