ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ព្រះវិស្ណុផ្ទុំនៅសម័យមុនអង្គរ

ចម្លាក់ព្រះវិស្ណុផ្ទុំនៅសម័យមុនអង្គរ

Pre-Angkorian Vishnu reclining sculptures“, In ancient times, two major religious influences were firmly rooted in Khmer society. In that, the influence of Khmer Hinduism was respected as deeply as in India. Many myths and scripture in the Khmer scriptures are carved on the stone to imitate those scriptures. This article mentions sculptures of Vishnu reclining in the Pre-Angkorian period from the 7th century AD are briefly described through the eight lintels namely the lintel at Sambor Prei Kuk, Phnom Han Chey, Wat Tang Krasang (Kampong Cham), Toul Ang (Kampong Speu), Basset temple, unknown lintel at the National Museum of Phnom Penh, unknown lintel in the United States museum and lintel from Ou Raing Ov district. Of the eight lintels, there is only one lintel from Ou Raing Ov district that has never been studied before. Of all the lintel, we find that the lintel has displayed in the United States museum seem to be the oldest, probably at the end of the Sambor Prei Kuk style or the early Prey Kmeang style (7th century) and other lintels are in the style of the Prey Kmeang, 7th century AD. The eight of lintels Vishnu reclining are different forms depending on the artist’s preferences or carved according to the scriptures.

នៅសម័យបុរាណឥទ្ធិពលសាសនាធំៗចំនួនពីរ បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរ។ ក្នុងនោះឥទ្ធិពលព្រហ្មញ្ញសាសនាខ្មែរ បានគោរពយ៉ាងហ្មត់ចត់ដូចឥណ្ឌា ដែលជាម្ចាស់អញ្ចឹង។ រឿងរ៉ាវទេវកថាជាច្រើនដែលមាននៅក្នុងគម្ពីរ ខ្មែរបានឆ្លាក់ជា ចម្លាក់នៅលើថ្មឡើងត្រាប់តាមគម្ពីរ​ទាំងនោះ។ នៅក្នុងអត្ថបទខ្លីនេះ ខ្ញុំសូមលើកយកអំពី ចម្លាក់ព្រះវិស្ណុផ្ទុំនៅសម័យមុនអង្គរ ពោល គឺ​​លើកយកតែចម្លាក់នៅស.វ.ទី៧ មកបរិយាយ ខ្លីតែប៉ុណ្ណោះ។ កាលពីឆ្នាំ១៩៦៥ លោកស្រី Mireille Bénisti ជាប្រវត្តិសិល្បៈវិទូធ្លាប់បាន សិក្សាអំពីចម្លាក់ព្រះវិស្ណុផ្ទុំនៅក្នុងសិល្បៈខ្មែរទាំងសម័យមុនអង្គរ និងសម័យអង្គរ។ ក្នុងនោះ លោកស្រីបាន​រៀបរាប់អំពីផ្តែរទ្វារមានចម្លាក់ព្រះវិស្ណុផ្ទុំសម័យមុនអង្គរចំនួន​៥ផ្ទាំង រួមមាន ផ្តែរប្រាសាទបាសែត (បាត់ដំបង), ផ្តែរទួលអង្គ (កំពង់ស្ពឺ), ផ្តែរគុកព្រះធាតុ (ហាន់ជ័យ), ផ្តែរប្រាសាទស្រីគ្រប់ល័ក្ខណ (សំបូរព្រៃគុក), ផ្តែរវត្តតាំងក្រសាំង (កំពង់ចាម)។ លោក Victorio Roveda ក៏បានរៀបរាប់ខ្លះៗដែរនៅក្នុងសៀវភៅដ៏ល្បីល្បាញ របស់លោកមាន ចំណងជើងថា “Image of the gods” ។ ក្រៅពីនេះ លោក គិម សានពិសិដ្ឋ ក៏ធ្លាប់បាន សិក្សាឡើងវិញនៅក្នុងឆ្នាំ ២០០៦ ហើយលោកបានរៀបរាប់ផ្តែរទ្វារមានចម្លាក់ ព្រះវិស្ណុផ្ទុំ នៅស.វ.ទី៧ ចំនួន៦ ផ្ទាំង (ផ្តែរទ្វារ​តាំងនៅសហរដ្ឋអាមេរិច, ផ្តែរទ្វារ ប្រាសាទ បាសែត, ផ្តែរទ្វារនៅទួលអង្គ, ផ្តែរទ្វារវត្តតាំងក្រសាំង, ផ្តែរ​ទ្វារប្រាសាទហាន់ជ័យ និងផ្តែរទ្វារមិន ស្គាល់ប្រភពនៅសារមន្ទីរជាតិភ្នំពេញ)។

រឿងទេវកថាព្រះវិស្ណុផ្ទុំមានរៀបរាប់នៅក្នុងគម្ពីរ Viṣṇu-Purāṇa ដែលមានសេចក្តី សង្ខេប​ដូច​តទៅ៖ “នៅពេលលោកទាំងមូលអាប់អួរ ប្រផ្នូលអាក្រក់បានកើតឡើងភាព រាំងស្ងួតកើតឡើងអស់ ១០០ ឆ្នាំ មនុស្សពោរពេញដោយចិត្តលោភៈ ទោសៈ មោហៈ កំណាច ឫស្យា ល្ងង់ខ្លៅ គ្មានអរហន្ត។ មនុស្សចាស់បាត់បង់សតិបញ្ញាស្មារតីក្លាយទៅជា កូនក្មេងដែលមិនដឹងអី រីឯក្មេងអស់ភាពបរិសុទ្ធ អសីលធម៌ គ្រូអាចារ្យ ក្សត្រ ពាណិជ្ជករ ទាសាធ្លាក់ទៅក្នុងភាពថោកទាប មនុស្សល្ងង់មានសន្ធឹក​សន្ធាប់គួរឲ្យខ្ពើម ពេលនោះហើយដែលការបំផ្លាញលោកចាស់ក៏ចាប់ផ្តើមឡើង ហើយអាទិទេព និង មនុស្សត្រូវស្រូប ទៅជា​ព្រហ្ម័ន​រង់ចាំការបង្កើតលោកថ្មីម្តងទៀត ដោយសង្ឃឹមថាលោក ទាំងមូលថ្មីនឹង ប្រសើរជាងមុន។ ក្នុងពេល​បង្កើតលោកថ្មី លោកទាំងមូលហ៊ុមព័ទ្ធដោយទឹកជំនន់ យ៉ាងធំធេង ភ្លើងឆេះកល្បបំផ្លាញជីវិតនិង​អ្វីៗនៅលើលោក ហើយពេលនោះហើយ ដែលព្រះវិស្ណុមកអន្តរាគមន៍​។ ទ្រង់បានផ្លាស់ប្តូររូបរាងច្រើនយ៉ាងដែលដំបូងឡើយជាផ្ទៃ ទឹកសមុទ្រ បន្ទាប់មកក្លាយជា​យក្ស​មួយ​ផ្ទុំនៅលើផ្ទៃទឹក ក្រោយមកក្លាយជាកុមារទេព កំពុងរត់លេងក្រោមដើមឈើ និងចុងក្រោយ​ក្លាយជាសត្វហង្សព្រៃមួយដែលមានសំឡេង ពិរោះដូចជាតន្រ្តី។ ព្រះវិស្ណុបានបំផ្លាញលោកទាំងអស់ ដោយ​រលាយសត្វ មានជីវិត ទាំងព្រះព្រហ្មដែលនៅខ្ពស់ឆ្ងាយនិងធ្លាប់ជាដួងព្រលឹងនៃជីវិតសត្វលោក។ ទ្រង់បានផ្តល់ ថាមពលដ៏សម្បើមដល់ព្រះអាទិត្យ ដើម្បីបញ្ចេញកំដៅបំផ្លាញជីវិតសត្វលោក លុះដល់​ជីវីតរលាយអស់ហើយ ទ្រង់បានប្រែព្រះកាយជាខ្យល់បក់នាំយកអាកាសពីសត្វលោក ទាំងអស់ បន្ទាប់មកទៀតទ្រង់ក្លាយជាភ្លើងដ៏សន្ធោរសន្ធៅឆេះរំលាយពិភពលោក។ ចុង ក្រោយទៀតទ្រង់​ប្រែ​ព្រះកាយជាដុំពពកបង្អុរភ្លៀងដ៏ត្រជាក់និ ងបរិសុទ្ធប្រៀបដូចជាទឹក ដោះគោមកពន្លត់អគ្គិភ័យនេះ។ ​ផែនដីទាំងមូលក៏បានជួបសេចក្តីសុខជាស្ថាពរ។ ចំណែក ឯការបង្កើតលោកថ្មី មានគម្ពីរជាច្រើន​រៀបរាប់ខុសៗគ្នា គម្ពីរមួយនៅសម័យវេទដែល គេនិយមបំផុតបាននិទានថា មានស៊ុតចក្រវាឡមាស​មួយដែលតំណាងឱ្យភ្លើងអណ្តែត លើទឹករាប់ពាន់ឆ្នាំ ហើយនៅទីបំផុតស៊ុតនោះក៏ផ្ទុះឡើងមាន​ទម្រង់ជាមនុស្សអមតៈដែល ជាព្រលឹងស្រដៀងនឹងព្រហ្ម័ន ហៅថា “បុរុស”។ គម្ពីរមួយទៀតនិទាន​ថា ព្រះវិស្ណុជាអ្នក បង្កើតលោក បានផ្តេកខ្លួនអស់រយៈកាលយ៉ាងយូរលើផ្ទៃទឹកទ្រដោយស្លឹកពោធិ និង​បៀម មេជើងរបស់ទ្រង់ជាសញ្ញានៃអមតៈ ហើយចុងក្រោយចក្រវាឡទាំងមូលក៏កើតឡើងដោយ​សារឆន្ទៈរបស់ទ្រង់ ពាក្យសម្តីនិងសំឡេងកើតឡើងពីមាត់របស់ទ្រង់គម្ពីរវេទកើតចេញពី ភាព​សប្បាយរីករាយនៃកាយរបស់ទ្រង់ ទឹកទម្រឹតកើតចេញពីអណ្តាតទ្រង់ ផ្ទៃមេឃកើត ចេញពីច្រមុះ​ទ្រង់ ស្ថានសួគ៌និងព្រះអាទិត្យកើតចេញពីព្រះនេត្រទ្រង់ ទីកន្លែងដែល អាចធ្វើដំណើរកើតចេញពី​ត្រចៀក ពពកនិងភ្លៀងចេញពីព្រះកេសា ផ្លេកបន្ទោរចេញ ពីពុកចង្កា ថ្មកើតចេញពីក្រចកជើង និង​ភ្នំកើតចេញពីឆ្អឹងរបស់ទ្រង់។ គម្ពីរមួយទៀត ដែលខ្មែរនិយមត្រាប់តាមឈ្មោះថា “Mārkaṇḍeya-Purāṇa” និទានថាព្រះវិស្ណុបានផ្ទុំនៅ លើនាគអនន្តមានក្បាលសេស ដែលជាពេលចុងក្រោយ​នៃ​កល្ប ពិភពលោកក៏ប្រែក្លាយ ទៅជាមហាសមុទ្រ ពេលនោះព្រះព្រហ្មក៏លេចចេញពីផ្ចិតព្រះវិស្ណុ​ទ្រ​ដោយផ្កាឈូកដើម្បី ដើរតួនាទីជាអ្នកបង្កើតលោកថ្មី”។

ដូចដែលបានលើកខាងលើថា​ នៅក្នុងអត្ថបទនេះ ខ្ញុំលើកយកមកសង្ខេបតែចម្លាក់ព្រះវិស្ណុ​ផ្ទុំ​នៅសម័យមុនអង្គរមកបរិយាយប៉ុណ្ណោះ។ ក្នុងនោះ ផ្តែរទ្វារនៅសម័យមុនអង្គរ ស.វ.ទី៧ ចំនួន៨ផ្ទាំងដែលមានចម្លាក់ព្រះវិស្ណុផ្ទុំរួមមាន៖ នៅសំបូរព្រៃគុក១ផ្ទាំង, ភ្នំហាន់ ជ័យ១ផ្ទាំង, វត្តតាំង​ក្រសាំង (កំពង់ចាម) ១ផ្ទាំង, ទួលអង្គ (កំពង់ស្ពឺ) ១ផ្ទាំង, ប្រាសាទ បាសែត១ផ្ទាំង, ផ្តែរមិនស្គាល់​ប្រភពនៅសារមន្ទីរជាតិភ្នំពេញ១ផ្ទាំង, ផ្តែរមិនស្គាល់ប្រភព នៅសហរដ្ឋអាមេរិច១ផ្ទាំង និងផ្តែរ​ទ្វារ​យកមកពីស្រុកអូររាំងឪ១ផ្ទាំង។ ក្នុងចំណោមផ្តែរ ទ្វារទាំង៨នេះ មានតែផ្តែរទ្វារមានរូបព្រះវិស្ណុផ្ទុំ​យកមកពីស្រុកអូររាំងឪមួយផ្ទាំងប៉ុណ្ណោះ ដែលមិនធ្លាប់មានសិក្សាពីមុនមក។ ក្នុងចំណោមផ្តែរទ្វារទាំងអស់នេះ យើងឃើញថា ផ្តែរទ្វារដែលរក្សាទុកនៅសារមន្ទីរសហរដ្ឋអាមេរិក មើលទៅហាក់មានភាពចំណាស់ជាងគេ ពោល គឺអាចស្ថិតនៅចុងរចនាបថ សំបូរព្រៃគុក ឬដើមរចនា​បថព្រៃក្មេង (ស.វ.ទី៧) ហើយផ្តែរផ្សេងៗទៀតស្ថិតនៅក្នុងរចនាបថ ព្រៃក្មេងស.វ.ទី៧ ដូចៗគ្នា។ ចម្លាក់ព្រះវិស្ណុផ្ទុំនៅលើផ្តែរទ្វារទាំងប្រាំបីនេះ មានទម្រង់ប្លែកៗ ពីគ្នាខ្លះៗទៅតាមការនិយមរបស់​សិល្បករ ឬធ្វើតម្រូវតាមគម្ពីរដែលគេនិយម។ ផ្តែរទី១ រក្សាទុកនៅសារមន្ទីរសហរដ្ឋអាមេរិក យើងឃើញចុងសងខាង​ផ្តែរឆ្លាក់រូបសត្វមករ រីឯ ចម្លាក់ព្រះវិស្ណុផ្ទុំ ដោយច្រត់ព្រះហស្ថម្ខាងក្រោមព្រះសិវ ព្រះហស្ថម្ខាងទៀតចាប់កាន់ ដើមឈូកដែលដុះចេញពីផ្ចិតរបស់ទ្រង់ ជារូបព្រះព្រហ្មទ្រដោយផ្កាឈូក នាគនៅខាង​ក្រោយមានក្បាល៧ ក្បែរព្រះកាយទ្រង់គេឆ្លាក់ ជាទឹករលក និងរំលេចដោយក្បាលសត្វ ក្រពើ​ដែល​តំណាងឱ្យទឹកសមុទ្រ ក្រៅពីនេះនៅសងខាងព្រះព្រហ្មគឺជា មធុ និងកៃដភ ដែលជាអសុរពីរអង្គ​ដែលចង់សម្លាប់ព្រះព្រហ្ម ដោយគេឆ្លាក់ក្នុងកាយវិការកាន់អាវុធ បម្រុងវាយសំដៅមកព្រះព្រហ្ម ហើយគម្ពីរខ្លះសរសេរថា អសុរទាំងពីរ គឺជាអ្នកដែលលួច យកគម្ពីរ​វេទពី ព្រះព្រហ្ម។ ផ្តែរទី២ នៅភ្នំហាន់ជ័យវិញ គេឆ្លាក់ព្រះវិស្ណុផ្ទុំជា ចម្លាក់តូចៗចំនួនពីរអង្គដែលលោកស្រី​ Bénisti យល់ថា ជាការ​ឆ្លាក់បែងចែកសាច់រឿងធំៗ ពីរដាច់ពីគ្នា ពោល គឺទី១ ព្រះវិស្ណុផ្ទុំចន្លោះពេល​បង្កើតលោក (កល្ប) និងទី២ទាក់ទងនឹង កំណើតព្រះព្រហ្មដែលជាទេពបង្កើតលោកថ្មី។

ផ្តែរទី៣ រកឃើញនៅទួលអង្គ ខេត្តកំពង់ស្ពឺ ដោយសព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិ​ភ្នំពេញ សិល្បករឆ្លាក់ព្រះវិស្ណុមាន ព្រះហស្ថបួនផ្ទុំលើនាគអនន្តក្បាលប្រាំពីរមានរាងមូលដូចជា​ផ្លិត ព្រះហស្ថម្ខាងចាប់កាន់ ដើមឈូកដែលដុះចេញផ្ចិតចេញជាព្រះព្រហ្មឡើងនៅខាងលើ និងខាង​ក្រោម ព្រះកាយ ទ្រង់គេឆ្លាក់ជាក្បាច់ទឹករលកឡើងដែលតំណាងឱ្យមហាសមុទ្រ។ ចម្លាក់ នេះលោក​ស្រី Bénisti យល់ថាអាចគេត្រាប់តាមគម្ពីរ Bhāgavata-Purāṇa ដែលបង្ហាញពី យុគធំៗពីរ គឺទី១ នៅ​ពេលទ្រង់កំពុងផ្ទុំស្តេចពស់ (នាគអនន្ត) រកឃើញសេចក្តីស្លាប់ក្នុងពេលលោកទាំងមូល កំពុងជន់​លិច និងទី២ ពេលដើមឈូកដុះចេញពីផ្ចិតព្រះវិស្ណុលេច ចេញជាព្រះព្រហ្មឡើង។ ផ្តែរទី៤ មកនៅវត្តតាំងក្រសាំងមានទម្រង់ដូចផ្តែរទី១ ដោយមានចម្លាក់​អសុរពីរអង្គ គឺមធុ និងកៃដភកាន់អាវុធបម្រុងសម្លាប់ព្រះព្រហ្ម។ ផ្តែរទី៦  រកឃើញ ថ្មីដែលស្ថិតនៅស្រុកអូរ​រាំង​ឪ និងផ្តែរមិនស្គាល់ប្រភពនៅសារមន្ទីរ​ជាតិភ្នំពេញ មានទម្រង់ដូចគ្នា ប៉ុន្តែ​មានទម្រង់ខុសពីផ្តែរទី១ និងទី៤ ត្រង់ថាចម្លាក់អសុរ ទាំងពីរគឺ មធុ និងកៃដភ ពុំមានកាន់អាវុធ​ដូចផ្តែរខាងលើទេ តែសិល្បករឆ្លាក់បង្ហាញ អសុរទាំង ពីរ កាន់គម្ពីរវេទដែលបានលួចពីព្រះព្រហ្ម។

ផ្តែរទី៨ នៅប្រាសាទបាសែតដែលសព្វថ្ងៃរក្សា ទុកនៅសារមន្ទីរខេត្តបាត់ដំបង មាន​ទម្រង់ខុសគ្នាខ្លះពីចម្លាក់ ខាងលើ។ ដោយសិល្បករឆ្លាក់ព្រះវិស្ណុផ្ទុំលើនាគក្បាលប្រាំពីរ ក្នុងទម្រង់មានព្រះ​ហស្ថបួនព្រះហស្ថ មួយដាក់សណ្តូកត្រង់ទៅលើ ម្ខាងទៀតច្រត់ព្រះសិវ ពីរទៀតដាក់សណ្តូកត្រង់​ទៅក្រោម ដោយមិនចាប់កាន់ដើមឈូកដូចចម្លាក់ខាងលើដែលបានរៀបរាប់ទេ។ រីឯនៅ សងខាង​មានទេពប្រណម្យពីរ និងខាងលើជាព្រះព្រហ្មគង់នៅលើក្បាច់ត្របកផ្កាឈូកមិន មានឆ្លាក់ អសុរ​នៅ​ក្បែរឡើយ។ ចំពោះផ្តែរទី៨ចុងក្រោយ គឺចម្លាក់ព្រះវិស្ណុផ្ទុំរកឃើញនៅសំបូរព្រៃគុក មានទម្រង់ខុស​គ្នាពីផ្តែរចំនួន៧ខាងលើ។ សិល្បករឆ្លាក់ព្រះវិស្ណុផ្តុំលើនាគក្បាលប្រាំពីរមាន ពុកមាត់ក្រាស់ ច្រមុះ​រាបសំប៉ែត ចិញ្ចើមក្រាស់ ពាក់ខ្សែក ខ្សែដៃ ក្រវិលធំ សំពត់ខ្លី ពោល គឺក្នុងទម្រង់ដូចជាយក្សធំមួយ​ដែលត្រាប់តាមគម្ពីរ Visnu Purāna ហើយប្លែកពីផ្តែរផ្សេង នោះ គឺនៅខាងចុងមានចម្លាក់ព្រះ​នាងលក្ស្មីនៅខាងចុងព្រះបាទព្រះវិស្ណុ។ ចម្លាក់ព្រះនាង លក្ស្មីនៅខាងចុងបែបនេះ គេនិយមខ្លាំងនៅសម័យអង្គរ។

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!