បន្ទាយស្រី ជាប្រាសាទដែលសាងនៅឆ្នាំ៩៦៧ ពោលគឺស្ថិតនៅចុងរាជ្យ ព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (គ.ស. ៩៤៤~៩៦៨) និងដេីមរាជ្យ ព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨~១០០១) ដោយព្រាហ្មណ៍ ឬជាព្រះរាជគ្រូម្នាក់ឈ្មោះ យជ្ញវរាហ (Yajñavarāha) ក្នុងក្រុងបុរាណឈ្មោះ ឥស្វរបុរ (ក្រុងឥសូរ)។
ឈ្មោះ “បន្ទាយស្រី” នេះ បើមើលនៅក្នុងសៀវភៅមគ្គុទេសន៍ទាំងភាសាបរទេសក្ដី ភាសាខ្មែរក្ដី ភាគច្រើនបកស្រាយន័យ ឬប្រែថា “បន្ទាយរបស់ស្រី (Fortress or Citadel of Women)”។ ន័យនៅក្នុងសៀវភៅមគ្គុទេសន៍ទាំងនោះមិន ត្រឹមត្រូវទៅនឹងន័យដើម ឬពិតប្រាកដរបស់ឈ្មោះប្រាសាទនោះឡើយ។ ខ្ញុំសូមបក ស្រាយដូចខាងក្រោម ៖
ដំបូង យើងត្រូវយល់អំពីពាក្យ “បន្ទាយ”។ “បន្ទាយ” មកពីកិរយាស័ព្ទ “ផ្ទាយ” មានន័យថា “ទប់, ទ្រ, ការពារ”។ “បន្ទាយ” ជាពាក្យ ឬជាឈ្មោះទូទៅដែលអ្នកស្រុកហៅសំដៅទៅលេីទីតាំង ប្រាសាទ ក្រុងចាស់ ឬភូមិដែលមាន “ទំនប់, របងជញ្ជាំង, កំពែង” ព័ទ្ធជុំវិញ។ ឧ. បន្ទាយព្រៃនគរ, បន្ទាយលង្វែក, បន្ទាយក្ដី, បន្ទាយស្រី, បន្ទាយព្រហ្ម, បន្ទាយបាកានជាដើម។ ល។
សូមបញ្ជាក់ថា កាលណាអ្នកស្រុកហៅ បន្ទាយនេះ ឬបន្ទាយនោះហេីយ គាត់មិនប្រើពាក្យ “ប្រាសាទ” នៅពីមុខឡេីយ។ ឧទាហរណ៍ គាត់និយាយថា “ទៅបន្ទាយក្ដី” គាត់មិននិយាយថា “ទៅប្រាសាទបន្ទាយក្ដី” ទេ។ ដូច្នេះបេីសរសេរ ឬហៅ “បន្ទាយស្រី” មិនចាំបាច់ដាក់ពាក្យ “ប្រាសាទ” ពីមុខឡេីយ ពោលគឺ “បន្ទាយ” មានន័យសំដៅទៅនឹងពាក្យ “ប្រាសាទ” ស្រេចហេីយ។
អ្វីដែលយើងត្រូវពិចារណា គឺពាក្យ “ស្រី”។ “ស្រី” នៅក្នុងន័យរបស់ប្រាសាទនេះ យើងគិតថាមិនសំដៅទៅលើអត្ថន័យ “ស្ត្រី ឬ ស្រី” ដែលជាមនុស្សស្រីនោះទេ។ ពាក្យ “ស្រី” នេះគឺមានន័យថា “ដែលខ្ពង់ខ្ពស់”, “ដែលអស្ចារ្យ “, “ដែលប្រសើរ”, “ដែលមង្គល”។ ពាក្យនេះមានប្រើច្រើននៅក្នុងសិលាចារឹកដោយដាក់នៅពីមុខឈ្មោះរបស់មនុស្ស (ព្រះរាជា) ព្រះ រាជធានី និងទីកន្លែងផ្សេងៗទៀត។ ឧ. ស្រី កម្រងតេង ជគត ត រាជ (នាមរបស់ទេព), ស្រីជ័យវម៌្ម…(នាមរបស់ព្រះរាជា), ស្រីយសោធរ (ឈ្មោះរាជធានីបុរាណរបស់អង្គរ)។ល។
ដូច្នេះឈ្មោះ “បន្ទាយស្រី” គឺបង្ហាញទៅលើន័យដែលប្រសើរ ដែលល្អអស្ចារ្យ ដែលខ្ពង់ខ្ពស់។ ជាពិសេសគឺសំដៅលើស្ថាបត្យកម្ម ស្នាដៃក្បាច់ចម្លាក់ដ៏ប្រណិត ដ៏អស្ចារ្យ ដ៏សម្បើម ដ៏ឥតខ្ចោះរបស់ប្រាសាទ ជាជាងមានន័យថា “បន្ទាយរបស់មនុស្សស្រី”។ ន័យរបស់ “បន្ទាយស្រី” ក៏ភ្ជាប់ទៅនឹងឈ្មោះដើមរបស់ប្រាសាទនេះ ផ្ទាល់ដែរ ពោលគឺ “ស្រីត្រិភុវនមហេស្វរ” (ស្រីត្រីភូវនមហេសូរ = ម្ចាស់នៃលោកទាំងបី)។ ពាក្យ “ស្រី” មានន័យផ្សេងទៀត ដូចជា “បាយស្រី” (ដែលគេសព្វថ្ងៃច្រេីនហៅ បាយសី), “ជ័យស្រី” (ឈ្មោះដើមរបស់ប្រាសាទព្រះខ័ន), រាជស្រី (ឈ្មោះដើមរបស់ ប្រាសាទនាគព័ន្ធ), “ស្រី” ក៏មានន័យថា “ម្លូ” ដែរ ឧទាហរណ៍ “ស្ដេចសោយព្រះស្រី” មានន័យថា “ស្ដេចសោយម្លូ” ជាដើម ។ ល។
អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ