… និយាយពីទន្សាយការរួចអំពីអន្ទាក់តាចាស់នោះហើយបោលទៅពួននឹងគុម្ពរពាក់មួយ។ ពេលនោះមានខ្លាវាមួយមកឃើញទន្សាយពួននៅគុម្ពរពាក់នោះ វាលបចង់ខាំទន្សាយស៊ី។ ឯទន្សាយដឹងថាខ្លាលបចង់ខាំស៊ីខ្លួន ហើយធ្វើជាគ្រហែមថា “អ៊ែម! អញស៊ីដំរីប្រាំមិនស្កាំមាត់ ស៊ីត្រប់ខារតែមួយស្អាបំពង់កដល់ម្ល៉េះ? ធ្វើម៉េចបានថ្លើមខ្លាមកស៊ីសោះវាស្អបំពង់ក”។ ខ្លាឮទន្សាយថាដូច្នោះ ក៏គិតខ្លាចមិនហ៊ានខាំ ហើយទៅបបួលស្វា លុះទៅជួបនឹងស្វាហើយនិយាយប្រាប់ស្វាថា “អាសត្វអីតូចមួយវាថាស៊ីដំរីប្រាំមិនស្កាំមាត់ វាស៊ីត្រប់ខារតែមួយស្អាកណាស់ ធ្វើម្តេចនឹងបានថ្លើមខ្លាំស៊ីកុំឲ្យស្អរក ខ្ញុំឮដូច្នោះខ្ញុំខ្លាចណាស់”។ ស្វាឮខ្លានិយាយប្រាប់ក៏សួរទៅវិញថា “សត្វនោះប៉ុណ្ណារូបវាដូចម្តេច?” ខ្លាប្រាប់ទៅថា “សត្វនោះតូចប៉ុនកដៃហើយមានស្លឹកត្រចៀកវែង កន្ទុយខ្លី”។ ស្វាឆ្លើយថា “ឳ! នេះហៅសត្វទន្សាយអានេះ វាជំហរណាស់បងឯងកុំខ្លាចវា”។ ខ្លាឮស្វាថាដូច្នោះថា “ទេ! បងស្វាខ្ញុំឃើញកំទេចភ្លុកដែលវាស៊ីដំរីសល់នៅនោះ មានពាសពេញប្របខ្លួនវា”។ ឯស្វាថា “ទេមិនមែនទេបងខ្លាឯងទៅនឹងខ្ញុំៗ ជូនបងឯងទៅមើលឲ្យច្បាស់មែនទែន”។ ឯខ្លាប្រកែកថា “ឳបងឯងឆោតអីម្ល៉េះ បើបងមិនជឿខ្ញុំ បងឯងយកវល្លិមកចងចង្កេះគ្នាឲ្យជាប់ទាំងពីរនាក់ហើយសឹមទៅ”។ ខ្លាឮស្វាដូច្នោះក៏បោចវល្លិ៍មកចងចង្កេះទាំងពីរនាក់ជាប់ហើយបបួលគ្នាដើរទៅ។ ឯទន្សាយកាលដែលឃើញខ្លាទៅវិញក៏ទៅអង្គុយលើដំបូកៗប្របទីនោះ។ លុះទន្សាយក្រឡេកមើលទៅ ឃើញខ្លានិងស្វាចងចង្កេះជាប់គ្នាហើយដើរចូលមកដូច្នោះ ក៏អើតឡើងគ្រហែមថា “អ៊ែមៗ! អាស្វាអញក្រញាំជំពាក់បំណុលអញ២-៣ឆ្នាំយកអាខ្លាកញ្ចាស់សំគមមួយឲ្យអញ” ខ្លាឮទន្សាយថាស្វាយកខ្លួនមកផាត់បំណុលឲ្យវាដូច្នោះ ក៏ភ័យណាស់ស្ទុះបោលដូចគេកន្រ្ទាក់ ស្វាដួលផ្កាប់ផ្ងាហាមាត់នឹងស្តីក៏មិនរួច ខ្លាប្រឹងតែបោលដូចគេបោកស្វាទៅលើដង្គត់ឈើស្លាប់មាត់ស្ញេញ ហើយខ្លាបោលទៅឆ្ងាយបែរមើលមកក្រោយឃើញមាត់ស្វាស្ញេញដូច្នោះ គិតស្មានថាជាស្វាសើច ក៏ខំប្រឹងកន្ទ្រាក់ទាញខ្សែចំណងផ្តាច់ចេញអំពីចង្កេះ ហើយបោលតែម្នាក់ឯងទៅ។ ឯទន្សាយលុះដល់ព្រលប់យប់ងងឹតគិតចង់ស៊ីស្រូវសំណាបល្បាស់ខ្ចី ហើយទៅជិតស្រុកគេឃើញសំណាបលាស់ខៀវខ្ចី ស្ទុះលោតចូលទៅស៊ីស្រូវសំណាប ហើយចូលពួនក្នុងព្រៃវិញ។ ព្រឹកឡើងម្ចាស់សំណាបមកឃើញស្នាមទន្សាយស៊ីសំណាបខូចអស់ ម្ចាស់សំណាបខឹងណាស់គិតធ្វើអន្ទាក់ដាក់តាមគន្លងផ្លូវ ដែលទន្សាយចូលទៅស៊ីសំណាបនោះ។ លុះយប់ទន្សាយចេញមករកស៊ីសំណាបទៀត ក៏ត្រូវអន្ទាក់ដែលដាក់នោះ។ ទន្សាយជាប់អន្ទាក់ហើយភ័យណាស់ មិនដឹងគិតទៅអង្វរអ្នកឯណាមកជួយដោះ ហើយគិតធ្វើពុតជាងាប់រឹងស្តូក។ លុះព្រឹកឡើងម្ចាស់ទន្ទាក់ភ្ញាក់ពីព្រលឹមក្រោកជាប្រញាប់រៀបខ្លួនប្រាណដើរទៅមើលអន្ទាក់ ឃើញទន្សាយជាប់អន្ទាក់ងាប់រឹងស្តូក។ ម្ចាស់អន្ទាក់អរណាស់ ចូលទៅដោះទន្សាយនោះហើយរៀបដាក់អន្ទាក់នោះទៅវិញ។ ទន្សាយដឹងថាគេដាក់ខ្លួនទៅដីហើយ ក៏ស្ទុះចូលទៅក្នុងព្រៃបាត់ទៅ។ ម្ចាស់អន្ទាក់ស្រាប់តែភ្ញាក់ខ្លួន មើលទៅឃើញទន្សាយបោលទៅក្នុងព្រៃហើយ ក្រោកឡើងគក់ទ្រូងថា “ឳវាចោរទន្សាយពុតខូចណាស់ទេតើ អញស្មានថាវាងាប់ ឥឡូវវាបោលទៅព្រៃព្រងើយ អើអត់ឲ្យម្តង ថ្ងៃក្រោយគង់តែវាភ្លេចត្រចៀកមកត្រូវអន្ទាក់អញទៀតមិនខានទេ”។ លុះដល់ពីរបីថ្ងៃ ទន្សាយនឹងឃើញចង់ស៊ីស្រូវសំណាបទៀត ហើយបោលចូលទៅក្នុងស្រែភ្លេចគិតពីអន្ទាក់នោះអាល័យតែនឹកចង់ស៊ីសំណាបក៏ទៅជាប់អន្ទាក់នោះទៀត។ ទន្សាយលុះជាប់អន្ទាក់ហើយ ភិតភ័យណាស់ មិនដឹងបើនឹងគិតធ្វើដូចម្តេចឲ្យរួច ទាល់ប្រាជ្ញាធ្វើមុខស្រមេះៗ។ លុះព្រឹកឡើងម្ចាស់អន្ទាក់មកឃើញទន្សាយជាប់អន្ទាក់អរណាស់ស្ទុះម្នីម្នា ចូលទៅដោះទន្សាយចេញពីអន្ទាក់ហើយថា “ឯងធ្លាប់តែមានពុតជាងាប់ម្តងនេះឯង ធ្វើដូចម្តេចក៏អញមិនលែងឯងទៀត អញទុកគ្រាន់តែនឹងមើលមុខឯងត្បិតឯងមានពុតចេះធ្វើងាប់” ហើយយកទន្សាយទៅផ្ទះ។ លុះដល់ផ្ទះហើយក៏យកអង្រុតក្រុងទន្សាយជាប់។ ជួនជាព្រឹកនោះ អ្នកនោះមានត្រីរ៉ស់មួយយកមកប្រោសទុកក្នុងថ្លាងដាក់ប្របគ្នានឹងទន្សាយ ហើយនឹកភ្នកឡើងថា “លោកសង្ឃនៅវត្ថចេះចាប់យាមពូកែទាយឆុតណាស់ បើដូច្នោះអញនឹងទៅល្បងឲ្យយកចាប់យាម មើលជាឆុតមែន ឬដូចម្តេច?” ហើយអ្នកនោះផ្តាំប្រពន្ធថា “ឯងមើលទន្សាយនឹងត្រីផងក្រែងវារួច” ហើយដើរចូលទៅក្នុងវត្ត ឡើងទៅលើកុដិក្រាបថ្វាយបង្គំលោក ពិតពុទ្ធដីកាថា “ខ្ញុំព្រះករុណាឮល្បីថា លោកគ្រូចេះចាប់យាមឆុតណាស់”។ ឯលោកមានពុទ្ធដីកាថា ចេះតែឆុតមិនឆុតមិនហ៊ានអួតទេ។ អ្នកនោះឆ្លើយឡើងថា “សូមទានមេត្តាប្រោស ទាញឲ្យខ្ញុំករុណាបន្តិច តើក្នុងវេលាព្រឹកនេះឯង និងមានលាភអ្វីទទួលទាន?” លោកនោះឆ្លើយថា “ទេអាចក្តីមិនហ៊ានទាយទេ”។ អ្នកនោះថា “សូមទានមេត្តាប្រោស ទាយឲ្យទានបន្តិច ខ្ញុំព្រះករុណាចង់ដឹងនឹងបានអ្វីទទួលទានក្នុងវេលាព្រឹកនេះ”។ លោកសង្ឃរាជឆ្លើយឡើងថា “ទេក្រែងញោមអន់ចិត្ត”។ អ្នកនោះគិតក្នុងចិត្តថា “បើលោកនេះទាយត្រូវអញឲ្យសាច់ទន្សាយ និងត្រីរ៉ស់ឆាន់ បើលោកទាយមិនត្រូវអញមិនឲ្យឆាន់សោះអញស៊ីតែពីរនានឹងប្រពន្ធអញ” នឹកតែក្នុងចិត្ត ហើយពិតពុទ្ធដីកាលោកថា “ទេខ្ញុំព្រះករុណាមិនអន់ចិត្តទេ”។ លោកយកតម្រាមកមើលហើយទាយថា “ញោមគ្មានលាភអ្វីទេ”។ អ្នកនោះលាលោកត្រឡប់មកវិញ ហើយនឹកថា “លោកនេះចាប់យាមមិនឆុតទេ អញគិតស្មានក្រែងលោកទាយត្រូវនឹងប្រគេនសម្លលោកឆាន់ ឥឡូវនេះលោកទាយមិនត្រូវដូច្នេះអញស៊ីតែពីរនាក់ប្រពន្ធអញ” គិតដូច្នោះហើយដើរមកដល់ផ្ទះបង្គាប់ប្រពន្ធឲ្យដណ្តាំបាយ។ ឯទន្សាយ និងត្រីរ៉ស់គិតថា “បងត្រីធ្វើជាងាប់ផ្ងារពោះបើគេមកចាប់បងឯងទៅកាប់ស្លស៊ី ហើយគេដាក់បងឯងទៅប្របទឹក បងឯងលោតចុះទៅក្នុងទឹក បងឯងធ្វើជាហែលផែលៗបន្តិចៗ បើគេលោតទៅចាប់បងឯងៗ ស្ទុះហែលទៅបន្តិចធ្វើជាផ្ងារពោះទៀត ឲ្យគេមកយកអង្រុតដែលគេគ្របខ្ញុំទៅរត់ចាប់បងឯង ឃើញគេយកអង្រុតទៅបងឯងស្ទុះហែលឲ្យបាត់ទៅ”។ ឯជនទាំងពីរនាក់ប្តីប្រពន្ធលុះប្រពន្ធដណ្តាំបាយឆ្អិនហើយ ប្តីយកត្រីទៅស្រការនៅមាត់ត្រពាំងនៅមុខផ្ទះ។ ត្រីធ្វើជាងាប់ផ្ងារពោះរឹងស្តូកមិនកម្រើកខ្លួនសោះ បុរសនោះគិតស្មានថាងាប់ ចាប់យកត្រីទៅប្របមាត់ព្រាំងជិតមាត់ទឹក ត្រីក៏ស្ទុះផ្លោតលោតចុះទៅក្នុងទឹកធ្វើតាមពាក្យទន្សាយផ្តាំសព្វគ្រប់។ ឯបុរសនោះឃើញត្រីលោតចូលទឹកហែលផែលៗ ដូច្នោះក៏លោតទៅចាប់។ ត្រីស្ទុះទៅទៀតហើយធ្វើជាផ្ងារពោះផែលៗ ដូច្នេះពីរបីដង អ្នកនោះចាប់មិនបាន ស្រែកហៅទៅប្រពន្ធឲ្យយកអង្រុតទៅជាប្រញាប់។ ប្រពន្ធមិនបានជាគិតដល់ទន្សាយ ក៏លោតកញ្ឆក់យកអង្រុតទៅឲ្យប្តី រុតត្រីត្រពាំងទាំងពីរនាក់ប្តីប្រពន្ធទទឹកសំពត់អាវអស់។ ត្រីឃើញអង្រុតក៏ស្ទុះហែលទៅក្នុងទឹកជ្រៅបាត់ទៅ។ បុរសប្តីប្រពន្ធខឹងណាស់ខំរុតរកត្រី ពុំឃើញសោះរងាណាស់ទ្រាំមិនបាន ពីព្រោះរដូវខ្យល់ពីជើង ហើយពីព្រឹកព្រហាមផងញ័រទាំងដៃជើងរណ្តំទាំងធ្មេញ។ ទាំងពីរនាក់ប្តីប្រពន្ធរត់ឡើងមកអាំងភ្លើងជើងក្រានដែលដណ្តាំបាយនោះ អង្គុយច្រហោងទាំងពីរនាក់ទល់មុខគ្នាក៏នឹកឃើញទំនាយដែលលោកសង្ឃរាជចាប់យាមថា គ្មានលាភអ្វីទេ…ត្រូវតាមលោកចាប់យាមឲ្យនោះឯង។ អ្នកនោះក៏ជឿលោកគ្រូនោះថា ចាប់យាមឆុតពូកែមែន។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព