ការជួបប្រទះនូវឡបុរាណខ្មែរជាលើកដំបូងដោយលោក Aymonier នៅភ្នំគូលែន ក្នុងភូមិអន្លង់ធំ។ លោក បានរៀបរាប់ពីការរកឃើញឡផលិតភាជន៍នៅទីនោះ ប៉ុន្តែលោកមិនបានសិក្សាឱ្យលម្អិតលើផលិតផលភាជន៍ និងរចនាសម្ព័ន្ធឡនៅទីនោះទេ។ រហូតដល់ក្រោយឆ្នាំ១៩៩៥ ការរកឃើញស្ថានីយឡបុរាណថ្មីត្រូវបានធ្វើឡើងដោយក្រុមស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សារា នៅតាមតំបន់ខាងកើតនៃតំបន់អង្គរ ដូចជាឡតានី ឡបង្កោង ( ឡខ្នារពោធិ ឡសរសី និងឡទឹកលិច។ ក្រោយមកទៀត តាមរយៈការសិក្សាអំពីបុរាណដ្ឋាននានាពីប្រាសាទបេងមាលាទៅប្រាសាទព្រះខ័នកំពង់ស្វាយ លោក Mitch Hendrickson បានជួបប្រទះនូវក្រុមទួលឡមួយចំនួនក្បែរប្រាសាទទ័ពជ័យ ហើយគេបានហៅថា ក្រុមឡទ័ពជ័យ។ បន្ទាប់មក លោកសុខ កែវ សុវណ្ណារ៉ា បានបន្តស្រាវជ្រាវពីប្រាសាទទ័ពជ័យរហូតដល់ស្ពានបុរាណតាអុង ហើយបានជួបប្រទះក្រុមឡបុរាណ៣ផ្សេងទៀត គឺក្រុមជប់រំដេង (វាលស្វាយ) ក្រុមវាលគោកទ្រៀស និងក្រុមវាលត្រាចជួរ (គោកទ្រៀស)។ ក្នុងឆ្នាំ២០១៣ ក្រុមស្រាវជ្រាវអាជ្ញាធរអប្សារា និងវិទ្យាស្ថានស្មីតសូនៀននៃសហរដ្ឋអាមេរិកាំង បានរកឃើញទួលឡ២ទៀតនៅភូមិចុងសំរោង ចម្ងាយប្រហែល ២គ.ម ភាគឥសាន្តនៃក្រុមឡវាលត្រាចជួរ គេហៅ ក្រុមឡចុងសំរោង។ ទាំងនេះជាបណ្តាក្រុមឡបុរាណដែលមានទីតាំង នៅតាមបណ្តាយផ្លូវបុរាណពីប្រាសាទបេងមាលាទៅប្រាសាទព្រះខ័នកំពង់ស្វាយ។ ដោយឡែក លោកសុខ កែវ សុវណ្ណារ៉ា បានជួបប្រទះទួលឡបុរាណ២ផ្សេងទៀតស្ថិតនៅប៉ែកខាងជើងជួរភ្នំគូលេន ក្នុងភូមិកន្តួត ឬតាតួត ហើយគេបានហៅថា ឡតាទួត ដោយបែងចែកជាឡតាទួត Kiln A និង Kiln B។
ការជួបប្រទះដ៏គួរអោយចាប់អារម្មណ៍មួយ គឺក្រុមឡបុរាណនៅលើខ្នងទំនប់ខាងក្រៅរបស់កស្សិណខាងជើងក្រុងអង្គរធំ តាមក្លោងទ្វារដីឆ្នាំង ជាកន្លែងផលិតភាជន៍ និងក្បឿងយ៉ាងច្រើន ដែលមិនដែលបានចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវពីមុនមក។ តាមការសិក្សាត្រួសៗលើផលិតផលកុលាលភាជន៍នៅឡនេះ លោកសុខ កែវ សុវណ្ណារ៉ា ហៅឡនេះថា ឡដីឆ្នាំង ហើយសន្និដ្ឋានថា ក្រុមឡនេះមានអាយុកាលក្រោយសម័យអង្គរ ឬក្រោយសម័យបាយ័ន្តបន្តិច ពោលគឺអាចស្ថិតក្នុងសម័យកណ្តាលឬក្រោយអង្គរ។ ក្រៅពីនេះមានក្រុមឡជាច្រើនទៀត មានទីតាំងនៅតាមបណ្តោយផ្លូវបុរាណពីអង្គរទៅក្រុងរណបផ្សេងៗ ដែលគេជួបប្រទះនៅក្នុងខេត្តបន្ទាយមានជ័យ (ឡល្បើកស្វាយ ល្បើកអំពិល ទ័ពសៀម និងស្វាយខ្មៅ) និងខេត្តឧត្តរមានជ័យ (គោកយាយដេញ គោកទ្រៀស ទួលត្រពាំងត្បាល់ ត្លុកអាកោង ត្លុកខ្ទម និងគោកខ្ជាយ)។ការស្រាវជ្រាវនៅខាងត្បូងក្រុងភ្នំពេញ បានរកឃើញនូវតំបន់ដែលមានផលិតភាជន៍ដុតក្នុងឡដូចក្នុងតំបន់អង្គរដែរ គឺនៅតំបន់ជើងឯក ហើយគេបានហៅស្ថានីយនោះថា ឡបុរាណជើងឯក។
ស្លាកស្នាមតាមទួលបុរាណមួយចំនួនក្នុងតំបន់ស្រែអំពិល ស្រុកគៀនស្វាយ ខេត្តកណ្តាល ក៏អាចផ្តល់នូវពត៌មានអំពីឡបុរាណនៅទីនោះដែរ។ ការជួបប្រទះដោយចៃដន្យក្រោយការឈួសឆាយដីស្រែ នៅភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ គេបានឃើញបំណែកភាជន៍ជាច្រើន រួមទាំងសំណល់ដីដុតដែលអាចជារចនាសម្ព័ន្ធឡដុតភាជន៍ទាំងនោះ។ ថ្មីៗនេះ តាមរយៈការចុះអង្កេតនិងពិនិត្យមើលតាមបណ្តាបុរាណដ្ឋានមួយចំនួននៅតំបន់ស្រីសន្ធរ របស់ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានណារ៉ា និងសាកលវិទ្យាល័យវាសេដា (ជប៉ុន) ទួលឡបុរាណ២ត្រូវបានរកឃើញ និងធ្វើផែនទីឋានលេខាជាបឋម។ ទាំងនេះគឺជាពត៌មានស្តីអំពីបណ្តាស្ថានីយឡបុរាណដែលយើងបានជួបប្រទះក្នុងប្រទេសកម្ពុជា ទាំងក្នុងតំបន់អង្គរ និងក្រៅអង្គរ។ ក្នុងចំណោមស្ថានីយឡបុរាណទាំងនេះ យើងអាចបែងចែកស្ថានីយឡទាំងនេះផ្សេងៗគ្នា គឺ៖
១.ឡបុរាណសម័យមុនអង្គរ
ចំនុចនេះយើងពិបាកនិយាយ និងសន្និដ្ឋានណាស់ ព្រោះការស្រាវជ្រាវកន្លងមកតែងឱ្យតម្លៃលើឡបុរាណដែលលេចឡើងតែក្នុងសម័យអង្គរ ពោលគឺតំណាលគ្នានឹងការចាប់ផ្តើមឡើងនៃសម័យអង្គរ។ គេតែងគិតថា ក្នុងសម័យមុនអង្គរ សិប្បករឬស្មូនតែងដុតភាជន៍ដោយចំហ ពុំមានបន្ទប់ឬឡទេ ហើយភាជន៍ទាំងនោះជាប្រភេទភាជន៍ផុយ។ បើយើងលើកយកករណីឡបុរាណនៅភូមិរលួស (ខេត្តតាកែវ) ជើងឯក និងអាចរួមទាំងស្រែអំពិល(ខេត្តកណ្តាល)ផង ឃើញថា បណ្តាឡទាំងនោះគឺស្ថិតនៅក្នុងតំបន់ដែលជាបូជនីយដ្ឋានសម័យមុនអង្គរ (សតវត្សទី៧-ទី៨)។ នេះគ្រាន់តែជាសម្មតិកម្មរបស់ខ្ញុំ វាមិនទាន់យកជាចំនុចត្រឹមត្រូវនៅឡើយទេ ព្រោះពុំមានការសិក្សាលម្អិតលើស្ថានីយទាំងនេះទេ ពិសេសស្ថានីយស្រែអំពិល និងភូមិរលួស។
២.ឡបុរាណសម័យអង្គរ
ស្ថានីយឡបុរាណក្នុងសម័យអង្គរមានច្រើនតំបន់ ហើយមានផលិតភាជន៍ខុសៗគ្នាដែរ។ យើងអាចចែកស្ថានីយឡទាំងនោះជា២ គឺ៖
ក.ស្ថានីយឡផលិតភាជន៍មានស្រទាប់រលោងពណ៌បៃតង
វាគួរអោយចាប់អារម្មណ៍ដែលយើងសង្កេតឃើញថា ក្រុមឡមួយចំនួនមានផលិតភាជន៍ដែលមានសណ្ឋានលក្ខណៈស្ទើដូចៗគ្នា ទាំងរូបរាង គុណភាព និងការប្រើស្រទាប់រលោងលាបលើផ្ទៃភាជន៍។ ក្រុមឡទាំងនោះស្ថិតនៅភាគខាងកើតអង្គរ គឺចន្លោះ ឬលើខ្នងភ្នំគូលែនមកប្រាសាទអង្គរវត្ត មានដូចជា ឡបង្កោង ឡតានី ឡខ្នារពោធិ ឡសរសី ឡទឹកលិច និងឡអន្លង់ធំ។ ឡមួយចំនួនក្នុងស្ថានីយជើងឯកក៏ស្ថិតក្នុងសម័យអង្គរ ហើយមានផលិតភាជន៍ពណ៌បៃតងដែរ។
ខ.ស្ថានីយផលិតភាជន៍មានស្រទាប់រលោងពណ៌ត្នោត
បណ្តាឡដែលមានផលិតភាជន៍លាបស្រទាប់រលោងពណ៌ត្នោត ជាទូទៅមានទីតាំងនៅឆ្ងាយពីតំបន់អង្គរ ហើយច្រើននៅតាមបណ្តោយផ្លូវបុរាណពីអង្គរទៅក្រុងរណបផ្សេងៗ។ ឡតាមបណ្តោយផ្លូវពីអង្គរទៅខាងកើតមានដូចជា៖ ក្រុមឡទ័ពជ័យ ឡជប់រំដេង (វាលស្វាយ) ឡវាលគោកទ្រៀស ឡវាលត្រាចជួរ (គោកទ្រៀស) ឡចុងសំរោង និង ឡតាទួត (រូបលេខ២)។ ឡបណ្តោយផ្លូវពីអង្គរទៅខាងលិចមានដូចជា៖ ឡល្បើកស្វាយ ល្បើកអំពិល ទ័ពសៀម និងស្វាយខ្មៅ គោកយាយដេញ គោកទ្រៀស ទួលត្រពាំងត្បាល់ ត្លុកអាកោង ត្លុកខ្ទម និងគោកខ្ជាយ (រូបលេខ៣)។ ឡមួយចំនួនក្នុងស្ថានីយជើងឯកក៏ស្ថិតក្នុងសម័យអង្គរ និងមានផលិតភាជន៍ពណ៌ត្នោតដែរ។
៣.ឡបុរាណសម័យក្រោយអង្គរ
ក្រៅពីនេះ យើងគិតថា ឡមួយចំនួនអាចស្ថិតនៅសម័យក្រោយអង្គរ។ ឡដីឆ្នាំងដែលគេស្ថាបនាលើទំនប់កំពែងកស្សិណខាងជើងអង្គរធំ គឺជាឧទារណ៍មួយបញ្ជាក់ថាឡនេះអាចត្រូវបានស្ថាបនាក្រោយការកសាងកស្សិណ និងកំពែងអង្គរធំ (ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧) ហើយផលិតផលដែលរកឃើញនៅឡនោះ ភាគច្រើនមាននៅតាមបូជនីយដ្ឋានបែបពុទ្ធសាសនាសម័យក្រោយអង្គរ ក្នុងតំបន់អង្គរធំ។ ការជួបប្រទះថ្មីៗនូវទួលឡក្នុងតំបន់ស្រីសន្ធរ ក៏អាចជាភស្តុតាងមួយបន្ថែមលើការផលិតភាជន៍ និងការស្ថាបនាឡដើម្បីដុតភាជន៍ទាំងនោះ នាសម័យក្រោយអង្គរដែរ (ក្រោយអង្គរ តែស្មូននៅបន្តប្រពៃណី និងបច្ចេកទេសពីសម័យអង្គរ ធ្វើឱ្យភាជន៍មានលក្ខណៈស្ទើដូចគ្នាទាំងស្រុងទៅនិងភាជន៍រកឃើញនៅអង្គរ និងជើងឯក (ឡដែលមានកាលបរិច្ឆេទក្នុងសម័យអង្គរ)។ ជាសង្ខេប ក្នុងអត្ថបទនេះ ខ្ញុំលើកមកបង្ហាញអំពីទីតាំងនានារបស់ស្ថានីយឡបុរាណខ្មែរដែលមាននៅក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះនៅមានឡបុរាណខ្មែរមួយចំនួនដែលស្ថិតនៅក្នុងទឹកដីថៃសព្វថ្ងៃ ដូចជាឡនៅបុរីរម្យ(បុរីរាម) ជាដើម ដែលខ្ញុំមិនបានលើកមកបង្ហាញ។
——————————————
Ancient Kiln Sites in Angkor (Part 4)
The ancient kiln sites firstly found at Anlong Thom village, Kulen mountain by Aymonier. However, he did not fully study the products and the structure of the kilns. In 1995, there were more kiln sites found by a group of researchers from the APSARA Authority. Those kiln sites were Tani, Bangkong, Khnapor, Sasei and Terklich. Later on, through the study of ancient sites from Beng Mealea to Preah Khan Kampong Svay, the Teap Jaya kiln site was found by Mitch Hendrickson.
In addition, through researching from Teap Jaya temple to Ta Ong bridge, another 3 groups of kiln site were found by Sok Keovannara such as Chub Ramdeng, Kok Treas and Veal Trach Chou.
In 2013, the researchers of APSARA Authority and Smithsonian found two kiln sites in Chong Samrong village, about 2 Km northeast of Veal Trach Chou group (Chong Samrong). Later, Sok Keovannara found another two kiln sites that situated northern part of Kulen mountain, in Kantout or Tatout village, where it is called Tatout kiln, Kiln A and Kiln B.
In the Angkor region, a group of kilns was found on the north embankment of Angkor Thom moat (Dei Chhnang gate) by Sok Keovannara. This group of kilns is called Dei Chhnang kiln and dated to the post-Angkorian period.
Away from Angkor, kiln sites were found at Banteay Meanchey such as Lbek Svay, Lbek Ampil, Teap Seam, Svay Khmao. Also, in Uddar Meanchey province, there are Kok Yeaydenh, Kok Treas, Toul Trapeang Tbal, Tlok Akorng, Tlok Khtom and Kok Khcheay. Furthermore, in the southern part of Phnom Penh city, Cherng Ek found a group of kilns. In Kean Svay district, Kandal province there is a kiln site calls Sre Ampil.
Furthermore, there were many kilns found through the preparation of the land in Koh Andet district, Takeo province. Additionally, recent research found two kiln sites at Srei Santhor district by Nara and Vaseda Institute of Japan.
1. Ancient kiln in pre-Angkorian period
It is not certain whether the ceramic kiln existed in the pre-Angkorian period or not. Some scholars suggest that the ceramic in the pre-Angkorian period were firing in the open air. However, there is a significant number of kilns were found in pre-Angkorian sites. For instance, Cheng Ek and Sre Ampil.
2. Ancient kiln in Angkorian period
There were many kilns in the Angkorian period and they produced different products. Those kilns could be divided into two types.
a. Green Glazed ceramic kilns
The kilns that produced green glazed ceramic tend to have similar products included the shape, quality and glazed. They are located at the east of Angkor in between Phnom Kulen and Angkor Wat such as Bangkong, Tani, Khnapor, Sasei, Terklich and Anlong Thom. Significantly, some kilns at Cherng Ek are also dated to the Angkorian period and they have green glazed products.
b. Brown Glazed ceramic kilns
Generally, brown glazed ceramic found away from the Angkor region and along ancient roads. The kilns along the road from Angkor to the east are Teap Jaya, Chobramdeng (Veal Svay), Kok Treas, Veal Trach Chou (Kok Treas), Chong Samronga and Tatout. From Angkor to the west are Lbek Svay, Lbek Ampil, Teap Seam, Svay Khmao, Kok Yeaydenh, Kok Treas, Toul Trapang Tbal, Tlok Akorng, Tlok Khtom and Kok Khcheay. Remarkably, Angkorian kilns in Cherng Ek were also producing brown glazed ceramic.
3. Ancient kiln in post-Angkorian period
Dei Chhnang kiln site is believed constructed after the moat of Angkor Thom was built in the reign of King Jayavarman VII. Also, the products that were found at the site are similar to the products found in the Buddhist of the post-Angkorian period. Similarly, the kiln site that was found in Srei Santhor could be dated to the post-Angkorian period. However, potters still adopted ceramic making technique from the Angkorian period.
The above information of the kilns is only in Cambodia. However, there are more ancient Khmer kilns are located in present-day Thailand such as the Borirum kiln.
អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា