ទំព័រដើមប្រវត្តិសាស្ត្រឈ្មោះប្រាសាទប្រែរូប

ឈ្មោះប្រាសាទប្រែរូប

ប្រាសាទប្រែរូបស្ថិតនៅផ្លូវវង់ធំ នៅតាមផ្លូវពីអង្គរវត្តឆ្ពោះទៅថ្នល់បារាយណ៍ (ឬហៅ តាមបារាំងថា៖ បារាយណ៍ខាងកើត) និងភូមិប្រដាក ឬផ្លូវទៅបន្ទាយស្រី។ តួប៉មរបស់ ប្រាសាទនេះសាងអំពីឥដ្ឋលើខឿនប្រាំថ្នាក់ធ្វើអំពីថ្មបាយក្រៀម។

ប្រាសាទប្រែរូបសាងនៅឆ្នាំ៩៦១ ដោយមន្ត្រីម្នាក់ដែលជាស្ថាបត្យករ​ ឈ្មោះ​ “កវិន្ទ្រារិមថន​ Kavindrārimathana” នៅក្នុងរាជ្យ​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ (គ.ស. ៩៤៤~៩៦៨)។ ស្ថាបត្យកររបស់ព្រះរាជារូបនេះ ក៏បានសាងប្រាសាទផ្សេងទៀតដែរ​ ដូចជា​បាតជុំ​ (៩៥៣)​ និង​មេបុណ្យ​ (ខាងកើត) ដែលសម្រាប់ឧទ្ទិសដល់បុព្វការីជនរបស់ព្រះរាជាជាដើម។ ថ្វីត្បិតព្រះរាជាគោរពព្រហ្មញ្ញសាសនាក្ដី​ ប៉ុន្តែគាត់ជាអ្នកជឿ​គោរពព្រះពុទ្ធសាសនា​ ដូច្នោះហើយបានជាគាត់សាងប្រាសាទបាតជុំសម្រាប់ខ្លួនគាត់​ ហើយឧទ្ទិសថ្វាយដល់ទេពព្រះពុទ្ធសាសនាធំៗ​បីអង្គ ពោលគឺ​ព្រះពុទ្ធ​ លោកេស្វរ​ និងប្រាជ្ញាបារមី។ នេះបញ្ជាក់ឲ្យឃើញថា​ គ្មានការរើសអើង​ ឬបិទសិទ្ធិសេរីភាពនៅក្នុងជំនឿសាសនានាសម័យបុរាណឡើយ។

ឈ្មោះនៃប្រាសាទនេះ​សព្វថ្ងៃ ដើមឡើយអាចមកពីឈ្មោះនៃប្រតិមាទេពមួយ​ដែលមានចារនៅក្នុងសិលាចារឹក​ (K. 806) នៃប្រាសាទប្រែរូបនេះ គឺ “វិស្វរូប​ Viśvarūpa” ដែលឈ្មោះវែងសរសេរ​ “រាជេន្ទ្រវិស្វរូប“។ វាអាចជាការវិវត្ដន៍​នៃពេលវាលា​ ឬសម្លេងនៃការហៅ​ “វិស្វរូប​ > វ្រះរូប​ > ព្រះរូប​ > ​ប្រេរូប“។ មែនទែនទៅ​ បើស្ដាប់អ្នកស្រុកដែលរស់នៅអង្គរ សម្លេងគាត់ហៅ​ “ប្រេរូប“​ មិនឮ​ “ប្រែរូប“​ ទេ។ ប្រាដកណាស់នៅអ្នករស់នៅខាងជើង អង្គរពេលនិយាយគ្មានខ្យល់ “ “​ គឺមានតែ “ “​។ ឧ.​ ស្រែ​ > ស្រេ​,​ ដឹង​ > ដេញ​ ។ល។

ការដែលសរសេរ​ ឬហៅ “ប្រែរូប“​ នេះវាក្រោយមកទេ​ អាចថានៅពេលដែលបារាំងចូលមកអភិរក្សប្រាសាទអង្គរ។ គ្រាន់ជាងឈ្មោះនៃភូមិ “ប្រដាក”​ >ព្រះដាក់”​ ដែលទើប បង្កើតជារឿងព្រេងឡើងនៅទសវត្ស១៩៨០ ដោយមិនដឹងឈ្មោះដើមនៃភូមិពិតប្រាដក។ ឈ្មោះប្រាសាទមួយចំនួនមិនថានៅអង្គរ ឬនៅតំបន់ផ្សេងៗទៀត វាជាការបង្កើតថ្មីភ្ជាប់​នឹងរឿងព្រេង​ ហើយរឿងព្រេងភាគច្រើនបង្កើតឡើងនៅរវាងស.វទី១៩​ និងដើមស.វទី២០។ រឿងព្រេងជាទូទៅ​គេបង្កើតឡើងភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្លះ​ ហើយធ្វើឲ្យទៅជារឿងដែល មានភាពអស្ចារ្យ​ ឬអ្នកតែងចង់បង្ហាញអំពីភាពមិនច្បាស់លាស់ នៃទិដ្ឋភាពប្រវត្តិសាស្រ្ត​ ឬក៏ប្រៀបធៀបទៅនឹងសង្គមនាពេលមួយនោះ។

ឧទាហរណ៍រឿងតាត្រសក់ផ្អែមដែលប្រើលំពែងធ្វើឃាតស្ដេច​ ហើយឡើងគ្រោងរាជ្យ​នៅស.វទី១៤។ នៅក្នុងប្រវត្តិសាស្ត្រពិត​ នៅពាក់កណ្ដាលស.វទី១៤​ និងទី១៥​ គឺមិនមានភាពច្បាស់លាស់​ ដោយសារគ្មានឯកសារ​ គ្មានសិលាចារឹក​ណាមួយបញ្ជាក់​ (ព្រះរាជពង្សាវតារមិនអាចយកជាមូលដ្ឋានបាន​ ទាំងពង្សាវតារខ្មែរ​ ទាំងសៀម​ និងលាវ)។ មែនទែនរឿងតាត្រសក់ផ្អែមនេះ​ មាននិយាយតាំងពីស.វទី១០ម្ល៉េះនៅស្រុកភូមា​ គ្រាន់តែខាងភូមា​តាប្រើពូថៅធ្វើឃាតស្ដេច​ រីឯខ្មែរឲ្យអស្ចារ្យបន្តិច​ គឺប្រើលំពែង)។

ឥឡូវនេះយើងមកពិចារណារឿងឈ្មោះ​ “ប្រាសាទប្រែរូប” វិញ ដូចដែលមានរូបថត បញ្ជាក់ស្រាប់នៅទីនេះ ឃើញមានសំណង់ថ្មភក់រាងបួនជ្រុងនៅពីមុខជណ្តើរឡើងទៅប្រាង្គខាងលើ​ និងសំណង់តូចថ្មបាយក្រៀមនៅជ្រុងឦសាននៃប្រាសាទនេះ។ គេយកសំណង់ទាំងពីរនេះទៅភ្ជាប់នឹងរឿងតាត្រសក់ផ្អែម​។ សំណង់ថ្មភក់រាងបួនជ្រុងនោះ គេយល់ថាជាទីកន្លែងសម្រាប់បូជាសពរបស់ស្ដេចដែលតាត្រសក់ផ្អែមបានធ្វើឃាត។ នៅក្នុងទំនៀមនៃការបូជាសព​ យើងតែងតែប្រែសព​ (ឬជាកិច្ចប្រែសព​ ឬប្រែរូប )​ នៅពេលបូជា​ ពោលគឺដើម្បីឲ្យអ្នកដែលស្លាប់ទៅនោះ​បានទៅចាប់ជាតិថ្មី​។ ដូច្នេះហើយបានជាគេហៅប្រាសាទនេះ​ ទៅជា​ “ប្រែរូប“។ រីឯសំណង់តូចថ្មបាយក្រៀមនោះ គេយល់ថាជាកន្លែងសម្រាប់លាងធាតុបន្ទាប់ពីបូជាហើយ។

តាមពិតសំណង់ថ្មភក់រាងបួនជ្រុង​ ពោលគឺជាជើងទម្រសម្រាប់តម្កល់ព្រះគោ (ភាសា សំស្ត្រឹតហៅ នន្ទិន = Nandin) ​ដែលជាយានជំនិះរបស់ព្រះឥសូរ​ (ប្រាសាទឧទ្ទិសដល់  ព្រះឥសូរភាគច្រើនតែងតែមានរបៀបនេះដាក់នៅខាងកើតប្រាង្គ ហើយប្រតិមាព្រះគោបែរ ចំទៅប្រាង្គ)​។ រីឯសំណង់តូចថ្មបាយក្រៀមវិញ​ ខ្ញុំមិនដឹងអំពីតួនាទីរបស់វាក្នុងស្ថាបត្យកម្ម​ ឬជំនឿឡើយ ដោយសារគ្មានឯកសារណាមួយបញ្ជាក់ច្បាស់។ ខ្លះថាជាទីកន្លែងតម្កល់ សិលាចារឹករបស់ប្រាសាទនេះផ្ទាល់ ខ្លះថាតួនាទីវាទាក់ទងនឹងប្រព័ន្ធបង្ហូរទឹក?

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!