កំណាយបុរាណវិទ្យានៅឡសរសី

0
1015

ឡសរសី មានទីតាំងស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ វាមានចំងាយប្រហែល25គ.មត្រង់ពីប្រាសាទអង្គរវត្ត ទៅទិសខាងកើត ឈៀងឥសាន្ត។ ស្ថានីយ៍ឡសរសីនេះត្រូវបានប្រជាជននៅក្នុងតំបន់ផ្តល់ពត៌មានដល់ក្រុមស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សារាក្នុងឆ្នាំ១៩៩៥។ ក្រោយមក ក្នុងឆ្នាំ២០០៣ លោក​ សុខ កែវ សុវណ្ណារ៉ា បានធ្វើការសិក្សាស្រាវជ្រាវជាលើដំបូងអំពីផលិតផលកុលាលភាជន៍ និងបច្ចេកទេសនានាដែលគេបានអនុវត្តនៅស្ថានីយ៍ឡនេះ សម្រាប់ធ្វើជាសារណាបញ្ចប់ការសិក្សាបរិញ្ញាប័ត្របុរាណវិទ្យ។ តាមរយៈការសិក្សានេះ លោកបានធ្វើផែនទី និងបែងចែកក្រុមឡជា៣ក្រុមគឺ៖ ក្រុមត្រពាំងនាងស្នាយ (មានចំនួន១១ទួលឡ) ក្រុមអូរនាងស្នាយ (មានចំនួន៩ទួលឡ) និងក្រុមទំនប់ថ្មជល់ ដែលមានទីតាំងខាងជើងក្រុមត្រពាំងនាងស្នាយប្រហែល៤០០ម៉ែត្រ (មានឡប្រហែល៧ឬ៨ទួល)។

តើហេតុអ្វីបានជាគេជ្រើសរើសយកតំបន់នេះសម្រាប់ផលិតកុលាលភាជន៍?

ជាការពិតណាស់ ទីកន្លែងមួយដែលគេជ្រើសរើសសម្រាប់រស់នៅ និងធ្វើសិប្បកម្មភាជន៍នោះ គឺវាមានចំនុចពិសេសមួយចំនួន ដូចជា៖

   ក. ជាកន្លែងដែលសំបូរនិងផ្តល់នូវរូបធាតុដើម គឺដីឥដ្ឋ។ គេបានរកឃើញថា នៅតំបន់នោះមានដីឥដ្ឋ៣ប្រភេទខុសគ្នា នៅតាមបណ្តោយអូរនាងស្នាយ គឺដីឥដ្ឋម៉ត់ពណ៌ស ស្ថិតនៅស្រទាប់ដីលើបង្អស់។ បន្ទាប់មក គឺដីឥដ្ឋម៉ត់ពណ៌លឿងស្អិតល្មម។ នៅខាងក្រោមបង្អស់គឺជាដីឥដ្ឋពណ៌ក្រហម ស្អិតខ្លាំង លាយឡំជាមួយនិងកំទេចថ្មបាយក្រៀម។

   ខ. តំបន់នេះស្ថិតនៅទិសអាគ្នេយ៍នៃជើងភ្នំគូលេន ដែលផ្តល់នូវប្រភពទឹកទាំងខែប្រាំង និងខែវស្សា។ គេបានស្ថាបនាទំនប់ដ៏ធំមួយប្រវែងប្រហែល៤០០ម៉ែត្រ (ទំនង់ថ្មជល់) ដើម្បីស្ទាក់ទឹកទុក និងមានប្រព័ន្ធប្រឡាយបន្តមកតំបន់ត្រពាំង និងអូរនាងស្នាយ។

   គ. ជាប្រភពនៃថាមពល គឺព្រៃ សម្រាប់ប្រើជាអុសក្នុងការដុតកុលាលភាជន៍។

គោលបំណងនៃកំណាយស្រាវជ្រាវ៖ វិទ្យាស្ថានណារ៉ាបានធ្វើកំណាយជាលើកដំបូងលើស្ថានីយឡបុរាណក្នុងប្រទេសកម្ពុជា នៅភូមិតានី។   លទ្ធផលក៏បានបង្ហាញយ៉ាងច្បាស់អំពីរូបរាងឡ និងផលិតផលកុលាលភាជន៍នៅស្ថានីយ៍នោះ។ ការស្រាវជ្រាវនិងកំណាយបន្ថែមនៅឡសរសី គឺចង់ដឹងអំពីទំនាក់ទំនង និងភាពខុសគ្នាមួយចំនួនរវាងឡទាំងពីរនេះ៖

     .សិក្សាប្រៀបធៀបអំពីរូបរាង និងរចនាសម្ព័ន្ធឡ

     .ទំនាក់ទំនងបច្ចេកទេស

     .ផលិតផលកុលាលភាជន៍រវាងស្ថានីយឡទាំង២

កំណាយស្រាវជ្រាវ៖ ក្នុងឆ្នាំ២០០៤ វិទ្យាស្ថានណារ៉់ាបានសហការជាមួយអាជ្ញាធរអប្សារា លើកគម្រោងស្រាវជ្រាវ និងធ្វើកំណាយនៅស្ថានីយ៍ឡសរសីនេះ។ ដោយសារក្រុមឡមានចំនួន៣ ដូចនេះ គេបានជ្រើសរើសយកឡលេខ ក១១ នៅលើទំនប់ខាងត្បូងត្រពាំងនាងស្នាយដើម្បីអនុវត្តការងារនេះ។ ជាដំបូង ក្នុងខែធ្នូ ឆ្នាំ២០០៤ គេបានអនុវត្តកិច្ចការធ្វើផែនទីឋានលេខា លើខ្នងទំនប់ខាងត្បូងនេះ ដើម្បីបង្ហាញអោយច្បាស់ទំហំទួលនីមួយៗ និងស្ថានភាពសណ្ឋានដី។ ក្រោយធ្វើផែនទីឋានលេខារួចហើយ គេពិនិត្យឃើញថា នៅលើខ្នងទំនប់ខាងត្បូងនេះមានទួលឡចំនួន៥ គឺទួលក៨ ក៩ ក១០ ក១១ និងក១២។ ក្នុងចំណោមទួលឡទាំងនោះ ទួលលេខ ក១១ នៅមានលក្ខណៈល្អជាងគេ គឺមិនត្រូវបានជីកបំផ្លាញដោយប្រជាជន និងជនទុច្ចរិកទេ។ ការងារកំណាយប្រព្រឹត្តិទៅរយៈ៣ឆ្នាំ គឺពីឆ្នាំ២០០៥​ ដល់២០០៧។ ប៉ុន្តែកំណាយទាំងនេះមិនបានធ្វើជាប់ និងមានរយៈពេលវែងទេ ដោយកត្តាទីតាំងភូមិសាស្ត្រមានភាពលំបាក ជាតំបន់ព្រែក្រាស់ និងត្រូវឆ្លងកាត់អូរជាច្រើនដង។ ការងារនេះអាចធ្វើទីបានតែក្នុងខែប្រាំង ពិសេសគឺក្រោយពេលព្រៃរបោះត្រូវបានកាប់និងដុតចោលដោយអ្នកភូមិក្នុងតំបន់។

លទ្ធផលកំណាយ៖ តាមរយៈកំណាយនៅលើទួលឡលេខក១១បង្ហាញថា រូបរាងរបស់វាគឺមានសណ្ឋានដូចគ្នាទៅនិងរូបរាងឡ A6 នៅស្ថានីយ៍ភូមិតានីដែរ។ ឡនេះបែរមុខមកត្បូង ផ្នែកខាងក្រោយបែរទៅត្រពាំង មានរាងពងក្រពើទ្រវែង កម្ពស់ប្រហែល៥ម៉ែត្រពីខាងលើរហូតដល់ខាងក្រោមនៃកន្លែងដុតភ្លើង។ រចនាសម្ព័ន្ធដែលនៅមានសល់ គឺកម្រាលឡ ជញ្ជាំងសង្ខាង ដំបូលខាងលើបាក់គ្របលើកម្រាល់ ហើយត្រូវបានដកចេញពេលធ្វើកំណាយ សសរទ្រដំបូលចំនួន៥ បន្ទប់ដុតអុសរាងមូល មានរន្ធដាក់អុស២ និងរន្ធខ្យល់នៅកណ្តាល១។ ទំហំបណ្តោយរបស់វាខ្លីជាងឡ A6 បន្តិច​ តែទំហំក្អេងនៃបន្ទប់ដុតភាជន៍ធំជាឡ A6 បន្តិចវិញ។ តាមរយៈកម្រាល់របស់វា ឡនេះត្រូវបានគេស្ថាបនាលើគ្នា២ដង។ ក្នុងការប្រើប្រាស់ចុងក្រោយបង្អស់ រន្ធដាក់អុសខាងឆ្វេងត្រូវបានគេបិទចោល។ នៅផ្នែកខាងលើបង្អស់មានក្បឿងផ្កាប់ដែលគេរៀបត្រួតគ្នា និងមានចំនួន៣ជុង ហើយត្រូវបានគេគិតថាអាចជាបំពង់ផ្សែង។

ផលិតផលកុលាលភាជន៍៖ តាមការសិក្សាដំបូងរបស់លោកសុខ កែវ សុណ្ណារ៉ា បានរកឃើញថា ស្ថានីយ៍ឡសរសីនេះមានផលិតភាជន៍រហូតទៅដល់១៤មុខខុសៗគ្នា រួមមាន៖ ដន្លាប់ កោដ្ឋ ខួច ពែង ចានក្រឡោម ក្រឡ ឱទិន ផើង ពាង ក្បឿងផ្ញារ ក្បឿងផ្កាប់ ក្បឿងសន្លឹករកា ក្បឿងរងស្បូវ និងឥដ្ឋ។ ក្នុងពេលធ្វើកំណាយ គេមិនសូវប្រទះបំណែកភាជន៍ទាំងនេះនៅក្នុងឡទេ ភាគច្រើនគេបានមកពីការប្រមូលតាមកន្លែងគេជីកបំផ្លាញ និងមួយចំនួនទៀតពីរណ្តៅដែលគេចាក់ចោលបន្ទាប់ពីដុតរួចហើយមានការបែកបាក់។ គេពិនិត្យឃើញថា ផលិតផលភាជន៍នៅឡសរសីនេះមានលក្ខណៈស្ទើដូចគ្នាជាមួយនិងភាជន៍នៅឡតានី ប៉ុន្តែខុសគ្នាត្រង់គុណភាព និងពណ៌ (ទាំងដីឥដ្ឋ និងស្រទាប់រលោង)។ ភាជន៍នៅឡសរសីមានគុណភាពល្អជាង មានសភាពរឹងខ្លាំង ស្រទាប់រលោងជាប់ស្អិតល្អ (នៅឡតានីភាគច្រើនរបក)។ នៅឡតានីដីឥដ្ឋមានតែ២ប្រភេទទេ គឺពណ៌ប្រផេះ និងពណ៌ក្រហម។ រីឯនៅឡសរសី ដីឥដ្ឋមានយ៉ាងតិចណាស់៤ប្រភេទ គឺពណ៌ស ពណ៌ប្រផេះ ពណ៌លឿង និងពណ៌ក្រហម។ ស្រទាប់រលោងដែលគេប្រើលើភាជន៍នៅឡសរសី មានពណ៌បៃតងទឹកដោះគោ ពណ៌បៃតងខ្ចី ពណ៌បៃតងចាស់ ពណ៌លឿងចំបើុង និងខ្លះទៀតស្រដៀងពណ៌ត្នោត (ពិសេសលើក្បឿង)។ ក្រៅពីនេះមានការប្រើទឹកដីឥដ្ឋរលោងពណ៌ក្រហមទំពាំងបាយជូរ នៅលើពែង និងពាងមួយចំនួនដែរ។

កាលបរិឆ្ឆេទស្ថានីយ៍ ក្នុងកំឡុងពេលធ្វើកំណាយ គេបានកាត់យកកម្រាល់ឡមួយចំនួនដើម្បីធ្វើការវិភាគបែបវិទ្យាសាស្ត្រ រកអាយុកាលរបស់វា។ គេក៏បានយកកំទេចធ្យូងដែលនៅសល់ត្រង់កន្លែងដុតអុសទៅធ្វើការវិភាគផងដែរ។ លទ្ធផលជាបណ្តោះអាសន្ន ស្ថានីយ៍ឡសរសីនេះ គឺស្ថិតនៅចន្លោះសតវត្សទី១០ ដល់ចុងសតវត្សទី១១នៃគ្រឹស្គសករាជ។  

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here