ទំព័រដើមប្រវត្តិសាស្ត្រពាក្យ «មួយដណ្ដប់ ពីរដណ្ដប់...»

ពាក្យ «មួយដណ្ដប់ ពីរដណ្ដប់…»

នៅក្នុងប្រព័ន្ធរបាប់លេខខ្មែរ ការរាប់លេខខ្ទង់ដប់ ចំនួនលើសដប់និងក្រោមម្ភៃ គឺត្រូវ​យកដប់បូកនឹងលេខខ្ទង់​រាយ​ដទៃទៀតដូចជា ដប់មួយ ដប់ពីរ ដប់បី ដប់បួន… ។ យ៉ាងនេះក្ដី នៅក្នុងសម្ដីប្រចាំថ្ងៃរបស់មនុស្សខ្មែរ ក៏ឃើញមានរាប់ជា មួយដណ្ដប់ ពីរដណ្ដប់ បីដណ្ដប់ បួនដណ្ដប់… យ៉ាង​ទូលំទូលាយ​ផងដែរ ប៉ុន្ដែ​គេពុំរាប់ជាសំណេរឬការប្រើប្រាស់ផ្លូវការនោះឡើយ ។ តើ​ពាក្យទាំងនោះ​ត្រឹមត្រូវឬទេ ? មានប្រភពមកពីណា ? នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យពាក្យទាំងនេះ ​ជាហូរហែតាមរយៈសិលាចារឹក ព្រម​ទាំង​ឯកសារសំណេរមួយចំនួន។

នៅសម័យបុរាណ តាមរយៈសិលាចារឹក​សម័យមុនអង្គរ សម័យ​អង្គរ និងសម័យកណ្ដាល​ ជាទូទៅ ការរាប់លេខ​ខ្ទង់​ដប់​ លើសដប់ គឺថែមខ្ទង់រាយខាងក្រោយដូចបច្ចុប្បន្នដែរ ដូចជា​ តប៑ម្វយ៑/តប៑ម្វាយ៑(១១) តប៑វ្យរ៑(១២) តប៑បិ/តប៑បិយ៑(១៣) តប៑ប្វន៑/តប៑ប្វាន៑(១៤)…។ ក្រៅ​ពីប្រព័ន្ធនេះ ក៏មានប្រព័ន្ធទៀត គឺយកពាក្យខ្ទង់រាយ ផ្សំនឹងពាក្យ «ទង៑» ផ្សំនឹងពាក្យ «តប៑» ដូចជា ម្វយ៑/ម្វាយ៑ទង៑តប៑(១១)  វ្យរ៑ទង៑តប៑(១២) បិ/បិយ៑ទង៑តប៑(១៣) ប្វន៑/ប្វាន៑ទង៑តប៑(១៤)… ។ ពាក្យ «ទង៑» មានន័យថា «ជាមួយ និង ទាំង» ដូច្នេះពាក្យ ម្វាយ៑ទង៑​តប៑ មានន័យថា មួយនិងដប់ គឺដប់មួយ នេះឯង ។ យើងមានភស្ដុតាង​ក្នុងសិលាចារឹក​ភ្នំហូរព្នៅ ស.វ.ទី៧-៨ មានចារឹក​ឃ្លាថា «ស្រេតិលេក្យេល៑ថលាតប្លេវេរ៑ទង៑តប៑តន្លោង្ង» (K.76: 9-10) មានសេចក្ដីថា «ស្រែ​នៅខាងត្បូងទួលដែលឱ្យផលពីរដណ្ដប់(១២)តន្លោង» ។ នៅសម័យមុនអង្គរ យើង​ប្រទះការ​ប្រើ​បែប​នេះតែ​នៅក្នុងសិលាចារឹក​ភ្នំហូរព្នៅប៉ុណ្ណោះ ។

លុះមកដល់សម័យអង្គរ ពាក្យ «ទង៑តប៑»​ នៅសម័យ​មុន​អង្គរ​ មានន័យថា «និងដប់  ឬ ទាំងដប់»​ នេះ​មាន​​កាឡារូប(allomorph) ឬប្រែរូបរាងជា «ទន្ដប៑» វិញ ដូចឃើញមាន​នៅសិលាចារឹក​ប្រាសាទ​បន្ទាយឆ្មារ ស.វ.ទី១៣ ក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ថា «វ្យរ៑ទន្ដប៑» (K.227: 18) មានន័យថា​ ពីរដណ្ដប់ ឬ ដប់ពីរ ។  ពាក្យ​នេះ នៅតែបន្ដរូបរាងដូច្នេះ រហូតមកដល់សម័យកណ្ដាល​ ជា «ទន្ដប» និង «ទន្ដប្ប» ដូចមាននៅក្នុងសិលាចារឹក​សុខោទ័យ ស.វ.ទី១៤ ចារថា  «មោទន្ដប៑កេត៑ អាឞាធ សុក្រពារ» (K.413: 51) មានន័យថា មួយដណ្ដប់កើត​ ឬ ដប់មួយកើត ខែអាសាឍ ថ្ងៃសុក្រ ។ ដូចគ្នាដែរ នៅក្នុងសិលាចារឹក​ជ័យ​នន្ទ នៅប្រាសាទអង្គរវត្ត​ ដើមស. វ.ទី១៨ សរសេរថា «រុងរឿងបាល្ងំពេជ្ញ ពី្យចិត្រស្រេចរិច្ចនា ឆ្លាកឆ្លៅវជាភ្ញីផ្កា បរបូរបួនទន្ដប្បហាត» (IMA38: 2-3 ) សម្រួលជាអក្ខរាវិរុទ្ធទំនើប​ថា «រុងរឿងបល្ល័ង្កពេជ្រ ពិចិត្រស្រេចរចនា ឆ្លាក់ឆ្លៅជាភ្ញីផ្កា បរិបូណ៌បួនដណ្ដប់ហត្ថ» ។ រហូតមកដល់​ ស.វ.ទី១៩ នៅក្នុងសិលាចារឹកវត្តចារ​ ខេត្តតាកែវ សរសេរជា «ទន្ដប់» ដូចក្នុងឃ្លាថា «សព្ភ​ម៉ស្សដុ ព្រះពុធ្ធសក្រាជ្ជ ព្រះសាស្នា អតិកន្ដាកន្លងទោវបាន ពីពាន់បួនរ្យប្រាំម្បីទន្ដប់ ព្រះវសារ…» សម្រួលអក្ខរាវិរុទ្ធទំនើបជា «សុភមស្ដុ ព្រះពុទ្ធសករាជ ព្រះសាសនា អតិកន្ដារ​កន្លង​ទៅបាន​ ពីរពាន់បួនរយ​ប្រាំបីដណ្ដប់​ព្រះវស្សា…»។

ក្រៅពីសិលាចារឹក​ យើងសង្កេតឃើញមានឯកសារសំណេរនិងឯកសារបោះពុម្ព​មួយចំនួន​នៅចុងស.វ.ទី១៩និងដើមស.វ.ទី២០  ដែលនៅតែបន្ដប្រើពាក្យ «ទន្ដប់» «តន្ឌប់» និង «ដន្ដប» ដដែល ។​ ជាក់ស្ដែង នៅក្នុងឯកសារ​របស់លោក G. Janneau ដែលមានចំណងជើងថា Manuel Pratique de Langue Cambodgienne ត្រង់ចំណុចអធិប្បាយ​អំពី​លេខ​ លោកបានសរសេរជា៖ មូ្យទន់ដប់ ពីទន់ដប់ បី្យទន់ដប់ បួនទន់ដប់​… មិនប្រើជា ដប់មូ្យ ដប់ពី ដប់បី្យ ដប់បួន… នោះទេ ។ នេះប្រហែលមកពីលោក ស្រង់តាមសម្ដីអ្នកស្រុកនាពេលនោះ ដែលអាចបញ្ជាក់ថាការរាប់បែបនេះជាការពេញនិយមក្នុងសង្គមខ្មែរ ។ ចំណែកឯ​លោក ហ្គេស៍ដុង ដែល​លោកយករឿងពីនានាសាត្រាទៅបោះពុម្ពផ្សាយនោះ យើងក៏​ឃើញមាន ដែលយើងបច្ចុប្បន្នស្គាល់ថាជារឿងរិទ្ធិសែន ឬ រឿងនាងដប់ពីរនោះ បានដាក់តាមចំណងជើងបុរាណថា «សត្រា រត្តីសែន រី នាងពីដន្ដប»។

រហូតមកដល់សម័យទំនើប នៅពេលមានវចនានុក្រមខ្មែរ និងសៀវភៅសិក្សា​ក្នុងកម្មវិធីអប់រំសម័យទំនើប យើងសង្កេតលែងឃើញមានសំណេររាប់លេខជា មួយដណ្ដប់ ពីរដណ្ដប់​ បីដណ្ដប់ បួនដណ្ដប់… ទៀតហើយ ឃើញមានតែក្នុងសម្ដីប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ប្រការនេះជាបញ្ហានាំឱ្យយើងមានបញ្ហាម្ដង ៗ នៅពេលចង់សរសេរពាក្យទាំងនោះ ដ្បិត​សំណេរ «ដណ្ដប់» អាចនាំឱ្យគេយកមកគិតថាអាចច្រឡំនឹងពាក្យជាកិរិយាសព្ទដែលមានន័យថា គ្របខ្លួនដោយសំពត់ជាដើម ។

ជាសរុបមក ការរាប់លេខនាពេលបច្ចុប្បន្នជា មួយដណ្ដប់ ពីរដណ្ដប់ បីដណ្ដប់ បួនដណ្ដប់… ជាការរាប់ដែលមានលំអានតាំងពីសម័យមុនអង្គរមកម្ល៉េះ។ មួយដណ្ដប់ មានន័យថា មួយនិងដប់…។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!