ប្រាសាទត្រពាំងប្រើស

នៅក្នុងតំបន់ការពារធម្មជាតិព្រៃឡង់មានប្រាសាទចំនួន០៥ ត្រូវបានចុះបញ្ជីសារ ពើភណ្ឌ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមមាន៖ ប្រាសាទត្រពាំងប្រើស ប្រាសាទ ស្នងអន ប្រាសាទកំណប់សេអារ្យ និងប្រាសាទកំណប់នាងពៅ ស្ថិត​នៅក្នុងទឹកដីខេត្ត កំពង់ធំ និងប្រាសាទបន្ទាយសៀមកាត់សក់ ស្ថិតនៅក្នុងទឹកដីខេត្តក្រចេះ។ សម្រាប់អត្ថបទ​ខ្លីនេះ ខ្ញុំសូមរៀបរាប់តែប្រាសាទត្រពាំងប្រើសមួយប៉ុណ្ណោះ ដោយសារប្រាសាទនេះមានស្ថានភាព ល្អនៅឡើយ រីឯប្រាសាទផ្សេងទៀតបានបាក់រលំស្ទើរតែទាំងស្រុង។

ប្រាសាទត្រពាំងប្រើស មានទីតាំងស្ថិតនៅតំបន់ភ្នំជី ក្នុងភូមិតាយ៉ង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំដែលមានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ហើយស្ថិតនៅត្រង់ និយាម​កាលេខ WGS84-569727, 1421620។ ដើម្បីធ្វើដំណើរ​ទៅ​ប្រាសាទនេះបាន យើងត្រូវធ្វើដំណើរចេញពី​ទីរួមខេត្តកំពង់ធំឆ្ពោះទៅទីប្រជុំជន ឃុំទំរីង នៃស្រុក​សណ្តាន់ ដោយបន្តដំណើរទៅដល់ឃុំសុចិត្រ និងបន្តដំណើរទៅមុខទៀតដោយ ជិះម៉ូតូចូលក្នុងព្រៃជ្រៅប្រមាណ១៥គីឡូម៉ែត្រទើបដល់ប្រាសាទនេះ។ ម្យ៉ាងទៀតផ្លូវធ្វើ ដំណើរ​ទៅដល់​ប្រាសាទនេះ មានការលំបាកខ្លាំង​ណាស់ ជាពិសេសនៅរដូវវស្សា ដោយ យើងចាំបាច់ត្រូវមានអ្នកភូមិជាអ្នកនាំផ្លូវជៀសវៀងការវង្វេងក្នុងព្រៃ។

ប្រាសាទត្រពាំងប្រើស ធ្លាប់មានការសិក្សាស្រាវជ្រាវជាច្រើនដោយជនជាតិបារាំង ដូចជា លោក Lunet De Lajonquire (ឆ្នាំ១៩០២), លោក M. Dufosse (ឆ្នាំ១៩១៨), លោក Henri Parmetier (ឆ្នាំ១៩៣៥)។ល។ ដោយសិក្សាស្រាវជ្រាវទៅលើសំណង់ស្ថាបត្យកម្ម សិល្បៈ និងបានចុះបញ្ជីសារពើភណ្ឌប្រាសាទ។​ រហូតមកដល់ឆ្នាំ២០០៨ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ា បានចុះសិក្សាស្រាវជ្រាវ និងបាន ធ្វើបញ្ជីសារពើភណ្ឌទៅលើប្រាសាទនេះឡើងវិញ។ បច្ចុប្បន្ននៅ ជុំវិញបរិវេណប្រាសាទ អ្នកស្រុកបានសាងជាអាស្រម​សំណង់ស្រាលមួយចំនួន តែពុំឃើញមាន ព្រះសង្ឃគង់នៅ ទីនោះទ្បើយ។ ដោយឡែកនៅទិសខាងកើតនៃប្រាសាទមានត្រពាំងធំមួយដែលអ្នកស្រុក តែងហៅថា “ត្រពាំង​ប្រើស” ដោយសារឈ្មោះត្រពាំងនេះហើយ ដែលជាមូលហេតុធ្វើឱ្យ អ្នកស្រុកហៅប្រាសាទនេះតៗគ្នាថា “ប្រាសាទត្រពាំងប្រើស”។

ប្រាសាទត្រពាំងប្រើស ជាប្រាសាទមានតួប៉មចំនួនបី រត់ជាជួរពីទិសពាយព្យទៅ អាគ្នេយ៍ សាងអំពី​ឥដ្ឋ បែរមុខទៅ​ទិសឦសាន។ បើយើងពិនិត្យលើតួប៉មទាំងបី គឺមានរាង បួន​ជ្រុងទ្រវែង ក្នុងនោះតួប៉មកណ្តាលមានប្រវែង​បណ្តោយ ៧.២០ម៉ែត្រ, ទទឹង ៥.៦០ម៉ែត្រ និងកម្ពស់ ១២ម៉ែត្រ ហើយតួប៉មនៅអមសងខាងមានប្រវែង ស្មើៗគ្នាដែលមានប្រវែង បណ្តោយ ៦.៣០ម៉ែត្រ, ទទឹង ៥.៩០ម៉ែត្រ និងកម្ពស់ ១២ម៉ែត្រ។ ក្នុងចំណោមតួប៉មទាំង បី​នេះ តួប៉ម​កណ្តាលនៅមានសភាពល្អប្រសើរច្រើន ដោយតួប៉មពីរទៀតមានសភាព ទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃប្រាសាទ និងមានជនខិលខូចបានមកជីកបំផ្លាញ រុករកវត្ថុបុរាណដែលជាហេតុធ្វើឱ្យរចនាសម្ព័ន្ធរបស់បា្រសាទ ស្ទើរតែទាំងស្រុងបានបាក់រលំ។ តួប៉មទាំងបីនៃប្រាសាទសុទ្ធតែមានទ្វារចូលនៅទិសឦសាន ហើយមានទ្វារបញ្ឆោតនៅ ទិស​ផ្សេងទៀត ដែល​ទ្វារបញ្ឆោតនីមួយៗមានការលម្អជាក្បាច់រចនាផ្សេងៗ។ នៅផ្នែកខាង ក្នុងតួប៉មពាយព្យ យើងបានប្រទះឃើញផ្តែរទ្វារ​មួយបានរលំធ្លាក់ចែកជាបួនបំណែកដែល មានលម្អជាក្បាច់រុក្ខជាតិផ្សេងៗមាន​លក្ខណៈជាសិល្បៈរចនាបថកំពង់ព្រះ។ បើទោះបី​ ប្រាសាទនេះ មានលក្ខណៈទ្រុឌទ្រោមក៏ពិតមែន តែ​ផ្នែកខ្លះនៃតួប៉មទាំងបីអាចឱ្យយើង នៅមើលឃើញយ៉ាងច្បាស់អំពី​សិល្បៈនៃការឆ្លាក់ហោជាងនៃ​ប្រាសាទ ដែលគេលម្អហោជាង ជារាងដូចក្រចកសេះ និងផ្នែកខាងក្នុងមានចម្លាក់រាងដូច​ត្រីកោណ​ចំនួនបី តម្រៀបគ្នា។ ហោជាងរបៀបនេះ ដូចគ្នាស្ទើរទាំងស្រុងជាមួយហោជាងនៅប្រាសាទព្រះធាតុព្រះ​ស្រី នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រីឯសសរពេជ្រនៅប្រាសាទនេះ យើងរកឃើញ គល់សសរចំនួនពីរបំណែកដែលគេយកមកទុកក្នុងសាឡុំមួយនៅខាងមុខប្រាសាទ ហើយ គល់សសរពេជ្រនេះក៏​មានលម្អជាក្បាច់ផ្សេងៗ ស្ទើរដូច​នឹងសសរពេជ្រនៅប្រាសាទភូមិ ប្រាសាទ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកសសរផ្អោបគេគ្រាន់លម្អជាក្បាច់តិច​តួចនៅគល់សសរប៉ុណ្ណោះ ហើយតួសសរផ្អោបទាំងមូលមិនមានលម្អអ្វីឡើយ។       

បើទោះបីជាប្រាសាទនេះ ពុំឃើញមានស្លាកស្នាមបន្សល់នៅសិលាចារឹកអ្វីក៏ពិតមែន តែក្នុងការសិក្សាប្រៀប​ធៀបកំណត់​អាយុកាលសាកល្បងនៃប្រាសាទនេះ ពុំមានការលំបាក នោះឡើយ ដ្បិតទម្រង់ស្ថាបត្យ​កម្ម និងសិល្បៈនៃប្រាសាទ​ត្រពាំងប្រើស មានលក្ខណៈ ស្រដៀងទៅនឹងប្រាសាទដែលស្ថិតនៅ​ក្នុងរចនាបថកំពង់ព្រះ នាសតវត្សរ៍ទី៨ នៃគ្រឹស្ត សករាជ។ ជាងនេះទៅទៀត អ្វីដែលគួរកត់សម្គាល់នោះ​គឺ ប្រាសាទនេះស្ថិតនៅមិនឆ្ងាយ ពីក្រុងសម្ភុបុរឡើយ ពោល គឺស្ថិតនៅទិសខាងលិច មានចម្ងាយត្រឹម​តែ ៣០គីឡូម៉ែត្រ ប៉ុណ្ណោះ។ ក្រុងសម្ភុបុរ គឺជាអតីតក្រុងបុរាណរបស់​ខ្មែរមួយនាដើមសតវត្សរ៍ទី៨ ដល់ចុង សតវត្សរ៍ទី៨ ដែលគ្រប់គ្រងដោយព្រះមហាក្សត្រចំនួនបួនអង្គ គឺចាប់ផ្តើមដំបូង​ដោយ ព្រះ​បាទ​ឥន្រ្ទលោក ហើយស្នងរាជដោយក្សត្រីចំនួនបីអង្គទៀតមានព្រះនាមថា នីពេន្រ្ទ ទេវី, ជយេន្រ្ទ—-ភា, ជេស្ថារ្យ ហើយសន្តិវង្សនេះមិនចំណុះឲ្យសន្តិវង្សខ្មែរកណ្តាលដែល គ្រប់ដោយព្រះនាងជ័យទេវីឡើយ។ ឈ្មោះក្រុង “សម្ភុបុរ” បានក្លាយទៅជាឈ្មោះស្រុក មួយនៃរដ្ឋបាលខេត្តក្រចេះគឺ “ស្រុកសំបូរ” ដ្បិតពាក្យ​សម្ភុបុរ គឺជាពាក្យសំស្រ្កឹត​ដែលមាន ន័យថាក្រុងនៃព្រះឥសូរ តែខ្មែរយើងមិនទម្លាប់អានស្រះខ្លី​នោះឡើយ ក៏ក្លាយជាអានថា “សំបូរ” ដូចសព្វថ្ងៃនេះទៅ។ ប្រការនេះ នាំឱ្យយើងអាចសន្និដ្ឋានបានថា ប្រាសាទត្រពាំង ប្រើស ទំនងសង់ឡើងនៅរវាង​សតវត្សរ៍ទី៨ ក្នុងរជ្ជកាលក្សត្រីអង្គណាមួយនៅក្នុង​ចំណោម បីអង្គនេះ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជយេន្រ្ទ—-ភា, ព្រះនាងជេស្ថារ្យ) ដែលជា មហាក្សត្រ​គ្រប់គ្រងនៅក្រុងសម្ភុបុរ ដ្បិតស្ថាបត្យកម្ម សិល្បៈ មានលក្ខណៈដូច​គ្នាខ្លាំង​ជាមួយបណ្តាប្រាសាទនៅ​ក្នុងសម្ភុបុរ (ស្រុកសំបូរ ខេត្តក្រចេះ) ដូចជា ប្រាសាទព្រះធាតុ ក្វាន់ពីរ ហើយក៏ស្រដៀង​ប្រាសាទនៅ​ខេត្តកំពង់ធំ និងកំពង់ឆ្នាំងដូចជា ប្រាសាទភូមិ ប្រាសាទ ប្រាសាទសក្ល ប្រាសាទព្រះស្រី ។ល។ ពោល គឺ​ត្រូវគ្នានឹងសិល្បៈខ្មែរក្នុងរចនាប ថកំពង់ព្រះ ស.វ.ទី៨ នៃគ.ស.។

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!