ស្ថិតនៅតាមបណ្តោយដងស្ទឹង ចំកណ្តាលក្រុងសៀមរាប មានវត្តជាច្រើនកសាងឡើងប្រកបដោយទឹកដៃសិល្បៈយ៉ាងវិសេសក្រៃលែង។ ក្នុងបណ្តាវត្តទាំងអស់នោះ វត្តរាជបូណ៌ (ឬវត្តបូណ៌) ជាវត្តដែលមានព្រះវិហារដ៏ចំណាស់មួយស្ថិតនៅត្រើយខាងកើតនៃដងស្ទឹង។ អ្នកស្រាវជ្រាវទូទៅយល់ថា ព្រះវិហារវត្តរាជបូណ៌កសាងឡើងតាំងពីដើមសតវត្សទី២០ ហើយជាព្រះវិហារដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ គូរលើជញ្ជាំងច្រើនឈុតជាងគេនៅកម្ពុជា។ ដោយមើលឃើញតម្លៃនៃសំណង់ខាងលើ ចាប់ពីឆ្នាំ២០១៧ ពុទ្ធបរិស័ទនិងព្រះសង្ឃ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលលើកតម្លៃជាសំណង់បេតិកភណ្ឌស្របតាមគោលការណ៍អភិរក្សរបស់រាជរដ្ឋាភិបាលរហូតបញ្ចប់នៅឆ្នាំ២០២១។
![](https://asset.ams.com.kh/khmercivilization/media/image-129.png)
ជាការពិត វត្តរាជបូណ៌ជាអតីតវត្តដែល សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណា-ចក្រកម្ពុជា ធ្លាប់គង់នៅ។ តាមឯកសារបញ្ជាក់ថា ព្រះអង្គគង់នៅផ្ទាល់ក្នុងព្រះវិហារ ហើយក្នុងសម័យសង្គមរាស្រ្តនិយម វត្តនេះមានព្រះសង្ឃប្រមាណជា៨០ ទៅ១០០អង្គ និងជាវត្តធំជាងគេបង្អស់នៅក្នុងទីរួមខេត្ត។ ចំពោះព្រះវិហារ កសាងឡើងអំពីឥដ្ឋបូកកំបោរបាយអ និងមានគ្រឿងបង្គំឈើ។ អ្នកស្រាវជ្រាវបានចាត់ទុកថា ព្រះវិហារវត្តរាជបូណ៌គឺជាប្រភេទព្រះវិហារព្រះវិហារជហ្វា៦។ មិនតែប៉ុណ្ណោះ នៅតាមសន្លឹកទ្វារបង្អួច និងក្បាច់ស៊ុមទ្វារ-បង្អួចជុំវិញ សុទ្ធតែឆ្លាក់លម្អដោយក្បាច់រចនាយ៉ាងវិចិត្រគួរឱ្យកោតសរសើរ។
![](https://asset.ams.com.kh/khmercivilization/media/image-130.png)
![](https://asset.ams.com.kh/khmercivilization/media/image-132.png)
គេសង្កេតឃើញថា ព្រះវិហារវត្តរាជបូណ៌ គឺជាលំនាំស្ថាបត្យកម្មទំនើបនិងបុរាណបញ្ចូលគ្នា ពោលគឺតួព្រះវិហារកសាងឡើងអំពីឥដ្ឋនិងកំបោរបាយអ រចនាក្នុងរបៀបជាសំណង់ទទួលឥទ្ធិពលសិល្បៈសំណង់សម័យបារាំង ហើយដំបូលខាងលើ កសាងឡើងជាបែបដំបូលព្រះវិហារបុរាណ។ ព្រះវិហារនេះកសាងឡើងនៅលើខឿនពីរថ្នាក់ ដែលតួព្រះវិហារមានបណ្តោយប្រហែលជាង២០ម៉ែត្រ និងទទឹងប្រហែល១៦ម៉ែត្រ។ ដំបូលព្រះ-វិហារជាដំបូលកិង ខ្ពស់ស្រឡះ ប្រក់ក្បឿងស្រកាលេញ ជ្រាលចុះម្ខាង៤ថ្នាក់ ហើយនៅចុងព្រំដំបូលខាងមុខបំពាក់ជហ្វា៣ ចុងព្រំដំបូលខាងក្រោយបំពាក់ជហ្វា៣។ នៅលើព្រំដំបូលមានលម្អដោយក្បាច់មួយខ្សែ (នាងច្រាល?) ភ្ជាប់ពីចុងម្ខាងទៅម្ខាងយ៉ាងល្អប្លែក។ រីឯនៅតាមចែងដំបូលនីមួយៗ គេឃើញមានលម្អនាគចែង ទេពប្រណម និងរូបផ្សេងៗទៀតប្លែកពីព្រះវិហារទីទៃ។ មិនតែប៉ុណ្ណោះ ជហ្វានីមួយៗគេសង្កេតឃើញមាត់ ពុកមាត់ ចង្កូម (ពាំកែវ?) និងភ្នែក ហើយគល់ជហ្វាគេឆ្លាក់ជារូបស្រដៀងនឹងមុខរាហូ ឬព្រះកាល។ លក្ខណៈជហ្វានេះ ប្រហាក់ប្រហែលនឹងជហ្វាឈើនៃព្រះវិហារបុរាណវត្តល្អក់ ដែលស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6-%E1%9E%A0%E1%9F%84%E1%9E%87%E1%9E%B6%E1%9E%84_%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%80%E1%9E%BE%E1%9E%8F-1024x682.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A7-4-1024x680.jpg)
ចំពោះការលម្អលើហោជាងទាំងពីរនៃព្រះវិហារវត្តរាជបូណ៌ គឺជាចំណុចពិសេសបំផុតដែលអ្នកសិក្សាស្រាវជ្រាវតែងចាប់អារម្មណ៍។ ហោជាងទាំងពីរ ឆ្លាក់អំពីឈើ ដាំកញ្ចក់លម្អ មានក្បាច់លម្អគល់ហោជាង និងមានចម្លាក់ព្រះនារាយណ៍គង់គ្រុឌស្ថិតនៅចំកណ្តាលក្បាច់ភ្ញីទេស។ ប៉ុន្តែនៅលើហោជាងខាងកើត គេឆ្លាក់រូបព្រះនារាយណ៍ឈរលើស្មាគ្រុឌ មានព្រះហស្តពីរច្រត់លើភ្លៅ និងព្រះហស្តពីរទៀតលើកឡើងលើ។ ចំណែកឯហោជាងខាងលិច គេឆ្លាក់រូបព្រះនារាយណ៍គង់គ្រុឌដែរ តែបង្ហាញចំហៀងខ្លួន ដោយមានព្រះហស្តពីរច្រត់ចង្កេះ និងព្រះហស្តពីរទៀតចង្អុលទៅមុខមួយ និងមួយទៀតកាន់កេតនភណ្ឌ (ធ្នូ?)។ សូមបញ្ជាក់ដែរថា រូបគ្រុឌនៅលើហោជាងទាំងពីរនេះ គេឆ្លាក់ឈរជាន់កនាគម្ខាងមួយ ហើយដៃទាំងសងខាងចាប់កាន់កន្ទុយនាគឡើងលើយ៉ាងអង់អាចក្រៃលែង។
ដោយឡែក ការលម្អលើជញ្ជាំង ទ្វារ និងបង្អួច គេសង្កេតឃើញមានក្បាច់រចនាឆ្លាក់អំពីស៊ីម៉ងត៍យ៉ាងរស់រវើក។ លើសពីនេះ ការលម្អនៅតាមស៊ុមទ្វារនិងបង្អួចនីមួយៗ គេឆ្លាក់ជារូបតួអង្គផ្សេងៗក្នុងរឿងរាមកេរ្តិ៍ ដែលឈុតខ្លះហាក់ដូចជាបង្ហាញពីការប្រយុទ្ធតតាំងគ្នា។ អ្វីដែលកាន់តែពិសេសជាងនេះ នៅលើស៊ុមទ្វារគេសង្កេតឃើញមានឆ្លាក់រូបព្រះលញ្ជករ មានលក្ខណៈស្រដៀងទៅនឹងការឆ្លាក់នៅវត្តដំរីស ក្នុងខេត្តបាត់ដំបង ដែលអ្នកខ្លះយល់ថាតំណាងឱ្យស្តេចសៀម។ ក្បាច់ និងចម្លាក់លម្អទាំងអស់នេះ គេលាបពណ៌ទឹកប្រាក់។ រីឯការលម្អលើសន្លឹកទ្វារ និងបង្អួចនីមួយៗ គេឆ្លាក់ជារូបក្បាច់រចនា ព្រមទាំងរូបយក្ស សត្វ និងទេពនិករផ្សេងៗ។ ប៉ុន្តែក្រោយជួសជុលរួចរាល់ ក្បាច់លម្អតាមស៊ុមទ្វារ និងបង្អួចនីមួយៗបានលាបពណ៌ទឹកមាសជំនួសវិញ។ សូមបញ្ជាក់ថា ព្រះវិហារវត្តរាជបូណ៌នេះមានទ្វារខាងមុខ៣ ទ្វារខាងក្រោយ២ និងបង្អួចនៅចំហៀងសងខាងសរុបចំនួន១៨។
ផ្នែកខាងក្នុងនៃព្រះវិហារ គេរៀបជាខឿនទាបមួយត្រង់ចន្លោះល្វែងគ្រឹះ ហើយនៅជុំវិញនោះមានដាំសន្លឹកសីមាតាមទិសសំខាន់ៗផង។ ចំណែកឯនៅចុងខាងលិចនៃល្វែងគ្រឹះ គឺជាបល្ល័ង្កព្រះជីរ៍ ដែលគេឃើញមានចំណារពុទ្ធសករាជ២៤៧៥ (ឆ្នាំ១៩៣២) តម្កល់ព្រះពុទ្ធបដិមាធំមួយគង់ក្នុងកាយវិការផ្ចាញ់មារដូចបណ្តាព្រះវិហារផ្សេងៗដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A1-815x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A2-1-771x1024.jpg)
នៅផ្នែកខាងលើ គឺជាពិតានបេតុងលាត ពុំឃើញមានគំនូរ ឬក្បាច់លម្អអ្វីឡើយ។ ប៉ុន្តែនៅតាមផ្ទៃជញ្ជាំងជុំវិញគឺជាគំនូរបុរាណ រៀបរាប់រឿងរាមកេរ្តិ៍ ជាច្រើនផ្ទាំង។ ការគូរបង្ហាញសាច់រឿងទាំងអស់នោះ គេសង្កេតឃើញវិចិត្រករគូរតាមបែបគំនូរបុរាណ ហើយរបៀបចែកឈុតនីមួយៗគឺខុសគ្នាតាមពណ៌ដែលលាបធ្វើផ្ទៃខាងក្រោយ តែផ្ទាំងនីមួយៗពុំរត់ត្រង់បន្ទាត់គ្នាដូចគំនូរសព្វថ្ងៃឡើយ (រូបលេខ១៣-១៥)។ មិនតែប៉ុណ្ណោះគេពុំអាចកំណត់បានជាក់លាក់ថា ខ្លឹមសាររឿងដែលលើកយកមកគូរក្នុងព្រះវិហារនេះ ចាប់ផ្តើមពីត្រឹមណា ហើយបញ្ចប់ត្រឹមណាដូចក្នុងរឿងពុទ្ធប្រវត្តិទេ។ ប៉ុន្តែអ្វីដែលគេសង្កេតឃើញគួរឱ្យកត់សម្គាល់ គឺវិចិត្រករបានបញ្ចូលទិដ្ឋភាពអ្នកស្រុក ឬផ្សារលក់ដូរ ឬកងទ័ពបារាំងទៅក្នុងឈុតខ្លះ។ ចំពោះការលើកយករឿងរាមកេរ្តិ៍មកគូរលើជញ្ជាំងព្រះវិហារនេះ គេសម្អាងថាអ្នកស្រុកតំបន់អាស៊ីខ្លះចាត់ទុកព្រះរាមជាព្រះពោធិសត្វ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A3-%E1%9E%9A%E1%9E%94%E1%9F%80%E1%9E%94%E1%9E%94%E1%9E%84%E1%9F%92%E1%9E%A0%E1%9E%B6%E1%9E%89%E1%9E%82%E1%9F%86%E1%9E%93%E1%9E%BB%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%88%E1%9E%BB%E1%9E%8F%E1%9F%97-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A4-1024x771.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A5-1-771x1024.jpg)
សង្ខេបសេចក្តីមក ព្រះវិហារវត្តរាជបូណ៌គឺជាសំណង់ស្ថាបត្យកម្មព្រះពុទ្ធសាសនាដ៏ស្កឹមស្កៃមួយនាដើមសតវត្សទី២០។ ព្រះវិហារនេះ ជាមត៌កដែលអ្នកស្រាវជ្រាវចាត់ទុកថា ជាព្រះវិហារបុរាណដែលមានគំនូររឿងរាមកេរ្តិ៍ច្រើនឈុតដ៏កម្រ និងតែមួយគត់នៅកម្ពុជា។ ចំពោះលក្ខណៈនៃគំនូរទាំងនោះសោត គេសង្កេតឃើញប្រហាក់ប្រហែលគ្នានឹងសិល្បៈមួយបែបទៀតគឺ ការដាច់ឆ្លាក់តួអង្គល្ខោនស្បែក ដែលគួរតែមានការសិក្សាស្រាវជ្រាវលម្អិត៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត