ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ច្រត់ព្រះនង្គ័ល ជាព្រះរាជប្រវេណីមួយរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយជាទំនៀមដែលបន្តតាំងពីបុរាណកាលមក។ ដោយឡែកប្រវេណីនេះ មិនទាក់ទងនឹងរបរចិញ្ចឹមជីវិតរបស់ព្រះមហាក្សត្រនោះទេ ប៉ុន្តែព្រះអង្គជាម្ចាស់ដីក្នុងព្រះរាជាណាចក្រនេះ ដែលមានតួនាទីក្នុងការចាប់ផ្តើម ឬអនុញ្ញាតិបើកឱ្យចាប់ផ្តើមបង្កបង្កើនផលជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត កិច្ចពិធីនេះ គឺជាមង្គលដល់ការធ្វើស្រែរបស់រាស្ត្រ ដ្បិតព្រះមហាក្សត្រជាអ្នកមានបុណ្យបារមីធំ ដូច្នេះពិធីដែលរៀបចំដោយព្រះអង្គ នឹងធ្វើឱ្យរញ្ជួយដល់ទេពនិករទាំងឡាយ​ មានព្រះឥន្រ្ទ និងវស្សវលាហកទេវបុត្រដែលជាទេពខាងភ្លៀងឱ្យបង្អុរទឹកភ្លៀងស្រោចស្រពផែនពសុធា និងធ្វើឱ្យធញ្ញជាតិទាំងឡាយទទួលបានផលជាបរិបូណ៌។

ជាទូទៅមុនថ្ងៃច្រត់ព្រះនង្គ័ល៣ថ្ងៃ​ គឺត្រូវនឹងថ្ងៃ១រោច ២រោច ៣រោច ខែវិសាខ ក្រុមបារគូនៃព្រះបរមរាជវាំង នឹងរៀបចំធ្វើហោមពិធីបូជាដល់ទេវតា​ ក្នុងរោងពិធីចំនួន៥នៅតាមទិស ក្នុងវាលព្រះស្រែ។ ហើយរហូតដល់ថ្ងៃទី៤រោច ខែវិសាខ ទើបនឹងហែហមមន្រ្តីច្រត់ព្រះនង្គ័ល ដែលតំណាងឱ្យព្រះមហាក្សត្រចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះស្រែ។ ក្នុងនោះគោចំនួន៣នឹម ដែលគេទឹមសម្រាប់ច្រត់ព្រះនង្គ័ល ហៅថាព្រះគោ ឬឧសភរាជ។ ការច្រត់ព្រះនង្គ័លផ្តើមឡើងនៅវេលាព្រឹកម៉ោង៧កន្លះ ហើយចេញដំណើរពីទិសនិរតី ក្នុងទិសដៅប្រទក្សិណ (វិលស្តាំ) ចំនួន៣ជុំ។ នៅពីក្រោយមន្រ្តីដែលតំណាងព្រះមហាក្សត្រច្រត់ព្រះនង្គ័លនោះ មានស្ត្រីម្នាក់ដើរតាមពីក្រោយព្រួសស្រូវ និងធញ្ញជាតិទៅក្នុងគន្លងដែលបានភ្ជួរត្រឡប់នោះ ដែលគេហៅថា “ព្រះមេហួរ”។ បន្ទាប់ពីបានច្រត់ព្រះនង្គ័លចំនួន៣ជុំរួចហើយ ទើបគេលែងគោឧសភរាជឱ្យបរិភោគអាហារផ្សេង៧យ៉ាងដែលគេបានរៀបចំ ជាអាទិ៍មាន សូ្រវ ពោត​ សណ្តែក ល្ងរ ស្មៅ ទឹក និងស្រា។ ដោយឡែកចំពោះលទ្ធផលនៃការផ្សងនេះ និងបកស្រាយដោយអាចារ្យនៃព្រះបរមរាជវាំង ឬហៅថាក្រុមបារគូទៅដល់ព្រះមហាក្សត្រ មន្រ្តី និងប្រជារាស្រ្តបានជ្រាប។

តាមទំនៀមដើម បានបញ្ជាក់យ៉ាងច្បាស់ក្នុងច្បាប់ក្រមពលទេព ដោយរៀបរាប់ថា បើកដល់ថ្ងៃ៣រោច ខែវិសាខកាលណា មានសំបុត្រប្រកាសមួយពីព្រះបរមរាជវាំង និងមានវាយគង វាយឃ្មោះផ្តល់ដំណឹងដល់អស់ប្រជាកសិករឱ្យចាប់ផ្តើមបោះនង្គ័ល រនាស់ ធ្វើសម្រះ ចងគោ ក្របី សេះ រកទីវាលដើម្បីឃ្វាលថែរក្សា​ ហើយបើស្រែណាល្មមព្រួស បុក ដាំ ក៏ឱ្យចាប់ផ្តើមធ្វើ បើស្រែណាល្មមសាបក៏ឱ្យសាបព្រួស។

ដូចដែលបានបញ្ជាក់ពីខាងដើម ពីធីច្រត់ព្រះនង្គ័លជាទំនៀមចាស់របស់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែមានប្រទេសជាច្រើនផ្សេងទៀតក្នុងសកលលោកនេះដែលមានទំនៀមច្រត់ព្រះនង្គ័លផងដែរ តួយ៉ាងដូចជាក្នុងសង្គមអឺរ៉ុប ដែលផ្តើមចេញពីពួកក្រិចមានលេចឡើងក្នុងសង្គមអេហ្ស៊ីប ចិន ថៃ ភូមា និងជាពិសេសនៅក្នុងសង្គមឥណ្ឌា។  

ទំនៀមទាក់ទងនឹងការភ្ជួររាស់នេះដំបូងឡើយ គឺគេជឿថាមនុស្សអាចនឹងកែប្រែធម្មជាតិ តាមរយៈកិច្ចបូជាចំពោះព្រះ ដើម្បីធ្វើឱ្យផលដំណាំទទួលបានទិន្នផលល្អ។ ម្យ៉ាងទៀតការភ្ជួររាស់ដីជាមធ្យោបាយធ្វើឱ្យមានភាពបរិសុទ្ធ និងជាការប្រកាសទទួលយកកម្មសិទ្ធក្នុងការប្រើប្រាស់ដី ឬសម្រាប់គោលបំណងនៃការស្ថាបនា ឬដើម្បីបង្កបង្កើនផល។ ក្រៅពីនេះ នង្គ័ល ជានិមិត្តរូបដ៏មានឥទ្ធិពលសម្រាប់បង្ហាញលើអំណាចធម្មជាតិ និងសម្រាប់ផ្តល់សញ្ញាដល់សង្គមថាបានចាកចេញពីសង្គមបរបាញ់ និងប្រមូលផល។ គេជឿថានង្គ័ល ជានិមិត្តរូបនៃអង្គជាតិបុរស ដែលបានជ្រាបចូល និងបង្កកំណើតផលតាម   រយៈព្រះនាងធរណី។ ចំណុចនេះ ពួកអឺរ៉ុបគេមានឯកសារនិយាយពីអាពាហ៍ពិពាហ៍របស់ព្រះស្ថានសួគ៌ (មេឃ)​និងព្រះនាងធរណីផងដែរ។

ការភ្ជួររាស់ គឺធ្វើឡើងដោយម្ចាស់ដី (ក្នុងន័យរបស់ខ្មែរ គឺព្រះមហាក្សត្រ) ដែលជាតំណាងព្រះព្រហ្មព្រះអាទិករ។ គោ ត្រូវបានគេចាត់ទុកថាជាព្រះអាទិត្យ និងព្រះច័ន្ទ ហើយ ខណៈដែលនង្គ័លជានិមិត្តរូបព្រះ វារាហ (ព្រះវិស្ណុ ក្នុងទម្រង់ជាជ្រូកព្រៃ)។ អត្ថន័យនៃការភ្ជួររាស់ត្រង់ចំណុននេះបញ្ជាក់ថាម្ចាស់ដី បានកាន់កាប់តំបន់នោះ​ និងធ្វើឱ្យទីនោះបានផល។

 ជំនឿអំពីការកែប្រែដីឱ្យបានជាបរិសុទ្ធ ក៏មានបង្ហាញក្នុងគម្ពីរព្រះពុទ្ធសាសនានៅស្រីលង្ការ មហាវាមស ក្នុងរវាងសតវត្សទី៣-៤មុនគ្រិស្តសករាជ។ ព្រឹត្តិការណ៍នេះ កើតឡើងនៅចុងបញ្ចប់នៃការប្រកាសបង្កើតពុទ្ធសាសនា។ នៅក្នុងពេលប្រារព្វពិធីនោះ ព្រះមហាក្សត្របានប្រើនង្គ័លមាសទាញដោយដំរីរបស់រដ្ឋ និងភ្ជួរកាត់ដីទីក្រុង កែប្រែឱ្យមានការសាងសង់លំនៅដ្ឋាន រួមទាំងវត្តអារាមព្រះពុទ្ធសាសនា។ ក្នុងន័យនេះ ការភ្ជួររាស់ គឺជាវិធីដើម្បីបង្កើតសណ្តាប់ធ្នាប់ថ្មី គឺជាការផ្តើមប្រតិបត្តិព្រះពុទ្ធសាសនា។ ចំណែកគម្ពីរព្រះពុទ្ធសាសនាមួយផ្នែកទៀត ក៏បានបង្ហាញពីសារសំខាន់នៃពិធីច្រត់ព្រះនង្គ័លដែរ គឺព្រះសិទ្ធថ (ព្រះពុទ្ធ) ត្រូវបិតាព្រះអង្គពរនឹងដៃចូលរួមពិធីច្រត់ព្រះនង្គ័ល។ 

នៅស្រុកឥណ្ឌា ភស្តុតាងទាក់ទងនឹងការភ្ជួររាស់លេចឡើងក្នុងទេវកថាដ៏ពេញនិយមមួយឈ្មោះថារាមកេរ្តិ៍ គឺជាពេលដែលព្រះជនក បានរកឃើញព្រះនាងសេតា ដែលជាបុត្រីរបស់ព្រះនាងធរណី ក្នុងវេលាដែលព្រះអង្គប្រារព្វពិធីច្រត់ព្រះនង្គ័ល ដើម្បីធ្វើកិច្ច បូជាភ្លើងដល់ព្រះនាងធរណី។ ចំណែកទេវកថាដ៏ពេញនិយមមួយទៀតរបស់ស្រុកឥណ្ឌា ហើយដែលខ្មែរជ្រួតជ្រាបខ្លាំងដូចរឿងរាមកេរ្តិ៍ដែរនោះ គឺរឿងមហាភារត។ នៅក្នុងរឿងមហាភារត មានតួអង្គមួយឈ្មោះថា ពលរាម ដែលជាបងប្រុសរបស់ព្រះក្រិស្នៈ (ព្រះវិស្ណុ)។ គាត់បានប្រើប្រាស់នង្គ័ល ដើម្បីកាយផ្លូវទឹកបង្កើតបានជាទន្លេយ៉ាមូណា និងរៀបចំដីថ្មីដែលបានទទួលពីការបែងចែករវាងបងប្អូន ដើម្បីបង្កបង្កើនផល។ ត្រង់ចំណុចនេះនៅក្នុងឯកសារខ្មែរបញ្ជាក់ថា ព្រះពលរាម ឬពលទេព ត្រូវបានព្រះក្រិស្នៈប្រសិទ្ធពរឱ្យជាធំក្នុងពូជធញ្ញាអាហារ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ គួរបញ្ជាក់ថាខ្មែរជាន់ដើមបានស្គាល់ព្រះពលរាមច្បាស់លាស់ណាស់ ពីព្រោះមានចម្លាក់ទោល និងក្រឡោតទាបមួយចំនួនបានបង្ហាញរូបព្រះអង្គ កាន់នង្គ័លដែលជាកេតនភណ្ឌ។

សរុបមក ព្រះរាជពិធីច្រត់ព្រះនង្គ័លជាកិច្ចពិធីមួយរបស់ព្រះមហាក្សត្រសម្រាប់ប្រកាសអនុញ្ញាតឱ្យជារាស្រ្តផ្តើមបង្កបង្កើនផលនៅលើដីដ៏បរិសុទ្ធ ដែលបានស្នើសុំជាកម្មសិទ្ធរបស់ព្រះមហាក្សត្រ ក្រោយពីពេលដែលព្រះអង្គបានធ្វើកិច្ចបូជាចំពោះព្រះធរណី និងទេពនិករទាក់ទងនឹងកសិកម្មទាំងឡាយ ហើយនឹងធានាផ្តល់ភោគផលដ៏បរិបូណ៌ដល់កសិកម្ម។

—————————————

Royal Ploughing Ceremony

Royal Ploughing is the custom of the King of Cambodia. It is not the job of the King, but one of the important duties which is proclaiming of starting the agriculture season as he is the honourable owner of the land. This ceremony is also the act of blessing to the crops of the people by ploughing the land or worshipping the God of the earth and others who are related to the rain or agriculture such as God India.

Three days before the ceremony started which is 1st, 2nd, 3rd Ronoch (Dark Phase) of Visak (Luna Calendar), the Guru of the Royal Palace will prepare the ritual worshipping to the Gods of 4 cardinal directions and 1 in the centre. Later, at 7:30 am of the 4th of Visak, the officer who is the representation of the King will go to the sacred rice field to do the ploughing together with 3 yokes of 6 oxen. Ploughing will be started from the southwest in a clockwise direction for 3 circles. Also, there is a lady who carries the seeds of the crops behind him and thorough those crops on the ploughing land. She is called Me Hour. After 3 circles of ploughing, the oxen will be untied to eat the predicted 7 types of seeds and drinks such as Rice, Corns, Sesames, Beans, Grasses, Water and Wine. Thus, the result of the prediction will be informed to the King, officers and the people by the Guru (Ba Kou).  

As mentioned above, Royal Ploughing is a long tradition of the King of Cambodia. However, there are other countries still doing this ritual similarly. However, it is not for the King anymore, excepts for Cambodia. For instance, ancient Greek, Egypt, China, Thai, Myanmar and most importantly India. It is believed to make the land sacred, own it and starts a new establishment and make it fully grow by the blessing of God. Everything components in the ceremony include the man who is in charge of ploughing, the oxen and the plough are the symbols of Gods himself who will take a path to make the ritual successfully and receiving fully good result in agriculture.

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!