…គិតហើយក៏ហែលច្រាសទឹកទៅវិញ។ ទន្សាយឃើញហើយវាថា”យើ! មើលនែអាក្រពើ អាឯងមកបញ្ឆោតអញ កុំអាបញ្ឆោតមិនបានទេ”។ ក្រពើឮហើយគិតថា”អញចាញ់ប្រាជ្ញាទន្សាយទៀតហើយ” ទើបគិតទៀតថា “បើដូច្នេះអញឡើងលើគោក ធ្វើជាងាប់វិញទើបស្រួល” គិតដូច្នេះហើយក៏ឡើងទៅដេកលើគោកហាមាត់ដូចជាគេងាប់។ ឯទន្សាយដើរទៅដើរមកឃើញក្រពើដេកដូច្នោះគិតថា “អានេះងាប់ហើយតើ”។ រួចដើរចូលទៅក្នុងមាត់ក្រពើនោះ ហើយអង្អែលចង្កូមលេងថា “អើចង្កូមធំនេះធ្វើដងកាំបិតស្នៀតអញ ចង្កូមតូចនេះធ្វើដងកាំបិតស្លាឲ្យប្រពន្ធអញកាត់គាត់”។
កំពុងតែរៀបរាប់ក្រពើត្របាក់ឃុប។ ទន្សាយបោលប្លូចចូលទៅក្នុងពោះហើយស្រែកថា “ឳ! ជាណាស់ហើយនេះ អញកំពុងតែចង់ស៊ីពោះវៀនបត់ចន្ទាសផង ឥឡូវបានមកដល់ក្នុងពោះហើយ អញស្រាវពោះវៀតបត់ចន្ទាស់អាំងស៊ីឲ្យអស់” ថាហើយក៏ផ្ទាត់ក្រចកឮសូរប្រេះៗ។ ឯក្រពើឮហើយក៏ភ័យណាស់អង្វរថា “បងទន្សាយអាណិតចេញទៅចុះ ខ្ញុំមិនហ៊ានខាំបងឯងទេ”។ ទន្សាយថា “អើបើអាឯងអង្វរអញៗអាណិតអញលែងអាឯង”។ ក្រពើហាមាត់ឡើងហើយទន្សាយនោះបោលចេញទៅ។
ទន្សាយបោលទៅៗ ឃើញដង្គត់ឈើមួយនៅមាត់ត្រពាំង ឡើងទៅអង្គុយលើដង្គត់ឈើនោះ។ ដល់ថ្ងៃក្តៅរលាយជ័រឈើជាប់ឯគូថទន្សាយនៅដង្គត់ឈើទៅ។ កាលនោះមានកូនដំរីមួយមកផឹកទឹកត្រពាំងនោះ។ ទន្សាយឃើញហើយថា “យើឯងៗ! ម្តេចក៏មកផឹកទឹកអញ? ទេពតាលោកឲ្យអញចាំនៅទីនេះ”។ កូនដំរីភ័យណាស់ក៏បោលទៅប្រាប់មេ មេឮកូនប្រាប់ដូច្នោះខឹងណាស់ មករកទន្សាយសួរថា “អាទន្សាយឯងម្តេចក៏មិនឲ្យកូនអញផឹកទឹក?”។ ទន្សាយថា “បើអញមិនឲ្យផឹកត្បិតទេពតាលោកឲ្យអញចាំ”។ មេដំរីនោះខឹងណាស់ចាប់ទន្សាយបោះពីនោះទៅចូលក្នុងចំការតាចាស់ម្នាក់។ ឯតាចាស់នោះគាត់ដាំត្រសក់ពេញតែចំការ។ ទន្សាយនោលួចត្រសក់គាត់ស៊ីតែសព្វថ្ងៃ។ តាចាស់នោះខឹងណាស់គិតធ្វើអន្ទាក់ដាក់ដល់មួយយប់នោះ ទន្សាយទៅស៊ីក៏ត្រូវអន្ទាក់តាចាស់នោះ។ ទន្សាយភ័យណាស់ក្រែងតាចាស់មកទាន់។ ពេលនោះមានគីង្គក់មួយលោតចុះលោតឡើង។ ទន្សាយឃើញហើយក៏អរណាស់ ធ្វើជាសួរថា “អើបងគីង្គក់អញបងកើតអ្វី?”។ គីង្គក់នោះប្រាប់ទៅវិញថា “ខ្ញុំកើតស្រែង”។ ទន្សាយថា ឳអ្នកបង អ្នកបងឯងដោះអន្ទាក់ឲ្យខ្ញុំៗនឹងធានាមើលស្រែងបងឯងឲ្យជា កុំឲ្យបងឯងព្រួយចិត្ត។ គីង្គក់ឮថាមើលស្រែងឲ្យជា ក៏អរណាស់ខំដោះអន្ទាក់ឲ្យទាល់តែរួច។ ឯទន្សាយបានរួចពីអន្ទាក់ហើយ ក៏និយាយថា “ស្រែងពីជីដូនជីតាអាមកអាណាមើលជា”។ គីង្គក់ខឹងណាស់ ខំលោតដេញតាមគេក៏មិនទាន់ឡើយ។
និយាយពីតាចាស់គាត់ភ្ញាក់ឡើងពីព្រឹក រៀបវេចស្លាម្លូរួចហើយគាត់ដើរទៅជាប្រញាប់ទៅមើលចំការត្រសក់គាត់ ហើយចូលទៅមើលស្នាមដែលត្រូវទន្សាយរួចទៅនោះ តាចាស់ស្តាយណាស់គក់ទ្រូវគក់ស្មៅ ”អញខានស្លសាច់ទន្សាយសោះ”។ គាត់រៀបដាក់ជាថ្មី ដល់យប់ឯក្រោយទៀតទន្សាយនឹកភ្នកចង់ត្រសក់បោលចូលទៅក្នុងចំការ ភ្លេចនឹកអំពីអន្ទាក់ដោយសារឃ្លានចង់ស៊ីត្រសក់ទៅជាន់លើអន្ទាក់ជាប់ឯជើង ទន្សាយភ័យណាស់មិនដឹងគិតធ្វើដូចម្តេច នឹងបានរួចពីអន្ទាក់។ គីង្គក់មកឃើញទន្សាយជាប់អន្ទាក់ក៏អរណាស់ លោតឡើងទះដៃផ្តន្ទាថា “ឯងធ្លាប់តែបញ្ឆោតអញ ឥឡូវនេះមកជាប់អន្ទាក់ក្រញោនធ្វើមុខភ្លឹះៗ ដូចជាមុខខ្មោចនរណានឹងជួយឯងទៀត”។ ឯទន្សាយឮគីង្គក់ផ្ទាន់ផ្ទញ់ផ្ទាល់មកខឹងណាស់ ប៉ុន្តែជាសត្វមានប្រាជ្ញា ធ្វើជាមិនខឹងនិយាយលួងលោមគីង្គក់ថា “ពីមុនខ្ញុំបញ្ឆោតបងឯងពីព្រោះខ្ញុំទាល់ចំណេះមិនចេះថ្នាំមើលស្រែងបងឯង ម្តងនេះខ្ញុំនិយាយប្រាកដប្រជាមែនទែន ត្បិតខ្ញុំឃើញកូនក្រមុំគេល្អណាស់មុខកំប្លង់ៗ ថ្ពាល់បំផូរដូចផ្កាកូលាប ខ្ញុំនឹងទៅដណ្តឹងឲ្យបងឯងៗកុំព្រួយចិត្ត ត្បិតខ្ញុំបាននិយាយម្តងរួចមកហើយ គេថានឹងឲ្យជាប្រពន្ធបងឯង បើបងឯងជួយដោះខ្ញុំឲ្យរួចចេញពីអន្ទាក់ ម្តងនេះខ្ញុំទៅដណ្តឹងឲ្យកុំព្រួយចិត្ត”។ គីង្គក់ហេតុជាសត្វឆ្កួតនឹងស្រី បានឮទន្សាយពីកូនក្រមុំគេដូច្នោះ អរណាស់អត់មានបានញញឹមញញែមមកខ្វេះកខ្វោញចង់បង់បានកូនក្រមុំគេ ហើយនិយាយថា “ បងទន្សាយនិយាយឲ្យមែនទែនកុំបញ្ឆោតខ្ញុំដូចពីមុនទៀត”។ ទន្សាយឆ្លើយថា “ទេបញ្ឆោតអីច្រើនដងម្លេះ ពីមុនពីទាល់ចំណេះ ខ្ញុំបានជាកុហកម្តងនេះវាងាយទេ ត្បិតអ្នកស្រុកអង្គរមានកូនក្រមុំច្រើនណាស់ ទោះបើខ្ញុំមិនទៅបងឯងទៅដណ្តឹងខ្លួនឯង ក៏គេឲ្យដែរត្បិតឥឡូវក្រមុំថោកណាស់ ក្រមុំដប់មួយស្លឹក” បានជាពាក្យមនុស្សគេច្រៀងថា “ក្រមុំដប់មួយស្លឹក” ដោយសារឃើញគីង្គក់ហែលទឹកទៅយកប្រពន្ធស្រុកអង្គរ។ គីង្គក់ក៏ដោះអន្ទាក់ឲ្យទន្សាយទៀត។ ទន្សាយបានរួចពីអន្ទាក់ហើយ ក៏ស្ទុះផ្លោតលោតបោលទៅហើយថា “គីង្គក់ឯងស្រែងគគ្រាតណាស់ នរណាគេនឹងឲ្យកូនក្រមុំគេអញបញ្ឆោតឯងទេ”។ គីង្គក់ឮទន្សាយថាដូច្នោះខឹងណាស់ ចង់លោកទង្គិចក្បាលឲ្យស្លាប់នឹងភ្លឺស្រែ ប៉ុន្តែមកគិតមានៈក្នុងចិត្ត ចង់បានកូនក្រមុំស្រុកអង្គរហើយក៏ទៅ។ លុះជួបនឹងសត្វកំពូលអាចម៍ៗសួរថា “បងគីង្គក់ទៅណា?”។ គីង្គក់ប្រាប់ថា “ខ្ញុំទៅយកប្រពន្ធស្រុកអង្គរ”។
សត្វកំពូលអាចម៍ថា “បងឯងទៅដល់ឬថ្មើរនេះទៅហើយ?”។ គីង្គក់នោះព្រោះតែចិត្តចង់បានប្រពន្ធណាស់ ក៏ប្រាប់ទៅកំពូលអាចម៍ថា “ខ្ញុំទៅហើយ ខ្ញុំត្រលប់មកបាយព្រឹកវិញ” គីង្គក់ឮកំពូលអាចម៍ធ្វើងូងៗ ក៏សួរថា “បងឯងធ្វើអ្វី?”។ កំពូលអាចម៍ប្រាប់ថា “ខ្ញុំក្រឡឹងដុំរទេះ”។ គីង្គក់សួរថា “ឯងធ្វើដុំរទេះអ្វីខ្លួម្ល៉េះ?”។ កំពូលអាចម៍ឆ្លើយថា “មិនខ្លីទេ ខ្ញុំគិតនឹងកាត់ឲ្យបានពីរកំណាត់ឲ្យគ្រប់មួយសំរាប់តែម្តង”។ បានជាកំពូលអាចម៍ថាដូច្នោះឲ្យទាន់ប្រាជ្ញា ដែលគីង្គក់និយាយជំហរថា “ត្រលប់មកស៊ីបាយព្រឹកវិញ”។ គីង្គក់ហែលទឹកទំពីស្រុកទន្លេធំគិតទៅយកប្រពន្ធស្រុកអង្គរ បើជួបនឹងសត្វឯណាគេសួរសុទ្ធតែប្រាប់គេថា “ទៅយកប្រពន្ធឯស្រុកអង្គរ” លុះជួបនឹងត្រីទីពោក៏ត្របាក់លេបស៊ីទៅ។
(សូមរងចាំតាមដាន រឿង សុភាទន្សាយ ភាគទី៣ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព