ទំព័រដើមប្រវត្តិសាស្ត្រឈ្មោះ បន្ទាយស្រី

ឈ្មោះ បន្ទាយស្រី

បន្ទាយស្រី ជាប្រាសាទដែលសាងនៅឆ្នាំ៩៦៧​ ពោលគឺស្ថិតនៅចុងរាជ្យ ព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (គ.ស. ៩៤៤~៩៦៨)​ និងដេីមរាជ្យ ព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨~១០០១) ដោយព្រាហ្មណ៍​ ឬជាព្រះរាជគ្រូម្នាក់​ឈ្មោះ​ យជ្ញវរាហ​ (Yajñavarāha)​ ក្នុងក្រុងបុរាណឈ្មោះ​ ឥស្វរបុរ​ (ក្រុងឥសូរ)។   

ឈ្មោះ “បន្ទាយស្រី” នេះ បើមើលនៅក្នុងសៀវភៅមគ្គុទេសន៍ទាំងភាសាបរទេសក្ដី ភាសាខ្មែរក្ដី ភាគច្រើនបកស្រាយន័យ ឬប្រែថា “បន្ទាយរបស់ស្រី (Fortress or Citadel of Women)”។ ន័យនៅក្នុងសៀវភៅមគ្គុទេសន៍ទាំងនោះមិន ត្រឹមត្រូវទៅនឹងន័យដើម ឬពិតប្រាកដរបស់ឈ្មោះប្រាសាទនោះឡើយ។ ខ្ញុំសូមបក ស្រាយដូចខាងក្រោម ៖

ដំបូង យើងត្រូវយល់អំពីពាក្យ “បន្ទាយ”។ “បន្ទាយ”​ មកពីកិរយាស័ព្ទ​ “ផ្ទាយ”​ មានន័យថា​ “ទប់,​ ទ្រ,​ ការពារ”។  “បន្ទាយ”​ ជាពាក្យ​ ឬជាឈ្មោះទូទៅ​ដែលអ្នកស្រុកហៅ​សំដៅទៅលេីទីតាំង​ ប្រាសាទ​ ក្រុងចាស់​ ឬភូមិដែលមាន​ “ទំនប់,​ របងជញ្ជាំង,​ កំពែង”​ ព័ទ្ធជុំវិញ។  ឧ.​ បន្ទាយព្រៃនគរ,​ បន្ទាយលង្វែក,​ បន្ទាយក្ដី,​ បន្ទាយស្រី,​ បន្ទាយព្រហ្ម​,​ បន្ទាយបាកាន​ជាដើម។ ល។

សូមបញ្ជាក់ថា កាលណាអ្នកស្រុកហៅ​ បន្ទាយនេះ​ ឬបន្ទាយនោះ​ហេីយ​ គាត់មិនប្រើពាក្យ​ “ប្រាសាទ”​ នៅពីមុខឡេីយ។ ឧទាហរណ៍ គាត់និយាយថា  “ទៅបន្ទាយក្ដី”​ គាត់មិននិយាយថា​ “ទៅប្រាសាទបន្ទាយក្ដី”​ ទេ។ ដូច្នេះបេីសរសេរ​ ឬហៅ​ “បន្ទាយស្រី”​ មិនចាំបាច់ដាក់ពាក្យ “ប្រាសាទ” ពីមុខឡេីយ​ ពោលគឺ​ “បន្ទាយ”​ មានន័យសំដៅទៅនឹងពាក្យ​ “ប្រាសាទ”​ ស្រេចហេីយ។ 

អ្វីដែលយើងត្រូវពិចារណា​ គឺពាក្យ “ស្រី”។ “ស្រី” នៅក្នុងន័យរបស់ប្រាសាទនេះ យើងគិតថាមិនសំដៅទៅលើអត្ថន័យ “ស្ត្រី​ ឬ ស្រី” ដែលជាមនុស្សស្រីនោះទេ។ ពាក្យ “ស្រី” នេះគឺមានន័យថា “ដែលខ្ពង់ខ្ពស់”,​ “ដែលអស្ចារ្យ “, “ដែលប្រសើរ”, “ដែលមង្គល”។ ពាក្យនេះមានប្រើច្រើននៅក្នុងសិលាចារឹកដោយដាក់នៅពីមុខឈ្មោះរបស់មនុស្ស (ព្រះរាជា) ព្រះ រាជធានី និងទីកន្លែងផ្សេងៗទៀត។ ឧ. ស្រី កម្រងតេង ជគត ត រាជ (នាមរបស់ទេព), ស្រីជ័យវម៌្ម…(នាមរបស់ព្រះរាជា), ស្រីយសោធរ (ឈ្មោះរាជធានីបុរាណរបស់អង្គរ)។ល។

ដូច្នេះឈ្មោះ “បន្ទាយស្រី” គឺបង្ហាញទៅលើន័យដែលប្រសើរ ដែលល្អអស្ចារ្យ ដែលខ្ពង់ខ្ពស់។ ជាពិសេសគឺសំដៅលើស្ថាបត្យកម្ម ស្នាដៃក្បាច់ចម្លាក់ដ៏ប្រណិត​ ដ៏អស្ចារ្យ ដ៏សម្បើម​ ដ៏ឥតខ្ចោះរបស់ប្រាសាទ​ ជាជាងមានន័យថា​ “បន្ទាយរបស់មនុស្សស្រី​”។ ន័យរបស់ “បន្ទាយស្រី” ក៏ភ្ជាប់ទៅនឹងឈ្មោះដើមរបស់ប្រាសាទនេះ ផ្ទាល់ដែរ ពោលគឺ “ស្រីត្រិភុវនមហេស្វរ”​ (ស្រីត្រីភូវនមហេសូរ = ម្ចាស់នៃលោកទាំងបី)។ ពាក្យ​ “ស្រី”​ មានន័យផ្សេងទៀត​ ដូចជា​ “បាយស្រី”​ (ដែលគេសព្វថ្ងៃច្រេីនហៅ​ បាយសី)​,​ “ជ័យស្រី”​ (ឈ្មោះដើមរបស់ប្រាសាទព្រះខ័ន), រាជស្រី (ឈ្មោះដើមរបស់ ប្រាសាទនាគព័ន្ធ), “ស្រី” ក៏មានន័យថា “ម្លូ” ដែរ ឧទាហរណ៍ “ស្ដេចសោយព្រះស្រី” មានន័យថា “ស្ដេចសោយម្លូ” ជាដើម ។ ល។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!