ទំព័រដើមប្រវត្តិសាស្ត្រតើមានតាត្រសក់ផ្អែមនៅក្នុងប្រវត្តិសាស្ត្រពិតដែរឬទេ?

តើមានតាត្រសក់ផ្អែមនៅក្នុងប្រវត្តិសាស្ត្រពិតដែរឬទេ?

ទាក់ទងនឹងរឿងតាត្រសក់ផ្អែមដែលបានធ្វើឃាតស្ដេច ហើយឡើងគ្រប់គ្រងព្រះ នគរខ្មែរនោះមានការនិទានតៗគ្នា រហូតមានសរសេរនៅក្នុងព្រះរាជពង្សាវតារខ្មែរផង (ព្រះរាជពង្សាវតារសម្ដេចចៅហ្វាវាំងជួន)។ ចាស់ៗដែលរស់នៅតំបន់អង្គរនៅចងចាំរឿង និទាននេះច្បាស់ណាស់ ហើយឈ្មោះប្រាសាទនៅតំបន់អង្គរខ្លះហៅទៅតាមរឿងនិទាន នេះដែរ (ឧទាហរណ៍ បន្ទាយសម្រែ)។ តើរឿងនិទានដែលនិយាយអំពីតាត្រសក់ផ្អែមនេះ មាននៅក្នុងប្រវត្តិសាស្ត្រពិតដែរឬទេ? ដើម្បីស្រាយនូវសំណួរនេះ ខ្ញុំនឹងរៀបរាប់ត្រួសៗ អំពីប្រវត្តិសាស្ត្រខ្មែរនៅចុងស.វទី១៣ ពោលគឺបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គសុគត ទៅរហូតដល់ខ្មែរប្ដូររាជធានីពីអង្គរ ទៅភាគខាងត្បូង (ស្រីសន្ធរ លង្វែក ឧដុង្គ និងភ្នំពេញ សព្វថ្ងៃ)។

ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះរាជាខ្មែរដ៏ល្បី គ្រោងរាជ្យពីគ.ស ១១៨១ ដល់ ប្រហែលគ.ស. ១២១៨ ឬ១២២០។ អ្នកស្រាវជ្រាវនៅមិនទាន់ច្បាស់អំពីឆ្នាំដែលព្រះអង្គ សុគតនៅឡើយទេ។ ប្រវត្តិសាស្ត្រខ្មែរបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧សុគតទៅហាក់ដូចជា មានពត៌មានតិចតួចណាស់ទាក់ទងនឹងព្រះរាជាគ្រងរាជ្យបន្ត នោះក៏ដោយសារមាន សិលាចារឹកតិចតួច ហើយម្យ៉ាងទៀតគ្មានប្រាសាទសាងសង់ច្រើនដូចរាជ្យស្ដេចមុនៗ។ យើងដឹងថា ប្រាសាទព្រហ្មញ្ញសាសនាដែលសាងចុងក្រោយគេនៅសម័យអង្គរនោះ គឺ ប្រាសាទតុប (ខាងកើត) ឬអ្នកស្រាវជ្រាវហៅ មង្គលាថ៌ (Maṅgalārtha) ដែលមានទីតាំង ស្ថិតនៅក្នុងបរិវេណអង្គរធំ។

តាមសិលាចារឹកដែលចារនៅប្រាសាទតុប (K.567) មាននិយាយអំពីព្រះនាមរបស់ ព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលជាបុត្រាមួយអង្គក្នុងចំណោម៤អង្គរបស់ព្រះបាទជ័យវរ្ម័នទី៧។ ប៉ុន្តៃសិលាចារឹកគ្មាននិយាយអំពីឆ្នាំឡើងគ្រងរាជ្យរបស់អង្គទេ ដឹងតែគ្រងរាជ្យដល់ឆ្នាំ១២៤៣។ សិលាចារឹកដដែលនេះ ក៏មាននិយាយអំពីព្រះនាមរបស់ព្រះរាជាដែលគ្រងរាជ្យបន្តដែរ គឺព្រះបាទជ័យវរ្ម័នទី៨ (១២៤៣ ដល់ ១២៩៥)។ អ្នកស្រាវជ្រាវយល់ថា ព្រះបាទជ័យវរ្ម័នទី៨ បានប្ដូរការគោរពសាសនាពីព្រះពុទ្ធសាសនាមហាយានមកជាព្រហ្មញ្ញសាសនា។ គេជឿថា ក្នុងរាជ្យរបស់ព្រះអង្គមានចលនាដាប់ចម្លាក់ព្រះពុទ្ធរូប នៅតាមប្រាសាទរបស់ព្រះបាទជ័យវរ្ម័នទី៧ចោល។

ព្រះរាជាដែលគ្រងរាជ្យបន្ត គឺព្រះបាទស្រិន្ទ្រវរ្ម័ន ដែលជាបុត្ររបស់ព្រះបាទជ័យ វរ្ម័នទី៧។ ព្រះអង្គគ្រងរាជ្យពីឆ្នាំ១២៩៥ ហើយព្រះអង្គរបានដាក់រាជ្យនៅឆ្នាំ១៣០៧។ មូលហេតុនៃការដាក់រាជ្យ ដោយសារព្រះអង្គបានប្ដូរមកកាន់ព្រះពុទ្ធសាសនាថេរវាទ ហើយព្រះអង្គបានចូលសាងភ្នួស។ បុត្ររបស់ព្រះអង្គបានគ្រងរាជ្យបន្ត គឺព្រះបាទស្រិន្ទ្រ ជ័យវរ្ម័ន គ្រងរាជ្យពីឆ្នាំ១៣០៧ ដល់ឆ្នាំ១៣២៧។ ព្រះរាជាដែលគ្រងរាជបន្ត គឺព្រះបាទ ជ័យវម្ម៌បរមឥសូរ ដែលព្រះនាមរបស់ព្រះអង្គមានចារនៅក្នុងសិលាចារឹកភាសាសំស្ក្រឹត ចុងក្រោយគេ ដែលគេរកឃើញនៅប្រាសាទឈ្មោះកបិលបុរ ស្ថិតនៅជ្រុងឦសាននៃ ប្រាសាទអង្គរវត្ត (K.300)។ គ្មានសិលាចារឹកនិយាយថាព្រះអង្គគ្រងរាជ្យដល់ឆ្នាំណាទេ ប៉ុន្តែអ្នកស្រាវជ្រាវចាត់ទុកព្រះអង្គជាព្រះរាជាចុងក្រោយគេនៅសម័យអង្គរ ដែលមាន ដាក់ព្រះនាម (…វម៌្ម) ។

បើយោងតាមព្រះរាជពង្សាវតារ ព្រះរាជាដែលគ្រងរាជ្យបន្តនៅស.វទី១៤នោះ មាន ព្រះនាមថា ព្រះបាទនិព្វានបទ (យើងមិនដឹងពិតប្រាកដថាព្រះអង្គមានពិតនៅក្នុង ប្រវត្តិសាស្ត្រឬយ៉ាងណាទេ ព្រោះគ្មានសិលាចារឹក ឬក៏ឯកសារណាផ្សេងនិយាយ)។ តាម ព្រះរាជពង្សាវតារដដែលនេះនិយាយថា ព្រះអង្គគ្រងរាជ្យពីឆ្នាំ១៣៤៦ ដល់១៣៥០ (ពង្សាវតារមាននិយាយឆ្នាំខុសៗគ្នាច្រើន ប៉ុន្តែអ្នកស្រាវជ្រាវកំណត់ថានៅពាក់កណ្ដាល ស.វទី១៤  ក្នុងរវាងឆ្នាំ១៣៤៦) យ៉ាងណាក្ដីគ្មានអ្វីច្បាស់លាស់។ ចាប់ពីរវាងឆ្នាំ១៣៥២ មកអយុធ្យា (សៀម) ចាប់ផ្ដើមចូលវាយលុកលុយរាជធានីអង្គរញឹកញាប់។ មកដល់រាជ្យ ព្រះបាទពញាយ៉ាត (១៣៧៣ ដល់១៤៣៣?) ព្រះអង្គរបានសម្រេចចិត្តប្ដូររាជធានី ដំបូងមកស្រីសន្ធរ ដើម្បីគេចពីការឈ្លានពានរបស់កងទ័ពអយុធ្យា។

បន្ទាប់ពីនោះមក ព្រះនាមរបស់ព្រះរាជាដែលសោយរាជ្យបន្ត គឺផ្អែកលើតែព្រះរាជ ពង្សាវតារប៉ុណ្ណោះ។ សូមបញ្ជាក់ថាថ្វីត្បិតតែព្រះរាជពង្សាវតារ គឺជាឯកសារសំខាន់ សម្រាប់ចងក្រងប្រវត្តិសាស្ត្រខ្មែរនៅសម័យកណ្ដាលក្ដី ប៉ុន្តែយើងពុំអាចផ្អែកទាំងស្រុង មកសរសេរជាប្រវត្តិសាស្ត្របានឡើយ។ ពោលគឺត្រូវការយកទៅប្រៀបធៀបជាមួយនឹង សិលាចារឹកខ្លះដែលចារនៅសម័យកណ្ដាល និងឯកសារបរទេស។ មូលហេតុដោយសារ ព្រះរាជពង្សាវតារភាគច្រើនសរសេរនៅស.វទី១៩ និងដើមស.វទី២០ ហើយនិយាយ ត្រឡប់ទៅស.វទី១៤វិញ ដូច្នេះហើយយើងត្រូវការពិចារណាឲ្យបានល្អិតល្អន់ពេលយក មកប្រើ (ព្រះរាជពង្សាវតារដែលចាស់ជាង គឺ១៧៩៦)។ ម្យ៉ាងទៀត ព្រះរាជពង្សាវតារខ្លះ មាននិយាយព្រះនាមស្ដេចដូចគ្នា ប៉ុន្តែខុសកាលបរិច្ឆេទ ខ្លះកាលបរិច្ឆេទដូចគ្នា ប៉ុន្តែខុស ព្រឹត្តិការណ៍ ឬព្រះនាមរបស់ព្រះរាជា។

អ្នកស្រាវជ្រាវកំណត់យកឆ្នាំ១៤៣១ ជាឆ្នាំដែលទ័ពអយុធ្យាចូលគ្រប់គ្រងអង្គរ និង ជាឆ្នាំដែលប្ដូររាជធានីពីអង្គរ មកស្រីសន្ធរ (គ្មានឯកសារខ្មែរនិយាយអំពីឆ្នាំ១៤៣១ ជាឆ្នាំ ដែលប្ដូររាជធានីឡើយ ព្រឹត្តិការណ៍នោះមាននិយាយតែនៅក្នុងពង្សាវតាររបស់អយុធ្យា ឈ្មោះហ្លួងប្រះសើដ្ឋប៉ុណ្ណោះ)។ សម្រាប់ព្រះនាមរបស់ព្រះបាទពញាយ៉ាត អ្នកស្រាវជ្រាវ យល់ថាមានពិតប្រាកដ ដោយសារ ព្រះនាមរបស់ព្រះអង្គមាននិយាយនៅក្នុងឯកសារ ចិនដែលសរសេរ “ពពិយ៉ា = po-pi-ya”។

ដូចដែលខ្ញុំបានរៀបរាប់ខាងលើ ក្នុងចន្លោះកាលបន្ទាប់ពីរាជ្យរបស់ព្រះបាទជ័យ វម៌្មបរមឥសូរ មកដល់រាជ្យព្រះបាទនិព្វានបទដែលមាននិយាយនៅក្នុងព្រះរាជពង្សាវតារ នោះពោល គឺគ្មានឯកសារណាមួយនិយាយច្បាស់លាស់ឡើយ។ ដូច្នោះហើយរឿងតា ត្រសក់ផ្អែម នេះ ហាក់បង្កើតឡើង ដើម្បីភ្ជាប់អន្តរកាលនោះ។ ម្យ៉ាងទៀត ដោយសារ ប្រទេសស្រុតចុះ ព្រះរាជាពុំមានអំណាចខ្លាំងដូចនៅសម័យអង្គរ រាស្ត្រហាក់បីដូចជា ពុំមានជំនឿលើស្ដេចទៀត។ ដូច្នោះហើយបានជាបង្កើតរឿងនិទាននេះឡើង។ តាមពិត រឿងតាត្រសក់ផ្អែមនេះ មាននិយាយនៅក្នុងពង្សាវតារភូមាតាំងពីស.វទី១០មកម្លេះ។ ពង្សាវតារភូមានិយាយថាមានកសិករម្នាក់ឈ្មោះ Nyaung-u Sawrahan ដែលជាអ្នកដាំ ត្រសក់បានធ្វើឃាតស្ដេចព្រះនាម ធី (Thy) ពេលដែលស្ដេចអង្គនោះចូលទៅសោយផ្លែ ត្រសក់របស់គាត់ ហើយគាត់បានឡើងគ្រងរាជ្យពីឆ្នាំ៩៣១  ដល់ឆ្នាំ៩៦៤។ រឿងតា ត្រសក់ផ្អែមនៅភូមា ខុសពីតាត្រសក់ផ្អែមនៅខ្មែរបន្តិច គឺនៅភូមាធ្វើឃាតស្ដេចដោយប្រើ ពូថៅ រីឯតាត្រសក់ផ្អែមនៅខ្មែរប្រើលំពែង។ ខ្ញុំយល់ថាគ្មានតាត្រសក់ផ្អែមបានឡើងគ្រង រាជ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរពិតនោះទេ។ ដូច្នោះហើយ យើងមិនអាចយករឿងនិទាននេះ មកគិតនៅក្នុងប្រវត្តិសាស្ត្រពិតបានទេ។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!