ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿលោកតារាជ្យ ដើមកំណើត និងជំនឿ

លោកតារាជ្យ ដើមកំណើត និងជំនឿ

បើនិយាយអំពី លោកតារាជ្យ មនុស្សភាគច្រើនតែងនឹកគិតទៅបដិមាដៃ៨ដ៏ធំមួយនៅក្នុងបន្ទប់ខាងត្បូង នៃច្រកចូលខាងលិចរបស់ប្រាសាទអង្គរវត្ត។ អ្នកស្រុកដើមក្នុងតំបន់អង្គរតែងគោរពបដិមានេះយ៉ាងខ្ជាប់ខ្ជួន និងមានជំនឿថាជាអ្នកតាដ៏មានរិទ្ធីគ្រប់គ្រងក្នុងបរិវេណប្រាសាទអង្គរវត្ត ជាពិសេសនៅប្រចាំទិសខាងលិច ឬក្លោងទ្វារចូលខាងលិច។ ក្រៅពីលោកតារាជ្យ មានអ្នកតា៣ផ្សេងទៀតដែលចាំនៅតាមក្លោងទ្វារចូលដទៃ ដូចជា អ្នកតាលោកតាឡឹក នៅទិសខាងជើង អ្នកតាគោកគូ នៅទិសខាងកើត និងអ្នកតាពេជ្រ នៅទិសខាងត្បូង។  ប៉ុន្តែអ្នកតាទាំង៣នេះមានតែឈ្មោះ ពុំមានរូបជាតំណាងធំដុំដូចលោកតារាជ្យទេ។

ពាក្យ លោកតារាជ្យ គឺជាឈ្មោះដែលអ្នកស្រុកបានដាក់អោយ និងហៅតាមចម្លាក់បដិមាជាទេពដ៏ធំមានព្រះហស្ថ៨។ បដិមានេះត្រូវបានគេជឿថា ជាទេពព្រះវិស្ណុ ពិសេសគឺបដិមាព្រះវិស្ណុដែលតម្កល់នៅប្រាង្គកណ្តាល (បាកាណ) របស់ប្រាសាទអង្គរវត្ត ហើយត្រូវបានគេរំកិលយកមកដាក់នៅបន្ទប់ខាងត្បូង នៃក្លោងទ្វារខាងលិចនេះ។ ចំពោះពត៌មានអំពីការចល័តបដិមានេះពីប្រាង្គកណ្តាលមកកន្លែងសព្វថ្ងៃនេះ គឺជាការនិយាយតគ្នា ពុំមានភស្តុតាងជាឯកសារ ឬសិលាចារឹកណាមួយបរិយាយឡើយ។ បើយើងពិនិត្យមើលតារយៈរូបថតរបស់បារាំងឃើញថា បដិមាលោកតារាជ្យមាននៅក្នុងបន្ទប់ខាងត្បូងនេះរួចទៅហើយ បដិមានៅរក្សាស្ថានភាពដើមស្ទើរទាំងស្រុង ពុំមានបែកបាក់ព្រះហស្ថទេ ហើយក្នុងឆ្នាំ១៩៤៩ បារាំងបានស្ទូចឡើងបន្តិចដើម្បីពិនិត្យមើលផ្នែកខាងក្រោម។ ក្រោយទសវត្សទី៨០ បដិមានេះត្រូវបានជនទុច្ចរិតវាយបំបាក់ព្រះកេសដើម្បីយកទៅលក់ តែដោយសារមិនអាចយកទៅបាន ព្រះកេសត្រូវបានវាទុកចោលនៅក្បែរនោះ។ ក្នុងឆ្នាំ១៩៩៣ គេបានយកព្រះកេសនោះទៅរក្សាទុកនៅក្នុងរាជវាំងក្រុងភ្នំពេញ ហើយបន្ទាប់មកទៀត គេយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ក្នុងឆ្នាំ២០០៤ អាជ្ញាធរអប្សរា សហការជាមួយក្រុមបច្ចេកទេសអាល្លឺម៉ង់បាននាំយកព្រះកេសនោះមកជួសជុលតភ្ជាប់ជាមួយដងខ្លួនវិញ។ ចំណែកព្រះហស្ថខាងស្តាំ១ និងខាងឆ្វេង២ដែលបានបាត់ គឺជំនួសដោយថ្មភក់ថ្មី។  

   តើលោកតារាជ្យ ឬបដិមាលោកតារាជ្យជានរណា?

ទាំងអ្នកស្រាវជ្រាវ និងមនុស្សទូទៅមួយចំនួនធំ ពិសេសគឺអ្នកមកពីតំបន់ឆ្ងាយតែងតែជឿតគ្នាថា លោកតារាជ្យគឺជាបដិមាព្រះវិស្ណុដៃ៨​ ជាបដិមាដើមរបស់ប្រាសាទអង្គរវត្ត ហើយត្រូវបានគេចល័តយកមកតម្កល់នៅក្នុងបន្ទប់ខាងត្បូងរបស់ច្រកចូលខាងលិចនេះ។ យើងមានចំនុច២គួរពិចារណា គឺ៖

   (១) បដិមានេះ អាចជាព្រះវិស្ណុ ព្រោះមានដៃ៨ ដូចគ្នាទៅនិងបដិមាព្រះវិស្ណុនៅប្រាសាទភ្នំដា ដែលគេហៅថា វិស្ណុកម្ពុជេន្ទ្រ។ ម៉្យាងទៀត តាមកេតនភណ្ឌនៅលើដៃខាងស្តាំ ខាងលើបង្អស់ គឺមានរាងដូចកងចក្រ ដែលជាអាវុធរបស់ព្រះវិស្ណុ ប៉ុន្តែដៃផ្សេងៗទៀតមានតែវត្ថុមូលទ្រវែង ដូចទៅនឹងគម្ពីរក្នុងដៃរបស់ទេពអវលោកិតេស្វរៈ។ ក្នុងករណីជាបដិមាព្រះវិស្ណុដដែល បដិមានេះត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬក្នុងរចនាបថបាយ័ន្ត ហើយទីតាំងដើម គឺឋិតនៅក្នុងបន្ទប់ខាងត្បូងនេះតែម្តង។

   (២) ករណីទី២ បដិមាលោកតារាជ្យនេះអាចមិនមែនជាទេពព្រះវិស្ណុទេ។ ការសិក្សាលើកាយវិភាគសាស្ត្រ បដិមានេះ រួមទាំងបដិមាដទៃទៀតក្នុងបន្ទប់របស់ក្លោងទ្វារខាងលិចនេះ គឺជាអវលោកិតេស្វរៈ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ទម្រង់នៃទឹកមុខ ព្រះភ័ក្ត្រ និងកាយវិភាគសាស្ត្រ (ការសិក្សាលើរូបរាង) យើងអាចសន្និដ្ឋានបានថា បដិមាលោកតារាជ្យគឺមិនមែនជាបដិមាទេពវិស្ណុទេ គឺជាបដិមាអវលោកិតេស្វរៈ នៃពុទ្ធសាសនាមហាយានក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១គ.សដល់១២២០គ.ស) គឺពុំមែនជាបដិមាស្ថិតក្នុងរចនាបថអង្គរវត្ត ឬក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣គ.សដល់១១៥០គ.ស) ដែលបានស្ថាបនាប្រាសាទអង្គរវត្តនេះទេ។ ប្រាសាទអង្គរវត្តជាប្រាសាទដែលស្ថាបនាឡើងឧទ្ទិសជាសំខាន់ដល់ព្រះវិស្ណុ ប៉ុន្តែមិនមែនសម្រាប់តម្កល់បដិមាព្រះវិស្ណុនោះទេ គឺសម្រាប់តម្កល់ព្រះសពព្រះបាទសូរ្យវរ្ម័នទី២ (បរមវិស្ណុលោក) នៅប្រាង្គកណ្តាលតែម្តង។ ក្រោយមក ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គប្រហែលគោរពដល់បុព្វបុរសរបស់ខ្លួន ហើយដោយសារព្រះអង្គបានកែប្រែជាពុទ្ធសាសនិកផងនោះ ព្រះអង្គបានមកស្ថាបនាពុទ្ធបដិមាជាច្រើន ដែលមានភស្តុតាងនៅតាមថែវទី២ និងរួតព្រះពាន់។ លើសពីនេះ ព្រះអង្គអាចអោយគេស្ថាបនាតំណាងព្រះរូបព្រះអង្គផ្ទាល់១ តម្កល់ក្នុងប្រាសាទអង្គរវត្តនេះ ហើយសព្វថ្ងៃបដិមានេះនៅសល់ត្រឹមតែកចុះមកក្រោម ពោលគឺបាត់ព្រះកេស ហើយស្ថិតនៅក្នុងថែវទី២ មុខខាងកើត ស្លាបខាងត្បូង។ នៅច្រកចូលខាងលិចដែលជាច្រកសំខាន់ ព្រះអង្គបានអោយគេសាងបដិមាលោកេសូរជាច្រើន រួមមាន៖ (១)បដិមាអវលោកិតេស្វរៈដៃ៨ (លោកតារាជ្យ) នៅបន្ទប់ខាងត្បូង (២)បដិមាលោកេស្វរៈដៃ៤ នៅខាងត្បូងលោកតារាជ្យ ហើយសព្វថ្ងៃត្រូវបានគេយល់ថាជាព្រះនាងលក្ម្សី ដោយរៀបចំស្លៀកពាក់អោយក្លាយជាបដិមាទេពស្រី តែគ្មានព្រះកេសទេ (៣) បដិមាលោកេស្វរៈដៃ៤គ្មានព្រះកេស នៅចន្លោះបន្ទប់ខាងត្បូង និងបន្ទប់ច្រកចូលកណ្តាល (រូបលេខ៦) (៤) បដិមាអវលោកិតេស្វរៈដៃ៨មានព្រះកេស នៅចន្លោះបន្ទប់ច្រកចូល កណ្តាល និងបន្ទប់ខាងជើង (៥) បដិមាអវលោកិតេស្វរៈដៃ១០ មានព្រះកេស នៅបន្ទប់ខាងជើង។ តាមរយៈរូបរាង ទំហំ ទម្រង់ទឹកព្រះភ័ក្ត្រ និងសំលៀកបំពាក់ យើងអាចវាយតម្លៃថា បដិមាទាំងនេះស្ថិតក្នុងរចនាបថបាយ័ន្ត ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន៧។ ម៉្យាងទៀត បើយើងប្រៀបធៀបជាមួយបដិមាមួយចំនួនដែលស្ថាបនាមិនទាន់ហើយ នៅភ្នំដី (អាចជាទីតាំងសិប្បកម្មចម្លាក់បដិមា) គឺមានលក្ខណៈដូចគ្នា គឺជាបដិមាស្ថិតក្នុងរចនាបថបាយ័ន្ត (រូបលេខ៩)។ បើយើងលើកយកហេតុផលកេតនភណ្ឌជាកងចក្រនៅលើដៃខាងស្តាំ ហើយកំណត់ថាជាព្រះវិស្ណុនោះ វាអាចមិនត្រូវទាំងស្រុង ព្រោះក្នុងពុទ្ធសាសនាមហាយាន តាមគម្ពីរ Kāraṇḍavyūha Sūtra គេយល់ថាទេពទាំងឡាយ គឺកើតចេញពីរាងកាយរបស់ព្រះអវលោកិតេស្វរៈ (ព្រះវិស្ណុកើតចេញពីបេះដូង)។  នៅលើចម្លាក់នេះ គេពុំបានឆ្លាក់ជារូបព្រះវិស្ណុតែម្តងទេ តែគេបង្ហាញកងចក្រដែលតំណាងអោយព្រះវិស្ណុ ដែលយើងមានចម្លាក់អវលោកិតេស្វរៈជាសំរឹទ្ធ១ មានព្រះហស្ថ៨ និងកាន់កេតនភណ្ឌផ្សេងៗតំណាងអោយទេពនីមួយៗ ក្នុងនោះខ្យងស័ង្ខ នៅដៃខាងឆ្វេងលើបង្អស់តំណាងអោយព្រះវិស្ណុ។ លើសពីនេះ បើយើងប្រៀបធៀបបដិមាធំៗទាំង៣ ក្នុងបន្ទប់ច្រកចូលខាងលិចរបស់ប្រាសាទអង្គរវត្ត ជា​មួយចម្លាក់ក្រឡោតទាបនៅជញ្ជាំងខាងត្បូង​នៃថែវខាងលិចរបស់ប្រាសាទបន្ទាយឆ្មារ យើងឃើញថាបដិមាទាំងនេះមានលក្ខណៈដូចគ្នាខ្លះជាមួយ និងចម្លាក់ក្រឡោតទាប ពិសេសគឺអវលោកិតេស្វរៈដែលមានព្រះកេស១ ព្រះហស្ថ៨ និងព្រះហស្ថ១០។

          ចំនុចនេះបញ្ជាក់ថា បដិមាលោកតារាជ្យ និងបដិមាធំ២ទៀតក្នុងច្រកទ្វារខាងលិច គឺជាបដិមាអវលោកិតេស្វរៈក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬក្នុងរចនាបថបាយ័ន្ត។

   ជំនឿ និងកិច្ចប្រតិបត្តិ          

តាមរយៈរូបថតចាស់របស់បារាំងបង្ហាញថា ទីកន្លែងលោកតារាជ្យ គឺជាទីសក្ការៈតូចមួយពុំមានការរៀបចំអោយស្អាត ឬមានសណ្តាប់ធ្នាប់អ្វីទេ។ ការគោរពនេះ គឺអាចមានតាំងពីសម័យកណ្តាលមកម្ល៉េះ ប៉ុន្តែដោយសារប្រជាជនអោយភាពសំខាន់ទៅទីខាងក្នុងនៃប្រាសាទ ពិសេសប្រាង្គកណ្តាល(បាកាណ) និងរួតព្រះពាន់ ដូចនេះលោកតារាជ្យគ្រាន់តែជាកន្លែងគោរពបូជាតូចមួយប៉ុណ្ណោះ។ ព្រះនាម លោកតារាជ្យ ក៏ពុំដឹងប្រភពច្បាស់ថា តើប្រជាជនខ្មែរចាប់ផ្តើមហៅនៅពេលណាដែរ ហើយក្នុងឯកសារបារាំងក៏ពុំបានសរសេរថាលោកតារាជ្យដែរ គឺគេហៅថា វិស្ណុដៃ៨។ លោកតារាជ្យចាប់ផ្តើមមានប្រជាប្រិយភាពក្រោយការជួសជុលរួចនាឆ្នាំ២០០៤-២០០៥ ហើយគេបានរៀបចំជាទីកន្លែងយ៉ាងស្អាត ខុសពីអ្នកតា៣ផ្សេងទៀត។ ការជឿលើលោកតារាជ្យ ធ្វើអោយប្រជាជនខ្មែរ និងបរទេសតែងតែធ្វើការបន់ស្រន់សុំសេចក្តីសុខ និងអោយជៀសផុតពីគ្រោះកាច ជំងឺឈឺថ្កាត់ផ្សេងៗ។ ជារៀងរាល់ឆ្នាំ ក្នុងខែមាឃ ប្រជាជនក្នុងតំបន់នានា ជុំវិញប្រាសាទអង្គរវត្តតែងតែមកប្រារព្ធពិធីឡើងមាឃនៅចំពោះមុខលោកតារាជ្យ ដោយមានរៀបចំគ្រឿងរណ្តាប់ បង្អែម ចម្អាប ផ្លែឈើ នំផ្សេងៗយ៉ាងច្រើនថ្វាយដល់លោកតារាជ្យ។ នៅតំបន់ខ្លះ នៅពេលគេធ្វើពិធីសុំទឹកភ្លៀង គេតែងអន្ទងហៅអ្នកតាជាច្រើនមកចូលរូបស្នង និងសួរនាំពីមូលហេតុដែលមិនភ្លៀង ក្នុងនោះអ្នកតាលោកតារាជ្យក៏ត្រូវបានគេអញ្ជើញទៅសួរផងដែរ។

———————————-

Ta Reach and Belief

Ta Reach is known as an eight arms statue that has installed in a gallery of the west entrance of Angkor Wat temple. The local people believe Ta Reach is having a great power to protect Angkor Wat, especially the west or the west gate. Besides, there are three other Neak Ta (ancestor) that protect three other gates, Neak Ta Lokta Lerk (North), Neak Ta Kok Kou (East), Neak Ta Pich (South). However, they have no image. 

Ta Reach is the name that given by the local people and based on his eight arms. Some people believe that Ta Reach is a statue of Vishnu that was originally installed in the central tower of Angkor Wat, Bakan. However, based on the old photograph the statue was already installed in the current place without damage. In 1949 it was lifted to study the base by French. However, in the 1980th the head of the statue was cut to sell, but could not make it through. In 1993 it was transferred to the Royal place and then to the National Museum of Cambodia. Later, in 2004 the head was connected to the body, together with 3 new arms made of sandstone. 

Who is Ta Reach?

Firstly, he could be Vishnu who has 4 arms. The statue is similar to 8 arms Vishnu at Phnom Da, Vishnu Kamvujendra. However, he has Vishnu attribute, Cakra and also something similar to the manuscript in the hand of Avalokitesvara. Thus, this statue could be built in the reign of King Jayavarman VII in this current location.

Secondly, based on the gesture, the statue of Ta Reach could be Avalokitesvara of Mahayana Buddhism that was built in the reign of King Jayavarman VII (1181-1220CE). Remarkably, Angkor Wat was built dedicated to Vishnu but used as a tomb of King Suryavarman II. Thus, originally it was no statue of Vishnu in the central tower. Later, by the respect of ancestors, King Jayavarman VII built a great number of Buddhist deities and installed in Angkor Wat, especially in the second and Thousand Buddha galleries. Among them, there was his statue and 8 arms Avalokitesvara. 

Although the statue of Ta Reach has 8 arms and holds a Cakra of Vishnu, he is Avalokitesvara. Based on Kāraṇḍavyūha Sūtra, Vishnu born from the heart of Avalokitesvara, so the Cakra on the hand of Avalokitesvara represents the born of Vishnu. Additionally, the three statues in Angkor Wat’s west entrance bear resemblance to the bas-relief depicting the eight and ten arms Avalokitesvara on the southern wall of the west gallery of Banteay Chhma temple.

Belief and Practice

Ta Reach probably was worshipping from the Post-Angkorian period. However, due to the necessity of the central tower (Bakan) and the Thousand Buddha gallery, Ta Reach was only a small place for worship. The popularity of Ta Reach started from the connecting of the head in 2004-2005. Therefore, the area of worshipping was nicely reorganized. Nowadays, Ta Reach is not only worshipping by the local, but also the tourists who came to visit Angkor Wat. Annually, in the Meak of Luna calendar (February-March), people who are living around Angkor celebrate a ritual call “Leung Meak” in front of Ta Reach, with many offerings. In some regions, during the celebration, a ritual asking for the rain, the name of Ta Reach is worshipped and called to ask about the rain. 

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!