លុះដល់ព្រឹកឡើងស្តេចចេញមកគង់នៅសាលាក្រៅ ទ្រង់ឲ្យហៅអស់នាម៉ឺនមកជួបជុំ ហើយមានព្រះបន្ទូលបង្គាប់ឲ្យរកមាន់មកជល់នៅមុខព្រះលាន ហើយឲ្យធនញ្ជ័យមកដល់ហើយមានព្រះបន្ទូលបង្គាប់ថា អាជ័យឯងទៅយកមាន់អាឯងមកជល់នឹងមាន់អញឲ្យបានមកឥឡូវនេះឯង ឯធនញ្ជ័យក្រាបថ្វាយបង្គំលាហើយគិតថា ព្រះមហាក្សត្រលោកនឹងផ្ចាញ់ប្រាជ្ញាអញហើយ បើអញនឹងរកទិញមាន់គេលោកហាមប្រាមមិនឲ្យនរណាលក់ឲ្យឡើយ បើដូច្នោះងាយទេ អញនឹងយកមាន់អញនេះឯង គង់តែនឹងជល់ឈ្នះមាន់ព្រះមហាក្សត្រមិនខានឡើយ គិតហើយក៏ដើរដល់ផ្ទះខ្លួន ហើយចាប់យកកូនមាន់ដែលទើបនឹងដុះរោមក្រាសនោះមក ហើយយកសំពត់រុំកូនមាន់នោះរួចដើរទៅ លុះដល់ព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំ ស្តេចទតមើលមិនឃើញធនញ្ជ័យយកមាន់មកជល់ ទ្រង់បង្គាប់នោះក៏ទ្រង់មានព្រះបន្ទូលសួរថា អាជ័យឯណាមាន់អាឯងដែលត្រូវជល់នឹងមាន់អញនោះ ឯធនញ្ជ័យក៏ក្រាបទូលថា ឲ្យតែយកមាន់ព្រះរាជទ្រព្យនោះមកនឹងជល់នឹងទូលព្រះបង្គំជាខ្ញុំ ទើបព្រះមហាក្សត្រត្រាស់ប្រើឲ្យទៅយកមាន់ព្រះរាជទ្រព្យមកជល់ ហើយឲ្យលែងមាន់នោះ នៅទីដែលប្រជល់នោះឯង ឯអស់នាម៉ឺនក៏ដាក់ឲ្យជល់គ្នាដោយគូរៗគ្រប់គ្នា ឯព្រះមហាក្សត្រមានព្រះបន្ទូលតឿនទៅថា អាជ័យថ្វីក៏មិនលែងមាន់អាឯងទៅមើល ឯធនញ្ជ័យឮព្រះបន្ទូលតឿនដូច្នោះហើយ ក៏យកកូនមាន់ដែលគ្របនឹងសំពត់សដាក់ទៅឲ្យជល់នឹងមាន់ព្រះរាជទ្រព្យ ឯកូនមាន់នោះវាឃើញមាន់ធំនោះ វាស្មានថាមេវា ហើយរត់ទៅសសុលក្រោមពោះមាន់ធំនោះ ឯមាន់ធំឃើញកូនមាន់នោះរត់មកសសុលក្រោមពោះដូច្នោះហើយ ក៏វារត់ចេញ ឯធនញ្ជ័យក៏ស្រែកទះដៃថា មាន់ធំនោះចាញ់មាន់អញហើយ មិនហ៊ានជល់ទេ វារត់ទៅហើយ ឯព្រះមហាក្សត្រក៏ទ្រង់ព្រះក្រោធនឹងធនញ្ជ័យ ហើយក៏វិលចុឡទៅក្នុងព្រះរាជមន្ទីរ ហើយទ្រង់ព្រះចិន្តាថា បើដូច្នោះអញប្រជល់ក្របីវិញ។
មានកាលមួយ ថ្ងៃស្តេចត្រាស់ហៅអស់នាម៉ឺនមក ហើយមានព្រះបន្ទូលហាមអស់នាម៉ឺនថា បើអាជ័យវារកខ្ចីក្របីនរណា កុំឲ្យរាស្រ្តណាឲ្យឡើយ បើនរណាឲ្យខ្ចីហើយនឹងមានទោសខុសទ្រង់ហាមអស់នាម៉ឺនស្រេចហើយ ក៏យាងចូលទៅក្នុងដំណាក់វិញ ឯធនញ្ជ័យនឹងបានដឹងថាស្តេចហាមដូច្នោះក៏ទេ។
លុះព្រឹកឡើងស្តេចចេញមកគង់នៅសាលាក្រៅ ហើយប្រើឲ្យយកក្របីព្រះរាជទ្រព្យ១ ដែលឡើងកំលាំងមកដល់ ឥតមានក្របីឯណានឹងជល់បានឡើយ យកមកដល់ហើយមានព្រះបន្ទូលទៅហៅធនញ្ជ័យឲ្យយកក្របីមកប្រជល់នឹងក្របីព្រះរាជទ្រព្យកុំឲ្យខានឡើយ ឲ្យមកជាមួយនឹងបំរើកុំឲ្យខាន បំរើស្តាប់ហើយក៏ទៅប្រាប់ធនញ្ជ័យដូចមានព្រះបន្ទូលបង្គាប់នេះឯង ធនញ្ជ័យស្តាប់ព្រះបន្ទូលដូច្នោះហើយ ក៏ចុះអំពីផ្ទះទៅចាប់យកកូនក្របីទើបនឹងសំរាល១០ថ្ងៃ ហើយចងកូនក្របីនោះដឹកនាំជាមួយនឹងបំរើទៅដល់ ហើយក្រាបថ្វាយគាល់ ឯព្រះមហាក្សត្រស្តេចទតមកយល់ក្របីធនញ្ជ័យដឹកយកមកដល់ ក៏ទ្រង់បង្គាប់ធនញ្ជ័យថា ឲ្យយកក្របីអាឯងឲ្យវាជល់នឹងមើល ទើបធនញ្ជ័យដឹកកូនក្របីទៅទៀបក្របីធំនោះឯង ឯកូនក្របីនោះ វាមើលទៅឃើញក្របីធំនោះហើយ វាស្មានថាមេវា វាក៏រត់ទៅបៅពងប្លោកក្របីនោះ។ ឯក្របីធំនោះវារសើប វាក៏ស្ទុះបោលដាច់ខ្សែនឹងចាប់ក៏មិនបាន ឯធនញ្ជ័យស្រែកថា ចាញ់ហើយៗកូនក្របីនោះក៏បោលតាមក្របីឈ្មោលនោះឯង ព្រោះវាថាជាមេរបស់វា ព្រះមហាក្សត្រទតទៅឃើញក្របីព្រះរាជទ្រព្យនោះវាបោលទៅ ហើយឃើញកូនក្របីបោលតាមពីក្រោយដូច្នោះ ក៏អៀនក្នុងព្រះហប្ញទ័យណាស់។
ហើយស្តេចមានព្រះរាជបន្ទូលប្រាប់អស់នាម៉ឺនឲ្យឃាត់ធនញ្ជ័យកុំឲ្យចូលក្នុងព្រះរាជវាំងឡើយ។
បើនរណាឲ្យធនញ្ជ័យវាចូលក្នុងវាំង អញនឹងយកទោសខុសមិនលែងឡើយ មានព្រះបន្ទូលហាមហើយ ស្តេចហចូលទៅក្នុងដំណាក់វិញ ឯអស់នាម៉ឺនហៅធនញ្ជ័យមកប្រាប់ថា ត្បិតស្តេចទ្រង់បង្គាប់ឲ្យប្រាប់អាជ័យឯងថា ពីថ្ងៃនេះទៅដល់១០ឆ្នាំ កុំឲ្យចូលក្នុងព្រះរាជវាំងទៀត បើឯងមិនស្តាប់ឯងនឹងបានសេចក្តីមិនខានឡើយ ឯធនញ្ជ័យស្តាប់ហើយក៏ស្ងៀមនៅ ហើយលាចេញដើរទៅផ្ទះអាត្មាវិញ លុះយូរប្រមាណបានបួនថ្ងៃនឹងដល់ថ្ងៃសីល ស្តេចនឹងនិមន្តលោកគ្រូសង្គ្រាជ ចូលទៅទេសនាធនញ្ជ័យដឹងដូច្នោះហើយដើរទៅអង្គុយក្នុងសាលា ជួបនឹងនាម៉ឺនមុខមន្ត្រីតូចធំជុំគ្នាច្រើនហើយធនញ្ជ័យធ្វើជាស្រដីថា ក្នុងថ្ងៃសីលនេះ ស្តេចនឹងហៅអញទៅវាំងមិនខានឡើយ ឯអស់នាម៉ឺនឮធនញ្ជ័យថាដូច្នោះ ក៏សើចទាំងអស់គ្នាហើយថា អើអាជ័យគេចូលទៅបានមែនហើយ ថាដូច្នោះហើយក៏ចុះដើរទៅផ្ទះដទៃៗ ឯធនញ្ជ័យនោះក៏ទៅផ្ទះវិញ លុះដល់ព្រឹកឡើងនោះ ជាថ្ងៃសីល ស្តេចឲ្យទៅនិមន្តលោកគ្រូសង្រ្គាជចូលទៅទេសនាក្នុងព្រះរាជវាំង ឯធនញ្ជ័យក៏ទៅអង្គុយចាំផ្លូវលោកសង្រ្គាជ លោកគ្រូសង្រ្គាជក៏ដើរតាមផ្លូវទៅជួបនឹងធនញ្ជ័យ ឯធនញ្ជ័យមើលឃើញលោកគ្រូសង្គ្រាជដើរមកដល់ហើយ ក្រាបថ្វាយបង្គំទូលថា សូមលោកគ្រូមេត្តាឈប់សិន ត្បិតខ្ញុំដឹងការ១ ជាមន្ទិល ខ្ញុំនឹងទូលឲ្យជ្រាបលោកគ្រូសង្គ្រាជស្តាប់ហើយក៏ឈប់នៅ ឯធនញ្ជ័យក៏ដើរទៅជិតទូលថា មើលទៅសក់ក្បាលខ្ញុំដូចជាសក់ក្ងោក មើលទៅមុខលោកគ្រូគ្រាន់ជាងគូថខ្ញុំ ឯលោកគ្រូសង្រ្គាជស្តាប់ហើយខ្ញាល់នឹងធនញ្ជ័យដៀលមុខដូច្នោះ ហើយលោកអញនឹងទៅទូលព្រះមហាក្សត្រ លុះទៅដល់ជួបនឹងស្តេចហើយថ្វាយព្រះពរទូលថា ត្បិតអាជ័យវាស្រដីឲ្យអាត្មាភាពថា មើលទៅសក់ខ្ញុំដូចសក់ក្ងោក មើលទៅមុខលោកគ្រាន់ជាងគូទខ្ញុំ សូមហារាជយកធនញ្ជ័យមកជំនុំជំរះឲ្យអាត្មាភាពសុខចិត្តផង ទើបបាន កុំឲ្យអាជ័យវាស្រដីឲ្យអាត្មាភាពដូច្នោះទៀត ព្រះមហាក្សត្រស្តាប់ព្រះពុទ្ធដីកាលោកគ្រូសង្គ្រាជដូច្នោះហើយ ស្តេចត្រាស់ប្រើមហាតលិកម្នាក់ឲ្យទៅហៅធ្នញ្ជ័យឲ្យចូលទៅគាល់ស្តេចឲ្យឆាប់ កុំយូរឡើយ ឯចៅធ្នញ្ជ័យស្រដីឲ្យលោកដូច្នោះ ហើយទៅអង្គុយនៅសាលាជាមួយអស់នាម៉ឺនហើយថាបន្តិចទៅសេ្តចនឹងឲ្យមកហៅអញខ្ញុំចូលទៅគាល់មិនខានឡើយ កាលណាឮធនញ្ជ័យស្រដីដូច្នោះហើយ នាម៉ឺនអស់នោះស្រដីចំអកថា មែនហើយបន្តិចគេចូលទៅគាល់ហ្លូងមិនចខានឡើយ បំរើនោះដើរទៅដល់ឃើញធនញ្ជ័យហើយប្រាប់ថា ត្បិតព្រះកុរណាមានព្រះបន្ទូលឲ្យហៅជ័យឯងទោឥឡូវនេះកុំខាន ធនញ្ជ័យស្តាប់ហើយក៏ប្រាប់អស់នាម៉ឺនថា ខ្ញុំថាម្ចាស់នឹងឲ្យហៅខ្ញុំចូលទៅវាំងមិនខាន អស់លោកមិនជឿខ្ញុំ ថាហើយធនញ្ជ័យក៏ចុះតាមបម្រើចូលទៅក្នុងវាំង ទៅដល់ក្រាបថ្វាយបង្គំហើយស្ងៀមនៅ ឯព្រះមហាក្សត្រទតឃើញធនញ្ជ័យមកដល់ ហើយមានព្រះបន្ទូលសួរថា អាជ័យឯងបានស្រដីថា ដូចម្តេចឲ្យលោកសង្គ្រាជមែនរឺ ឯធនញ្ជ័យទូលថា ទូលព្រះបង្គំថាមែន តែនឹងដៀលត្មេះលោកក៏ទេ ថានោះជាឧបមាឲ្យខ្លួនខ្ញុំទូលព្រះបង្គំទេតើ ត្បិតលោកចូលក្នុងវាំង ឯខ្លួនទូលព្រះបង្គំមិនបានចូលបានជាទូលព្រះបង្គំថា មើលសក់ក្បាលខ្ញុំដូចសក់ក្ងោក មើលទៅមុខលោកគ្រូគ្រាន់ជាងគូទខ្ញុំ ព្រះមហាក្សត្រស្តាប់ហើយ វាថាមានព្រះបន្ទូលនឹងលោកសង្រ្គាជថា លោកកុំខ្ញាល់នឹងអាជ័យឡើយ វាថាជាឧបមាខ្លួនវាទេ ហើយស្តេចបណ្តេញថា អាជ័យឯងកុំចូលមកក្នុងវាំងអញទៀត ធនញ្ជ័យស្តាប់ហើយក៏ថ្វាយបង្គំលាទៅផ្ទះវិញ ស្តេចមានព្រះបន្ទូលដូច្នោះ ហើយគិតក្នុងព្រះរាជហប្ញទ័យថា ឥតអ្នកណាដេញប្រាជ្ញាវាបាន អញហាមវាមិនឲ្យចូលវាំង ឥឡូវនេះវាចូលបាន មិនមានទើស ត្បិតប្រាជ្ញាវាមាន។
ក្រោយមក ស្តេចមានព្រះបន្ទូលបង្គាប់ថា ឲ្យអស់ស្រីនៅក្នុងវាំងទៅជុះអាចម៍ដាក់ផ្ទះអាជ័យបើវាថាដូចម្តេចឲ្យ ចាប់យកទោសខុស ឯស្រីអ្នកក្នុងវាំងលឺបានព្រះបន្ទូលបង្គាប់ដូច្នោះហើយ ក៏បបួលគ្នាទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ទៅដល់ហើយប្រាប់ធនញ្ជ័យថា ត្បិតម្ចាស់លោកឲ្យមកជុះអាចម៍ដាក់ផ្ទះឯង ឯធ្នញ្ជ័យស្តាប់ហើយក៏ឆ្លើយថា បើមានព្រះបន្ទូលដូច្នោះហើយ ខ្ញុំមិនហ៊ានឃាត់ទេ តាមចិត្តអស់អ្នកចុះ បើចង់ជុះក៏ជុះចុះ តែជុះកុំនោម បើនោមផងហៅល្មើសព្រះបន្ទូល ខ្ញុំមិនព្រមទេ អស់អ្នកទាំងនោះស្តាប់ធនញ្ជ័យដូច្នោះហើយ ក៏បបួលគ្នាជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ តាមព្រះបន្ទូលស្តេចបង្គាប់នោះ ឯធនញ្ជ័យក៏ដើរមើល ហើយឃើញនោមផង ធនញ្ជ័យវាយអស់ស្រីដែលជុះហើយនោមផង អស់ស្រីទាំងនោះដឹងធនញ្ជ័យវាយដូច្នោះហើយ ក៏រត់ទៅទូលស្តេចឲ្យទ្រង់ជ្រាប លុះទៅដល់ហើយ ក្រាបថ្វាយបង្គំទូលថា ត្បិតម្ចាស់ប្រើឲ្យទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ អស់យើងខ្ញុំទៅជុះតាមព្រះបន្ទូល ឥលូវនេះធនញ្ជ័យវាយអស់យើងខ្ញុំ វាថាវាឲ្យជុះដាក់ផ្ទះវា សូមទ្រង់ជ្រាប ព្រះមហាក្សត្រស្តាប់ហើយត្រាស់ថា ឲ្យអស់ទាហានទៅចាប់អាជ័យយកមកនឹងជំនុំ ឯអស់ទាហានស្តាប់ព្រះបន្ទូលដូច្នោះហើយ ក៏ទៅចាប់ធនញ្ជ័យដូចព្រះបន្ទូល លុះទៅដល់ផ្ទះធនញ្ជ័យ ក៏ឡើងទៅលើផ្ទះចាប់ដៃធនញ្ជ័យចង រួចប្រាប់ថា ត្បិតស្តេចមានព្រះបន្ទូលឲ្យមកចាប់…
(សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៥ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព