ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រះអាទិត្យ (សូរ្យ /សូរិយា) ក្នុងជំនឿខ្មែរ

ព្រះអាទិត្យ (សូរ្យ /សូរិយា) ក្នុងជំនឿខ្មែរ

“The God of Sun (Aditya/Surya) in Khmer Belief”, The belief in a god of the sun evidentially and firstly appeared in Egyptian society, called Ra who created the sky, earth, and the underworld. The people of ancient Egypt believed that the Sun god is born every morning in the east and died every evening in the west. This belief could spread widely to the other regions and finally exist in Brahmanism and Hinduism of Indian Society. There is not any evidence of belief in Sun God in Khmer society before Indian influence. But according to the finding of the human burials, it could confirm that the ancient Khmer people believed in death that related to the setting of the sun because most of the deaths (skeletons) were buried with heads toward the west. This still remains in Khmer society. The dead bodies are always buried or cremated with the heads toward the western direction. 

Khmers believe that the sun provides everything to all kinds of lives and natures. The sun provides power, especially the sacred fire (from its shine or ray) that ancient Khmer call Vrah Vleṅ. The sun is the master of the night planets (Navagraha) that relates to human lives’ fortunes. The sun always plays role in the oath of the people, officers, and commanders who will never rebirth whenever the sun (and also the moon) still exists in this world, in case they betray the kings. Finally, the sun is also related to the belief in death direction.

ធម្មជាតិជាអ្នកផ្តល់នូវជិវិតមនុស្សសត្វទាំងឡាយនៅលើផែនដីយើងនេះ។ មនុស្សជាភាវៈមួយមានការត្រិះរិះពិចារណាលើដំណើរនៃធម្មជាតិ ដែលកើតឡើងជាដដែលៗ និងការផ្លាស់ប្តូរក្នុងកំឡុងឬចន្លោះពេលណាមួយ។ មនុស្សអាចកែប្រែធម្មជាតិខ្លះសម្រាប់ការរស់នៅ ឧទាហរណ៌ដូចជាការផលិតឧបករណ៍ផ្សេងៗ ការផ្ស៊ាំនឹងចិញ្ចឹមសត្វ និងការធ្វើកសិកម្មទៀតផង។ ប៉ុន្តែអ្វីដែលជាចំនុចសំខាន់របស់មនុស្ស គឺការបង្កើតព្រះ និងសាសនា ដើម្បីឱ្យមនុស្សនៅក្នុងក្រុមសង្គមមួយ ឬប្រទេសមួយមានការរួបរួមគ្នាជឿ និងអនុវត្តនូវអ្វីដែលជាមាគ៌ាធ្វើអោយពួកគេមានគុណធម៌ សីលធម៌ សន្តិភាព សមូហភាព និងការរីកចំរើន។ ជំនឿ គឺជាផ្នត់គំនិតមុនគេដែលមនុស្សក្នុងលោកមានមុនការកកើតសាសនា ដែលទាក់ទងនឹងធម្មជាតិដូចជា ព្រៃ ភ្នំ បឹង សមុទ្រ ព្រះចន្ទ្រ និងជាពិសេសគឺព្រះអាទិត្យជាដើម។ ការជឿលើព្រះអាទិត្យមាននៅក្នុងអារ្យធម៌ចាស់ដំបូងបង្អស់ គឺអេហ្ស៊ីប ដែលគេជឿ និងហៅថា រ៉ា )Raជាព្រះអាទិត្យ ដែលជាអ្នកបង្កើតមេឃ ផែនដី និងឋានក្រោម ហើយគេជឿថា ព្រះអាទិត្យចាប់កំណើតជាថ្មីរៀងរាល់ព្រឹកនៅទិសខាងកើត និងស្លាប់រៀងរាល់យប់នៅទិសខាងលិច។ ជំនឿនេះបានសាយភាយទៅតាមតំបន់ផ្សេងៗ ក្រោយមកមានលេចក្នុងសាសនាព្រាហ្ម និងសាសនាហិណ្ឌូក្នុងសង្គមឥណ្ឌា។ ក្នុងសង្គមខ្មែរ យើងពុំមានភស្តុតាងអ្វីសំខាន់សម្រាប់បង្ហាញអំពីជំនឿរបស់ខ្មែរមុនពេលទទួលឥទ្ធិពលសាសនាពីឥណ្ទាដែរ ប៉ុន្តែតាមរយៈការរកឃើញផ្នូរកប់សពមនុស្សជាច្រើនក្នុងសម័យបុរេប្រវត្តិសាស្ត្របង្ហាញថា គេអាចជឿលើទិសនៃសេចក្តីស្លាប់ដែលទាក់ទងទៅនឹងការលិចនៃព្រះអាទិត្យ ព្រោះសពស្ទើតែទាំងអស់ ជាទូទៅត្រូវបានគេកប់ដោយដាក់ក្បាលទៅទិសខាងលិច ឬលិចឈៀងខាងជើងបន្តិច។ ចំនុចនេះក៏ដូចគ្នានិងជំនឿនិងផ្នត់គំនិតខ្មែរសព្វថ្ងៃនេះដែរ គឺនៅពេលមនុស្សស្លាប់គេតែងកប់ និងបូជាដោយដាក់ក្បាលទៅទិសខាងលិច ប្រៀបនិងលិចនៃព្រះអាទិត្យ ឬថ្ងៃអស្តង្គត។

រឿងទាក់ទងនិងកំណើតព្រះអាទិត្យ

ដើមកំណើត នៃព្រះអាទិត្យមានប្រភពជាច្រើនបកស្រាយខុសគ្នា ទាំងទេវកថាឥណ្ឌា និងរឿងព្រេងខ្មែរ។ ក្នុងសម័យវេទនិយមបុរាណ ព្រះអាទិត្យត្រូវបានគេបង្ហាញថា ជាកូនរបស់ កស្យប ជាមួយនឹង អទិតិ ដែលជាបុរសមានសម្បុរក្រហមក្រម៉ៅ ភ្នែក៣ ដៃ៤ ដែលដៃ២កាន់ផ្កាព្រលឹត។ ក្នុងទេវកថាបែបវិស្ណុនិយម បង្ហាញពីកំណើតព្រះអាទិត្យក្នុងកំឡុងពេលនៃការកូរសមុទ្រទឹកដោះ ពោលគឺជាលទ្ធផលនៃការកូរសមុទ្រទឹកដោះ។ ការកូរសមុទ្រទឹកដោះ មានវត្ថុចំនួន១៤ដែលលេចចេញ ក្នុងនោះមានទាំងព្រះចន្ទ្រ និងព្រះអាទិត្យ ហើយចាប់ពីពេលនោះមក គឺមានពេលយប់និងពេលថ្ងៃ។ ក្នុងពុទ្ធសាសមហាយាន តាមគម្ពី Kāraṇḍavyūha Sūtra និយាយថា ព្រះអាទិត្យ និងព្រះចន្ទ្រកើតចេញពីកែវភ្នែករបស់ព្រះពោធិសត្វអវលោកិតេស្វរៈ។

តើខ្មែរមានជំនឿអ្វីលើព្រះអាទិត្យ?

បើយើងនិយាយអំពីភាពពិតនៃធម្មជាតិ ព្រះអាទិត្យគឺជាភពឬផ្កាយមួយដួងដែលមានពន្លឺដោយខ្លួនឯង និងមានភពរណបយ៉ាងច្រើន (ក្នុងជំនឿបុរាណមានចំនួន៨)។ ព្រះអាទិត្យតែងតែបញ្ចេញនូវថាមពលដើម្បីគ្រប់គ្រងលើបណ្តាលភពទាំងនោះ ពិសេសសម្រាប់ផែនដី គឺពន្លឺព្រះអាទិត្យជាប្រភពថាមពលទ្រទ្រង់គ្រប់ភាវរស់ទាំងឡាយ។​ ដោយ សារភាពសំខាន់បែបនេះ បានជាមនុស្សខ្មែរនាសម័យបុរាណបានគោរពលើ ព្រះភ្លើង ដែលបានមកពីពន្លឺ ព្រះសូរ្យសែងរបស់ព្រះអាទិត្យ។ ផ្អែកលើជំនឿតាមទេវកថាឥណ្ឌា ព្រះអាទិត្យ រួមទាំងព្រះចន្ទ្រផងត្រូវបានខ្មែរឱ្យតម្លៃជាទេពដែលរក្សាលោក និងភាវរស់ទាំងឡាយ ដោយព្រះអាទិត្យជាអ្នកផ្តល់ពន្លឺសម្រាប់ការលូតលាស់ ហើយព្រះចន្ទ្រជាអ្នកផ្តល់នូវទឹក (សន្សើមរាត្រី)។ ក្នុងសម័យបុរាណ ពិសេសសម័យអង្គរ ខ្មែរតែងយកព្រះអាទិត្យ និងព្រះចន្ទ្រជាគ្រឿងបន្ទាល់​ ឬសាក្សីនៃការធ្វើសម្បថ និងការដាក់បណ្តាសាលើបុគ្គលណាដែលបានបំពានលើទីសក្ការៈបូជា បដិមា ឬស្តេចដែលមានឋានៈស្មើនឹងទេព។ ចំណុចនេះយើងអាចលើយកឧទាហរណ៍មួយ តាមរយៈសិលាចារឹកសម្បថរបស់មន្ត្រីជូនដល់ព្រះបាទសូរ្យវរ្ម័នទី១ (K.292) បើពួកគេក្បត់ មិនធ្វើតាមបញ្ជារបស់ព្រះអង្គ ពួកគេនិងចុះទៅចាប់ជាតិនៅនរកទី៣២ រហូតព្រះអាទិត្យនិងព្រះចន្រ្ទនៅមាន (យេង ជាត ទ្វាត្រិំឝនរក តរាប វ្រះ ចន្ទ្រាទិត្យ មាន​ លេយ)។ ដោយយល់អំពីឥទ្ធិពល និងរិទ្ធីរបស់ព្រះអាទិត្យ ព្រះរាជាខ្មែរ២អង្គក្រោយឡើងសោយរាជ្យហើយ បានយកព្រះនាមតាម ដោយហៅព្រះអង្គថា “សូរ្យ ” ឬ កម្រតេង អញ សូរ្យវរ៌្មទេវ គឺព្រះបាទសូរ្យវរ្ម័នទី១ (គ.ស១០០២ដល់១០៥០) និងព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០)។ ព្រះបាទសូរ្យវរ្ម័នទី២ ជាស្តេចដែលគោរពលើព្រះវិស្ណុជាខ្លាំង ហើយទ្រង់ជឿលើព្រះអាទិត្យ (ជាភាគដែលចេញពីកាយរបស់ព្រះវិស្ណុ) និងដំណើររះនិងលិចរបស់ព្រះអាទិត្យ ដូចគ្នាទៅនឹងដំណើរកើតនិងស្លាប់របស់មនុស្ស និងសត្វតលោក ទើបព្រះអង្គបានឱ្យគេស្ថាបនាប្រាសាទអង្គរវត្តបែរទៅទិសខាងលិច ជាប្រាសាទសម្រាប់សេចក្តីស្លាប់របស់ព្រះអង្គ ដោយលោកសឺដេសបានហៅថា​ផ្នូរ ប៉ុន្តែខ្ញុំបានស្នើឡើងវិញ ដោយប្រើពាក្យថា ទីតម្កល់ព្រះសព។ នៅចម្លាក់ថែវខាងជើង ស្លាបខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រះអាទិត្យត្រូវបានគេឆ្លាក់យ៉ាងលម្អិត និងមានលាបពណ៌មាសយ៉ាងស្អាត (ខុសពីចម្លាក់ទេពដទៃ) ដូចគ្នាទៅនឹងចម្លាក់ព្រះបាទសូរ្យវរ្ម័នទី២មានលាបពណ៌មាសដែរ នៅថែវខាងត្បូងស្លាបខាងលិច។ ជំនឿមួយទៀត ដែលបន្តពីសាសនាហិណ្ឌូ គឺការសំពះព្រះអាទិត្យ ដែលគេប្រារព្ធធ្វើនៅឥណ្ឌា ដោយអ្នកកាន់សាសនាហិណ្ឌូ នៅថ្ងៃអាទិត្យដំបូង ក្នុងខែមាឃ ជារៀងរាល់ឆ្នាំ។ ពិធីនេះ យើងឃើញមាននៅក្នុងសង្គមខ្មែរតែក្នុងពិធីអាពាហ៌ពិពាហ៌ ក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ពិសេសគឺក្នុងតំបន់សៀមរាប ដោយតម្រូវអោយកូនកំលោះ និងកូនក្រមុំសំពះព្រះអាទិត្យមុនថ្ងៃរះ ដើម្បីលាងពីបាបកម្មដែលបានធ្វើ។ ទំនៀមនេះក៏នៅមានដែរចំពោះប្រជាជនខ្មែរនៅសុរិន្ទ។ ក្រៅពីពិធីសំពះព្រះអាទិត្យ ក្នុងពុធីបុណ្យសព អាចារ្យយោគីដែលបន្តទំនៀមបុរាណមួយចំនួនក៏គូគំនូរព្រះអាទិត្យ និងព្រះចន្ទ្រនៅលើទង់ព្រលឹងរបស់អ្នកស្លាប់ផងដែរ។ ព្រះអាទិត្យនិងព្រះចន្រ្ទ បង្ហាញពីប្រក្រតីភាពនៃពេលវេលា ដែលភ្លឺ និងងងឹតឆ្លាស់គ្នា។ និយាយម្យ៉ាងទៀតថាជា ”វដ្ត” ដូចការកើត-ស្លាប់ដែលឆ្លាស់គ្នាគ្មានពេលចប់ដូច្នោះឯង។ ហេតុនេះហើយបានជាព្រះអាទិត្យ និងព្រះចន្រ្ទមកនៅជាប់ គ្នាលើទង់ព្រលឹងនៃសពដែលនឹងចាប់ជាតិជាថ្មី។

សរុបសេចក្តីមក ព្រះអាទិត្យ ពិតជាមានការចងចាំយ៉ាងច្រើនក្នុងផ្នត់គំនិតខ្មែរ ទោះជាពេលខ្លះជាឥទ្ធិពលសាសនាហិណ្ឌូក៏ដោយ។ ជំនឿទាំងនេះនៅតែមានការប្រតិបត្តិបន្តក្នុងកិច្ចមួយចំនួនក្នុងសង្គម និងជំនឿតាមតំបន់។ ក្នុងតំបន់ខ្លះ គេជឿថា នៅពេលមានព្រះអាទិត្យបាំងឆ័ត្រ គឺស្រុកទេសមិនសូវល្អ ហើយស្តេចពិបាកព្រះទ័យ។ ម៉្យាងទៀត អត្ថបទនេះគ្រាន់តែលើកមកបង្ហាញត្រួសៗអំពីជំនឿលើព្រះអាទិត្យរបស់ខ្មែរ ដែលមានក្នុងស្រុក និងក្រោយឥទ្ធិពលសាសនាហិណ្ឌូ។ ខ្ញុំនិងលើកយកមកបង្ហាញលម្អិតលើពិធីខ្លះៗនៅក្នុងអត្ថបទក្រោយទៀត។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!