ភីមបុរៈ

ស្ថាននាម “ភីមបុរៈ” ពុំទាន់មានអ្នកសិក្សា​និងអ្នកស្រាវជ្រាវ​ជំនាន់​មុន​​ លើកយកមកជជែកពិភាក្សាឱ្យបានវែងឆ្ងាយ និងដាច់ស្រេចនៅឡើយទេ។ អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​យល់​ស្រប​តាម​លោក​ អេត្យេន អៃម៉ូនីញ៉េរ ថា “ភីមបុរៈ”​ នេះ​ត្រូវ​នឹង​ទី​តាំង​របស់​ប្រាសាទ​ភិម៉ាយ​ ដែល​ជា​​កន្លែង​កំណើត​នៃ​សន្តតិវង្ស​ “មហីធរបុរៈ” (ឧទា. អួ​ន ភគិនី 1998, p. 39; Chandler 1979, p. 60; Jacobsen 2008, pp. 43, 56)។ ទំនងជាលោក អេត្យេន អៃម៉ូនីញ៉េរ យល់ថាពាក្យ “ភិម៉ាយ”“ភិម៉ៃ” នេះជាពាក្យ​ដូចគ្នាជាមួយ​ “ភីម”​ ទេដឹង? យ៉ាងនេះក្ដីលោកបាន​​ប្រើពាក្យត្រឹមតែ “ប្រហែល”(peut-être)ប៉ុណ្ណោះ ពុំមែនជាការសន្និដ្ឋាន​ដាច់​ណាត់​របស់លោកឡើយ។ បើ​​យោង​តាមសិលាចារឹកនៅ​ប្រាសាទ​ភិម៉ាយ​ K.397 គេ​បានស្គាល់ច្បាស់​ហើយថា​តំបន់ប្រាសាទ​ភិម៉ាយ​នោះ​​មានឈ្មោះបុរាណជា “វិមាយ”។ ចំណែកឯ​សិលាចារឹកសំស្ក្រឹត​នៅ​ប្រាសាទ​​ព្រះខ័ន​ K.908 ហៅទីនោះថា “វិមាយបុរៈ” ឬហៅតាម​ពាក្យទំនើប “ក្រុងភិម៉ាយ”។ បើផ្អែកតាម​​ទិដ្ឋភាពភាសាវិទ្យា ព្យញ្ជនៈ /វ/​ ពីបុរាណ​មានការប្រែប្រួលជា /ព/ នាពេលបច្ចុប្បន្ន។ ព្យញ្ជនៈ /ព/ នេះក៏ប្រែប្រួលជាព្យញ្ជនៈ /ភ/ ផងដែរ​។ ឧទាហរណ៍ វិមាន > ពិមាន > ភិមាន។ នៅ​ក្នុងភាសាខ្មែរ ការប្រែប្រួលពាក្យ “វិមាយ” ក្លាយជា “ពិមាយ​” និង“ភិមាយ”(ឬ​ជា​​ភិម៉ាយ) ពុំ​មានអ្វីជាការចម្លែកនោះទេ​។ ដូច្នេះហើយ ​ពាក្យ “ភិម៉ាយ”​ គឺ​ពុំជាប់​ទាក់​ទងនឹងពាក្យ “ភីម” ដែល​ជាហេតុ​អាច​នាំឱ្យយើងអាច​យល់ថា​ ភិម៉ាយ​” ជា “ភីមបុរៈ​” នោះទេ។ នៅក្នុង​អត្ថបទនេះ យើង​សន្និដ្ឋាន​ថា​   “ភីមបុរៈ” នៅ​ក្នុងសិលាចារឹក​សម័យ​មុនអង្គរ​ និង​អង្គរ​ គឺ​ត្រូវ​គ្នា​នឹងផ្នែកខ្លះ​នៃខេត្ត​​បាត់ដំបង​សព្វថ្ងៃ។

នៅសម័យមុនអង្គរ​ យើង​សង្កេត​ឃើញស្ថាននាម “ភីមបុរៈ” លេចឡើង​នៅក្នុង សិលាចារឹកចំនួនបី។ ទីមួយ គឺ​សិលាចារឹកក្ដីអង្គ K.56 នៅខេត្តព្រៃវែង ដែលនិយាយអំពីការកសាង​ប្រតិមាក្នុងនិកាយ​ព្រះវិស្ណុមួយអង្គនៅប្រាសាទអស្មសរោនាថ និង​ព្រះកាយកាត្យា​យិនីដ៏ស្រស់ស្អាតមួយអង្គនៅ​ភីមបុរៈ។ ទីពីរ គឺសិលាចារឹក​ភ្នំ​ខៅណយ (K.1150) ស្ថិតនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាសិលាចារឹកដែលដាច់សេចក្ដី​ដោយអន្លើ ប៉ុន្តែ​យើង​ឃើញ​មាន​ស្ថាន​នាមនេះនៅ​ជាមួយស្ថាននាម​ “ចន្ទ្របុរៈ”។ ចំណុច​ត្រង់នេះ​ យើង​ជឿថា​ “ភីមបុរៈ”​ មាន​ព្រំទល់ជាប់ “ចន្ទ្របុរៈ” តាំងពីសម័យមុនអង្គរ​រហូត​មក ដល់​សម័យអង្គរ​។ ទីបី គឺនៅក្នុងសិលាចារឹកភូមិ​ដូង​នេះតែម្ដង។ សិលាចារឹក​ទាំង​បី​ដែល​​បាន​លើក​មកបង្ហាញនេះ ពុំមាន​បញ្ជាក់ព័ត៌មាន​អំ​ពី​ទំហំវិសាល​ភាពឬ​ប្រភេទ​​ដែន​ដីរដ្ឋបាល​​របស់ភីមបុរៈ ដូចសិលាចារឹក​ដែល​ប្រទះឃើញ​ក្នុង​សម័យអង្គរឡើយ។

ចំណែកនៅសម័យអង្គរវិញ​ យើង​ក៏ឃើញមានស្ថាននាមនេះនៅក្នុងសិលាចារឹកយ៉ាង​ហោចណាស់១០ដង ទាំងក្នុងសិលាចារឹកភាសាខ្មែរបុរាណ ​និង​ភាសាសំស្ក្រឹត។ យោងតាមសិលាចារឹកទាំងនោះ​ “ភីមបុរៈ” ជាស្ថាននាម​​​មាន​វិសាល​ភាព​ដែនដីរដ្ឋបាល​ជា​ “ប្រមាន‌” (K.186: 4, K.206: 20, K.257: 41, K.270: 14​),  ជា​ “វិស័យ”​ (K.205: 38, K.938: A16) និង​ជា “ព្រះស្រុក” (K. 276: 23)។ សិលាចារឹកប្រាសាទតាកែវ K.276 ​ដែលចារនៅសតវត្ស​ទី១១ បានបញ្ជាក់ច្បាស់​​ថា​​ “គម្ដែងជគត​ស្រីនរេន្ទ្រគ្រាម​”(តំបន់ប្រាសាទឯកភ្នំ) គឺ​ស្ថិតនៅក្នុង​ព្រះស្រុក​ភីមបុរៈ។ សិលា​ចារឹក​នេះអាចបាន​បញ្ជាក់​ថា ​ទឹកដីភីមបុរៈនៅ​សម័យអង្គរ​គ្របដណ្ដប់​មួយផ្នែកនៃខេត្តបាត់ដំបង ត្រង់តំបន់​ព្រែក​នរិន្ទ និងប្រាសាទ​ឯកភ្នំ​​ ស្រុកឯកភ្នំ។ លោក​ ដូមីនីក ហ្គូដល បាន​លើកឡើងថា​ឈ្មោះ​ ”ភីមបុរៈ” ដែល​​បាន​បង្ហាញ​តាម​​រយៈ​សិលាចារឹក​​មួយ​ចំនួននៅសម័យអង្គរនេះ​ អាច​មាន​ទីតាំង​រដ្ឋបាល​នៅកន្លែងផ្សេងគ្នា ប៉ុន្ដែ​​​មានឈ្មោះដូចគ្នា។ លោកក៏បាន​ចោទជាសំណួរថា​តើធ្វើដូចម្ដេច ដើម្បីដឹងថា​ឈ្មោះនៅក្នុងសិលាចារឹកផ្សេងៗគ្នានោះ​សំដៅដល់ទីក្រុង​តែមួយ? បើយើង​ត្រឡប់មកមើលសិលា-ចារឹក​ភូមិ​ដូង​នេះវិញ នៅសម័យមុនអង្គរ​ ទឹកដីភីមបុរៈ យ៉ាង​ហោច​ណាស់ក៏​ត្រូវរាប់ចាប់ពី​តំបន់ភ្នំបាណន់​​មក។ នៅ​ទីនោះទំនង​ជាទីប្រជុំជននាសម័យ​មុន​អង្គរ​តែម្ដង ដ្បិតគេ​​រកឃើញ​ភស្ដុតាងបុរាណ​វិទ្យា ជាទួលប្រាសាទ​​​​នាសម័យមុនអង្គរ​ចំនួន​ពីរ​នៅ​ទីនោះផងដែរ។ ​បើតាមលោក ឌី កែវ មន្ត្រី​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង បានរៀបរាប់ថានៅទីតាំង​រកឃើញសិលាចារឹ95%នៅភូមិ​ដូងនោះ​ មាន​សំណល់​ឥដ្ឋរាយប៉ាយ​ និងសម្ភារៈសំណង់​ប្រាសាទ​មួយចំនួនផង​។ រីឯលោក​បណ្ឌិត​ ហេង ពិភាល់ បានលើកឡើងថា នៅ​ក្នុងកំឡុងឆ្នាំ១៩៩៩ លោក​បាន​ប្រទះឃើញ​បំណែក​ផ្ដែររចនាបថសំបូរព្រៃគុកនៅទីនោះផងដែរ។ ចំណែកឯលោកសាស្ត្រាចារ្យ កង្វល់ គជ្ជិមាបានប្រទះឃើញបំណែកសសរផ្អោបប្រាសាទសម័យមុនអង្គរ នៅក្នុងចម្ការទំពាំងបាយជូរមួយកន្លែង ក្បែរភ្នំបាណន់ផងដែរ។ បើពិនិត្យមើលភស្ដុតាងសិលាចារឹក ដែលរកឃើញនៅភូមិដូង K.1259 វិញ ឃើញថាវាជាកំណត់ត្រា​បញ្ជីអ្នកបម្រើប្រុសស្រី​របស់ “កុរាកភីមបុរ”“អភិ​បាល​​ភីមបុរៈ” ដែលបានថ្វាយចំពោះប្រាសាទ​​“ស្រី​ប្រភាសសោមេសូរ”។ អ្នកបម្រើ​ទាំងនោះ ​មាននាទី​ជាអ្នកបម្រើ​​នៅធ្លាប្រាសាទ ជាមនុស្សប្រុស​ចំនួន​២៤នាក់ អ្នកបម្រើ​ក្នុងប្រាសាទចំនួន​២​៧​នាក់​(មិនបញ្ជាក់ភេទ)​ និងអ្នកធ្វើស្រែជា​មនុស្សប្រុសចំនួន៣១នាក់ មនុស្សស្រីនិងកូន​៦៨នាក់​។ ផ្នែកទី២ ​ជា​អ្នក​បម្រើ​ស្រីម្នាក់និងកូន២នាក់​ ដែល​ជាដង្វាយ​របស់ “​ម្រតាញ​ជយោទ្វល” ឱ្យ​ដល់​ក្រុមសិល្បករ ឬ​ក្រុម​ជាង ​ដើម្បី​បម្រើ​​ព្រះ​ជំនួសខ្លួនគាត់។ ដូច្នេះទាំង​ទំហំប្រាសាទនៅភូមិដូងទាំងពីរ ទាំង​ចំនួន​អ្នកបម្រើប្រាសាទ​ដែលកត់ត្រានៅក្នុងសិលាចារឹក​ គឺបង្ហាញពីវិសាលភាពតំបន់នោះ ដែលអាចមានមនុស្សរស់នៅច្រើនកុះករផងដែរ។ ឯទីតាំង​ប្រាសាទ​ភ្នំបាណន់វិញ ​ក៏ធ្លាប់​រកឃើញសិលាចារឹក​ និងភស្ដុតាង​បុរាណ​វិទ្យាតាំងពីសតវត្ស ទី១០​ មុន​ប្រាសាទ​ដែលសាង​ក្នុងរាជ្យ​ព្រះ​បាទ​​ជ័យវម៌្ម​ទី​៧ផងដែរ​។ ទាំងនេះសុទ្ធតែបានបង្ហាញពីចំណាស់នៃទីតាំងតំបន់នេះ។

តាមការផ្ទៀងផ្ទាត់ទិន្នន័យសិលាចារឹក “ភីមបុរៈ” មានទីតាំងខុសពីការសន្និដ្ឋាន​របស់លោក អៃម៉ូនីញ៉េរ ដែល​យល់​ថា​ស្ថាននាម “ភីមបុរៈ” ពីបុរាណ​ត្រូវនឹងតំបន់​ប្រាសាទ​ “ភិម៉ាយ” ដ្បិត​យើង​រក​ឃើញភស្តុតាង ​ដែលគួរឱ្យជឿជាក់បាន​ហើយ​ថា​ត្រូវគ្នានឹង​ខេត្តបាត់ដំបងបច្ចុប្បន្ន មានទីប្រជុំជន​នៅតំបន់​ប្រាសាទបាណន់​។ ចាប់ពីសម័យមុនអង្គរ​រហូត​ដល់សម័យអង្គរ វិសាល​ភាពរបស់“ភីមបុរៈ” យ៉ាង​ហោច​​ណាស់​គួរតែមានទំហំគ្របដណ្ដប់ពីតំបន់​​​ភ្នំបាណ​ន់​(រាប់​ទាំង​តំបន់ប្រាសាទស្នឹង) តាមបណ្ដោយដង​ស្ទឹង​សង្កែរហូតមកដល់​តំបន់​ប្រា​សាទ​ឯកភ្នំ និងអាចបន្ដរហូតដល់តំបន់បាក់​ព្រាផងដែរ​។ “ភីមបុរៈ” មានព្រំប្រទល់ខាងជើងឆៀងពាយព្យ​​​ជាប់ “អមោឃបុរៈ” យ៉ាងហោចណាស់​ក៏មាន​ព្រំប្រទល់ជាប់គ្នា​មង្គលបុរៈដែល​ជាដែនដីចំណុះ​ឱ្យភីមបុរៈផងដែរ។ នៅប៉ែកខាងត្បូងឆៀងនិរតីមួយផ្នែកគឺ​ជាប់​ជាមួយ​ “ចន្ទ្របុរៈ” ឯ​ខាងអាគ្នេយ៍វិញ​ យើង​ហាក់ដូចជាពុំមានភស្ដុតាងអ្វីអាចលើក​យក​មក​បញ្ជាក់​បាន​នោះទេ។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!