ទំព័រដើមប្រវត្តិសាស្ត្រដំរីព្ធវ៌តក្នុងសិល្បៈខ្មែរ

ដំរីព្ធវ៌តក្នុងសិល្បៈខ្មែរ

នៅលើសិលាចារឹកខ្មែរបុរាណ ពាក្យដំរីមានការសរសេរខុសគ្នាដូចជា៖ តំរិ្រយ (K.654) តំម្ឬ  (K.388) តំរេ (K.9)និង តំរេយ្យ (K.257) ដែលខ្លះជាដំរីអំណោយរបស់ស្តេច មន្ត្រី ឬអ្នកមានដល់ទីប្រាសាទ។ ចំពោះពាក្យ ព្ធវ៌ត ជាពាក្យសំស្ក្រឹតមានន័យសំដៅទៅលើឈ្មោះដំរីសដែលមានក្បាល៣កើតចេញពីកូរសមុទ្រទឹកដោះ ហើយព្រះឥន្ទ្របានស្នើសុំធ្វើជាយានជំនិះរបស់ទ្រង់។ ក្នុងគំនិតខ្មែរមួយចំនួន សព្វថ្ងៃគេហៅដំរីព្ធវ៌តថា កណ្តឹងសាមពាន់ ហើយក្នុងភាសាថៃហៅថា ឥរាវាណ ព្ធវ៌ត  គឺជាស្តេចលើដំរីទាំងឡាយដែល មានសម្បុរស ភ្នែកក្រហម ភ្លុកវែងមុតចំនួន៤ (ភ្លុកនេះអាចចាក់ទម្លុះទៅក្នុងវត្ថុផ្សេងៗ) និងប្រមោយចំនួន៧។ ការចូលរួមក្នុងចម្បាំងរបស់ដំរីព្ធវ៌តក្នុងការប្រមូលទ័ពពពក គឺក្នុងរឿងមហាភារត ត្រង់វគ្គលេបព្រៃ ខនដវ  ដោយព្រះអគ្គី ក្រោមការជួយពីក្រឹស្ណៈ និងអរជុនប្រឆាំងនឹងភ្លៀងរបស់ព្រះឥន្ទ្រ។

ក្នុងសិល្បៈខ្មែរ គេឆ្លាក់ដំរីព្ធវ៌តជាយានជំនិះរបស់ព្រះឥន្ទ្រ ភាគច្រើននៅលើផ្ទៃផ្តែរ ពេលខ្លះលើហោជាង នៃទ្វារចូលខាងកើតរបស់ប្រាសាទ ជួនកាលមានក្បាល១ តែភាគច្រើនមានក្បាល៣។ ការបង្ហាញជាលើកដំបូង គឺនៅលើផ្តែរទ្វារក្រុមប្រាសាទសំបូរព្រៃគុកនាសតវត្សទី៧-៨ ឧទាហណ៌ផ្តែរខាងកើត នៃប្រាង្គ S1 មានចម្លាក់ព្រះឥន្ទ្រគង់លើដំរីក្បាល១ អមសង្ខាងដោយក្បាច់ផ្កាបន្តទៅធ្វេង និងស្តាំ។ សម័យអង្គរចម្លាក់ដំរីព្ធវ៌តមានក្បាល១ខ្លួន១ ឈរទ្រឹងត្រង់ចំពីមុខ ពេលខ្លះឈរចំពីចំហៀង។ ភាគច្រើនជាដំរីក្បាល៣ ជួនកាល មានដងខ្លួនតែ១ក្បាល៣ ជួនកាលមានខ្លួន៣ក្បាល៣ ពេលខ្លះលេចចេញពីក្បាច់កម្រងផ្កាភ្ញី ពេលខ្លះឈរ នៅលើក្បាលព្រះកាល(រាហ៊ូ)។

ព្រះឥន្រ្ទគង់លើដំរីព្ធរវ៌ត (ក្លោងទ្វារខាងជើងអង្គរធំ)

ចម្លាក់ក្រឡោតទាបនៅថែវទិសពាយ័ព្យរបស់ប្រាសាទអង្គរវត្ត ព្រះឥន្ទ្រទ្រង់គង់នៅលើដំរីព្ធវ៌តដែលមានក្បាលតែ១ ចូលរួមជាមួយនឹងទេពដទៃទៀតក្នុងការធ្វើចម្បាំងជាមួយនឹងពពួកអសុរ។ ក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ ដំរីព្ធវ៌ត គឺគេសាងជាចម្លាក់ថ្មយ៉ាងធំ នៅផ្លូវឡើងទៅព្រះលានដំរីក្នុងបរិវេណអង្គរធំ។ ចម្លាក់ ដែលធំជាងគេបង្អស់របស់ដំរីព្ធវ៌តក្នុងសិល្បៈខ្មែរ ឃើញមានគេឆ្លាក់នៅតាមច្រកចូលទាំង៥របស់កំពែងអង្គរធំ ដែលនៅតាមជ្រុងទាំង៤ នៃច្រកនីមួយៗ គឺព្រះឥន្ទ្រអមដោយស្ត្រី២នាក់ អង្គុយនៅលើដំរីក្បាល៣ ប្រមោយទាំង៣កាន់ផ្កាឈូក ហើយនៅពីក្រោមនោះមានចម្លាក់ជាសត្វត្រី ក្រពើ និងបក្សីផ្សេងៗទៀតផង។

ទាក់ទងទៅនឹងដំរីនេះផងដែរ តាមរយៈសិលាចារឹកសម័យមុនអង្គរបានបង្ហាញថា ទីក្រុងខ្មែរដំបូងមានឈ្មោះ វ្យាធបុរៈ (K.109)គឺមានន័យទាក់ទងទៅនឹងការទាក់ ឬការប្រមាញ់ ពិសេសគឺសត្វដំរី។ មកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៣ ព្រះអង្គជាស្តេចដែលចូលចិត្តទាក់ដំរី ហើយព្រះអង្គបានទាក់បានដំរី១ តែដំរីនោះបានរួច និងរត់ចូលព្រៃបាត់វិញ ដោយសារចង់បានដំរីនោះមកវិញ ព្រះអង្គបានសន្យានឹងទេពក្នុងសុបិន្ត ដោយការសាងព្រះបដិមា១អង្គនៅក្នុងតំបន់ដែលមានឈ្មោះថា វិស្ណុគ្រាម (K.521) (ប្រាសាទគោកចកសព្វថ្ងៃ)។

សង្ខេប ព្ធវ៌ត នៅក្នុងសិល្បៈ និងជំនឿខ្មែរ គឺមានការពេញនិយមយ៉ាងខ្លាំងនៅសម័យអង្គរ ពិសេសគឺចាប់ផ្តើមសតវត្សទី១០ ទោះបីយើងឃើញមានបង្ហាញខ្លះៗនៅសតវត្សទី៧ ឬ៨ និងមួយចំនួនជាចម្លាក់ដំរីដែលមិនសំដៅទៅលើដំរីព្ធវ៌តដែលជាយានជំនិះរបស់ព្រះឥន្ទ្រទេ នៅក្នុងសតវត្សទី៩ ព្រោះជាចម្លាក់ដំរីធម្មតានៅលើផ្តែរ និងនៅតាមជ្រុងថ្នាក់ៗដែលជាខឿន (ពីរ៉ាមីត) របស់ប្រាសាទ។  ចុងសតវត្សទី៩ ដើមសតវត្សទី១០ រហូតដល់ចុងសម័យអង្គរ (ដើមសតវត្សទី១៥) ដំរីព្ធវ៌តដែលគង់ពីលើដោយព្រះឥន្ទ្រត្រូវបានឆ្លាក់យ៉ាងច្រើននៅលើផ្តែរទ្វារចូលទិសខាងកើតរបស់ប្រាសាទ នៅលើហោជាង និងជារូបឈរនៅលើដីជាដើម។ រូបរាង និងសកម្មភាពរបស់ដំរីព្ធវ៌តត្រូវបានគេឆ្លាក់ខុសៗគ្នាទៅតាមបែបផែននៃរចនាបទក្នុងសម័យកាលនីមួយៗ។

អត្ថបទដើម៖ លោក សុខ កែវសុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!