ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីកោរជុកនៅភូមិថ្នល់ទទឹង និងអូរទទឹង (សៀមរាប)

ពិធីកោរជុកនៅភូមិថ្នល់ទទឹង និងអូរទទឹង (សៀមរាប)

The cutting of the top knot at Thnal Toteung and Ototeung villages (Siem Reap):The cutting of the top knot or Kamboy ceremony is an adolescence ceremony in the Khmer tradition. But today, this ceremony is almost non-existent in Cambodian society, because most mothers give birth at the hospital and do not require other traditional ceremonies where they always have an ancient midwife to give birth and prepare items for worship to represent the life and Pralung of the baby. For some believers, even if they go to the hospital to give birth, when they return home, they still practice the ritual and the most important thing is to keep the Pralung of the baby who is believed that the Pralung come from the savage or Pralung savage. In this article, I would like to highlight the belief in the cutting of the top knot  (savage hair) or cutting  Kamboy in Banteay Srei district, Siem Reap province to briefly describe the process of this ceremony. Originally, they used to bring their sons and daughters with kampoy to cut kampoy at Angkor Wat temple, sometimes from Banteay Meanchey or Battambang province. Today, Angkor Wat is a tourist destination so it does not allow to hold such big ceremonies there anymore. Otherwise, they have to hold ceremonies in their own homes. What is the cutting of the Top-Knot or Kamboy ceremony?

The savage hair means that the hair is born on the baby’s head. The midwife shaved most of the hair, leaving it apart on the baby’s head. The Kampoy are kept forever and the hair or parts that have been shaved by the midwife will need to shave off. However, the hair regrowth but they will keep only Kampoy. This Kompoy will be shaved off when the baby becomes an adult. The top knot or Kamboy ceremony is one of the essential ceremony amounts of other adolescent ceremonies in Khmer society. Therefore, they have to find a good date for this ceremony for their sons and daughters. This ceremony needs to prepare a lot of things. The important thing is to find a priest and a banana caver. The time of this ceremony is in Meak or Phalkun (Khmer calendar) and will take at least  2 days.

The Top-Knot ceremony in Siem Reap has many activities that the locals always practice according to their beliefs and traditions, such as: finding a banana carver ceremony, finding a priest ceremony, lighting a lantern ceremony, Krong Pali and rising a flag Ceremony, worship an ancestor ceremony, the passing of the Popil around of the rite of Angkaw Reap ceremony, Hau Pralung hair ceremony, the rite of Angkaw Reap ceremony, carving teeth ceremony, The Top-Knot ceremony, Baisei Daem unwrapping ceremony. Among them, there are some important ceremonies that the local people basically believe in and cannot give up, sometimes taking a lot of time and money. Lastly, the ceremony of the monk prays and bless the son or daughter who has been cut Kompoy to restore the losing their Pralung, getting healthy and smart. To the people who rich, they will also invite the food for inviting guests.

ពិធីកោរជុក ឬកាត់កំប៉ោយ គឺជាពិធីឆ្លងវ័យក្នុងទំនៀមខ្មែរ។ ប៉ុន្តែសព្វថ្ងៃពិធីនេះស្ទើលែងមានហើយនៅក្នុងសង្គមខ្មែរ ព្រោះដោយសារម្តាយភាគច្រើនទៅប្រសូត្របុត្រក្នុងមន្ទីរពេទ្យវិទ្យាសាស្ត្រ គឺមិនតម្រូវឱ្យមានពិធីផ្សេងៗ ដូចបុរាណដែលគេតែងមានយាយហ្មបមកជួយសម្រាលកូនឱ្យ ហើយមានរៀបចំគ្រឿងរណ្តាប់ផ្សេងៗតំណាងឱ្យជិវិត និងព្រលឹងរបស់ទារក។ ចំពោះអ្នកដែលមានជំនឿខ្លះ ទោះបីគេទៅប្រសូត្របុត្រនៅតាមមន្ទីរពេទ្យ ពេលត្រលប់ទៅផ្ទះវិញក៏រៀបចំសែនព្រេនដែរ ហើយអ្វីដែលសំខាន់នោះគឺការរក្សាព្រលឹងកូន ដែលគេយល់ថា ព្រលឹងបានមកពីព្រៃ ឬព្រលឹងព្រៃ។ ចំពោះអត្ថបទពិធីកោរជុកនេះ គឺបានបរិយាយរួចមកហើយក្នុងគេហទំព័រ AMS Khmer Civilization តែការបរិយាយនោះ គឺផ្តោតទូទៅនៃពិធីកោរជុក។ ដោយឡែកក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកជំនឿក្នុងការកោរជុក (សក់ព្រៃ) ឬកាត់កំប៉ោយ នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មកបង្ហាញត្រួសៗអំពីដំណើរនៃពិធីនេះ។ ដើមឡើយគេតែងនាំបុត្រាបុត្រីដែលមានកំប៉ោយ ទៅកាត់កំប៉ោយនៅប្រាសាទអង្គរវត្ត ពេលខ្លះមានអ្នកខេត្តបន្ទាយមានន័យ ឬបាត់ដំបងផងដែរ។ តែដោយសារតែអង្គរវត្តជាទីរមណីដ្ឋានទេសចរណ៍ គេមិនអនុញ្ញាតិអោយធ្វើពិធីធំបែបនេះនៅទីនោះទៀតទេ ជាហេតុនាំអោយគេធ្វើពិធីនៅតាមផ្ទះរៀងខ្លួនវិញ។

     តើអ្វីជាសក់ជុក ឬកំប៉ោយ?

សក់ព្រៃមានន័យថា សក់ដែរមានពីកំណើត គ្របលើក្បាលទារក។ ឆ្មបបានកោរសក់ភាគច្រើនចោល ទុកតែខាងមុខ ចំពីលើបង្ហើយទារក ។ សក់កំប៉ោយនេះគេរក្សាជារៀងរហូត រីឯសក់ឬផ្នែកដែលត្រូវបានកោរចោលដោយឆ្មប និងត្រូវកោរចោលជាបន្តបន្ទាប់នៅពេលវាដុះឡើង គឺរក្សាទុកតែសក់កំប៉ោយប៉ុណ្ណោះ។ សក់កំប៉ោយនេះនិងត្រូវកោរចេញនៅពេលទារក ឬកុមារពេញវ័យ។ ពេលវេលា និងការរៀបចំពិធីកោរជុក។ ពិធីកោរជុកគឺជាពិធីដ៏ធំមួយក្នុងចំណោមពិធីឆ្លងវ័យផ្សេងៗក្នុងសង្គមខ្មែរ។ ដូចនេះ គេត្រូវដេញរកថ្ងៃខែឆ្នាំល្អ សម្រាប់ធ្វើពិធីនេះអោយបុត្រាបុត្រីរបស់ខ្លួន។ ពិធីនេះជាពិធីមួយដែលអាចឱ្យបុត្រាបុត្រីដែលមិនមែនសាច់ញាតិនឹងខ្លួន​ចូលរួមជាមួយដែរ ពោលគឺសម្រាប់អ្នកដែលមិនសូវមានប្រាក់ អាចសុំអ្នកផ្តើមបុណ្យចូលរួមជាមួយបានដែរ (រូបលេខ១)។ ពិធីនេះមានការរៀបចំវត្ថុជាច្រើន។ អ្វីដែលសំខាន់នោះ គឺការរកអាចារ្យ និងអ្នកចាក់ចេក។ ចំពោះពេលវេលានៃការធ្វើពិធីនេះ គឺនៅក្នុងខែមាឃ ឬផល្គុន ហើយមានរយៈពេល២ថ្ងៃ។ ពិធីកោរជុកក្នុងតំបន់សៀមរាបបនេះ គឺមានពិធីជាច្រើនដែលអ្នកស្រុកប្រតិបត្តិទៅតាមជំនឿ និងទំនៀមទម្លាប់របស់ខ្លួនមានដូចជា៖ ពិធីរកអ្នកចាក់ចេក ពិធីរកអាចារ្យ ពិធីធ្វើគោម ពិធីប្រុងពាលីនិងលើកទង់ ពិធីសែនដូនតា ពិធីបង្វិលពពិលជុំវិញអង្កររាប ពិធីរៀបចំអង្កររាប ពិធីហៅព្រលឹងសក់ ពិធីដេកអង្កររាប ពិធីធ្វើធ្មេញ ពិធីកោរជុក និងពិធីបកបាយសីព្រលឹង។ ក្នុងចំណោមពិធីទាំងនោះ មានពិធីសំខាន់ៗមួយចំនួនដែលអ្នកស្រុកជំនឿ និងមិនអាចចោលបាន ដោយពេលខ្លះចំណាយពេល និងប្រាក់កាសដ៏ច្រើនក៏មាន។ ក្នុងនោះរួមមានពិធីចាក់ចេក ជាពិធីសំខាន់មួយដែលតម្រូវឱ្យមានអ្នកចេះជំនាញខាងចាក់ចេក ដើម្បីរៀបចំលម្អរោងបុណ្យ បាយសី និងស្លាធម៌ជាដើម។ អ្នកចាក់ចេកគឺតំណាងឱ្យពិស្ណុកាដែលតម្រូវឱ្យឪពុកម្តាយរៀបចំគ្រឿងរណ្តាប់ផ្សេងៗ ដើម្បីទៅសុំអញ្ជើញអ្នកចាក់ចេក (រូបលេខ២)។ រីឯពិធីប្រុងពាលី និងលើកទង់(រសៀល) កិច្ចនេះជាទូទៅគេធ្វើនៅទិសខាងត្បូងរោងបុណ្យ ឬផ្ទះពិធី ដោយអាចារ្យបានរៀបចំពែ និងកន្ទោងបង្អែមចំអាបផ្សេងៗ ពិសេសគឺពែរូបនាងគង្ហីង (ធរណី) ដែលត្រូវកប់សែនដល់ក្រុងពាលី (រូបលេខ៤)។ វាតម្រូវអោយកុមារដែលត្រូវកោរជុកមកសំពះសែនផងដែរ។ បន្ទាប់ពីចប់ពិធីសែនប្រុងពាលី គេបន្តកិច្ចលើកទង់ ដោយមានទង់តែ២ប៉ុណ្ណោះ (រូបលេខ៥)។

ចំពោះពិធីបង្វិលពពិលជុំវិញអង្កររាប ធ្វើឡើងក្រោយពីចប់កិច្ចព្រះសង្ឃ អាចារ្យបានរៀបចំអង្ករ និងវត្ថុផ្សេងៗដែលប្រើប្រាស់ក្នុងពិធីដេកអង្កររាប មកដាក់មួយកន្លែងជុំគ្នា។ បន្ទាប់មក អ្នកភូមិចាស់ៗ រួមជាមួយអាចារ្យចាប់ផ្តើមធ្វើពិធីបង្វិលពពិល (៣ជុំ) តាមទិសប្រទក្សិណ ជុំវិញអង្ករនិងវត្ថុទាំងនោះ (រូបលេខ៨)។ គេធ្វើដូច្នោះ គឺដើម្បីរៀបចំអង្កររាបឱ្យកុមារដេកលើ។ ការបង្វិលពពិលនេះមិនចាំបាច់មានកុមារដែលត្រូវកោរជុកនោះមកចូលរួមទេ។ ក្នុងការរៀបចំអង្កររាប អាចារ្យ យកក្រណាត់សមួយផ្ទាំង រួចរៀបដាក់ស្លឹកឈូកខ្ចី៩សន្លឹក (តំណាងឱ្យស្បែក) ស្បូវភ្លាំង ៩កំណាត់ (តំណាងឱ្យឆ្អឹង) (រូបលេខ៩) រួចដួសអង្ករដោយត្រល់ចំនួន៣០ រួចសំពៅ៣០នាឡិ សំពាន៣០ រួចចាក់អស់ពីកញ្ជើ រួចថែម៣ចាន (ចានទី១និងទី២ តំណាងឱ្យគុណឪពុកម្តាយ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) រីឯចានទី៣ គេរាប់តាមថ្ងៃ ខែ ឆ្នាំ របស់ក្មេង។ រួចយកកញ្ចប់ថ្នាំដាក់តាមទិសទាំង៨ និងកណ្តាល១ទៀត (ថ្នាំសម្រាប់ធ្វើធ្មេញ) (រូបលេខ១០)។ អាចារ្យយកនាឡិដាក់ខាងលើក្នុងអង្ករ (តំណាងអោយក្បាល) យកត្រល់ធ្វើខ្លួន និងត្រួយ (តំណាងឱ្យខ័ន្ខទាំង៥) រួចហើយគេចងក្រណាត់សនោះ ហើយទុកឱ្យកុមារដេកពីលើក្នុងយប់នោះ។ អង្កររាបនេះ គឺតំណាងឱ្យទារកនិងសុកដែលស្ថិតនៅក្នុងផ្ទៃម្តាយ។ អាចារ្យបានឱ្យក្មេងរៀបចំដេកលើអង្កររាប និងឱ្យក្មេងសូត្រធម៌តាម គឺ នមោតស…….(៣ចប់) រួចបន្ត ឥតិបិសោ….(៣ចប់) និងសូត្រធម៌ផ្សេងទៀត។ នៅវេលាម៉ោង៣កន្លះទៀបភ្លឺ អាចារ្យរៀបចំបង្វិលពពិល៧ជុំ តាមទិសប្រទក្សិណ ជុំវិញក្មេង ហើយសូត្រធម៌ដើម្បីដកអង្កររាប។ បន្ទាប់ពីបង្វិលចប់ អាចារ្យយកស្លឹកម្លូ១៩សន្លឹកដដែលមកក្តោបភ្លើងពពិល រួចផ្លុំផ្សែង៣ដងអោយក្មេងហិតយក។ ការដេកលើអង្កររាបនេះ គឺដើម្បីឱ្យចេះត្រិះរិះពិចារណា ថាតើក្មេងយល់ពីគុណទោស និងការរៀបចំទៅថ្ងៃអនាគតយ៉ាងម៉េច?

ដោយឡែកពិធីហៅព្រលឹងសក់ គេចាប់ផ្តើមប្រារព្ធរៀបចំពិធីហៅព្រលឹងសកនៅវេលាយប់។ គេឱ្យកុមារអង្គុយសំពះលើអង្ករដែលអាចារ្យរៀបចំទុកឱ្យ (រូបលេខ១១)។ អាចារ្យចាប់ផ្តើមអុជទៀនបាយសីព្រលឹងសក់ ហើយសូត្រធម៌ហៅព្រលឹងសក់​ (ចំនួន៣ដង)។ បន្ទាប់មកអាចារ្យបានអុជទៀនបាយសីតូច និងទៀនពពិល៣ ហើយធ្វើពិធីបង្វិលជុំវិញកុមារ១៩ជុំ តាមទិសប្រទក្សិណ។ អាចារ្យយកពពិល និងម្លូទាំង១៩សន្លឹកជ្រលក់ចូលទឹក ហើយយកស្លឹកម្លូនោះក្តោបភ្លើងពពិលអោយរលត់នៅសល់តែផ្សែង រួចផ្លុំ៣ដងទៅអោយក្មេងហិតស្រូបយកផ្សែងនោះ (រូបលេខ១៤)។ ពិធីបន្ទាប់ គឺពិធីធ្វើធ្មេញ អាចារ្យរៀបចំគ្រឿងរណ្តាប់ មានថ្នាំ ឆ្នាំង ជើងក្រាន និងអុស(ប្រើតែឈើតាត្រាវ) ត្រៀមដាំថ្នាំ។ គេនិមន្តព្រះសង្ឃមកគង់ ហើយអាចារ្យសូត្រធម៌ឆ្ពោះទៅបង់បត់ (ព្រះបត់) រួចដាក់ដាំថ្នាំ។ ឆ្នាំងដីតូច គ្របដោយស្រទាប់ចេកជិត។ គេយកចប់ជីកតូចទម្លុះចូលទៅក្នុងស្រទាប់ចេក ដើម្បីអោយថ្នាំដែលពុះភាយជាប់ក្លិននិងចបជីក។ បន្ទាប់មក គេវាយឃ្មោះនាំក្មេងចេញមកថ្វាយបង្គំព្រអសង្ឃ រួចទៅអង្គុយនៅលើកៅអី។ ក្រោយពេលថ្នាំពុះជាប់ក្លិននិងចប អាចារ្យក៏យកមកជ្រល ៣ដង ឆ្វេងស្តាំ (ជាកិច្ចធ្វើធ្មេញ) រួចយកម្លូមកខាតធ្មេញម្តង២ ចំនួន៣ដង (រូបលេខ១៨)។ ចប់ហើយ​អាចារ្យក៏ដឹកដៃទៅសំពះព្រះសង្ឃ រួចស្តាប់ធម៌ព្រះសង្ឃសូត្រ​ (ជ័យន្តោ…) រួចអាចារ្យដឹកដៃក្មេងដើរប្រទក្សិណ៣ជុំ ជុំវិញបាយសី៧ថ្នាក់ រួចក៏នាំទៅកាន់រានកោរជុក (រូបលេខ១៩)។

មួយទៀតពិធីកោរជុក ដំបូងអាចារ្យអោយក្រាបសំពះរាន រួចសំពះព្រះសង្ឃដែលគង់នៅខាងលើ។ អាចារ្យស្រាយផ្នួងសក់កំប៉ោយ រួចចងចែកជា៣កំប៉ោយតូចៗ។ ក្មេងអង្គុយលត់ជង្គង់បែរទៅកើត រួចលើដៃសំពះព្រះសង្ឃដែលរងចាំកាត់កំប៉ោយ។ ដំបូងព្រះសង្ឃយកកន្ត្រៃកាត់សក់កំប៉ោយចេញ ទើបយកកាំបិតដងភ្លុកកោរ (គ្រាន់តែជ្រលរ) ហើយកាំបិតដងកុយ និងព្រះខ័នធ្វើពីស្លឹកត្នោត (រូបលេខ២០) រួចកោរសក់ទាំងអស់ចេញ។ ពិធីចុងក្រោយ គឺពិពីបកបាយសីព្រលឹងនៅពេលកោរសក់ជុករួចហើយ អាចារ្យនាំក្មេងមកកាន់កន្លែងអង្កររាបវិញ រួចអោយអង្គយសំពះដាក់ដៃលើបង្វិចអង្កររាប។ អាចារ្យក៏សូត្រធម៌ និងបើកសំពត់ដែករុំបាយសី៧ថ្នាក់ចេញ (រូបលេខ២១) ហើយប្រមូលយកនំទាំងអស់ចេញពីបាយសី រួចរុំបាយសីនោះនិងសំពត់វិញ ហើយឱ្យឪពុកម្តាយក្មេងយកទៅទុកដាក់លើរានកោរជុក (រូបលេខ២២)។ ចុងក្រោយនៃពិធី ព្រះសង្ឃសូត្រធម៌ជ័យន្តោ ប្រោសព្រំដល់ក្មេង ដែលបានកាត់កំប៉ោយហើយអោយមានព្រលឹង មានកំលាំងមាំមួន មានសុខភាពល្អ និងប្រាជ្ញាវាងវៃ។​ នេះជាកិច្ចបញ្ចប់ពិធី។ ប្រសិនបើអ្នកផ្តើមបុណ្យនេះជាអ្នកមានទ្រព្យច្រើន គេនិងធ្វើពិធីលៀងអាហារបន្ត ដោយមានការអញ្ជើញភ្ញៀវមកចូលរួមផងដែរ។

អត្ថបទដោយ៖ លោក សុខ កែវ សុណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!