ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយបុរាណជើងឯក៖ ធនធានវប្បធម៌ដ៏កម្រសម្រាប់បេតិកភណ្ឌជាតិនៃកម្ពុជា

ស្ថានីយបុរាណជើងឯក៖ ធនធានវប្បធម៌ដ៏កម្រសម្រាប់បេតិកភណ្ឌជាតិនៃកម្ពុជា

ជើងឯកជាឈ្មោះភូមិផង និង ជាឈ្មោះសង្កាត់ផង (ភូមិជើងឯក, សង្កាត់ជើងឯក) ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ថិតនៅភាគខាងត្បូងនៃចំណុចកណ្ដាលរាជធានីភ្នំពេញ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីវិមានឯករាជ។

នៅឆ្នាំ២០០០ លោក ផុន កសិកា ព្រមទាំងអតីតនិស្សិតបុរាណវិទ្យានៃមហាវិទ្យាបុរាណវិទ្យា ជំនាន់ទី៩ គឺលោក ឆាយ វិសុទ្ធ (បច្ចុប្បន្នគឺជាប្រធាននាយកដ្ឋានសារមន្ទីរជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ) បានរកឃើញ និងអាចកំណត់យ៉ាងច្បាស់លាស់ថា ជើងឯកមានស្ថានីយបុរាណមួយក្នុងចំណោមស្ថានីយបុរាណរាប់ពាន់ទៀតក្នុងប្រទេសកម្ពុជា។ ស្ថានីយជើងឯកជាមជ្ឈមណ្ឌលផលិតកុលាលភាជន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមផលិតកុលាលភាជន៍តាំងពីសតវត្សវ៍ទី៥ រហូតដល់សតវត្សរ៍ទី១៣ នៃគ្រិស្គសករាជ ហើយការផលិតកុលាលភាជន៍នេះ ប្រព្រឹត្តទៅដោយការដុតក្នុងឡមិនមែនដុតនៅទីវាលទេ។

កាលពីឆ្នាំ២០០០កន្លងទៅ ជើងឯកជាតំបន់ព្រៃស្ដុក ព្រៃលិចទឹកនៅរដូវវស្សា និងជាតំបន់លិចទឹកដោយនៅតាមកន្លែងខ្លះជាប់មាត់បឹង ហើយក៏ស្ថិតនៅជាប់មាត់ បឹងធំមួយមានឈ្មោះថា «បឹងជើងឯក» ក៏ប៉ុន្ដែមិនគួរឱ្យជឿសោះថា តំបន់ជើងឯកបន្សល់ទុកនូវបុរាណវត្ថុ និងបុរាណវត្ថុអចល័ត (ជាសំណង់ប្រាសាទ រចនាសម្ព័ន្ធឡ និងភូមិ ឬជាប្រព័ន្ធធារាសាស្ត្រដែលនៅជាប់នឹងដី) ជាច្រើនសម្រាប់អ្នកសិក្សាស្រាវជ្រាវសិក្សាស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

បេតិកភណ្ឌវប្បធម៌ដែលរកឃើញមានដូចជា សិលាចារឹក, លិង្គព្រះឥសូរ, គ្រឿងបង្គុំសំណង់ប្រាសាទ (ដូចជា សរសេរពេជ្រ, ផ្ដែរ, មេទ្វារ, ថ្មទ្រនាប់ជណ្ដើរ, ជើងទម្រ), ទួលប្រាសាទ (ជាសំណង់ប្រាសាទសង់ពីឥដ្ឋនៅសម័យហ្វូណន), ភូមិមូល ព្រមទាំងទួលឡដុតកុលាលភាជន៍ជាច្រើនទៀត។ នៅតាមទួលឡដុតកុលាលភាជន៍ ក៏មានបំណែកកុលាលភាជន៍រាយប៉ាយជាច្រើន។ បំណែកកុលាលភាជន៍ជាប្រភេទកុលាលភាជន៍ផុយផង និងប្រភេទកុលាលភាជន៍រឹងផង ដែលមានលាបស្រទាប់រលោងពណ៌ត្នោត បៃតង និងពណ៌សំបកមង្ឃុត។ ឆ្នាំក្រោយៗមកទៀត លោក ផុន កសិកា បានបន្តសិក្សាស្រាវជ្រាវនៅស្ថានីយជើងឯក ហើយបានរកឃើញទិន្នន័យជាច្រើនដែលនឹងរៀបរាប់បង្ហាញនៅអត្ថបទក្រោយៗទៀត។

អត្ថបទដើម៖ លោក ផុន កសិកា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!